លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកដឹងអ្វីខ្លះអំពីអាបធ្មប់?

តើអ្នកដឹងអ្វីខ្លះអំពីអាបធ្មប់?

តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​អាប​ធ្មប់?

អាប​ធ្មប់! តើ​ពាក្យ​នេះ​ធ្វើ​ឲ្យ​អ្នក​នឹក​គិត​ដល់​អ្វី​ខ្លះ?

ចំពោះ​មនុស្ស​ជា​ច្រើន​នាក់ នេះ​ជា​អ​បី​យ​ជំនឿ​ឬ​ក៏​រឿង​ព្រេង មិន​មែន​ជា​រឿង​ដែល​គួរ​នឹង​ចាត់​ទុក​ជា​រឿង​ពិត​ប្រាកដ​ទេ។ ចំពោះ​ពួក​គេ អាប​ធ្មប់​គឺ​ជា​អ្វី​ដែល​ប្រឌិត​ឡើង​តាម​ការ​គិត​ស្មាន​ប៉ុណ្ណោះ ដូច​ជា​រឿង​អំពី​ពួក​គ្រូ​អាប​ដែល​ស្លៀក​ពាក់​អាវ​វែង​គ្រប​ក្បាល និង​ដាក់​ស្លាប​ប្រជៀវ​ក្នុង​ថ្លាង​ដែក​មួយ​ដែល​មាន​ពពុះ​រហូត ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​កង្កែប និង​ហោះហើរ​កាត់​មេឃ​ពេល​យប់ អង្គុយ​លើ​ដង​អំបោស​ហើយ​គេ​កំពុង​តែ​សើច​យ៉ាង​សាហាវ។

ចំពោះ​អ្នក​ឯ​ទៀត អាប​ធ្មប់​មិន​មែន​ជា​រឿង​លេង​សើច​ទេ។ អ្នក​ស្រាវ​ជ្រាវ​ខ្លះ​ថា ច្រើន​ជាង​ពាក់​កណ្ដាល​ចំនួន​មនុស្ស​ក្នុង​ពិភព​លោក​មាន​ជំនឿ​ថា គ្រូ​អាប​ធ្មប់​គឺ​មាន​ពិត​ប្រាកដ ហើយ​ក៏​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​អ្នក​ដទៃ។ មនុស្ស​រាប់​លាន​នាក់​ជឿ​ថា អាប​ធ្មប់​គឺ​អាក្រក់ ប្រកប​ដោយ​គ្រោះ​ថ្នាក់ ហើយ​គួរ​ខ្លាច​ណាស់។ ជា​ឧទាហរណ៍ សៀវភៅ​មួយ​អំពី​សាសនា​អាហ្វ្រិក​មាន​ចែង​ថា៖ «ជំនឿ​ទៅ​លើ​មុខ​នាទី​និង​គ្រោះ​ថ្នាក់​នៃ​មន្តអាគម អាប​ធ្មប់​គឺ​ពាក់​ព័ន្ធ​ជាប់​ជិត​ស្និទ្ធ​ក្នុង​ជីវភាព​អាហ្វ្រិក។ . . . គ្រូ​អាប​ធ្មប់​គឺ​ជា​មនុស្ស​ដែល​ត្រូវ​ស្អប់​ជាង​គេ​នៅ​ក្នុង​សហគមន៍​របស់​គេ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​ពេល​ខ្លះ​និង​នៅ​កន្លែង​ខ្លះ ពួក​គ្រូ​អាប​ធ្មប់​ត្រូវ​បាន​មនុស្ស​ឯ​ទៀត​វាយ​សម្លាប់​ចោល»។

ក៏​ប៉ុន្តែ នៅ​បស្ចិម​ប្រទេស អាប​ធ្មប់​បាន​ទទួល​នូវ​ការ​គោរព​ជា​ថ្មី​វិញ។ សៀវភៅ ទូរទស្សន៍ និង​កុន​បាន​ជួយ​ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ការ​ខ្លាច​ចំពោះ​អាប​ធ្មប់។ អ្នក​វិភាគ​គ្រឿង​កំសាន្ត​ម្នាក់​ឈ្មោះ ដាវិដ ដេវិស បាន​ទស្សនា​ឃើញ​ថា៖ «ក្នុង​មួយ​រំពេច​នោះ គ្រូ​អាប​បាន​ប្រែ​ទៅ​ជា​ក្មេង​ជាង​ហើយ​ស្អាត​ជាង ច្បាស់​ជា​ស្អាត​ជាង​មែន។ ទី​ក្រុង​ហូលីវូត​គឺ​ពូកែ​ខាង​ការ​ទទួល​ស្គាល់​និន្នាការ។ . . . ដោយ​មាន​ការ​បង្ហាញ​ទៅ​ជា​គ្រូ​អាប​គឺ​ស្អាត​ជាង​ហើយ​គួរ​ឲ្យ​ស្រឡាញ់​ជាង នោះ​គេ​អាច​ទាក់​ទាញ​ចិត្ត​ឲ្យ​មាន​ទស្សនិកជន​ច្រើន​ជាង រួម​បញ្ចូល​ពួក​ស្ត្រី​និង​ក្មេង​ៗ»។ ទី​ក្រុង​ហូលីវូត​ចេះ​បំរែ​បំរួល​និន្នាការ​ណា​ឲ្យ​ទៅ​ជា​ផ្លូវ​ទទួល​ចំណេញ។

អ្នក​ខ្លះ​និយាយ​ថា​អាប​ធ្មប់​បាន​ទៅ​ជា​ចលនា​សាសនា​មួយ​ដែល​កំពុង​តែ​លូត​លាស់​លឿន​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក។ ទូទាំង​ប្រទេស​រីក​ចំរើន មនុស្ស​កាន់​តែ​ច្រើន​ដែល​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ដោយ​ចលនា​ខាង​សិទ្ធិ​ស្ត្រី និង​ដោយ​ព្រោះ​គេ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​នឹង​សាសនា​ចំ​បង​ៗ នោះ​គេ​ស្វែង​រក​សេចក្ដី​ពេញ​ចិត្ត​ខាង​វិញ្ញាណ​តាម​រយៈ​អាប​ធ្មប់​ប្រភេទ​ផ្សេង​ៗ។ តាម​ការ​ពិត ប្រភេទ​នៃ​អាប​ធ្មប់​គឺ​មាន​ច្រើន​ដល់​ម្ល៉េះ​ដែល​មនុស្ស​ក៏​មិន​យល់​ព្រម​នឹង​ពាក្យ«គ្រូ​អាប​ធ្មប់»ទៀត​ទេ។ ក៏​ប៉ុន្តែ អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រូ​អាប​ធ្មប់​ច្រើន​តែ​ប្រកាស​ថា​ខ្លួន​កាន់​សាសនា​វិកា ដែល​ត្រូវ​បក​ស្រាយ​ក្នុង​វចនានុក្រម​មួយ​ជា«ពាហិរ​សាសនា​ថ្វាយ​បង្គំ​ធម្មជាតិ ដែល​មាន​ដើម​កំណើត​នៅ​ទ្វីប​អឺរ៉ុប​ខាង​លិច​មុន​គ្រីស្ទ​សាសនា ហើយ​កំពុង​តែ​ពិសោធ​ការ​និយម​ឡើង​វិញ​ក្នុង​កំឡុង​សតវត្ស​ទី​២០»។ * ជា​លទ្ធផល មនុស្ស​ជា​ច្រើន​នាក់​ក៏​ប្រកាស​ថា​ខ្លួន​ជា​ពាហិរជន​ឬ​ក៏​ពាហិរជន​សម័យ​ថ្មី។

ទូទាំង​ប្រវត្ដិសាស្ត្រ គ្រូ​អាប​ធ្មប់​បាន​ត្រូវ​ស្អប់ បៀត​បៀន ដាក់​ទារុណកម្ម សូម្បី​តែ​ត្រូវ​សម្លាប់​យ៉ាង​ឃោរ​ឃៅ​ទៀត​ផង។ អ៊ីចឹង​ហើយ​ដែល​អ្នក​សម័យ​នេះ​ជា​អ្នក​ប្រកប​មុខ​វិជ្ជា​អាប​ធ្មប់ យក​ចិត្ត​ទុក​ដាក់​ខំ​បង្កើត​កិ​ត្ដិ​ស័ព្ទ​ល្អ។ ក្នុង​ការ​ស្រាវ​ជ្រាវ​មួយ គ្រូ​អាប​ធ្មប់​ជា​ច្រើន​នាក់​ត្រូវ​សួរ​អំពី​សារ​ណា​ដែល​ពួក​គេ​ចង់​ឲ្យ​សាធារណជន​ដឹង​ឮ​ជាង​គេ។ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ឈ្មោះ​ម៉ាកូ អាដលឺ បាន​សង្ខេប​ចម្លើយ​របស់​ពួក​គេ​ថា៖ «យើង​មិន​មែន​មនុស្ស​អាក្រក់​ទេ។ យើង​មិន​ថ្វាយ​បង្គំ​អារក្ស​ទេ។ យើង​មិន​ធ្វើ​ទុក្ខ​ឬ​ក៏​ប្រលោម​ចិត្ត​មនុស្ស​ទេ។ យើង​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទេ។ យើង​គឺ​មនុស្ស​ធម្មតា​ដូច​អ្នក​ដែរ។ យើង​មាន​គ្រួសារ ការងារ សេចក្ដី​សង្ឃឹម និង​មនោ​គតិ។ យើង​មិន​មែន​ជា​និកាយ​ដែល​ខុស​គេ​ទេ។ យើង​មិន​មែន​ប្លែក​ទេ។ . . . អ្នក​មិន​ចាំ​បាច់​ខ្លាច​យើង​ទេ។ . . . ខុស​ពី​អ្វី​ដែល​អ្នក​គិត​ទៅ​ហើយ​នោះ យើង​គឺ​ស្រដៀង​គ្នា​នឹង​អ្នក»។

សារ​នេះ​ត្រូវ​គេ​ព្រម​ទទួល​កាន់​តែ​ច្រើន។ ក៏​ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា​គ្មាន​ហេតុ​ឲ្យ​ខ្វល់​ខ្វាយ​អំពី​អាប​ធ្មប់​ទេ​ឬ? ចូរ​ឲ្យ​យើង​ពិចារណា​សំនួរ​នេះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

^ ពាក្យ​អង់គ្លេស«អាប​ធ្មប់»មក​ពី​ពាក្យ​អង់គ្លេស​សម័យ​ដើម «វិកេ»និង«វិកា» ដែល​សំដៅ​ទៅ​អ្នក​ប្រកប​មុខ​វិជ្ជា​នេះ​ជា​ប្រុស​និង​ស្រី។