លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះមនុស្សវ័យចាស់

ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះមនុស្សវ័យចាស់

ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​វ័យ​ចាស់

សព្វ​ថ្ងៃ​នេះ​មិន​ចម្លែក​ទេ ដែល​ការ​ធ្វើ​បាប​មនុស្ស​វ័យ​ចាស់​មាន​ច្រើន​គ្រប់​ទី​កន្លែង។ តាំង​ពី​សម័យ​បុរាណ ព្រះ​គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​ថា​៖ នៅ​«ជាន់​ក្រោយ​បង្អស់»​នៃ​របប​លោកិយ​នេះ​ដែល​ឥត​កោត​ខ្លាច​ព្រះ មនុស្ស​នឹង​«ស្រឡាញ់​តែ​ខ្លួន​ឯង . . . មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស»។ (ធីម៉ូថេទី២ ៣:១​-​៣) ភាសា​ក្រិច​ពាក្យ​«ស្រឡាញ់​តាម​ធម្មតា​មនុស្ស»​នេះ​អាច​រួម​បញ្ចូល​សេចក្ដី​ស្រឡាញ់​ដែល​ធម្មតា​មាន​រវាង​មាតា​បិតា​និង​បុត្រ​ធីតា។ ដូច​ព្រះ​គម្ពីរ​បាន​ទាយ សព្វ​ថ្ងៃ​សេចក្ដី​ស្រឡាញ់​បែប​នេះ​មិន​មាន​ទេ។

ព្រះ​យេហូវ៉ា​គឺ​ផ្ទុយ​គ្នា​ស្រឡះ​ពី​អ្នក​ដែល​ធ្វើ​បាប​មនុស្ស​វ័យ​ចាស់ ដ្បិត​ទ្រង់​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់ ព្រម​ទាំង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អស់​អ្នក​ដែល​មាន​វ័យ​ចាស់។ សូម​មើល​អ្វី​ដែល​បាន​សរសេរ​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​រឿង​នេះ។

​«ចៅក្រម​ដល់​ពួក​មេម៉ាយ»

បទ​គម្ពីរ​ភាសា​ហេព្រើរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​វ័យ​ចាស់។ ជា​ឧទាហរណ៍ នៅ​ទំនុកដំកើង ៦៨:៥ ដាវីឌ​ថ្វាយ​ព្រះ​នាម​ទ្រង់​ជា​«ចៅក្រម​ដល់​ពួក​មេម៉ាយ»។ ពួក​មេម៉ាយ​ច្រើន​តែ​ជា​មនុស្ស​វ័យ​ចាស់។ * តាម​ការ​បកប្រែ​ផ្សេង​ទៀត​នៃ​ព្រះ​គម្ពីរ ពាក្យ​«ចៅក្រម»​ត្រូវ​បាន​បកស្រាយ​ថា​ជា​«អ្នក​ការពារ» «អ្នក​គាំពារ» និង​«អ្នក​រក​យុត្ដិធម៌»។ នេះ​បង្ហាញ​យ៉ាង​ជាក់​ច្បាស់​ថា ព្រះ​យេហូវ៉ា​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ដល់​ពួក​មេម៉ាយ។ តាម​ពិត​ព្រះ​គម្ពីរ​ចែង​ថា​កាល​ណា​ពួក​គេ​ត្រូវ​ធ្វើ​បាប នោះ​សេចក្ដី​ក្រោធ​របស់​ទ្រង់​នឹង​ក្ដៅ​ឆួល​ឡើង។ (និក្ខមនំ ២២:២២​-​២៤) ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​បម្រើ​ទ្រង់​ចាត់​ទុក​ពួក​មេម៉ាយ​និង​មនុស្ស​វ័យ​ចាស់​ទាំង​អស់​ដែល​ស្មោះ​ត្រង់​ថា​មាន​តម្លៃ​ខ្លាំង​ណាស់។ សុភាសិត ១៦:៣១ បញ្ជាក់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​របស់​ទ្រង់ ពេល​ចែង​ថា​៖ «ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្ដិសព្ទ»។

មិន​ចម្លែក​ទេ ការ​គោរព​ដល់​មនុស្ស​វ័យ​ចាស់​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ក្រឹត្យ​វិន័យ​ដែល​ព្រះ​បាន​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល។ ជនជាតិ​អ៊ីស្រាអែល​ត្រូវ​បាន​បង្គាប់​ថា​៖ «ត្រូវ​ឲ្យ​ឯង​ក្រោក​ឡើង​ឈរ​នៅ​មុខ​មនុស្ស​ចាស់​សក់​ស ត្រូវ​គោរព​ដល់​មនុស្ស​មាន​វ័យ​ចំរើន ហើយ​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​នៃ​ឯង​ដែរ អញ​នេះ​ជា​ព្រះ​យេហូវ៉ា»។ (លេវីវិន័យ ១៩:៣២) ដូច្នេះ​ហើយ នៅ​អ៊ីស្រាអែល​ការ​គោរព​មនុស្ស​វ័យ​ចាស់​ផ្សារ​ភ្ជាប់​ទៅ​នឹង​ចំណង​មេត្រីភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ បុគ្គល​ម្នាក់​មិន​អាច​និយាយ​ថា​ខ្លួន​ស្រឡាញ់​ព្រះ​បាន​ទេ បើ​គាត់​ធ្វើ​បាប​មនុស្ស​វ័យ​ចាស់។

គ្រីស្ទាន​ទាំង​ឡាយ​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​ទៀត​ឡើយ។ ក៏​ប៉ុន្តែ ពួក​គាត់​នៅ​ក្រោម​«ក្រឹត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»​ដែល​មាន​អានុភាព​យ៉ាង​ខ្លាំង​ក្លា​លើ​ចរិយា គំនិត​មារយាទ រួម​បញ្ចូល​ទាំង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​មាតា​បិតា​ព្រម​ទាំង​មនុស្ស​វ័យ​ចាស់។ (កាឡាទី ៦:២; អេភេសូរ ៦:១​-​៣; ធីម៉ូថេទី១ ៥:១​-​៣) បន្ថែម​ទៀត ពួក​គ្រីស្ទាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយសារ​តែ​ពួក​គាត់​ត្រូវ​បាន​បង្គាប់​ឲ្យ​ធ្វើ​នោះ​ទេ។ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​ថា​៖ «ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​ដ៏​ស្អាត​ចុះ»។—ពេត្រុសទី១ ១:២២

លោក​យ៉ាកុប​ដែល​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ ផ្ដល់​មូលហេតុ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ដល់​មនុស្ស​វ័យ​ចាស់។ គាត់​បាន​សរសេរ​ថា​៖ «ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ»។ (យ៉ាកុប ១:២៧) យ៉ាកុប​ក៏​បាន​លើក​ចំណុច​មួយ​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត។ ចំណុច​នេះ​ឲ្យ​យើង​ដឹង​ថា ពួក​មនុស្ស​វ័យ​ចាស់​ជា​ទី​ស្រឡាញ់​ទាំង​នោះ​គឺ​សំខាន់​ប៉ុណ្ណា​ចំពោះ​ព្រះ​យេហូវ៉ា។

ដូច្នេះ​ហើយ គ្រាន់​តែ​មិន​ធ្វើ​បាប​មនុស្ស​វ័យ​ចាស់​ប៉ុណ្ណោះ មិន​គ្រប់គ្រាន់​ទេ តែ​យើង​គួរ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ស្មោះ ដោយ​ធ្វើ​កិច្ចការ​ដែល​ជា​ប្រយោជន៍​ដល់​ពួក​គាត់​វិញ។ (សូម​មើល​ប្រអប់​«ការ​ប្រព្រឹត្ដិ​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់»​នៅ​ទំព័រ​៦) យ៉ាកុប​បាន​សរសេរ​ថា​៖ «សេចក្ដី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ»។—យ៉ាកុប ២:២៦

ការ​សម្រាល​ទុក្ខ​«ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា»

នេះ​ជា​ចំណុច​មួយ​ទៀត​ដែល​បាន​ដក​ស្រង់​ចេញ​ពី​សម្ដី​របស់​យ៉ាកុប។ សូម​កត់​សម្គាល់​ថា​យ៉ាកុប​បាន​ប្រាប់​ដល់​ពួក​គ្រីស្ទាន​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​ពួក​មេម៉ាយ «ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា»ពាក្យ​ភាសា​ក្រិច​ដែល​បកប្រែ​ថា​«សេចក្ដី​វេទនា» មាន​ន័យ​ចំៗ​ថា ទុក្ខ​ព្រួយ ការ​ឈឺ​ចាប់ អារម្មណ៍​ចុកចាប់​ដែល​បណ្ដាល​មក​ពី​ការ​លំបាក​ក្នុង​ជីវិត។ គ្មាន​សង្ស័យ​ទេ ដែល​មនុស្ស​វ័យ​ចាស់​ភាគ​ច្រើន​បាន​ជួបប្រទះ​សេចក្ដី​ទុក្ខ​ព្រួយ​បែប​នេះ។ មនុស្ស​វ័យ​ចាស់​ខ្លះ​រស់​នៅ​ឯកោ។ មនុស្ស​ខ្លះ​ទៀត​ធ្លាក់​ទឹក​ចិត្ត​ដោយសារ​ជរា​ភាព​ដាក់​កំហិត​ទៅ​លើ​សកម្មភាព​ដែល​គាត់​ធ្លាប់​មាន។ សូម្បី​តែ​អស់​អ្នក​ដែល​សកម្ម​ក្នុង​កិច្ច​បម្រើ​ព្រះ​ក៏​អាច​ធ្លាក់​ទឹក​ចិត្ត។ សូម​ពិចារណា​ពី​លោក​ចន * ដែល​ជា​អ្នក​ប្រកាស​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដ៏​ស្មោះ​ត្រង់​ម្នាក់​អស់​ជាង​៤០​ឆ្នាំ​មក​ហើយ។ តែ​៣០​ឆ្នាំ​ចុង​ក្រោយ​គាត់​ចូល​រួម​កិច្ច​បម្រើ​ពិសេស​ពេញ​ពេល។ ឥឡូវ​នេះ ចន​មាន​អាយុ​ជាង​៨០​ឆ្នាំ ហើយ​គាត់​សារភាព​ថា​ពេល​ខ្លះ​គាត់​មាន​អារម្មណ៍​តូច​ចិត្ត។ គាត់​និយាយ​ថា​៖ «ជា​រឿយៗ ខ្ញុំ​សញ្ជឹង​គិត​ពី​ពេល​ដែល​បាន​កន្លង​ទៅ​និង​នឹក​ចាំ​អំពី​កំហុស​របស់​ខ្ញុំ កំហុស​ច្រើន​មែន​ទែន។ ខ្ញុំ​គិត​ជាប់​រហូត​ថា​ខ្ញុំ​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង»។

មនុស្ស​បែប​នេះ​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា ទោះបី​ជា​ព្រះ​យេហូវ៉ា​ទ្រង់​គ្រប់​ល័ក្ខណ៍​ក៏​ដោយ តែ​ទ្រង់​មិន​តម្រូវ​ឲ្យ​យើង​គ្រប់​លក្ខណ៍​នោះ​ទេ។ ទោះបី​ទ្រង់​ជ្រាប​ពី​កំហុស​របស់​យើង​ក៏​ពិត​មែន ព្រះ​គម្ពីរ​បាន​ចែង​អំពី​ទ្រង់​ថា​៖ «បើសិន​ជា​ទ្រង់​កត់​ចំណាំ​អស់​ទាំង​អំពើ​ទុច្ចរិត នោះ ឱ​ព្រះ​អម្ចាស់​អើយ! តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន?»។ (ទំនុកដំកើង ១៣០:៣) ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​ទ្រង់​មិន​ខំ​រក​មើល​កំហុស​យើង​ទេ តែ​ទ្រង់​រក​យល់​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​វិញ។ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​បាន?

ស្តេច​ដាវីឌអង្គ​ទ្រង់​ផ្ទាល់​បាន​ប្រព្រឹត្ត​អំពើ​បាប​និង​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍ តែ​ព្រះ​ទ្រង់​បាន​បណ្ដាល​ឲ្យ​ដាវីឌ​និពន្ធ​ពាក្យ​ដូច​ខាង​ក្រោម​នេះ ដែល​បាន​កត់​ទុក​នៅ​ទំនុកដំកើង ១៣៩:១​-​៣ «ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូល​បង្គំ​ផង ទ្រង់​ជ្រាប​ការ​ដែល​ទូល​បង្គំ​អង្គុយ​ចុះ នឹង​ការ​ដែល​ទូល​បង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូល​បង្គំ​ពី​ចំងាយ​ដែរ ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក នឹង​ទី​ដេក​របស់​ទូល​បង្គំ ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល​បង្គំ​ដែរ»។ នៅ​ទី​នេះ​ឃ្លា​ដែល​ថា​«ពិនិត្យ​ពិចារណា»​មាន​ន័យ​ត្រង់ៗ​«រែង»​ដូច​គ្នា​បេះបិទ​នឹង​កសិករ​ម្នាក់​ដែល​រោយ​អង្កាម​ចោល​ដោយ​ប្រមូល​យក​តែ​គ្រាប់​ស្រូវ។ ក្រោម​ការ​ដឹក​នាំ​នៃ​វិញ្ញាណ​របស់​ព្រះ ដាវីឌ​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​ទ្រង់​ចេះ​រែង​ទុក​តែ​កិច្ចការ​ល្អ​របស់​យើង​ក្នុង​សេចក្ដី​ចង​ចាំ​របស់​ទ្រង់។

ព្រះ​វរបិតា​សួគ៌ា​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្ដាករុណា​របស់​យើង ទ្រង់​នឹង​នឹក​ចាំ​ហើយ​រក្សា​ទុក​នូវ​កិច្ចការ​ល្អ​របស់​យើង​រហូត ដរាប​ណា​យើង​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​នោះ។ ប្រាកដ​មែន ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​ទ្រង់​ចាត់​ទុក​ជា​ការ​រមិលគុណ បើ​ទ្រង់​នឹង​ភ្លេច​ការ​ដែល​យើង​ធ្វើ​និង​សេចក្ដី​ស្រឡាញ់ ដែល​យើង​បាន​សម្ដែង​ដល់​ព្រះ​នាម​ទ្រង់។—ហេព្រើរ ៦:១០

«សេចក្ដី​មុន​ទាំង​ប៉ុន្មាន​បាន​កន្លង​បាត់​ទៅ​ហើយ»

ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​មិន​មាន​គោល​បំណង​ឲ្យ​មនុស្ស​ជាតិ​ឆ្លង​កាត់​ជរា​ភាព​និង​ការ​លំបាក។ ភាព​ចាស់​ជរា​និង​ទ្រុឌទ្រោម​បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស​ជាតិ បន្ទាប់​ពី​បុរស​និង​ស្រី​ទី​មួយ​ដែល​ជា​ឪពុក​ម្ដាយ​ដើម​របស់​យើង បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​ជា​អ្នក​បង្កើត។ (លោកុប្បត្តិ ៣:១៧​-​១៩; រ៉ូម ៥:១២) នេះ​នឹង​មិន​បន្ត​ជា​រៀង​រហូត​ឡើយ។

ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ​ស្រាប់ ស្ថានភាព​អាក្រក់​ជា​ច្រើន​ដែល​យើង​ជួបប្រទះ​សព្វ​ថ្ងៃ​នេះ រួម​បញ្ចូល​ទាំង​ការ​ធ្វើ​បាប​មនុស្ស​វ័យ​ចាស់ ជា​ភ័ស្តុតាង​បញ្ជាក់​ថា យើង​កំពុង​តែ​រស់​នៅ​«ជាន់​ក្រោយ​បង្អស់»​នៃ​របប​លោកិយ​នេះ។ (ធីម៉ូថេទី២ ៣:១) គោល​បំណង​របស់​ព្រះ​គឺ​ត្រូវ​បំផ្លាញ​ចោល​ឥទ្ធិពល​នៃ​អំពើ​បាប រួម​បញ្ចូល​ជរា​ភាព​និង​សេចក្ដី​ស្លាប់។ ព្រះ​គម្ពីរ​សរសេរ​ថា​៖ «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។—វិវរណៈ ២១:៤

នៅ​លើ​ពិភពលោក​ថ្មី​របស់​ព្រះ ការ​ឈឺ​ចាប់​បណ្ដាល​មក​ពី​ជរា​ភាព​នឹង​ក្លាយ​ទៅ​ជា​រឿង​នៃ​អតីតកាល​វិញ ដូច​គ្នា​នឹង​ការ​ធ្វើ​បាប​មនុស្ស​វ័យ​ចាស់​ដែរ។ (មីកា ៤:៤) សូម្បី​តែ​អស់​អ្នក​ដែល​បាន​ស្លាប់​ហើយ​ក្ដី និង​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ពួក​គាត់​ក៏​នឹង​មាន​ឱកាស​រស់​ជា​រៀង​រហូត​នៅ​លើ​ផែនដី​មនោរម្យ​ដែរ។ (យ៉ូហាន ៥:២៨, ២៩) នៅ​ពេល​នោះ យើង​នឹង​ឃើញ​ច្បាស់​ជាង​ពេល​មុនៗ​ទៅ​ទៀត​ថា ព្រះ​យេហូវ៉ា​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​មិន​ត្រឹម​តែ​មនុស្ស​វ័យ​ចាស់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ដល់​អស់​អ្នក​ដែល​ស្ដាប់​តាម​ទ្រង់​ដែរ។

[កំណត់​សម្គាល់]

^ វគ្គ 5 ពិត​ថា ពួក​មេម៉ាយ​ខ្លះ​មិន​មែន​ជា​មនុស្ស​វ័យ​ចាស់​ទេ។ ការ​ពិត​ព្រះ​ទ្រង់​ក៏​យក​ព្រះទ័យ​ទុក​ដាក់​ដល់​ពួក​មេម៉ាយ​វ័យ​ក្មេង​ដែរ ដូច​បាន​ចែង​ជាក់​ស្តែង​នៅ​លេវីវិន័យ ២២:១៣

^ វគ្គ 11 មិន​មែន​ឈ្មោះ​ពិត​ប្រាកដ។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៦, ៧]

ការ​ប្រព្រឹត្ដិ​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់

ក្នុង​ចំណោម​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា អ្នក​ចាស់​ទុំ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ នាំ​មុខ​ក្នុង​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បងប្អូន​វ័យ​ចាស់។ ពួក​គាត់​ធ្វើ​តាម​ការ​រំលឹក​របស់​សាវ័ក​ពេត្រុស​ដោយ​មធ្យ័ត ដែល​ពោល​ថា​៖ «សូម​មើល​ថែរក្សា​ហ្វូង​ចៀម​ដែល​ព្រះ​ជា​ម្ចាស់​ផ្ញើ​ទុក​នឹង​បងប្អូន»។ (ពេត្រុសទី១ ៥:២, ខ.ស.) ការ​ជួយ​មនុស្ស​វ័យ​ចាស់​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះ។ ក៏​ប៉ុន្តែ តើ​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ?

នេះ​តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់​និង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ ដោយ​ឧស្សាហ៍​ទៅ​លេង​និង​សួរ​សុខ​ទុក្ខ ដើម្បី​ស្វែង​យល់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់។ ប្រហែល​ពួក​គាត់​ត្រូវ​ការ​យើង​ជួយ​ទៅ​ទិញ​អីវ៉ាន់ និង​បោស​សម្អាត ធ្វើ​ដំណើរ​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ពិត អាន​ព្រះ​គម្ពីរ និង​សៀវភៅ​ផ្សេងៗ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឬ​ក៏​ក្នុង​អ្វី​ផ្សេងៗ​ច្រើន​ទៀត។ បើ​អាច​ធ្វើ​ទៅ​បាន យើង​ត្រូវ​មាន​ការ​រៀបចំ​មួយ​ដែល​ងាយ​ធ្វើ​តាម​និង​អាច​ទុក​ចិត្ត ដើម្បី​ផ្ដល់​ជំនួយ។ យើង​គួរ​អនុវត្ត​តាម​ការ​រៀបចំ​នោះ។ *

ក៏​ប៉ុន្តែ តើ​ធ្វើ​ដូច​ម្ដេច​បើ​បង​ប្រុស​ឬ​បង​ស្រី​វ័យ​ចាស់​ណា​ម្នាក់ មាន​សេចក្ដី​ត្រូវ​ការ​ជា​បន្ទាន់ ដូច​ជា​ខ្វះ​លុយ​កាក់​ជា​ដើម? យក​ល្អ​ជា​ដំបូង​គួរ​រក​មើល​ក្រែងលោ​មាន​បុត្រ​ធីតា​ឬ​សាច់​ញាតិ​ផ្សេង​ទៀត​របស់​គាត់​ដែល​អាច​ជួយ​ពួក​គាត់​បាន។ ធ្វើ​បែប​នេះ​គឺ​សម​ស្រប​និង​អ្វី​ដែល​បាន​ចែង​នៅ​ធីម៉ូថេទី១ ៥:៤ «តែ​បើ​ស្រី​មេម៉ាយ​ណា​មាន​កូន​ចៅ នោះ​ត្រូវ​ឲ្យ​កូន​ចៅ​នោះ​រៀន​ឲ្យ​ចេះ​គោរព​ប្រតិបត្ដិ ដល់​ពួក​ផ្ទះ​ខ្លួន​ជា​ដើម ទាំង​សង​គុណ​ឪពុក​ម្ដាយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​យ៉ាង​ដូច្នោះ»។

ប្រហែល​ជា​បងប្អូន​វ័យ​ចាស់​ត្រូវ​ការ​ឲ្យ​យើង​ជួយ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ថា ខ្លួន​គាត់​បំពេញ​តម្រូវ​ការ​ដើម្បី​អាច​ទទួល​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​បាន។ ប្រហែល​ជា​បងប្អូន​ខ្លះ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ពិត​អាច​ជួយ​បាន។ បើ​មធ្យោបាយ​ទាំង​ពីរ​នេះ​មិន​អាច​ផ្ដល់​ជំនួយ​បាន នោះ​អ្នក​ចាស់​ទុំ​អាច​សម្រេច​ថា បុគ្គល​នោះ​សម​ឬ​ក៏​មិន​សម​នឹង​ទទួល​ការ​ឧបត្ថម្ភ​ពី​ក្រុម​ជំនុំ​គ្រីស្ទាន​ពិត។ ករណី​ខ្លះ​ធ្លាប់​បាន​អនុវត្ត​រួច​ហើយ ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ពិត​នៅ​សតវត្សរ៍​ទី​មួយ។ សាវ័ក​ប៉ូល​ធ្លាប់​បាន​សរសេរ​ទៅ​ធីម៉ូថេ​ដែល​ជា​សហការី​របស់​គាត់​ថា​៖ «ចូរ​ឲ្យ​កត់​ចុះ​ក្នុង​បញ្ជី​មេម៉ាយ​ចំពោះ​តែ​ឈ្មោះ​ស្ត្រី​ណា ដែល​មាន​អាយុ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​លើ​ប៉ុណ្ណោះ ហើយ​ដែល​បាន​មាន​ប្ដី​តែ​មួយ​ផង ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​ការ​ល្អ​របស់​ស្ត្រី​នោះ​ដែរ បើ​បាន​ចិញ្ចឹម​កូន ទទួល​អ្នក​ដទៃ​ឲ្យ​ស្នាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ដោះ​ទុក្ខ ដល់​ពួក​អ្នក​ដែល​មាន​សេចក្ដី​វេទនា បើ​បាន​ឧស្សាហ៍​តាម​គ្រប់​ទាំង​ការ​ល្អ នោះ​ទើប​ចុះ​បាន»។—ធីម៉ូថេទី១ ៥:៩, ១០

[កំណត់​សម្គាល់]

^ វគ្គ 25 ដើម្បី​បាន​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​អាន​អត្ថបទ​ក្រោម​ចំណង​ជើង​«ការ​មើល​ថែរក្សា​មនុស្ស​ចាស់ ជា​ភារកិច្ច​របស់​ជន​គ្រីស្ទាន» សៀវភៅ​ប៉មយាម​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៤។

[រូបភាព​នៅ​ទំព័រ​៥]

តេប៊ីថា​បាន​យក​ចិត្ត​ទុក​ដាក់ នឹង​ពួក​មេម៉ាយ​ក្រីក្រ។—កិច្ចការ ៩:៣៦​-​៣៩