លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្ហាញអាកប្បកិរិយាអត់ធ្មត់!

ចូរបង្ហាញអាកប្បកិរិយាអត់ធ្មត់!

ចូរ​បង្ហាញ​អាកប្បកិរិយា​អត់​ធ្មត់!

«ខ្ញុំ​នឹង​រង់​ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្ដាប់​ខ្ញុំ»។—មីកា ៧:៧

១, ២. (ក) តើ​យ៉ាង​ដូច​ម្ដេច​ដែល​អាកប្បកិរិយា​មិន​ត្រឹម​ត្រូវ​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​អ៊ីស្រាអែល​ក្នុង​ទី​រហោ​ស្ថាន? (ខ) តើ​អ្វី​អាច​កើត​ឡើង​ដល់​គ្រីស្ទាន​ម្នាក់​ដែល​មិន​ព្រម​បណ្ដុះ​បណ្ដាល​អាកប្បកិរិយា​ដ៏​ត្រឹម​ត្រូវ​នោះ?

 រឿង​ជា​ច្រើន​ក្នុង​ជីវិត​អាច​ត្រូវ​ចាត់​ទុក​ជា​អ្វី​ដ៏​វិជ្ជមាន​ឬ​ក៏​អវិជ្ជមាន អាស្រ័យ​ទៅ​លើ​អាកប្បកិរិយា​របស់​យើង។ ពេល​ពួក​អ៊ីស្រាអែល​នៅ​ក្នុង​ទី​រហោ​ស្ថាន ពួក​គេ​បាន​ទទួល​នូវ​នំ​ម៉ាន៉ា​តាម​រយៈ​អព្ភូតហេតុ។ ពួក​គេ​គួរ​តែ​ក្រឡេក​មើល​ស្ថានភាព​ដ៏​រីង​ស្ងួត​គ្មាន​រុក្ខជាតិ​និង​គួរ​មាន​ចិត្ត​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សារ​ទ្រង់​បាន​ផ្គត់​ផ្គង់​ចំណី​អាហារ​ដល់​ពួក​គេ។ ការ​ធ្វើ​ដូច្នោះ​នឹង​បាន​សម្ដែង​នូវ​អាកប្បកិរិយា​ដ៏​វិជ្ជមាន។ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​នឹក​ម្ហូប​អាហារ​ដែល​មាន​ច្រើន​មុខ​ហើយ​ច្រើន​ប្រភេទ​នៅ​ប្រទេស​អេស៊ីប និង​បាន​ត្អូញត្អែរ​ថា​នំ​ម៉ាន៉ា​នោះ​គឺ​មិន​ឆ្ងាញ់​សោះ។ នេះ​ជា​អាកប្បកិរិយា​ដ៏​អវិជ្ជមាន​មែន​ហ្ន៎!—ជន​គណនា ១១:៤​-​៦

ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​អាកប្បកិរិយា​របស់​គ្រីស្ទាន​ម្នាក់​អាច​មើល​ឃើញ​កាលៈទេសៈ​មួយ​ជា​អ្វី​ដ៏​គួរ​ឲ្យ​សប្បាយ ឬ​ក៏​គួរ​ឲ្យ​ស្រពាប់ស្រពោន​ទៅ​បាន។ បើ​សិន​ជា​គ្រីស្ទាន​ម្នាក់​គ្មាន​អាកប្បកិរិយា​ត្រឹម​ត្រូវ​ទេ នោះ​គាត់​អាច​បាត់​បង់​យ៉ាង​ងាយ​ស្រួល​នូវ​អំណរ​របស់​ខ្លួន ហើយ​នេះ​នឹង​ទៅ​ជា​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​មួយ ព្រោះ​លោកនេហេមាបាន​មាន​ប្រសាសន៍​ថា៖ «សេចក្ដី​អំណរ​របស់​ព្រះ​យេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា»។ (នេហេមា ៨:១០) អាកប្បកិរិយា​មួយ​ដែល​ប្រកប​ដោយ​សុទិដ្ឋិនិយម​និង​ប្រកប​ដោយ​អំណរ ជួយ​យើង​ឲ្យ​មាន​កម្លាំង​ហើយ​ក៏​ជួយ​បង្កើត​ឲ្យ​មាន​សន្ដិភាព​និង​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ​ផង​ដែរ។—រ៉ូម ១៥:១៣; ភីលីព ១:២៥

៣. តើ​តាម​របៀប​ណា​ដែល​អាកប្បកិរិយា​ដ៏​ត្រឹម​ត្រូវ​បាន​ជួយយេរេមាក្នុង​គ្រា​ដ៏​លំបាក​នោះ?

យេរេមាបាន​បង្ហាញ​អាកប្បកិរិយា​ដ៏​វិជ្ជមាន ទោះ​បី​ជា​គាត់​ស្ថិត​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ក៏​ដោយ។ សូម្បី​តែ​ក្នុង​ពេល​ដែល​គាត់​បាន​ឃើញ​នូវ​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​បាន​កើត​ឡើង​ពេល​ទី​ក្រុង​យេរូសាឡិម​ត្រូវ​ផ្ដួល​រំលំ​នា​ឆ្នាំ​៦០៧​ម.​ស.យ. ក៏​គាត់​យល់​ឃើញ​នូវ​អ្វី​ដ៏​ល្អ​ដែរ។ ព្រះ​យេហូវ៉ា​នឹង​មិន​បំភ្លេច​សាសន៍​អ៊ីស្រាអែល​ទេ អ៊ីចឹង​ហើយ​សាសន៍​នោះ​នឹង​រួច​រស់​ជីវិត​ត​ទៅ។ យេរេមាបាន​សរសេរ​ក្នុង​សៀវភៅបរិទេវថា៖ «គឺ​នឹក​ពី​សេចក្ដី​នេះ​ថា កុំ​តែ​មាន​សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជា​និច្ច សេចក្ដី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់»។ (បរិទេវ ៣:២២, ២៣) ទូទាំង​ប្រវត្ដិសាស្ត្រ ពួក​អ្នក​បំរើ​របស់​ព្រះ​បាន​ខិត​ខំ​រក្សា​អាកប្បកិរិយា​ដ៏​វិជ្ជមាន ព្រម​ទាំង​អាកប្បកិរិយា​ដ៏​រីករាយ​ទៀត​ផង សូម្បី​តែ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​បំផុត​ក៏​ដោយ។—កូរិនថូស​ទី​២ ៧:៤; ថែស្សាឡូនីច​ទី​១ ១:៦; យ៉ាកុប ១:២

៤. តើ​ព្រះ​យេស៊ូ​បាន​សម្ដែង​អាកប្បកិរិយា​អ្វី ហើយ​តើ​នោះ​បាន​ជួយ​ទ្រង់​តាម​របៀប​ណា?

ប្រាំ​មួយ​រយ​ឆ្នាំ​បន្ទាប់​ពី​សម័យ​លោកយេរេមា ព្រះ​យេស៊ូ​បាន​ត្រូវ​ជួយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ​ដោយ​អាកប្បកិរិយា​ដ៏​វិជ្ជមាន​របស់​ទ្រង់។ យើង​អាន​ថា៖ «ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើល​ងាយ​ចំពោះ​សេចក្ដី​អាមាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់[ព្រះ​យេស៊ូ] រួច​ទ្រង់​ក៏​គង់​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ»។ (ហេព្រើរ ១២:២) មិន​ថា​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​ការ​ប្រឆាំង​ឬ​ក៏​ការ​បៀត​បៀន​ដ៏​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ សូម្បី​តែ​រហូត​ដល់​ការ​រង​ទុក្ខ​លើ​បង្គោល​ទារុណកម្ម ក៏​ទ្រង់​បាន​រំពឹង​គិត​អំពី«សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់»។ អំណរ​នោះ​គឺ​ជា​ឯកសិទ្ធិ​ចំពោះ​ការ​ធ្វើ​យុត្ដិកម្ម​នូវ​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា និង​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ ព្រម​ទាំង​សេចក្ដី​សង្ឃឹម​ចំពោះ​ការ​នាំ​ប្រសិទ្ធិពរ​មក​ដល់​មនុស្សជាតិ​ដែល​ស្ដាប់​បង្គាប់​នៅ​នា​អនាគត​នោះ។

ការ​បណ្ដុះ​បណ្ដាល​អាកប្បកិរិយា​ដ៏​ចេះ​អត់​ធ្មត់

៥. តើ​ក្នុង​កាលៈទេសៈ​ធម្មតា​អ្វី ដែល​អាកប្បកិរិយា​អត់​ធ្មត់​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ?

បើ​សិន​ជា​យើង​បណ្ដុះ​បណ្ដាល​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដូច​ព្រះ​យេស៊ូ យើង​នឹង​មិន​បាត់​បង់​អំណរ​របស់​ព្រះ​យេហូវ៉ា​ឡើយ សូម្បី​តែ​មាន​រឿង​អ្វី​ដែល​មិន​បាន​សម្រេច​តាម​ពេល​ដែល​យើង​សង្ឃឹម​នោះ​ក៏​ដោយ។ ព្យាការីមីកាបាន​និយាយ​ថា៖ «ឯ​ចំណែក​ខ្លួន​ខ្ញុំ​ៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​រង់​ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ»។ (មីកា ៧:៧; បរិទេវ ៣:២១) យើង​ក៏​អាច​បង្ហាញ​អាកប្បកិរិយា​ដ៏​ចេះ​អត់​ធ្មត់​ដូច​នោះ​ដែរ។ តើ​យើង​អាច​ធ្វើ​អ៊ីចឹង​បាន​យ៉ាង​ដូច​ម្ដេច? គឺ​មាន​វិធី​ជា​ច្រើន។ មួយ​គឺ​ថា យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា បង​ប្រុស​ម្នាក់​ដែល​មាន​អំណាច​គ្រប់​គ្រង​បាន​ធ្វើ​ខុស និង​គួរ​តែ​ទទួល​នូវ​ការ​កែ​តម្រង់​ភ្លាម​ៗ។ អាកប្បកិរិយា​ដ៏​ចេះ​អត់​ធ្មត់​នឹង​ជួយ​យើង​ឲ្យ​គិត​ពិចារណា​ថា៖ ‹តើ​គាត់​ពិត​ជា​បាន​ធ្វើ​ខុស​មែន ឬ​ក៏​តើ​ខ្ញុំ​បាន​យល់​ច្រឡំ? បើ​សិន​ជា​គាត់​បាន​ធ្វើ​ខុស​មែន តើ​ព្រះ​យេហូវ៉ា​កំពុង​តែ​អនុញ្ញាត​ឲ្យ​នេះ​កើត​ឡើង ពីព្រោះ​ទ្រង់​មាន​អារម្មណ៍​ថា អ្នក​នោះ​នឹង​កែ​ប្រែ ហើយ​ការ​កែ​តម្រង់​ដ៏​ធំ​គឺ​មិន​ចាំ​បាច់​មាន​ទេ​ឬ?›។

៦. តើ​ដោយ​ដូច​ម្ដេច​ដែល​អាកប្បកិរិយា​អត់​ធ្មត់​អាច​ជួយ​មនុស្ស​ម្នាក់​បាន ពេល​ដែល​គាត់​កំពុង​តែ​ពុះ​ពារ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​មួយ​នោះ?

យើង​ប្រហែល​ជា​ត្រូវ​ការ​នូវ​អាកប្បកិរិយា​អត់​ធ្មត់​មួយ ពេល​យើង​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ឬ​ក៏​កំពុង​តែ​ពុះ​ពារ​ភាព​ទន់​ខ្សោយ​មួយ​នោះ។ ឧបមា​ថា យើង​ទូល​ព្រះ​យេហូវ៉ា​និង​សូម​ជំនួយ​ប៉ុន្តែ​បញ្ហា​នោះ​នៅ​ដដែល។ តើ​យើង​គួរ​តែ​ធ្វើ​យ៉ាង​ណា​វិញ? យើង​ត្រូវ​តែ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ ថែម​ទាំង​មាន​ជំនឿ​លើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា៖ «ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក»។ (លូកា ១១:៩) សូម​បន្ត​អធិស្ឋាន​និង​រង់​ចាំ​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដ៏​ត្រឹម​ត្រូវ​និង​តាម​របៀប​ដែល​ពេញ​ព្រះ​ហឫទ័យ​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​ដល់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ជា​ពុំ​ខាន។—ថែស្សាឡូនីច​ទី​១ ៥:១៧

៧. ហេតុ​ដូច​ម្ដេច​បាន​ជា​អាកប្បកិរិយា​អត់​ធ្មត់​អាច​ជួយ​កែ​តម្រង់​ទស្សនៈ​របស់​យើង​ចំពោះ​ការ​យល់​ដឹង​ជា​បណ្ដើរ​ៗ​អំពី​ព្រះ​គម្ពីរ?

ពេល​ទំនាយ​ព្រះ​គម្ពីរ​បាន​សម្រេច​ហើយ នោះ​ការ​យល់​ដឹង​របស់​យើង​ចំពោះបទគម្ពីរ​កាន់​តែ​ច្បាស់​ឡើង​ៗ។ ក៏​ប៉ុន្តែ ជួន​កាល​ប្រហែល​ជា​យើង​មាន​អារម្មណ៍​ថា ការ​ពន្យល់​ពី​ចំណុច​ណា​មួយ​គឺ​យឺត​ហួស​ហេតុ​ពេក។ បើ​សិន​ជា​ការ​ពន្យល់​នោះ​មិន​មក​លឿន​តាម​ចិត្ត​យើង​ចង់ តើ​យើង​សុខ​ចិត្ត​រង់​ចាំ​ទេ? សូម​នឹក​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​លាត​ត្រដាង«ការ​អាថ៌​កំបាំង​របស់​ព្រះ​គ្រីស្ទ»បន្ដិច​ម្ដង​ៗ​ក្នុង​កំឡុង​រយៈ​ពេល​៤០០០​ឆ្នាំ។ (អេភេសូរ ៣:៣​-​៦) តើ​យើង​មាន​ហេតុ​ណា​មួយ​ធ្វើ​ឲ្យ​យើង​មិន​ចេះ​អត់​ធ្មត់​ឬ? តើ​យើង​សង្ស័យ​ថា៖ «អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ» មិន​បាន​ត្រូវ​ចាត់​តាំង​ឲ្យ​ផ្ដល់​នូវ«អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល»ដល់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទេ​ឬ? (ម៉ាថាយ ២៤:៤៥) ម្ដេច​ក៏​បង្អត់​ខ្លួន​យើង​ពី​ការ​មាន​អំណរ​របស់​ព្រះ​ដោយ​សារ​យើង​មិន​យល់​អ្វី​ទាំង​អស់​នោះ? ចូរ​នឹក​ចាំ​ដែរ​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​សម្រេច​ពេល​និង​វិធី​សំរាប់​ការ​លាត​ត្រដាង«គំនិត​លាក់​កំបាំង»របស់​ទ្រង់។—អេម៉ុស ៣:៧

៨. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​បាន​មាន​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន?

អ្នក​ខ្លះ​អាច​ធ្លាក់​ទឹក​ចិត្ត​ពីព្រោះ​គេ​មាន​អារម្មណ៍​ថា ទោះ​បី​គេ​បាន​បំរើ​យ៉ាង​ស្មោះ​ត្រង់​អស់​ប៉ុន្មាន​ឆ្នាំ​ហើយ​ក៏​ដោយ គេ​នឹង​មិន​អាច​រស់​រហូត​ដល់«ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា»បាន​ឡើយ។ (យ៉ូអែល ២:៣០, ៣១) ក៏​ប៉ុន្តែ គេ​អាច​មាន​ការ​លើក​ទឹក​ចិត្ត​ដោយ​គិត​ពី​ចំណុច​ដ៏​វិជ្ជមាន​នេះ។ ពេត្រុស​បាន​ជូន​យោបល់​ថា៖ «រាប់​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​អម្ចាស់​នៃ​យើង ទុក​ជា​សេចក្ដី​សង្គ្រោះ»។ (ពេត្រុស​ទី​២ ៣:១៥) សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​មនុស្ស​រាប់​លាន​នាក់​ថែម​ទៀត​ដែល​មាន​ចិត្ត​ត្រឹម​ត្រូវ ឲ្យ​រៀន​អំពី​សេចក្ដី​ពិត។ នេះ​ជា​អ្វី​ដ៏​ល្អ​ពិសេស​ណាស់ មែន​ទេ? មួយ​ទៀត បើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​អត់​ធ្មត់​យូរ​ទៀត នោះ​យើង​មាន​ពេល​ច្រើន​ជាង​ដើម្បី«បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ»។—ភីលីព ២:១២; ពេត្រុស​ទី​២ ៣:១១, ១២

៩. បើ​សិន​កិច្ច​បំរើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​មាន​កំណត់ តើ​អាកប្បកិរិយា​អត់​ធ្មត់​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​កាលៈទេសៈ​នោះ​យ៉ាង​ដូច​ម្ដេច?

អាកប្បកិរិយា​ដ៏​ចេះ​អត់​ធ្មត់​ក៏​ជួយ​យើង​កុំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​ដែរ ពេល​មាន​ការ​ប្រឆាំង ជម្ងឺ ភាព​ចាស់​ជរា ឬ​ក៏​បញ្ហា​ផ្សេង​ទៀត​ដែល​រា​រាំង​យើង​ចំពោះ​កិច្ច​បំរើ​ខាង​ព្រះ​រាជាណាចក្រ។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​បំរើ​ទ្រង់​អស់​អំពី​ចិត្ត។ (រ៉ូម ១២:១) ក៏​ប៉ុន្តែ បុត្រ​របស់​ព្រះ​ដែល«មាន​សេចក្ដី​អាណិត​មេត្ដា ដល់​មនុស្ស​រហេម​រហាម​នឹង​មនុស្ស​ទុគ៌ត» ទ្រង់​មិន​ចេះ​ទាម​ទារ​ឲ្យ​យើង​ធ្វើ​ហួស​ពី​សមត្ថភាព​របស់​យើង​ទេ និង​ព្រះ​យេហូវ៉ា​ក៏​មិន​ប្រព្រឹត្ត​ដូច្នេះ​ដែរ។ (ទំនុកដំកើង ៧២:១៣) ហេតុ​នេះ​ហើយ យើង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តាម​តែ​លទ្ធភាព​របស់​យើង ទាំង​រង់​ចាំ​យ៉ាង​អត់​ធ្មត់​ទំរាំ​ដល់​កាលៈទេសៈ​ផ្លាស់​ប្ដូរ មិន​ថា​ការ​ផ្លាស់​ប្ដូរ​នោះ​នឹង​កើត​ឡើង​ក្នុង​លោកីយ៍​នេះ​ឬ​ក៏​លោកីយ៍​ដែល​នឹង​មក​ដល់។ សូម​ចង​ចាំ​ថា៖ «ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិល​គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ»។—ហេព្រើរ ៦:១០

១០. តើ​លក្ខណៈ​ដ៏​មិន​សព្វ​ព្រះ​ហឫទ័យ​របស់​ព្រះ​អ្វី ដែល​អាច​ត្រូវ​ជៀស​វាង​ដោយ​មនុស្ស​ដែល​មាន​អាកប្បកិរិយា​អត់​ធ្មត់? សូម​ពន្យល់។

១០ អាកប្បកិរិយា​ដ៏​ចេះ​អត់​ធ្មត់​ក៏​អាច​ជួយ​យើង​ជៀស​វាង​ពី​ការ​បំពាន​សិទ្ធិ​ដែរ។ អ្នក​ខ្លះ​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​ជំនឿ​បាន​ធ្វើ​អ៊ីចឹង​ដោយ​សារ​មិន​សុខ​ចិត្ត​រង់​ចាំ។ ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ត្រូវ​ការ​ការ​កែ​ប្រែ​ក្នុង​ការ​យល់​ដឹង​ពី​ព្រះ​គម្ពីរ ឬ​ក៏​រឿង​ទាក់​ទង​នឹង​របៀប​រៀប​រយ។ ក៏​ប៉ុន្តែ គេ​បាន​ខក​ខាន​ទទួល​ស្គាល់​ថា ព្រះ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ណែនាំ​ឲ្យ​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​ធ្វើ​ការ​កែ​ប្រែ​តាម​ពេល​ដ៏​សម​គួរ​របស់​ទ្រង់ មិន​មែន​តាម​ពេល​ដែល​យើង​គិត​ថា​គួរ​មាន​ការ​កែ​ប្រែ​ជា​ចាំ​បាច់​នោះ​ទេ។ ម្ល៉ោះ​ហើយ ការ​កែ​ប្រែ​ណា​ក៏​ដោយ​ត្រូវ​តែ​សម​ស្រប​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា មិន​មែន​ស្រប​តាម​គំនិត​របស់​យើង​ផ្ទាល់​ទេ។ ពួក​អ្នក​ក្បត់​ជំនឿ​អនុញ្ញាត​ឲ្យ​អាកប្បកិរិយា​ដ៏​បំពាន​សិទ្ធិ​បង្ខូច​គំនិត​របស់​គេ​និង​ធ្វើ​ឲ្យ​គេ​អាក់​អន់​ចិត្ត។ ក៏​ប៉ុន្តែ បើ​សិន​ជា​គេ​បាន​យក​តម្រាប់​តាម​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​គ្រីស្ទ ពួក​គេ​អាច​រក្សា​បាន​អំណរ​របស់​គេ​ឲ្យ​នៅ​គង់​វង្ស​និង​បាន​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។—ភីលីព ២:៥​-​៨

១១. តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​អាច​ប្រើ​ពេល​ក្នុង​កំឡុង​ដែល​យើង​រង់​ចាំ​ឲ្យ​មាន​ប្រយោជន៍ ហើយ​តើ​នេះ​គឺ​តាម​គំរូ​របស់​អ្នក​ណា?

១១ ពិត​មែន ការ​មាន​អាកប្បកិរិយា​ដ៏​ចេះ​អត់​ធ្មត់ មិន​មាន​ន័យ​ថា​មនុស្ស​ម្នាក់​គឺ​ខ្ជិល​ច្រអូស​ឬ​ឥត​សកម្ម​នោះ​ទេ។ យើង​មានកិច្ច​ការជា​ច្រើន។ ជា​ឧទាហរណ៍ យើង​ត្រូវ​តែ​រវល់​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន ហើយ​ដូច្នេះ​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​អ្វី​ខាង​វិញ្ញាណ ដូច​ពួក​ព្យាការី​ដ៏​ស្មោះ​ត្រង់​និង​ពួក​ទេវតា​ដែរ។ ពេត្រុស​បាន​សំដៅ​ទៅ​ចំណាប់​អារម្មណ៍​បែប​នេះ​ដោយ​និយាយ​ថា៖ «ពួក​ហោរា . . . បាន​ស៊ើប​សួរ ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​សេចក្ដី​សង្គ្រោះ​នោះ . . . ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ»។ (ពេត្រុស​ទី​១ ១:១០​-​១២) មិន​គ្រាន់​តែ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​គឺ​ជា​ចាំ​បាច់​ដែរ ព្រម​ទាំង​សេចក្ដី​អធិស្ឋាន។ (យ៉ាកុប ៤:៨) អស់​អ្នក​ដែល​បង្ហាញ​ថា ខ្លួន​ទទួល​ស្គាល់​សេចក្ដី​ត្រូវ​ការ​របស់​គេ​ខាង​វិញ្ញាណ​ដោយ​ទទួល​នូវ​អាហារ​ខាង​វិញ្ញាណ​និង​ការ​សេព​គប់​រួប​រួម​ជា​មួយ​គ្រីស្ទាន​ឯ​ទៀត នេះ​សម្ដែង​ថា​គេ​បាន​យក​តម្រាប់​តាម​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដូច​ព្រះ​គ្រីស្ទ។—ម៉ាថាយ ៥:៣

ចូរ​ឲ្យ​មាន​ទស្សនៈ​ដ៏​ប្រាកដ​ប្រជា

១២. (ក) តើ​អ័ដាម​និង​អេវ៉ា​បាន​ស្វែង​រក​ភាព​មិន​ពឹង​ពាក់​ណា​មួយ? (ខ) តើ​បាន​មាន​លទ្ធផល​យ៉ាង​ណា ដែល​មនុស្សជាតិ​ធ្វើ​តាម​ដំណើរ​របស់​អ័ដាម​និង​អេវ៉ា​នោះ?

១២ ពេល​ព្រះ​បង្កើត​គូ​ស្វាមីភរិយា​ដែល​ជា​មនុស្ស​ទី​មួយ ទ្រង់​បាន​រក្សា​ទុក​សិទ្ធិ​ដើម្បី​សម្រេច​ខុស​ត្រូវ។ (លោកុប្បត្តិ ២:១៦, ១៧) អ័ដាម​និង​អេវ៉ា​ចង់​បាន​ភាព​មិន​ពឹង​ពាក់​លើ​ការ​ណែនាំ​របស់​ព្រះ ហើយ​នេះ​បាន​មាន​លទ្ធផល​ទៅ​ជា​លោកីយ៍​នេះ​ដែល​យើង​ឃើញ​នៅ​ជុំ​វិញ​យើង។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយ​សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ»។ (រ៉ូម ៥:១២) អស់​ប្រាំ​មួយពាន់​ឆ្នាំ​នៃ​ប្រវត្ដិសាស្ត្រ​មនុស្ស តាំង​តែ​ពី​សម័យ​អ័ដាម​មក បាន​បង្ហាញ​ភាព​ពិត​ប្រាកដ​នៃ​ពាក្យ​របស់យេរេមាថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ទូល​បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ»។ (យេរេមា ១០:២៣) ការ​សារភាព​ថា​ពាក្យ​របស់យេរេមាគឺ​ជា​ការ​ពិត មិន​មែន​ជា​ភាព​ទុទិដ្ឋិនិយម​ទេ។ នេះ​គឺ​ជា​ការ​គិត​ឲ្យ​បាន​ប្រាកដ​ប្រជា​ទៅ​វិញ។ នោះ​បាន​ពន្យល់​អស់​ប៉ុន្មាន​សតវត្ស​ពេល«មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា» ពីព្រោះ​មនុស្ស​បាន​គ្រប់​គ្រង​ដោយ​មិន​ពឹង​ពាក់​លើ​ព្រះ។—សាស្ដា ៨:៩

១៣. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​ប្រាកដ​ប្រជា​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​មនុស្ស​អាច​សម្រេច​បាន?

១៣ ដោយ​គិត​ពី​កាលៈទេសៈ​មនុស្សជាតិ នោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ថា អ្វី​ដែល​អាច​ត្រូវ​សម្រេច​ក្នុង​លោកីយ៍​នេះ​គឺ​មាន​ដែន​កំណត់។ អាកប្បកិរិយា​ដ៏​វិជ្ជមាន​អាច​ជួយ​រក្សា​អំណរ​របស់​យើង ក៏​ប៉ុន្តែ អាកប្បកិរិយា​បែប​នោះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទាំង​អស់​ទេ។ នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៥០ បព្វជិត​ម្នាក់​ជន​ជាតិ​អាមេរិក បាន​បោះ​ពុម្ព​សៀវភៅ​មួយ​ដែល​បាន​លក់​ដាច់​ជាង​គេ​ឈ្មោះ​ឥទ្ធិពល​ពី​ការ​គិត​ដោយ​សុទិដ្ឋិនិយម។ សៀវភៅ​នោះ​បាន​ជូន​យោបល់​ថា បញ្ហា​ភាគ​ច្រើន​អាច​ត្រូវ​ឈ្នះ​ដោយ​អាកប្បកិរិយា​ដ៏​វិជ្ជមាន។ ការ​គិត​ដោយ​សុទិដ្ឋិនិយម​គឺ​គួរ​ឲ្យ​សរសើរ​ណាស់។ ក៏​ប៉ុន្តែ បទពិសោធន៍​មនុស្ស​បញ្ជាក់​ថា ចំណេះ ការ​ប៉ិន​ប្រសប់ ចំនួន​វត្ថុ​ទ្រព្យ និង​កត្ដា​មួយ​ចំនួន​ទៀត​ធ្វើ​ការ​រា​រាំង​ចំពោះ​ការ​ដែល​យើង​ម្នាក់​ៗ​អាច​សម្រេច​បាន។ បើ​គិត​ពី​លោកីយ៍​ទាំង​មូល​វិញ បញ្ហា​គឺ​ធំ​ពេក​ចំពោះ​មនុស្សជាតិ​ដែល​ពុំ​អាច​ដោះ​ស្រាយ​ដោយ​ជោគ​ជ័យ​បាន​ឡើយ មិន​ថា​គេ​គិត​ដោយ​សុទិដ្ឋិនិយម​យ៉ាង​ណា​ក៏​ដោយ!

១៤. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​អាកប្បកិរិយា​អវិជ្ជមាន​ឬ​ទេ? សូម​ពន្យល់។

១៤ ពីព្រោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​ដ៏​ប្រាកដ​ប្រជា​អំពី​រឿង​បែប​នេះ នោះ​ជួន​កាល​គេ​ត្រូវ​អ្នក​ដទៃ​ចោទ​ប្រកាន់​ថា គេ​ជា​អ្នក​ដែល​មាន​ទស្សនៈ​ដ៏​អវិជ្ជមាន​ទៅ​វិញ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​មាន​ចំណង់​យ៉ាង​ខ្លាំង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​បុគ្គល​តែ​មួយ​គត់ ដែល​អាច​ដោះ​ស្រាយ​ជា​អចិន្ត្រៃយ៍​នូវ​បញ្ហា​របស់​មនុស្សជាតិ។ ក្នុងកិច្ច​ការនេះ​ដែរ ពួក​គេ​ក៏​យក​តម្រាប់​តាម​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​គ្រីស្ទ។ (រ៉ូម ១៥:២) មួយ​ទៀត​គឺ ពួក​គេ​ក៏​រវល់​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ។ នៅ​ទី​បំផុត ពួក​គេ​ដឹង​ថា​នោះ​នឹង​មាន​ប្រយោជន៍​ល្អ​បំផុត។—ម៉ាថាយ ២៨:១៩, ២០; ធីម៉ូថេ​ទី​១ ៤:១៦

១៥. តើ​យ៉ាង​ដូច​ម្ដេច​ដែល​សកម្មភាព​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ខ្លួន​បាន?

១៥ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ធ្វើ​ព្រងើយ​ចំពោះ​បញ្ហា​ខាង​សង្គម​ទេ ជា​ពិសេស​ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក​និង​មិន​សម​ស្រប​នឹង​ព្រះ​គម្ពីរ​ដែល​មនុស្ស​កំពុង​តែ​ប្រព្រឹត្ត​នៅ​ជុំ​វិញ​ពួក​គេ​នោះ។ មុន​ដែល​មនុស្ស​ម្នាក់​ចាប់​អារម្មណ៍​អាច​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ គាត់​ត្រូវ​កែ​ប្រែ​មុន​សិន ច្រើន​តែ​តាម​រយៈ​ការ​យក​ឈ្នះ​លើ​អំពើ​អបាយមុខ​ដែល​ធ្វើ​ឲ្យ​ញៀន ថែម​ទាំង​មិន​សព្វ​ព្រះ​ហឫទ័យ​ព្រះ​ទៀត​ផង។ (កូរិនថូស​ទី​១ ៦:៩​-​១១) ហេតុ​នេះ​ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជួយ​មនុស្ស​ដែល​ព្រម​ទទួល​ជំនួយ ឲ្យ​ឈ្នះ​លើ​ការ​ប្រមឹក ការ​ញៀន​ថ្នាំ អំពើ​អសីលធម៌ និង​ការ​ញៀន​ល្បែង​ស៊ីសង។ មនុស្ស​បែប​នេះ​បាន​កែ​ខ្លួន ក៏​បាន​រៀន​ចេះ​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​គេ តាម​របៀប​ដែល​ទៀង​ត្រង់​និង​ដែល​បង្ហាញ​ថា​ចេះ​ទទួល​ខុស​ត្រូវ។ (ធីម៉ូថេ​ទី​១ ៥:៨) ពេល​ដែល​មនុស្ស​និង​ក្រុម​គ្រួសារ​ទទួល​នូវ​ជំនួយ​បែប​នេះ បញ្ហា​ក្នុង​សង្គម​ត្រូវ​កាត់​បន្ថយ និង​មាន​មនុស្ស​ដែល​ញៀន​ថ្នាំ​តិច​ជាង ហើយ​អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ​ក៏​តិច​ជាង​ដែរ។ ដោយ​ធ្វើ​ជា​ពលរដ្ឋ​ដែល​គោរព​ច្បាប់ និង​ដោយ​ការ​ជួយ​អ្នក​ឯ​ទៀត​កែ​ប្រែ​ជីវិត​គេ​ឲ្យ​ល្អ នោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សម្រាល​បន្ទុក​របស់​ភ្នាក់ងារ​ដែល​ធ្វើ​ការ​ទាក់​ទង​ដោះ​ស្រាយ​បញ្ហា​សង្គម។

១៦. ហេតុ​អ្វី​ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ចូល​ដៃ​ក្នុង​ក្រុម​ធ្វើ​ចលនា​ដើម្បី​កែ​ប្រែ​សង្គម​ខាង​លោកីយ៍​នេះ?

១៦ ដូច្នេះ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជួយ​កែ​ប្រែ​ស្ថានការណ៍​ខាង​សីលធម៌​ក្នុង​លោកីយ៍​នេះ​ទេ? ក្នុង​កំឡុង​ទសវត្សរ៍​កន្លង​ទៅ​ហើយ​នេះ ចំនួន​ស្មរបន្ទាល់​ដ៏​សកម្ម​បាន​កើន​ចំរើន​ឡើង​ពី​៣.៨០០.០០០​នាក់​រហូត​ដល់​ជិត​៦.០០០.០០០​នាក់។ នេះ​ជា​ការ​ចំរើន​ប្រមាណ​២.២០០.០០០​នាក់ ដែល​ភាគ​ច្រើន​នៃ​ចំនួន​នេះ​បាន​លះ​ចោល​ការ​ប្រព្រឹត្ត​ដ៏​ទុច្ចរិត​ពេល​ដែល​គេ​បាន​ទៅ​ជា​គ្រីស្ទាន​ម្នាក់។ មាន​មនុស្ស​ជា​ច្រើន​មែន​ហ្ន៎! បាន​ត្រូវ​កែ​លំអ​ជីវិត​របស់​គេ​ឡើង​វិញ។ ក៏​ប៉ុន្តែ ចំនួន​នេះ​គឺ​តែ​បន្ដិច​ទេ! បើ​ប្រៀប​នឹង​កំណើន​នៃ​ចំនួន​ប្រជាជន​ទូទាំង​ពិភព​លោក​ស្រប​នឹង​ពេល​នោះ គឺ​ជា​៨៧៥.០០០.០០០​នាក់។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឃើញ​ថា ការ​ជួយ​មនុស្ស​ដែល​ព្រម​ទទួល​ជំនួយ​គឺ​ជា​ប្រភព​មួយ​នៃ​អំណរ ទោះ​បី​ជា​គេ​ទទួល​ស្គាល់​ថា​មាន​មនុស្ស​តែ​បន្ដិច​ទេ​ដែល​នឹង​ដើរ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​នោះ​ក៏​ដោយ។ (ម៉ាថាយ ៧:១៣, ១៤) ពេល​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រង់​ចាំ​ការ​កែ​ប្រែ​ដែល​មាន​តែ​ព្រះ​ទេ​អាច​ធ្វើ​ចំពោះ​ពិភព​លោក​ទាំង​មូល​នេះ ពួក​គេ​មិន​ចូល​រួម​ក្នុង​ក្រុម​ធ្វើ​ចលនា​ដើម្បី​កែ​ប្រែ​សង្គម​ខាង​លោកីយ៍​នេះ ដែល​ច្រើន​តែ​ចាប់​ផ្ដើម​ដោយ​មាន​បំណង​ល្អ​ក៏​ប៉ុន្តែ​នៅ​ទី​បំផុត​នាំ​ទៅ​ដល់​ការ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​និង​រហូត​ដល់​អំពើ​ឃោរឃៅ​ទៀត​ផង។—ពេត្រុស​ទី​២ ៣:១៣

១៧. តើ​ព្រះ​យេស៊ូ​បាន​ជួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច ហើយ​តើ​អ្វី​ដែល​ទ្រង់​មិន​បាន​ធ្វើ​នោះ?

១៧ ក្នុង​ការ​ធ្វើ​ដូច​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ដូច​ព្រះ​យេស៊ូ​បាន​បង្ហាញ ពេល​ទ្រង់​គង់​នៅ​លើ​ផែនដី។ នៅ​សតវត្ស​ទី​មួយ ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ខាង​ការ​ប្រោស​មនុស្ស​ឈឺ​ឲ្យ​បាន​ជា។ (លូកា ៦:១៧​-​១៩) ទ្រង់​ក៏​បាន​ប្រោស​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ដែរ។ (លូកា ៧:១១​-​១៥; ៨:៤៩​-​៥៦) ក៏​ប៉ុន្តែ ទ្រង់​មិន​បាន​បំបាត់​នូវ​ជម្ងឺ​តែ​ម្ដង​ឬ​ក៏​បំបាត់​នូវ​សត្រូវ​ជា​សេចក្ដី​ស្លាប់​នោះ​ទេ។ ទ្រង់​ជ្រាប​ថា គឺ​មិន​ទាន់​ដល់​ពេល​កំណត់​របស់​ព្រះ​សំរាប់​ការ​នោះ​ទេ។ ដោយទ្រង់​មាន​សមត្ថភាព​ខ្លាំង​ជា​បុរស​គ្រប់ល័ក្ខណ៍​ម្នាក់ នោះ​ព្រះ​យេស៊ូ​អាច​ជួយ​បាន​យ៉ាង​ច្រើន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​ធ្ងរ​ខាង​នយោបាយ​និង​សង្គម។ មើល​ទៅ​ដូច​ជា​អ្នក​ខ្លះ​នៅ​សម័យ​នោះ​ធ្លាប់​ចង់​ឲ្យ​ទ្រង់​ចាប់​យក​អំណាច​នឹង​ធ្វើ​ដូច្នោះ​មែន ប៉ុន្តែ​ទ្រង់​មិន​បាន​យល់​ព្រម​ទេ។ យើង​អាន​ថា៖ «កាល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់ ដែល​ព្រះ​យេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា៖ ‹លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ​មែន›។ ដូច្នេះ ព្រះ​យេស៊ូវ​ក៏​ថយ​ឡើង​ទៅ​លើ​ភ្នំ​តែ​១​អង្គ​ទ្រង់​វិញ​ទៀត ពីព្រោះ​ទ្រង់​ជ្រាប​ថា គេ​គិត​មក​ចាប់​ទ្រង់​ដោយ​កំឡាំង ដើម្បី​នឹង​តាំង​ឡើង​ជា​ស្តេច»។—យ៉ូហាន ៦:១៤, ១៥

១៨. (ក) តើ​ព្រះ​យេស៊ូ​សម្ដែង​អាកប្បកិរិយា​អត់​ធ្មត់​ជា​និច្ច​យ៉ាង​ដូច​ម្ដេច? (ខ) តើ​សកម្មភាព​របស់​ព្រះ​យេស៊ូ​បាន​ប្រែ​ប្រួល​តាំង​តែ​ពី​ឆ្នាំ​១៩១៤​យ៉ាង​ដូច​ម្ដេច?

១៨ ព្រះ​យេស៊ូ​បាន​បដិសេធ​មិន​ព្រម​ចូល​រួម​ក្នុង​នយោបាយកិច្ច​ការអភិវឌ្ឍន៍​សង្គម ពីព្រោះ​ទ្រង់​ជ្រាប​ថា​មិន​ទាន់​ដល់​ពេល​ដែល​ទ្រង់​នឹង​ទទួល​អំណាច​ជា​ស្តេច​និង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​គ្រប់​កន្លែង​បាន​ជា​ឡើង​វិញ​ទេ។ សូម្បី​តែ​បន្ទាប់​ពី​ទ្រង់​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​និង​ទទួល​ជីវិត​អមតៈ​ជា​បុគ្គល​វិញ្ញាណ នោះ​ទ្រង់​ក៏​បាន​សុខ​ព្រះ​ទ័យ​រង់​ចាំ​ទំរាំ​ដល់​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ចាត់​វិធានការ។ (ទំនុកដំកើង ១១០:១; កិច្ច​ការ ២:៣៤, ៣៥) ក៏​ប៉ុន្តែ តាំង​តែ​ពី​ទ្រង់​បាន​គ្រង​រាជ្យ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នា​ឆ្នាំ​១៩១៤ ទ្រង់​កំពុង​តែ​យាង​ទៅ«ទាំង​មាន​ជ័យ​ជំនះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ»។ (វិវរណៈ ៦:២; ១២:១០) យើង​មាន​កតញ្ញូ​ធម៌​ច្រើន​ណាស់​ហ្ន៎! ដើម្បី​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ទ្រង់ ពេល​ដែល​អ្នក​ឯ​ទៀត​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​សុខ​ចិត្ត​មិន​អើពើ​ពី​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​ចំពោះ​ព្រះ​រាជាណាចក្រ។

ការ​រង់​ចាំ—តើ​នោះ​ជា​ប្រភព​នៃ​ការ​តាន​តឹង​ឬ​ក៏​ប្រភព​នៃ​អំណរ?

១៩. តើ​ពេល​ណា​ដែល​ការ​រង់​ចាំ​ធ្វើ​ឲ្យ«រអា​ចិត្ត» ហើយ​តើ​ពេល​ណា​ដែល​ការ​រង់​ចាំ​នោះ​ជា​ប្រភព​មួយ​នៃ​អំណរ?

១៩ ស្តេច​សាឡូម៉ូន​ជ្រាប​ថា ការ​រង់​ចាំ​អាច​នាំ​ឲ្យ​តាន​តឹង​ក្នុង​ចិត្ត។ ទ្រង់​បាន​សរសេរ​ថា៖ «សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត»។ (សុភាសិត ១៣:១២) ពិត​មែន បើ​សិន​ជា​មនុស្ស​ម្នាក់​មាន​សេចក្ដី​សង្ឃឹម​ដែល​គ្មាន​ទី​សំអាង នោះ​គេ​ប្រាកដ​ជា​អាច​រអា​ចិត្ត។ ក៏​ប៉ុន្តែ ការ​រង់​ចាំ​ព្រឹត្ដិការណ៍​ដែល​គួរ​ឲ្យ​សប្បាយ ដូច​ជា​ការ​រៀប​អាពាហ៍ពិពាហ៍ កំណើត​នៃ​កូន​មួយ ឬ​ក៏​ការ​ជួប​គ្នា​ជា​មួយ​អ្នក​ដែល​យើង​ស្រឡាញ់​ជា​ដើម នោះ​អាច​នាំ​ឲ្យ​យើង​សប្បាយ​ពេល​រង់​ចាំ​យូរ​មុន​ថ្ងៃ​នោះមក​ដល់។ អំណរ​នោះ​គឺ​មាន​កាន់​តែ​ខ្លាំង​បើ​សិន​ជា​យើង​ប្រើ​ពេល​នោះ​ដោយ​ប្រាជ្ញា ដោយ​ធ្វើ​ការ​រៀបចំ​សំរាប់​ព្រឹត្ដិការណ៍​នោះ។

២០. (ក) តើ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​អ្វី​ដែល​យើង​ទន្ទឹង​ចាំ​ដោយ​ជំនឿ​ស៊ប់? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​នូវ​អំណរ​ក្នុង​ពេល​ដែល​យើង​រង់​ចាំ​ការ​សម្រេច​នៃ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា?

២០ ពេល​ដែល​យើង​មាន​ជំនឿ​ស៊ប់​ថា សេចក្ដី​សង្ឃឹម​របស់​យើង​នឹង​សម្រេច​ជា​មិន​ខាន សូម្បី​តែ​បើ​សិន​ជា​យើង​មិន​ដឹង​ថា​នោះ​នឹង​សម្រេច​នៅ​ពេល​ណា ពេល​ដែល​យើង​រង់​ចាំ​គឺ​មិន​ចាំ​បាច់​ធ្វើ​ឲ្យ​យើង«រអា​ចិត្ត»ទេ។ ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​ដឹង​ថា ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ​គឺ​ជិត​ដល់​ហើយ។ ពួក​គេ​មាន​ជំនឿ​ស៊ប់​ថា គេ​នឹង​ឃើញ​នូវ​ទី​បញ្ចប់​នៃ​សេចក្ដី​ស្លាប់​និង​ជម្ងឺ។ ដោយ​មាន​ការ​ទន្ទឹង​ចាំ​ដោយ​ចិត្ត​រំភើប គេ​រង់​ចាំ​ដោយ​អំណរ​ទំរាំ​ដល់​ពេល​ដែល​គេ​អាច​ស្វាគមន៍​រាប់​កោដិ​នាក់​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ រួម​បញ្ចូល​អ្នក​ជា​ទី​ស្រឡាញ់​របស់​គេ។ (វិវរណៈ ២០:១​-​៣,៦; ២១:៣, ៤) ក្នុង​គ្រា​នេះ​ដែល​ប្រកប​ដោយ​វិបត្ដិ​ខាង​បរិស្ថាន ពួក​គេ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​ថា គេ​នឹង​ឃើញ​ផែនដី​ត្រូវ​កែ​ជា​សួន​មនោរម្យ។ (អេសាយ ៣៥:១, ២, ៧) គឺ​ជា​អ្វី​ដែល​ប្រកប​ដោយ​ប្រាជ្ញា​មែន​ហ្ន៎! ដែល​យើង«ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប»ក្នុង​ពេល​នេះ​ដែល​យើង​កំពុង​តែ​រង់​ចាំ​នោះ។ (កូរិនថូស​ទី​១ ១៥:៥៨) សូម​បន្ត​ទទួល​យក​អាហារ​ខាង​វិញ្ញាណ។ សូម​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ សូម​ស្វែង​រក​អ្នក​ឯ​ទៀត​ដែល​មាន​ទឹក​ចិត្ត​ត្រូវ​ជំរុញ​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា។ សូម​លើក​ទឹក​ចិត្ត​អ្នក​ជឿ​គ្នី​គ្នា។ សូម​ឆ្លៀត​ឲ្យ​ពេញ​ប្រយោជន៍​ពី​ពេល​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មាន។ រួច​ទើប​ការ​រង់​ចាំ​ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក«រអា​ចិត្ត»ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​នឹង​មាន​អំណរ​ជា​បរិបូរ!

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​អាកប្បកិរិយា​ដ៏​ចេះ​រង់​ចាំ?

តើ​ក្នុង​កាលៈទេសៈ​អ្វី​ខ្លះ​ដែល​គ្រីស្ទាន​ត្រូវ​ការ​នូវ​អាកប្បកិរិយា​អត់​ធ្មត់?

តើ​ហេតុ​អ្វី​បាន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សុខ​ចិត្ត​រង់​ចាំ​ព្រះ​យេហូវ៉ា?

តើ​ដោយ​ដូច​ម្ដេច​ដែល​ការ​រង់​ចាំ​ព្រះ​យេហូវ៉ា​អាច​នាំ​ឲ្យ​មាន​អំណរ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១២]

ព្រះ​យេស៊ូ​បាន​ស៊ូ​ទ្រាំ​ដើម្បី​ទទួល​អំណរ​ដែល​ស្ថិត​នៅ​ខាង​មុខ​ទ្រង់

[រូប​ភាព​នៅ​ទំព័រ​១៣]

សូម្បី​តែ​បន្ទាប់​ពី​ការ​បំរើ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​យើង​អាច​រក្សា​អំណរ​របស់​យើង​បាន​ដែរ

[រូប​ភាព​នៅ​ទំព័រ​១៥]

មនុស្ស​រាប់​លាន​នាក់​បាន​កែ​លំអ​ជីវិត​របស់​គេ​ដោយ​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់