ការគោរពអំណាចគ្រប់គ្រង ហេតុអ្វីក៏ជាការចាំបាច់?

ការគោរពអំណាចគ្រប់គ្រង ហេតុអ្វីក៏ជាការចាំបាច់?

ការ​គោរព​អំណាច​គ្រប់​គ្រង ហេតុ​អ្វី​ក៏​ជា​ការ​ចាំ​បាច់?

តើ​មាន​មនុស្ស​ណា​ទេ​ដែល​គ្មាន​អំណរ​គុណ ពេល​ដែល​ប៉ូលិស​មាន​អំណាច​ចាប់​ពួក​ឧក្រិដ្ឋជន​ដែល​លួច​ទ្រព្យ​សម្បត្ដិ​របស់​យើង ឬ​ក៏​គំរាម​កំហែង​ក្រុម​គ្រួសារ​របស់​យើង​នោះ? ហើយ​យើង​ក៏​មាន​អំណរ​គុណ ដែល​តុលាការ​មាន​អំណាច​កាត់​ទោស​ពួក​ឧក្រិដ្ឋជន ដើម្បី​ការ​ពារ​សហគមន៍ មែន​ទេ?

យើង​ប្រហែល​ជា​នឹក​ចាំ​ពី​សេវា​សាធារណៈ​ផ្សេង​ៗ​ទៀត​ដ៏​មាន​ប្រយោជន៍ ដូច​ជា​ខាង​ការ​ថែ​ទាំ​ផ្លូវ​ថ្នល់ ខាង​អនាម័យ និង​ខាង​ការ​អប់រំ ដែល​ធម្មតា​ទទួល​ថវិកា​ពី​ប្រាក់​ពន្ធ​ដែល​ត្រូវ​ហូត​ដោយ​រដ្ឋ​អំណាច។ គ្រីស្ទាន​ពិត​ទទួល​ស្គាល់​មុន​គេ​បង្អស់​ថា ការ​គោរព​អំណាច​ដែល​បាន​ត្រូវ​ចាត់​តាំង​គឺ​ជា​ការ​ចាំ​បាច់។ តើ​ការ​គោរព​នេះ​គួរ​ប្រព្រឹត្ត​ទៅ​ដល់​កំរិត​ណា? ហើយ តើ​មាន​រឿង​អ្វី​ខ្លះ​ក្នុង​ជីវិត​ដែល​តម្រូវ​នូវ​ការ​គោរព​អំណាច​គ្រប់​គ្រង​នោះ?

អំណាច​គ្រប់​គ្រង​ក្នុង​សហគមន៍

ព្រះ​គម្ពីរ​ប្រាប់​ទាំង​អ្នក​ជឿ​និង​អ្នក​ដែល​មិន​ជឿ​ក៏​ដោយ ថា​ឲ្យ​គោរព​អំណាច​រដ្ឋ ហើយ​ដោយ​ធ្វើ​អ៊ីចឹង នោះ​មាន​ប្រយោជន៍​ដល់​សហគមន៍។ សាវ័ក​គ្រីស្ទាន​ម្នាក់​ឈ្មោះ​ប៉ុល បាន​សរសេរ​ទៅ​កាន់​អ្នក​ជឿ​គ្នី​គ្នា​នៅ​ទី​ក្រុងរ៉ូមអំពី​រឿង​នេះ ហើយ​ការ​ពិចារណា​នូវ​អ្វី​ដែល​គាត់​បាន​និយាយ​នៅ​រ៉ូម ១៣:១​-​៧, ព.ថ. គឺ​មាន​ប្រយោជន៍។

ប៉ុល​ជា​ពលរដ្ឋ​រ៉ូម៉ាំង ហើយរ៉ូមធ្លាប់​ជា​មហា​អំណាច​នៅ​សម័យ​នោះ។ សំបុត្រ​របស់​ប៉ុល​បាន​ត្រូវ​សរសេរ​ប្រមាណ​ឆ្នាំ​៥៦ ស.យ. និង​បាន​ទូន្មាន​គ្រីស្ទាន​ឲ្យ​ធ្វើ​ជា​ពលរដ្ឋ​ដែល​ជា​គំរូ​ល្អ។ គាត់​បាន​សរសេរ​ថា៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​អាជ្ញាធរ​ជាន់​ខ្ពស់ ដ្បិត​គ្មាន​អំណាច​គ្រប់​គ្រង​ណា​ទេ លើក​តែ​មក​ពី​ព្រះ គឺ​ព្រះ​ទ្រង់​បាន​តាំង​ពួក​អាជ្ញាធរ​ទាំង​នោះ​ឲ្យ​មាន​អំណាច»។

នោះ​ប៉ុល​ពន្យល់​ថា មនុស្ស​នឹង​គ្មាន​អំណាច​គ្រប់​គ្រង​ទេ បើ​សិន​ជា​គ្មាន​ការ​អនុញ្ញាត​ពី​ព្រះ​នោះ។ នេះ​មាន​ន័យ​ថា អាជ្ញាធរ​ជាន់​ខ្ពស់​មាន​ឋានៈ​ដែល​ទាក់​ទង​នឹង​គម្រោង​បំណង​របស់​ព្រះ។ ហេតុ​នេះ​ហើយ ខ​នោះ​ចែង​បន្ត​ថា៖ «អ្នក​ណា​ដែល​តាំង​ខ្លួន​ទាស់​នឹង​អំណាច​គ្រប់​គ្រង​នោះ ក៏​ទាស់​ទទឹង​នឹង​របៀប​រៀបចំ​នៃ​ព្រះ​ដែរ»។

ពលរដ្ឋ​ដែល​ធ្វើ​អំពើ​ល្អ​ទទួល​នូវ​សេចក្ដី​សរសើរ​ពី​អាជ្ញាធរ​ជាន់​ខ្ពស់ អាជ្ញាធរ​នោះ​ក៏​មាន​សមត្ថកិច្ច​កាត់​ទោស​អ្នក​ដែល​ធ្វើ​ខុស​ដែរ។ អស់​អ្នក​ដែល​ធ្វើ​អាក្រក់​មាន​ហេតុ​ល្អ​ដើម្បី​ខ្លាច​ស្ញប់​ស្ញែង​នឹង​សិទ្ធិ​របស់​អាជ្ញាធរ នេះ​ដើម្បី​ធ្វើ​ជា«អ្នក​សង​សឹក» ដោយ​ព្រោះ​រដ្ឋាភិបាល​ធ្វើ​អ៊ីចឹង​ជា«អ្នក​បំរើ​របស់​ព្រះ»។

ប៉ុល​បញ្ចប់​ការ​វែក​ញែក​របស់​គាត់​ដោយ​និយាយ​ថា៖ «ដូច្នេះ​ត្រូវ​ឲ្យ​ចុះ​ចូល មិន​មែន​ដោយ​ព្រោះ​តែ​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះបញ្ញា​ចិត្ត​ផង ដោយ​ហេតុ​នោះ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ពីព្រោះ​លោក​ទាំង​នោះ​ជា​ភ្នាក់ងារ​របស់​ព្រះ សំរាប់​នឹង​ត្រួត​ត្រា​ការ​នោះ​ឯង​ជា​និច្ច»។

ភារកិច្ច​ចំពោះ​ការ​ចាត់​ចែង​ប្រាក់​ពន្ធ​អាស្រ័យ​នឹង​រដ្ឋាភិបាល មិន​មែន​អាស្រ័យ​នឹង​អ្នក​ដែល​បង់​ពន្ធ​ទេ។ ជា​ពលរដ្ឋ​ដ៏​ល្អ នោះ​គ្រីស្ទាន​ម្នាក់​ដឹង​ថា ដោយ​ចុះ​ចូល​នឹង​អាជ្ញាធរ​ជាន់​ខ្ពស់​និង​បង់​ពន្ធ​ដែល​តម្រូវ នោះ​គាត់​មិន​គ្រាន់​តែ​ជួយ​រក្សា​កំរិត​គុណ​ភាព​នៃ​សហគមន៍​ដែល​គាត់​រស់​នៅ​ទេ ក៏​ប៉ុន្តែ​ក៏​រស់​នៅ​សម​ស្រប​នឹង​សេចក្ដី​តម្រូវ​ពី​ព្រះ​ដែរ។

ក្រុម​គ្រួសារ​និង​អំណាច​គ្រប់​គ្រង

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អំណាច​គ្រប់​គ្រង​ក្នុង​ក្រុម​គ្រួសារ? ពេល​ដែល​កូន​ង៉ា​មួយ​នៅ​ក្មេង​ខ្ចី នោះ​គេ​នឹង​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​បង្ហាញ​ដោយ​ការ​យំ ឬ​ក៏​រហូត​ដល់​ស្រែក​ទៀត​ផង។ ក៏​ប៉ុន្តែ មាតា​ឬ​បិតា​ម្នាក់​ដែល​មាន​ប្រាជ្ញា នឹង​វិនិច្ឆ័យ​យល់​ដឹង​ថា សេចក្ដី​ត្រូវ​ការ​របស់​កូន​ង៉ា​នោះ​គឺ​ជា​អ្វី​ទៅ ហើយ​មិន​ឲ្យ​ការ​ស្រែក​ខឹង​របស់​កូន​ង៉ា​នោះ​ស្រេច​នឹង​ចិត្ត​គាត់​នោះ​ទេ។ ក្មេង​ៗ​ខ្លះ កាល​ដែល​ពួក​គេ​បាន​ធំ​ឡើង នោះ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ត​តាម​តែ​ចិត្ត និង​បង្កើត​បមាណីយ​របស់​ខ្លួន។ ដោយ​ខ្វះ​ខាត​នូវបទពិសោធន៍ នោះ​គេ​ប្រហែល​ជា​ធ្លាក់​ចូល​ក្នុង​ឧក្រិដ្ឋកម្ម ឬ​អំពើ​ខុស​ឆ្គង​ឯ​ទៀត ទាំង​រំខាន​ដល់​ក្រុម​គ្រួសារ​និង​សហគមន៍​ទាំង​មូល ដូច​ជា​អាជ្ញាធរ​តាម​តំបន់​ជ្រាប​ដឹង​យ៉ាង​ច្បាស់​នោះ។

លោក​ស្រី រ៉សាលិន ម៉ែល ជា​អ្នក​និពន្ធ​នៃ​សៀវភៅ កូន​ក្មេង​ដែល​យើង​សម​នឹង​មាន បាន​និយាយ​ថា៖ «មាតា​បិតា​ចាប់​ផ្ដើម​ទូន្មាន​ប្រដៅ​កូន​របស់​គេ ពេល​ដែល​ខក​ពេល​ហើយ។ គាត់​គួរ​ចាប់​ផ្ដើម​ភ្លាម​ៗ​ពេល​កូន​នោះ​កើត​មក»។ បើ​សិន​ជា​ពី​ដើម​ដំបូង មាតា​បិតា​និយាយ​ដោយ​ប្រើ​សម្លេង​ដែល​បង្ហាញ​អំណាច​ដ៏​ស្លូត​បូត​និង​យក​ចិត្ត​ទុក​ដាក់ ហើយ​ក៏​កាន់​តាម​ការ​ប្រព្រឹត្ត​យ៉ាង​ទៀង​ទាត់ នោះ​កូន​របស់​គេ​នឹង​រៀន​យ៉ាង​លឿន​ឲ្យ​ចេះ​ទទួល​ស្គាល់​អំណាច និង​សេចក្ដី​ទូន្មាន​ប្រដៅ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​នោះ។

ព្រះ​គម្ពីរ​មាន​ពត៌មាន​យ៉ាង​សន្ធឹក​អំពី​អំណាច​គ្រប់​គ្រង​ក្នុង​ក្រុម​គ្រួសារ។ ក្នុង​សៀវភៅសុភាសិត សាឡូម៉ូន​ជា​បុរស​ដ៏​មាន​ប្រាជ្ញា បាន​បញ្ជាក់​ពី​សាមគ្គីភាព​ដែល​មាតា​បិតា​ដែល​កោត​ខ្លាច​ព្រះ​បង្ហាញ​ខាង​មុខ​កូន​របស់​គាត់ ដោយ​និយាយ​ថា៖ «នែ​កូន​អើយ! ចូរ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ​បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ឯង​ឡើយ»។ (សុភាសិត ១:៨) ពេល​មាតា​បិតា​រក្សា​ឲ្យ​មាន​ជំហរ​ដ៏​មុត​មាំ​នឹង​កូន​របស់​គាត់ នោះ​កូន​ៗ​របស់​គាត់​នឹង​ដឹង​ពី​ទស្សនៈ​របស់​មាតា​បិតា។ កូន​ប្រហែល​ជា​នឹង​ខិត​ខំ​ទាញ​អារម្មណ៍​មាតា​ឬ​ក៏​បិតា​ឲ្យ​ធ្វើ​តាម​ចិត្ត​របស់​គេ ក៏​ប៉ុន្តែ បើ​សិន​ជា​អំណាច​គ្រប់​គ្រង​ជា​មាតា​បិតា​ដែល​មាន​សាមគ្គីភាព គឺ​ជា​គ្រឿង​ការ​ពារ​មួយ​ដល់​យុវជន។

ព្រះ​គម្ពីរ​ពន្យល់​ថា ស្វាមី​មាន​ភារកិច្ច​ចំ​បង​ចំពោះ​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​កូន​និង​ភរិយា​របស់​គាត់។ នេះ​ត្រូវ​ពណ៌នា​ជា​ប្រមុខភាព។ តើ​ប្រមុខភាព​នេះ​ត្រូវ​អនុវត្ត​តាម​របៀប​ណា? ប៉ុល​បញ្ជាក់​ថា ដូច​ជា​ព្រះ​គ្រីស្ទ​ជា​សិរសា​នៃ​ក្រុម​ជំនុំ គឺ​បុរស​ជា​ក្បាល​នៃ​ប្រពន្ធ​ដូច​គ្នា​ដែរ។ ប៉ុល​បាន​និយាយ​ត​ទៅ​ទៀត​ថា៖ «បុរស​រាល់​គ្នា​អើយ! ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង»។ (អេភេសូរ ៥:២៥) ពេល​ដែល​បុរស​ម្នាក់​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​និង​អនុវត្ត​នូវ​ប្រមុខភាព តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​គាត់​នឹង​ទទួល​នូវ​ការ‹គោរព​យ៉ាង​ជ្រាល​ជ្រៅ›ពី​ប្រពន្ធ។ (អេភេសូរ ៥:៣៣) កូន​ដែល​នៅ​ក្នុង​គ្រួសារ​បែប​នេះ​នឹង​ឃើញ​ប្រយោជន៍​ពី​អំណាច​គ្រប់​គ្រង​ដែល​ត្រូវ​ប្រគល់​ពី​ព្រះ ហើយ​និង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ទទួល​ស្គាល់។—អេភេសូរ ៦:១​-​៣

តើ​មាតា​ឬ​បិតា​ដែល​គ្មាន​គូ រួម​បញ្ចូល​អ្នក​ដែល​បាន​បាត់​បង់​គូ​របស់​គាត់​ដោយ​សេចក្ដី​ស្លាប់ នឹង​លៃ​លក​ដោះ​ស្រាយ​រឿង​នេះ​យ៉ាង​ដូច​ម្ដេច​បាន? មិន​ថា​ជា​បិតា​ឬ​មាតា​ក៏​ដោយ គាត់​អាច​អំពាវនាវ​យ៉ាង​ត្រង់​ៗ​រក​អំណាច​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដោយ​អំណាច​របស់​ព្រះ​វរបិតា​របស់​ទ្រង់ នឹងបទគម្ពីរ​ដែល​បាន​ត្រូវ​បណ្ដាល​ឲ្យ​សរសេរ។—ម៉ាថាយ ៤:១​-​១០; ម៉ាថាយ ៧:២៩; យ៉ូហាន ៥:១៩, ៣០; ៨:២៨

ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​គោល​ការណ៍​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​បញ្ហា​ដែល​ប្រឈម​មុខ​នឹង​ក្មេង​ៗ។ ដោយ​ការ​រក​ឃើញ​នូវ​គោល​ការណ៍​ទាំង​នេះ នោះ​មាតា​បិតា​ម្នាក់​នឹង​អាច​ផ្ដល់​ឲ្យ​ឱវាទ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​មាន​ប្រយោជន៍​សំរាប់​កូន​ៗ​របស់​គាត់។ (លោកុប្បត្តិ ៦:២២; សុភាសិត ១៣:២០; ម៉ាថាយ ៦:៣៣; កូរិនថូស​ទី​១ ១៥:៣៣; ភីលីព ៤:៨, ៩) មាតា​បិតា​ក៏​អាច​រក​ពត៌មាន​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ ដែល​បាន​ត្រូវ​រៀបចំ​ជា​ពិសេស​ដើម្បី​ជួយ​គាត់​ឲ្យ​បង្រៀន​កូន​របស់​គាត់ ឲ្យ​ចេះ​អបអរ​នឹង​ប្រយោជន៍​ដែល​មក​ពី​ការ​គោរព​អំណាច​នៃបទគម្ពីរ។ *

ក្រុម​ជំនុំ​គ្រីស្ទាន​និង​អំណាច​គ្រប់​គ្រង

«នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ»។ (ម៉ាថាយ ១៧:៥) បន្ទូល​នេះ​ដែល​ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​បាន​មាន​បន្ទូល បាន​គាំទ្រ​ព្រះ​យេស៊ូ​ថា​ជា​អ្នក​ដែល​មាន​បន្ទូល​ដោយ​អំណាច​ពី​ព្រះ។ អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​បាន​កត់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន ដែល​យើង​អាច​បើក​មើល​យ៉ាង​ស្រួល។

ភ្លាម​ៗ​មុន​ដែល​ទ្រង់​បាន​យាង​ឡើង​ទៅ​ស្ថាន​សួគ៌ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ថា៖ «គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង»។ (ម៉ាថាយ ២៨:១៨) ជា​សិរសា​នៃ​ក្រុម​ជំនុំ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​បាន​មើល​ថែ​រក្សា​អ្នក​ចាក់​ប្រេង​តាំង​ដែល​ជា​អ្នក​កាន់​តាម​ទ្រង់​នៅ​ផែនដី​នោះ​ទេ ប៉ុន្តែ​ទ្រង់​ប្រើ​ពួក​គេ​ជា​ខ្សែ​រយៈ​ដើម្បី​ផ្សាយ​សេចក្ដី​ពិត ជា«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»តាំង​ពី​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣ ស.យ.មក​ម្ល៉េះ។ (ម៉ាថាយ ២៤:៤៥​-​៤៧, .ថ.; កិច្ច​ការ ២:១​-​៣៦) តើ​ទ្រង់​បាន​ធ្វើ​អ្វី​ដើម្បី​សម្រេចកិច្ច​ការនេះ​និង​ដើម្បី​ពង្រឹង​ក្រុម​ជំនុំ​គ្រីស្ទាន? «ដែល​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ . . . នោះ​ទ្រង់​បាន . . . ប្រទាន​អំណោយ​ទាន[ជា]មនុស្ស»។ (អេភេសូរ ៤:៨) «អំណោយ​ទាន​ជា​មនុស្ស»ទាំង​នេះ គឺ​ជា​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ដែល​បាន​ត្រូវ​ចាត់​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ទទួល​នូវ​អំណាច​ដើម្បី​ថែ​រក្សា​ប្រយោជន៍​ខាង​វិញ្ញាណ​របស់​អ្នក​ជឿ​គ្នី​គ្នា។—កិច្ច​ការ ២០:២៨

ហេតុ​នេះ​ហើយ ប៉ុល​បាន​ជូន​ឱវាទ​ថា៖ «ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះ​បន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង»។ ដោយ​ព្រោះ​បុរស​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​ដើរ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​យ៉ាង​ផ្ចិត​ផ្ចង់ នោះ​គឺ​ជា​ការ​សម្ដែង​នូវ​ប្រាជ្ញា ដែល​យើង​ធ្វើ​តម្រាប់​តាម​ជំនឿ​របស់​គេ។ ប៉ុល​បាន​និយាយ​បន្ថែម​ថា៖ «ចូរ​ស្ដាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ[‹ទាំង​ទទួល​ស្គាល់​អំណាច​របស់​គាត់​លើ​អ្នក› ព្រះ​គម្ពីរ អាមភ្លីហ្វែដ] ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ​នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពីព្រោះ​អ្នក​ទាំង​នោះ​ថែ​រក្សា ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ»។—ហេព្រើរ ១៣:៧, ១៧

តើ​អ្វី​កើត​ឡើង​ពេល​ដែល​ការ​ណែនាំ​ត្រូវ​បដិសេធ? សមាជិក​ខ្លះ​ពី​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​សម័យ​ដើម​បាន​ធ្វើ​អ៊ីចឹង ហើយ​បាន​ទៅ​ជា​អ្នក​ក្បត់​ជំនឿ។ លោក​ហ៊ីមេនាស​និង​លោក​ភីលេ​ត ត្រូវ​រៀប​រាប់​ជា​បុរស​ដែល​បាន​បំផ្លាញ​នូវ​ជំនឿ​របស់​អ្នក​ខ្លះ ហើយ​សំដី​ដ៏​ឥត​ខ្លឹម​សារ​របស់​គេ​បាន‹រំលោភ​ទៅ​លើ​អ្វី​ដ៏​បរិសុទ្ធ›។ ទស្សនៈ​មួយ​របស់​គេ​គឺ​ថា ដំណើរ​រស់​ឡើង​វិញ​បាន​កើត​ឡើង​ហើយ ទាំង​ខាង​វិញ្ញាណ​និង​ជា​អត្ថបដិរូប និង​ហេតុ​នេះ​ហើយ​គ្មាន​ដំណើរ​រស់​ឡើង​វិញ​នៅ​អនាគត​ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ​ទេ។—ធីម៉ូថេ​ទី​២ ២:១៦​-​១៨

អំណាច​គ្រប់​គ្រង​ចាត់​តាំង​បាន​មក​សង្គ្រោះ។ ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​បាន​មាន​សមត្ថភាព​ឆ្លើយ​បដិសេធ​ការ​និយាយ​បែប​នេះ ដោយ​ព្រោះ​ជា​អ្នក​តំណាង​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​ពួក​គេ​បាន​ប្រើ​អំណាច​របស់បទគម្ពីរ។ (ធីម៉ូថេ​ទី​២ ៣:១៦, ១៧) សព្វ​ថ្ងៃ​នេះ គឺ​ដូច​គ្នា​ដែរ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ដែល​ត្រូវ​ពណ៌នា​ជា«សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត»។ (ធីម៉ូថេ​ទី​១ ៣:១៥) សេចក្ដី​បង្រៀន​មិន​ពិត​នឹង​មិន​ដែល​បំផ្លាញ«អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ»ដែល​ត្រូវ​ផ្ញើ​ទុក​ក្នុង​ព្រះ​គម្ពីរ​ឡើយ។—ធីម៉ូថេ​ទី​២ ១:១៣, ១៤

ទោះ​បី​ការ​គោរព​អំណាច​គ្រប់​គ្រង​គឺ​កំពុង​តែ​បាត់​ទៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ ជា​ពួក​ជន​គ្រីស្ទាន យើង​ទទួល​ស្គាល់​អំណាច​គ្រប់​គ្រង​ត្រឹម​ត្រូវ​ក្នុង​សហគមន៍ ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ដែល​បាន​ត្រូវ​តាំង​ឡើង​ជា​ប្រយោជន៍​ដល់​យើង។ ការ​គោរព​អំណាច​គ្រប់​គ្រង​គឺ​ចាំ​បាច់​សំរាប់​សុខុមាលភាព​របស់​យើង ខាង​រាង​កាយ ខាង​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ។ ដោយ​ទទួល​ស្គាល់​និង​គោរព​អំណាច​គ្រប់​គ្រង​ដែល​ព្រះ​បាន​ប្រទាន នោះ​យើង​នឹង​ត្រូវ​ការ​ពារ​ដោយ​អំណាច​ខ្ពស់​បំផុត គឺ​ជា​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ប្រយោជន៍​ដ៏​ជា​និរន្តរ៍​របស់​យើង។—ទំនុកដំកើង ១១៩:១៦៥; ហេព្រើរ ១២:៩

[កំណត់​សម្គាល់]

^ សូម​មើល​សៀវភៅ សំនួរ​ទាំង​ឡាយ​ដែល​យុវជន​សួរ—ចម្លើយ​ដែល​មាន​ប្រសិទ្ធិភាព និង សៀវភៅ​មាគ៌ា​ដែល​ឆ្ពោះ​ទៅ​រក​សុភមង្គល​គ្រួសារ សៀវភៅ​ទាំង​ពីរ​ត្រូវ​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ជា​ភាសា​អង់គ្លេស)

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៤]

Photo by Josh Mathes, Collection of the Supreme Court of the United States

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥]

ព្រះ​គម្ពីរ​មាន​ពត៌មាន​យ៉ាង​សន្ធឹក​អំពី​អំណាច​គ្រប់​គ្រង​ក្នុង​ក្រុម​គ្រួសារ

[រូប​ភាព​នៅ​ទំព័រ​៦]

មាតា​ឬ​បិតា​ដែល​គ្មាន​គូ​អាច​អំពាវនាវ​យ៉ាង​ត្រង់​ៗ​រក​អំណាច​គ្រប់​គ្រង​នៃ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ

[រូប​ភាព​នៅ​ទំព័រ​៧]

ពួក​ជន​គ្រីស្ទាន​ទទួល​ស្គាល់​ថា អំណាច​គ្រប់​គ្រង​ត្រឹម​ត្រូវ​ក្នុង​ក្រុម​គ្រួសារ ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន និង​ក្នុង​សហគមន៍​បាន​ត្រូវ​តាំង​ឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ