លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការកាន់កាប់ត្រួតត្រាដើម្បីសម្រេចគោលបំណងរបស់ព្រះ

ការកាន់កាប់ត្រួតត្រាដើម្បីសម្រេចគោលបំណងរបស់ព្រះ

ការ​កាន់​កាប់​ត្រួតត្រា​ដើម្បី​សម្រេច​គោល​បំណង​របស់​ព្រះ

​«[ព្រះ]ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់»។—អេភេសូរ ១:១១

១​. ហេតុ​អ្វី​បាន​ជា​ក្រុមជំនុំ​ទាំង​ឡាយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នឹង​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០០៦?

នៅ​រាត្រី​ថ្ងៃ​ពុធ ទី១២ ខែ​មេសា ឆ្នាំ​២០០៦ មនុស្ស​ប្រមាណ​១៦​លាន​នាក់ នឹង​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។ នៅ​កន្លែង​ប្រជុំ​នីមួយៗ នឹង​មាន​តុ​មួយ ដែល​លើ​តុ​នោះ​មាន​នំប៉័ង​ឥត​ដំ​បែ​និង​ស្រា​ក្រហម។ នំប៉័ង​នោះ​តំណាង​ព្រះ​កាយ​របស់​ព្រះ​គ្រីស្ទ ហើយ​ស្រា​ក្រហម​តំណាង​ព្រះ​លោហិត​របស់​ទ្រង់​ដែល​បាន​ត្រូវ​បង្ហូរ​ចេញ។ ម្យ៉ាង​ទៀត នឹង​មាន​សុន្ទរកថា​មួយ​ដែល​ពន្យល់​អំពី​អត្ថន័យ​នៃ​បុណ្យ​រំឭក​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ។ ពេល​ដែល​សុន្ទរកថា​នោះ​ថ្លែង​ជិត​ចប់ វត្ថុ​តំណាង​នឹង​ត្រូវ​ជូន​ដល់​អ្នក​ដែល​មាន​វត្តមាន ដើម្បី​ហុច​បន្ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់។ នំប៉័ង​ឥត​ដំ​បែ​ត្រូវ​ហុច​មុន ហើយ​បន្ទាប់​មក​ស្រា​ក្រហម។ ក្នុង​ក្រុមជំនុំ​ខ្លះ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មាន​បងប្អូន​ម្នាក់​ឬ​ពីរបី​នាក់​ដែល​ពិសា​នំប៉័ង​និង​ស្រា​ក្រហម ប៉ុន្តែ​ចំនួន​អ្នក​ពិសា​មាន​តិច​ទេ។ ក្នុង​ក្រុមជំនុំ​ភាគ​ច្រើន គ្មាន​អ្នក​ណា​នឹង​ពិសា​នោះ​ឡើយ។ នំប៉័ង​និង​ស្រា​ក្រហម​នោះ​ត្រូវ​ពិសា​ដោយ​គ្រីស្ទាន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែល​ជា​អ្នក​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ បងប្អូន​ភាគ​ច្រើន​ដែល​ចូល​រួម​ពិធី​នោះ​ជា​អ្នក​មាន​សេចក្ដី​សង្ឃឹម​រស់​លើ​ផែនដី​ជា​រៀង​រហូត ហើយ​ពួក​គេ​មិន​ពិសា​ទេ។ ហេតុ​អ្វី?

២, ៣​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វីៗ​សម​ស្រប​តាម​គោល​បំណង​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី​និង​មនុស្ស​ជាតិ​ដើម្បី​អ្វី?

ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​មាន​គោល​បំណង។ ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​«ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់»។ (អេភេសូរ ១:១១) មុន​បង្អស់ ទ្រង់​បាន​បង្កើត​ព្រះ​រាជបុត្រា​ទ្រង់​តែ​មួយ។ (យ៉ូហាន ១:១, ១៤; វិវរណៈ ៣:១៤) រួច​មក តាម​រយៈ​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ទ្រង់ ព្រះ​យេហូវ៉ា​បាន​បង្កើត​បុត្រ​វិញ្ញាណ​ជា​ច្រើន​រូប​ឯ​ទៀត។ បន្ទាប់​មក​ទ្រង់​បាន​បង្កើត​សកលលោក​ទាំង​មូល ដែល​រួម​បញ្ចូល​ផែនដី​និង​មនុស្ស​ជាតិ។—យ៉ូប ៣៨:៤, ៧; ទំនុកដំកើង ១០៣:១៩​-​២១; យ៉ូហាន ១:២, ៣; កូល៉ុស ១:១៥, ១៦

សាសនា​ជា​ច្រើន​ក្នុង​ពិភព​គ្រីស្ទ​សាសនា​បង្រៀន​ថា ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី​ជា​កន្លែង​សម្រាប់​សាកល្បង​មនុស្ស​ជាតិ ហើយ​អ្នក​ណា​ដែល​នៅ​ស្មោះ​ត្រង់ ទ្រង់​នឹង​យក​ទៅ​ស្ថានសួគ៌​ដើម្បី​ធ្វើ​ជា​បុត្រ​វិញ្ញាណ​របស់​ទ្រង់។ ក៏​ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី​ដោយ​មាន​គោល​បំណង​ជាក់លាក់​មួយ គឺ​«បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ»។ (អេសាយ ៤៥:១៨) ព្រះ​បាន​បង្កើត​ផែនដី​សម្រាប់​មនុស្ស ហើយ​បាន​បង្កើត​មនុស្ស​សម្រាប់​រស់​នៅ​លើ​ផែនដី។ (ទំនុកដំកើង ១១៥:១៦) ភព​ផែនដី​ទាំង​មូល​ត្រូវ​ទៅ​ជា​សួន​មនោរម្យ​ពេញ​ទៅ​ដោយ​មនុស្ស​សុចរិត ដែល​នឹង​ថែទាំ​និង​បង្ក្រាប​ផែនដី។ ទ្រង់​ពុំ​បាន​មាន​បន្ទូល​ឲ្យ​បុរស​ស្ត្រី​ដំបូង​សង្ឃឹម​ថា​ពួក​គេ​នឹង​ឡើង​ទៅ​ស្ថានសួគ៌​ឡើយ។—លោកុប្បត្តិ ១:២៦​-​២៨; ២:៧, ៨, ១៥

មាន​អ្នក​ប្រឆាំង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា

៤​. នៅ​ដើម​កំណើត​មនុស្ស​ជាតិ តើ​របៀប​ព្រះ​យេហូវ៉ា​គ្រប់គ្រង​បាន​ត្រូវ​ចោទ​ប្រកាន់​យ៉ាង​ដូច​ម្ដេច?

បុត្រ​វិញ្ញាណ​មួយ​រូប​របស់​ព្រះ​បាន​បែរ​ជា​ទទឹង​ទាស់ ហើយ​តាំង​ចិត្ត​បង្អាក់​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ ដោយ​ធ្វើ​ដូច្នេះ បុត្រ​វិញ្ញាណ​នោះ​បាន​យក​ចិត្ត​សេរី​ដែល​ជា​អំណោយ​ពី​ព្រះ​ទៅ​ប្រើ​ក្នុង​ផ្លូវ​ខុស។ វា​បាន​រំខាន​ដល់​សេចក្ដី​សុខ​របស់​អស់​អ្នក​ដែល​ចុះ​ចូល​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា។ សាតាំង​បាន​នាំ​បុរស​ស្ត្រី​ដំបូង​ឲ្យ​បោះបង់​ចោល​ការ​គ្រប់គ្រង​របស់​ព្រះ។ (លោកុប្បត្តិ ៣:១​-​៦) វា​មិន​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​ឡើយ តែ​វា​បាន​ចោទ​ប្រកាន់​ទៅ​លើ​របៀប​ទ្រង់​គ្រប់គ្រង​ជា​អធិបតី​វិញ ហើយ​ដោយ​ចោទ​ដូច្នេះ វា​បាន​ចោទ​ប្រកាន់​ទៅ​លើ​សិទ្ធិ​គ្រប់គ្រង​របស់​ទ្រង់​តែ​ម្ដង។ ដូច​នេះ នៅ​ផែនដី​កើត​មាន​រឿង​ទាក់ទង​នឹង​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា តាំង​ពីដើម​កំណើត​មនុស្ស​ជាតិ។

៥​. សាតាំង​បាន​ចោទ​ប្រកាន់​អំពី​រឿង​បន្ទាប់បន្សំ​មួយ តើ​រឿង​នោះ​ជា​អ្វី? តើ​ការ​ចោទ​ប្រកាន់​នោះ​ទាក់ទង​នឹង​អ្នក​ណា​ខ្លះ?

ទន្ទឹម​គ្នា​នឹង​រឿង​សំខាន់​បំផុត​ស្តី​អំពី​សិទ្ធិ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​គ្រប់គ្រង​លើ​បុគ្គល​គ្រប់​រូប​នោះ មាន​រឿង​បន្ទាប់បន្សំ​មួយ​ដែល​សាតាំង​បាន​ចោទ​ប្រកាន់​នៅ​សម័យ​របស់​យ៉ូប។ សាតាំង​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​មនុស្ស​និង​បុគ្គល​វិញ្ញាណ ដែល​ចុះ​ចូល​ចំពោះ​ព្រះ​ហើយ​បម្រើ​ទ្រង់។ សាតាំង​បាន​ចោទ​ថា មនុស្ស​និង​បុគ្គល​វិញ្ញាណ​ចុះ​ចូល​ចំពោះ​ព្រះ​ដោយសារ​ប្រយោជន៍​ខ្លួន​ទេ ហើយ​បើ​សាក​ល្បង​ពួក​គេ នោះ​បុគ្គល​គ្រប់​រូប​ទាំង​អស់​នឹង​បែរ​ជា​ប្រឆាំង​ទ្រង់​វិញ។ (យ៉ូប ១:៧​-​១១; ២:៤, ៥) ទោះ​ជា​សាតាំង​បាន​លើក​ឡើង​រឿង​នេះ​ពេល​ចោទ​ប្រកាន់​មនុស្ស​ម្នាក់​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ក៏​ពិត​មែន តែ​ការ​ចោទ​ប្រកាន់​របស់​វា​ទាក់ទង​នឹង​បុត្រ​វិញ្ញាណ​របស់​ព្រះ​ដែរ សូម្បី​តែ​រាជបុត្រា​ទ្រង់​តែ​មួយ។

៦​. តើ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់​ហើយ​ប្រព្រឹត្ត​សម​ស្រប​តាម​អត្ថន័យ​នៃ​ព្រះ​នាម​ទ្រង់?

ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់​ហើយ​ប្រព្រឹត្ត​សម​ស្រប​តាម​អត្ថន័យ​នៃ​ព្រះ​នាម​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អង្គ​ទ្រង់​ក្លាយ​ទៅ​ជា​ព្យាការី​និង​អ្នក​សង្គ្រោះ​មួយ​អង្គ។ * ទ្រង់​មាន​បន្ទូល​នឹង​សាតាំង​ថា​៖​«អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។ (លោកុប្បត្តិ ៣:១៥) តាម​រយៈ​ពូជ​នៃ​«ស្ត្រី»​របស់​ទ្រង់ ឬ​ផ្នែក​អង្គការ​របស់​ទ្រង់​ដែល​នៅ​ស្ថានសួគ៌ នោះ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង ថែម​ទាំង​ផ្ដល់​លទ្ធភាព​ឲ្យ​កូន​ចៅ​របស់​អ័ដាម​ទទួល​សេចក្ដី​សង្គ្រោះ​និង​ជីវិត។—រ៉ូម ៥:២១; កាឡាទី ៤:២៦, ៣១

«សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ​ហឫទ័យ​ទ្រង់»

៧​. តាម​រយៈ​សាវ័ក​ប៉ុល តើ​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​ស្គាល់​គោល​បំណង​អ្វី?

សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​បណ្ដា​គ្រីស្ទាន​នៅ​ទី​ក្រុង​អេភេសូរ។ ក្នុង​សំបុត្រ​នោះ សាវ័ក​ប៉ុល​ពន្យល់​យ៉ាង​ប៉ិនប្រសប់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ចាត់​ចែង​ឲ្យ​គោល​បំណង​របស់​ទ្រង់​បាន​សម្រេច។ ប៉ុល​សរសេរ​ថា​៖ «[ទ្រង់]សំដែង​ឲ្យ​យើង​រាល់​គ្នា​ស្គាល់​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ​ហឫទ័យ​ទ្រង់។ តាម​គំនិត​ដែល​ទ្រង់​បាន​គិត​សំ​រេ​ច​ក្នុង​ព្រះ​អង្គ​ទ្រង់ សំ​រាប់​ការ​កាន់​កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ​គ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ នឹង​របស់​នៅ​ផែនដី​ផង»។ (អេភេសូរ ១:៩, ១០) គោល​បំណង​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា គឺ​ចង់​ឲ្យ​សកលលោក​ទាំង​មូល​មាន​តែ​បុគ្គល​ដែល​ស្រឡាញ់​ទ្រង់​និង​ចុះ​ចូល​ចំពោះ​ការ​គ្រប់គ្រង​របស់​ទ្រង់។ (វិវរណៈ ៤:១១) យ៉ាង​នេះ ព្រះ​នាម​ទ្រង់​នឹង​បាន​បរិសុទ្ធ សាតាំង​នឹង​ត្រូវ​ស​ឲ្យ​ឃើញ​ថា​ជា​អ្នក​ភូតភរ ហើយ​ព្រះ​ហឫទ័យ​របស់​ព្រះ​នឹង​សម្រេច​«នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ»។—ម៉ាថាយ ៦:១០

៨​. តើ​ពាក្យ​ដែល​បកប្រែ​ថា​«ការ​កាន់​កាប់​ត្រួតត្រា»​មាន​ន័យ​អ្វី?

ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​«គំនិត​ដែល​ទ្រង់​បាន​គិត»​ឬ​គោល​បំណង​របស់​ទ្រង់ បាន​សម្រេច​តាម​រយៈ​«ការ​កាន់​កាប់​ត្រួតត្រា»​របស់​ទ្រង់។ សម្គាល់​ហេតុ​ក្នុង​សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​បញ្ជាក់​ថា ប៉ុល​បាន​ប្រើ​ពាក្យ​មួយ​ដែល​មាន​ន័យ​ចំៗ​ថា​«ការ​ចាត់​ចែង​កិច្ចការ​ផ្ទះ»។ ពាក្យ​នោះ​មិន​សំដៅ​ទៅ​លើ​ការ​គ្រប់គ្រង​នៃ​រដ្ឋាភិបាល​មួយ ដូច​ជា​ព្រះ​រាជាណាចក្រ​របស់​ព្រះមេស្ស៊ី​ទេ ក៏​ប៉ុន្តែ​សំដៅ​ទៅ​លើ​របៀប​ចាត់​ចែង​អ្វី​មួយ​វិញ។ * របៀប​ប្រសើរ​ក្រៃលែង​ដែល​ព្រះ​យេហូវ៉ា​ចាត់​ចែង​ឲ្យ​គោល​បំណង​របស់​ទ្រង់​បាន​សម្រេច ជាប់​ទាក់ទង​នឹង​«សេចក្ដី​អាថ៌កំបាំង»​មួយ ដែល​នឹង​ត្រូវ​បើក​សម្ដែង​បន្ដិច​ម្ដងៗ​ពី​សតវត្ស​មួយ​ទៅ​សតវត្ស​មួយ។—អេភេសូរ ១:១០; ៣:៩

៩​. តើ​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​យល់​បន្ដិច​ម្ដងៗ​អំពី​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ​ហឫទ័យ​ទ្រង់​យ៉ាង​ដូច​ម្ដេច?

តាម​រយៈ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​បន្ដិច​ម្ដងៗ ឲ្យ​យល់​អំពី​របៀប​គោល​បំណង​របស់​ទ្រង់​នឹង​សម្រេច ស្តី​អំពី​ពូជ​ដែល​ទ្រង់​បាន​សន្យា​នៅ​សួន​អេដែន។ កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់​ជា​មួយ​អ័ប្រាហាំ​បាន​បើក​សម្ដែង​ឲ្យ​ដឹង​ថា ពូជ​សន្យា​នោះ​នឹង​យាង​មក​ផែនដី​តាម​វង្ស​ត្រកូល​របស់​អ័ប្រាហាំ ហើយ​ពូជ​នោះ​ត្រូវ​ជា​ខ្សែ​រយៈ​សម្រាប់​ឲ្យ​«គ្រប់​ទាំង​សាសន៍​នៅ​ផែនដី»​បាន​ពរ។ កិច្ច​ព្រម​ព្រៀង​នោះ​ក៏​បើក​សម្ដែង​ឲ្យ​ដឹង​ថា ត្រូវ​មាន​អ្នក​ឯ​ទៀត​ចូល​រួម​ជា​មួយ​នឹង​អ្នក​ដែល​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ពូជ​សន្យា។ (លោកុប្បត្តិ ២២:១៧, ១៨) កិច្ច​ព្រម​ព្រៀង​ខាង​ក្រឹត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​អ៊ីស្រាអែល បាន​បើក​សម្ដែង​ឲ្យ​ដឹង​អំពី​គោល​បំណង​របស់​ទ្រង់​ដែល​ចង់​មាន​«នគរ . . . ដែល​សុទ្ធតែ​ជា​សង្ឃ»។ (និក្ខមនំ ១៩:៥, ៦) កិច្ច​ព្រម​ព្រៀង​ជា​មួយ​ដាវីឌ​បើក​សម្ដែង​ឲ្យ​ដឹង​ថា ពូជ​សន្យា​ត្រូវ​ជា​អ្នក​គ្រប់គ្រង​ព្រះ​រាជាណាចក្រ​មួយ​ជា​ដរាប​ទៅ។ (សាំយូអែលទី២ ៧:​១២, ១៣; ទំនុកដំកើង ៨៩:៣, ៤) ក្រោយ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រឹត្យ​វិន័យ​បាន​ដឹក​នាំ​សាសន៍​យូដា​ទៅ​ដល់​ព្រះមេស្ស៊ី នោះ​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ព័ត៌​មាន​ថែម​ទៀត​អំពី​គោល​បំណង​របស់​ទ្រង់។ (កាឡាទី ៣:១៩, ២៤) មនុស្ស​ជាតិ​ដែល​ត្រូវ​ចូល​រួម​ជា​មួយ​អ្នក​ដែល​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ពូជ​នោះ នឹង​រួម​គ្នា​ធ្វើ​ជា‹នគរ​ដែល​សុទ្ធតែ​ជា​សង្ឃ›ដូច​បាន​ត្រូវ​ទាយ​ទុក​ជា​មុន។ ពួក​គេ​ក៏​ត្រូវ​ជា​ភាគី​នៃ​«សញ្ញា​ថ្មី»​ឬ​កិច្ច​ព្រម​ព្រៀង​ថ្មី ដោយ​ធ្វើ​ជា​«អ៊ីស្រាអែល»​ថ្មី​ឬ​អ៊ីស្រាអែល​ខាង​វិញ្ញាណ។—យេរេមា ៣១:៣១​-​៣៤; ហេព្រើរ ៨:៧​-​៩ *

១០, ១១​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​អត្តសញ្ញាណ​របស់​ពូជ​សន្យា​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​បាន​ជា​រាជបុត្រា​តែ​មួយ​របស់​ព្រះ​បាន​យាង​មក​ផែនដី?

១០ សម​ស្រប​តាម​ការ​ចាត់​ចែង​របស់​ព្រះ​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់​នោះ ពេល​កំណត់​បាន​មក​ដល់​ដែល​ពូជ​សន្យា​ត្រូវ​ប្រសូត​មក​នៅ​ផែនដី។ ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឈ្មោះ​កាព្រីយ៉ែល​ឲ្យ​ទៅ​ប្រាប់​នាង​ម៉ារា​ថា នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ​ហើយ​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា​យេស៊ូ។ ទេវតា​នោះ​បាន​ប្រាប់​នាង​ថា​៖​«បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ ទ្រង់​នឹង​សោយ​រាជ្យ លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់​កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ»។ (លូកា ១:​៣២, ៣៣) យ៉ាង​នេះ​អត្តសញ្ញាណ​នៃ​ពូជ​សន្យា​បាន​ស​ឲ្យ​ឃើញ​ច្បាស់។—កាឡាទី ៣:១៦; ៤:៤

១១ ព្រះ​យេស៊ូ ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​យេហូវ៉ា ត្រូវ​យាង​មក​ផែនដី​ដើម្បី​ឆ្លង​កាត់​ការ​សាកល្បង​ដ៏​ខ្លាំង​បំផុត។ ទ្រង់​អាច​ផ្ដល់​ចម្លើយ​ចំៗ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង។ តើ​រាជបុត្រា​នោះ​នឹង​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​វរបិតា​ទ្រង់​ឬ​ទេ? ចម្លើយ​ចំពោះ​សំណួរ​នេះ​ជាប់​ទាក់ទង​នឹង​សេចក្ដី​អាថ៌កំបាំង​មួយ​របស់​ព្រះ។ សាវ័ក​ប៉ុល​បាន​ពន្យល់​តួ​នាទី​របស់​ព្រះ​យេស៊ូ​ដោយ​ថា​៖​«ពិត​ប្រាកដ​ជា​សេចក្ដី​អាថ៌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល​ជ្រៅ​ណាស់ គឺ​ដែល[ទ្រង់]បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ​វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរី​ល្អ​វិញ»។ (ធីម៉ូថេទី១ ៣:១៦) ដូច្នេះ​ដោយសារ​ទ្រង់​បាន​រក្សា​ព្រះទ័យ​ស្មោះ​គ្រប់​ល័ក្ខណ៍​រហូត​ដល់​ទិវង្គត​នោះ ព្រះ​យេស៊ូ​បាន​ផ្ដល់​ចម្លើយ​មួយ​ដង​ជា​ការ​សម្រេច​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង។ ប៉ុន្តែ​ព័ត៌​មាន​ល្អិតល្អន់​ឯ​ទៀត​ដែល​ទាក់ទង​នឹង​សេចក្ដី​អាថ៌កំបាំង​របស់​ព្រះ​បាន​ត្រូវ​លាត​ត្រដាង​ក្រោយ​មក។

«ការ​អាថ៌កំបាំង​របស់​នគរ​ព្រះ»

១២, ១៣​. (ក) តើ​អ្វី​ជា​ផ្នែក​មួយ​នៃ​«ការ​អាថ៌កំបាំង​របស់​នគរ​ព្រះ»? (ខ) តើ​ព្រះ​យេហូវ៉ា​ត្រូវ​ធ្វើ​អ្វី​ដោយសារ​បាន​ជ្រើសរើស​មនុស្ស​មួយ​ចំនួន​ឲ្យ​ឡើង​ទៅ​ស្ថានសួគ៌​នោះ?

១២ នៅ​គ្រា​មួយ​ដែល​ព្រះ​យេស៊ូ​ធ្វើ​កិច្ច​ផ្សព្វ​ផ្សាយ​នា​ស្រុក​កាលីឡេ ទ្រង់​បាន​បញ្ជាក់​ថា អាថ៌កំបាំង​របស់​ព្រះ​ជាប់​ទាក់ទង​នឹង​រាជ​រដ្ឋាភិបាល​របស់​ព្រះមេស្ស៊ី។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​សិស្ស​ទ្រង់​ថា​៖ «បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌កំបាំង​របស់​នគរ​ស្ថានសួគ៌​[ឬ​«នគរ​ព្រះ»​, ម៉ាកុស ៤:១១]»។ (ម៉ាថាយ ១៣:១១) ផ្នែក​មួយ​នៃ​អាថ៌កំបាំង​នោះ​គឺ​ដូច​ត​ទៅ​នេះ: ព្រះ​យេហូវ៉ា​នឹង​ជ្រើស​រើស​«ហ្វូង​តូច»​ដែល​ជា​មនុស្ស​១៤៤​.​០០០​នាក់ ដើម្បី​ឲ្យ​ចូល​រួម​ធ្វើ​ជា​ផ្នែក​នៃ​ពូជ​នោះ​ជា​មួយ​រាជបុត្រា​របស់​ទ្រង់ ហើយ​គ្រប់គ្រង​ជា​មួយ​ទ្រង់​នៅ​ស្ថានសួគ៌។—លូកា ១២:៣២; វិវរណៈ ១៤:១, ៤

១៣ ដោយសារ​មនុស្ស​បាន​ត្រូវ​បង្កើត​ឲ្យ​រស់​នៅ​ផែនដី នោះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ត្រូវ​ធ្វើ​ឲ្យ​ពួក​គេ​«កើត​ជា​ថ្មី» ទើប​មនុស្ស​ខ្លះ​អាច​ឡើង​ទៅ​ស្ថានសួគ៌​បាន។ (កូរិនថូសទី២ ៥:១៧) សាវ័ក​ពេត្រុស​បាន​ត្រូវ​ជ្រើសរើស​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ គឺ​ជា​ការ​ឡើង​ទៅ​ស្ថានសួគ៌។ គាត់​បាន​សរសេរ​ថា​៖​«សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូ​វ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្ដាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ឲ្យ​យើង​បាន​មរ​ដក ដែល​មិន​ចេះ​ពុក​រលួយ ក៏​ឥត​សៅហ្មង​ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរ​ដក​ដែល​បំ​រុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថានសួគ៌»។—ពេត្រុសទី១ ១:៣, ៤

១៤​. (ក) តើ​សាសន៍​ដទៃ​ជាប់​ទាក់ទង​នឹង​«អាថ៌កំបាំង​របស់​នគរ​ព្រះ»​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​យើង​អាច​យល់​រឿង​ទាំង​នេះ​ដែល​ជា​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»​បាន?

១៤ ផ្នែក​មួយ​ទៀត​នៃ​អាថ៌កំបាំង​របស់​ព្រះ​ស្តី​អំពី​រាជ​រដ្ឋាភិបាល​ដែល​នឹង​មាន​នៅ​អនាគត​គឺ​ដូច​ត​ទៅ​នេះ: ព្រះ​ហឫទ័យ​របស់​ព្រះ​គឺ​ចង់​ប្រមូល​មនុស្ស​ដែល​មិន​មែន​ជា​សាសន៍​យូដា​ឲ្យ​ចូល​រួម​ជា​មួយ​មនុស្ស​មួយ​ក្រុម​តូច ដែល​នឹង​ត្រូវ​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថានសួគ៌​ដើម្បី​គ្រប់គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ។ នេះ​រួម​ជា​ផ្នែក​នៃ​«ការ​កាន់​កាប់​ត្រួតត្រា»​របស់​ព្រះ​យេហូវ៉ា​ឬ​របៀប​ទ្រង់​ចាត់​ចែង​ឲ្យ​គោល​បំណង​របស់​ទ្រង់​បាន​សម្រេច។ សាវ័ក​ប៉ុល​បាន​ពន្យល់​អំពី​រឿង​នេះ​ថា​៖​«ជា​ការ​អាថ៌កំបាំង​ដែល​កាល​នៅ​អស់​ទាំង​គ្រា​ជាន់​មុន មិន​បាន​ប្រទាន​ឲ្យ​ពួក​មនុស្ស​ជាតិ​ស្គាល់ ដូច​ជា​បាន​សំដែង​មក​ឲ្យ​ពួក​សា​វក នឹង​ពួក​ហោរា​បរិសុទ្ធ​ស្គាល់ ដោយសារ​ព្រះ​វិញ្ញាណ​សព្វ​ថ្ងៃ​នេះ​ទេ គឺ​ដែល​ពួក​សាសន៍​ដទៃ បាន​ត្រឡប់​ជា​អ្នក​គ្រង​មរ​ដក​ជា​មួយ​គ្នា នឹង​ជា​រូប​កាយ​ជា​មួយ​គ្នា ហើយ​ជា​អ្នក​ទទួល​ចំណែក​នៃ​សេចក្ដី​សន្យា​របស់​ទ្រង់ ជា​មួយ​គ្នា​ក្នុង​ព្រះ​គ្រីស្ទ​ដែរ ដោយសារ​ដំណឹង​ល្អ»។ (អេភេសូរ ៣:៥, ៦) ព័ត៌​មាន​នេះ​អំពី​អាថ៌កំបាំង​របស់​ព្រះ​បាន​ត្រូវ​បើក​សម្ដែង​ឲ្យ​‹ពួក​សាវ័ក​បរិសុទ្ធ›យល់។ សព្វ​ថ្ងៃ​នេះ​ក៏​ស្រដៀង​គ្នា​ដែរ ដ្បិត​បើ​គ្មាន​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ យើង​ក៏​ពុំ​អាច​យល់​សោះ​នូវ​រឿង​ទាំង​នេះ​ដែល​ជា​«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»។—កូរិនថូសទី១ ២:១០; ៤:១; កូល៉ុស ១:២៦, ២៧

១៥, ១៦​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​អ្នក​ដែល​ត្រូវ​គ្រប់គ្រង​ជា​មួយ​ព្រះ​យេស៊ូ​ពី​ក្នុង​ចំណោម​មនុស្ស​ជាតិ?

១៥ ព្រះ​គម្ពីរ​ថា​«មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់»​ដែល​ឃើញ​ឈរ​ជា​មួយ​«កូន​ចៀម»​លើ​ភ្នំ​ស៊ី​យ៉ូន បាន​ត្រូវ​«លោះ​ពី​ផែនដី​ចេញ» និង‹លោះ​ចេញ​ពី​ពួក​មនុស្ស​លោក​ទុក​ជា​ផ្លែ​ដំបូង​ថ្វាយ​ដល់​ព្រះ ហើយ​នឹង​កូន​ចៀម›ដែល​ជា​ព្រះ​គ្រីស្ទ​យេស៊ូ។ (វិវរណៈ ១៤:១​-​៤) ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​បុត្រ​វិញ្ញាណ​ច្បង​របស់​ទ្រង់ ឲ្យ​ធ្វើ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ពូជ​ដែល​ត្រូវ​បាន​សន្យា​នៅ​អេដែន។ ប៉ុន្តែ​ហេតុ​អ្វី​ទ្រង់​ជ្រើសរើស​អ្នក​ដែល​ត្រូវ​ចូល​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​ពី​ក្នុង​ចំណោម​មនុស្ស​ជាតិ​ដូច្នេះ? សាវ័ក​ប៉ុល​ពន្យល់​ថា​ចំនួន​កំណត់​នេះ​បាន​ត្រូវ​«ហៅ​មក​តាម​ព្រះ​ដំរិះ[ព្រះ​យេហូវ៉ា]»​«តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់»។—រ៉ូម ៨:១៧, ២៨​-​៣០; អេភេសូរ ១:៥, ១១; ធីម៉ូថេទី២ ១:៩

១៦ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ចង់​ធ្វើ​ឲ្យ​ព្រះ​នាម​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់​បាន​បរិសុទ្ធ ថែម​ទាំង​បង្ហាញ​ថា​ទ្រង់​មាន​សិទ្ធិ​គ្រប់គ្រង​លើ​បុគ្គល​គ្រប់​រូប។ ដោយ​«ការ​កាន់​កាប់​ត្រួតត្រា»​ឬ​របៀប​ចាត់​ចែង​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ជ្រាល​ជ្រៅ​រក​ប្រៀបផ្ទឹម​ពុំ​បាន នោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​រាជបុត្រា​របស់​ទ្រង់​ឲ្យ​យាង​មក​ផែនដី។ ទី​នេះ​ព្រះ​រាជបុត្រា​ទ្រង់​បាន​ត្រូវ​សាកល្បង​ដល់​កម្រិត​ខ្លាំង​បំផុត។ មួយ​វិញ​ទៀត ព្រះ​យេហូវ៉ា​បាន​សម្រេច​ព្រះទ័យ​ថា រាជ​រដ្ឋាភិបាល​របស់​ព្រះមេស្ស៊ី​ដែល​ជា​របស់​ផង​រាជបុត្រា​ទ្រង់ នឹង​រួម​បញ្ចូល​មនុស្ស​ដែល​បាន​គាំទ្រ​ការ​គ្រប់គ្រង​របស់​ព្រះ​រហូត​ដល់​ស្លាប់។—អេភេសូរ ១:៨​-​១២; វិវរណៈ ២:១០, ១១

១៧​. ហេតុ​អ្វី​យើង​អាច​សប្បាយ​ចិត្ត​ដែល​ព្រះ​គ្រីស្ទ​និង​អ្នក​គ្រប់គ្រង​ជា​មួយ​ទ្រង់​ធ្លាប់​ជា​មនុស្ស?

១៧ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​កូន​ចៅ​អ័ដាម ដោយ​ចាត់​ឲ្យ​រាជបុត្រា​របស់​ទ្រង់​យាង​មក​ផែនដី ហើយ​ដោយ​ជ្រើសរើស​ពី​ក្នុង​ចំណោម​ពួក​គេ​នូវ​អស់​អ្នក​ដែល​ត្រូវ​ចូល​រួម​គ្រប់​គ្រង​ជា​មួយ​រាជបុត្រា​របស់​ទ្រង់​ក្នុង​រាជ​រដ្ឋាភិបាល​ទ្រង់។ ចំណែក​អស់​អ្នក​ចាប់​ពី​អេបិល​មក​ដែល​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ការ​គ្រប់គ្រង​របស់​អ្នក​ដែល​បាន​ត្រូវ​ជ្រើសរើស​ពី​ចំណោម​មនុស្ស​ជាតិ? ដោយសារ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​កើត​មក​ជា​បាវ​បម្រើ​នៃ​បាប​និង​សេចក្ដី​ស្លាប់ នោះ​ពួក​គេ​ត្រូវ​ការ​នូវ​ការ​ប្រោស​ឲ្យ​ជា​ទាំង​ខាង​វិញ្ញាណ​ទាំង​ខាង​រូប​កាយ ហើយ​ត្រូវ​ប្រោស​ឲ្យ​មាន​ភាព​គ្រប់​ល័ក្ខណ៍ សម​ស្រប​តាម​គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្ស​ជាតិ។ (រ៉ូម ៥:១២) អស់​អ្នក​ដែល​រង់ចាំ​ទទួល​ជីវិត​ជា​រៀង​រហូត​នៅ​ផែនដី​ពិត​ជា​សប្បាយ​ណាស់! ពេល​ដឹង​ថា​ស្តេច​របស់​ពួក​គេ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​យល់​ចិត្ត​ពួក​គេ ដូច​ទ្រង់​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​សិស្ស​របស់​ទ្រង់ ក្នុង​កំ​លុង​កិច្ច​បម្រើ​ទ្រង់​នៅ​ផែនដី។ (ម៉ាថាយ ១១:២៨, ២៩; ហេព្រើរ ២:១៧, ១៨; ៤:១៥; ៧:​២៥, ២៦) មួយ​វិញ​ទៀត ពួក​គេ​ក៏​សប្បាយ​ដែរ​ពេល​បាន​ដឹង​ថា ស្តេច​និង​សង្ឃ​ដែល​គ្រប់គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​ធ្លាប់​ជា​បុរស​ស្ត្រី​ស្មោះ​ត្រង់​ដែល​មាន​ភាព​ខ្សោយ​និង​ការ​ពិបាក​ក្នុង​ជីវិត​ដូច​យើង​ដែរ!—រ៉ូម ៧:​២១​-​២៥

គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដែល​នឹង​សម្រេច​ជា​មិន​ខាន

១៨, ១៩​. ហេតុ​អ្វី​យើង​អាច​យល់​ពាក្យ​របស់​ប៉ុល​នៅ​អេភេសូរ ១:៨​-​១១​ច្បាស់​ជាង? តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ ឥឡូវ​យើង​អាច​យល់​ច្បាស់​ជាង​នូវ​ពាក្យ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​អេភេសូរ ១:៨​-​១១។ គាត់​ប្រាប់​ថា ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​ពួក​គេ​ស្គាល់​«សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ​ហឫទ័យ​ទ្រង់» ដែល​ចង់​ឲ្យ​ពួក​គេ​«បាន​កេរ្ដិ៍​អាករ»​ជា​មួយ​ព្រះ​គ្រីស្ទ ហើយ​ត្រូវ​«ដំ​រូវ . . . ទុក​ជា​មុន តាម​ដំរិះ​សំ​រេ​ច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់»។ យើង​យល់​ថា​នោះ​សម​ស្រប​តាម​«ការ​កាន់​កាប់​ត្រួតត្រា»​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​សម្រេច​គោល​បំណង​របស់​ទ្រង់។ នេះ​ក៏​ជួយ​យើង​ឲ្យ​យល់​មូលហេតុ​ដែល​មាន​គ្រីស្ទាន​តែ​ប៉ុន្មាន​នាក់​ដែល​ពិសា​វត្ថុ​តំណាង​នៅ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។

១៩ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​យល់​អត្ថន័យ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​គ្រីស្ទ​ចំពោះ​អស់​អ្នក ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ យើង​ក៏​នឹង​រៀន​មូលហេតុ​បងប្អូន​រាប់​លាន​នាក់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​ជា​រៀង​រហូត គួរ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី​ដែល​ពិធី​បុណ្យ​រំឭក​តំណាង។

[កំណត់​សម្គាល់]

^ វគ្គ 6 អត្ថន័យ​ចំៗ​នៃ​ព្រះ​នាម​របស់​ព្រះ​គឺ​«ទ្រង់​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា»។ ព្រះ​យេហូវ៉ា​អាច​ក្លាយ​ទៅ​ជា​អ្វី​ក៏​បាន​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​គោល​បំណង​របស់​ទ្រង់​បាន​សម្រេច។—និក្ខមនំ ៣:១៤; សូម​មើល​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ជំពូក​ទី១ ទំព័រ​៩ វគ្គ​៨។

^ វគ្គ 8 ពាក្យ​របស់​ប៉ុល​បង្ហាញ​ថា​ការ​«កាន់​កាប់​ត្រួតត្រា»​នោះ​កំពុង​តែ​មាន​សកម្មភាព​នៅ​សម័យ​គាត់ ប៉ុន្តែ​ចំណែក​ព្រះ​រាជាណាចក្រ​របស់​ព្រះមេស្ស៊ី​វិញ ព្រះ​គម្ពីរ​បញ្ជាក់​ថា​នោះ​បាន​ត្រូវ​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៩១៤​ទេ។

^ វគ្គ 9 ដើម្បី​រៀន​ថែម​ទៀត​អំពី​កិច្ច​ព្រម​ព្រៀង​ទាំង​ប៉ុន្មាន​ដែល​ជាប់​ទាក់ទង​នឹង​ការ​សម្រេច​នៃ​គោល​បំណង​របស់​ព្រះ សូម​មើល​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ជំពូក​ទី១៩។

ដើម្បី​រៀន​សា​ឡើង​វិញ

ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បង្កើត​ផែនដី​ហើយ​ដាក់​មនុស្ស​លើ​ផែនដី?

ហេតុ​អ្វី​រាជបុត្រា​តែ​មួយ​របស់​ព្រះ​យេហូវ៉ា​ចាំបាច់​ត្រូវ​សាកល្បង​នៅ​ផែនដី?

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​មនុស្ស​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]