លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បុណ្យណូអែលនៅបូព៌ាប្រទេស

បុណ្យណូអែលនៅបូព៌ាប្រទេស

បុណ្យ​ណូអែល​នៅ​បូព៌ា​ប្រទេស

• ប្រមាណ​ពីរ​រយ​ឆ្នាំ​កន្លង​ទៅ​នេះ នោះ​វិជ្ជាករ​ដ៏​ធំ​ដុំ​ម្នាក់​ពី​ជន​ជាតិ​កូរ៉េ​បាន​ទៅ​ទស្សនកិច្ច​ទី​ក្រុង​ប៉េកាំង នៅ​ប្រទេស​ចិន។ កាល​ដែល​សម្លឹង​មើល​ផ្ទាំង​គំនូរ​មួយ​នៅ​លើ​ពិដាន​ក្នុង​វិហារ​ធំ នោះ​លោក​បាន​ឃើញ​ឆាក​មួយ ដែល​មាន​នាង​ម៉ារា និង​ព្រះ​យេស៊ូ​ដ៏​ជា​បុត្រ​គង់​លើ​ដៃ​របស់​នាង។ លោក​បាន​មាន​ប្រសាសន៍​អំពី​ផ្ទាំង​គំនូរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ថា៖

«ស្ត្រី​ម្នាក់​បាន​បី​កូន​ដែល​មាន​សភាព​ដូច​ជា​ឈឺ ដែល​មាន​អាយុ​ប្រហែល​ជា​ប្រាំ​ឬ​ប្រាំ​មួយ​ឆ្នាំ នៅ​លើ​ភ្លៅ​របស់​នាង។ ក​នាង​ហាក់​ដូច​ជា​មាន​កម្លាំង​តិច​ណាស់ នេះ​ហាក់​ដូច​ជា​នាង​មិន​អាច​មើល​កូន​នាង​អ៊ីចឹង ដោយ​អាណិត​កូន​នេះ​ពេក។ ហើយ​នៅ​ឆ្ងាយ​ខាង​ក្រោយ​គេ មាន​រូប​ខ្មោច​ជា​ច្រើន និង​កូន​ង៉ា​ជា​ច្រើន​ទៀត​ដែល​មាន​ស្លាប​ហោះហើរ​ជុំ​វិញ។ កាល​ដែល​ខ្ញុំ​សម្លឹង​មើល​ពួក​គេ​ដែល​នៅ​ពី​លើ​ខ្ញុំ នោះ​គឺ​ហាក់​ដូច​ជា​ពួក​គេ​នឹង​ធ្លាក់​មក​លើ​ខ្ញុំ​ភ្លាម​មួយ​រំពេច​អ៊ីចឹង។ ដោយ​មាន​ចិត្ត​ភ័យ​ស្លន់​ស្លោ នោះ​ខ្ញុំ​ក៏​ដាក់​ដៃ​ទទួល​ទ្រ​ពួក​គេ»។

រឿង​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​បដិរូបកម្ម​បាន​ចាប់​ផ្ដើម​នៅ​អឺរ៉ុប ហើយ​ក្រោយ​ពី​សម័យ​ដ៏​គួរ​ឲ្យ​សង្វេគ​នៅ​មជ្ឈិម​សម័យ​ទៅ​ទៀត។ ប៉ុន្តែ​ចំពោះ​មនុស្ស​ភាគ​ច្រើន​នៅ​បូព៌ា​ប្រទេស នោះ​ពួក​គេ​ពុំ​ស្គាល់​សាសនា​គ្រីស្ទាន ដូច​ជា​ពួក​គេ​ពុំ​ស្គាល់​ផ្ទាំង​គំនូរ​នេះ​អ៊ីចឹង​ដែរ។ ស្ថានការណ៍​នេះ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ទៅ​ហ្ន៎! រៀង​រាល់​បុណ្យ​ណូអែល នោះ​ឆាក​អំពី​ព្រះ​យេស៊ូ​ដ៏​ជា​ទារក​បាន​ត្រូវ​លើក​ឡើង​ជា​ពិសេស។ ពួក​អាស៊ី​បាន​ស្គាល់​ឆាក​បែប​នេះ អ៊ីចឹង​ហើយ​នៅ​តាម​ផ្លូវ​ជា​ច្រើន​នៅ​ទី​នោះ គឺ​មាន​តុបតែង​ដូច​ផ្លូវ​នៅ​អឺរ៉ុប​ដែរ។

នៅ​ថ្ងៃ​ល្ងាច​ទី​២៥ ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ មួយ​ខែ​មុន​បុណ្យ​ណូអែល នោះ​វិថី​ឈ្មោះ ហ្សន្ស អេលីសេ នៅ​ទី​ក្រុង​ប៉ារីស គឺ​មាន​ពន្លឺ​យ៉ាង​ភ្លឺ​ដោយ​ប្រើ​អំពូល​ភ្លើង​ជាង​១០០,០០០ ដាក់​លើ​អស់​ដើម​ឈើ​៣០០​ដើម ដែល​មាន​អម​ជា​ជួរ​នៅ​មហា​វិថី​ដ៏​ល្បី​នោះ។ ដោយ​អាច​ប្រៀប​ធៀប​នឹង​នេះ នោះ​នៅ​ឯ​វិថី​នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ដើម​ឈើ​ដ៏​ធំ​សម្បើម​មួយ​សំរាប់​បុណ្យ​ណូអែល ក៏​បាន​ត្រូវ​រំលេច​ឡើង​ដោយ​ហាង​ទំនិញ​ដ៏​ធំ​មួយ ហើយ​ធ្វើ​ឲ្យ​ភ្លឺ​ចិញ្ចាច​នៅ​ក្នុង​រដ្ឋធានី​នោះ។ មិន​យូរ​ប៉ុន្មាន​ទេ វិថី​ជា​ច្រើន​ក៏​បាន​តុបតែង​ដោយ​បុណ្យ​ណូអែល​ដែរ។

ទូរទស្សន៍ វិទ្យុ និង​កាសែត នោះ​ផ្ដល់​ជូន​កម្ម​វិធី​ដែល​ទាក់​ទង​នឹង​បុណ្យ​ណូអែល ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដោយ​បាន​ជំរុញ​ទឹក​ចិត្ត​ពី​បរិយាកាស​នៃ​បុណ្យ​ណូអែល នោះ​ប្រទេស​ទាំង​មូល​ក៏​ក្លាយ​ទៅ​ជា​រវល់​សប្បាយ​នឹង​បំណាច់​ឆ្នាំ។ វិហារ​ជា​ច្រើន​នៅ​ទី​ក្រុង​សេអ៊ូល ដែល​ចំនួន​នេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ជា​ច្រើន​ភ្ញាក់​ផ្អើល នោះ​ក៏​បាន​តុបតែង​ឡើង​ជា​ប្រញាប់។ ដូច្នេះ​ហើយ ប្រទេស​កូរ៉េ​និង​ប្រទេស​ឯ​ទៀត​នៅ​បូព៌ា​ប្រទេស គឺ​បាន​រុំ​ក្រសោប​ដោយ​គតិ​នៃ​បុណ្យ​ណូអែល ស្មើ​នឹង​ពេល​ដែល​សហរដ្ឋ​អាមេរិក ធ្វើ​ពិធី​បុណ្យ​ថ្លែង​អំណរ​គុណ​ថ្វាយ​ព្រះ នៅ​ចុង​ខែ​វិច្ឆិកា​ដែរ។

ប្រទេស​ភាគ​ច្រើន​នៅ​បូព៌ា​ប្រទេស គឺ​មិន​បាន​ចាត់​ទុក​ថា​ជា​ផ្នែក​នៃ​ពិភព​គ្រីស្ទ​សាសនា​នោះ​ទេ។ ជា​ឧទាហរណ៍ មាន​តែ​២៦,៣​ភាគ​រយ​ប៉ុណ្ណោះ​នៃ​ប្រជាជន​នៅ​ប្រទេស​កូរ៉េ ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​នោះ។ នៅ​កោះ​ហុងកុង​គឺ​មាន​៧,៩​ភាគ​រយ នៅ​ប្រទេស​តៃវ៉ាន់​មាន​៧,៤​ភាគ​រយ និង​នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​តែ​១,២​ភាគ​រយ​ប៉ុណ្ណោះ។ យ៉ាង​ច្បាស់​ណាស់ មនុស្ស​ភាគ​ច្រើន​នៅ​បូព៌ា​ប្រទេស មិន​កាន់​សាសនា​គ្រីស្ទ​ទេ ក៏​ប៉ុន្តែ​ពួក​គេ​ហាក់​ដូច​ជា​គ្មាន​ការ​ជំទាស់​នឹង​ធ្វើ​បុណ្យ​ណូអែល​នោះ​ឡើយ។ តាម​ការ​ពិត ពួក​គេ​ហាក់​ដូច​ជា​មាន​ចិត្ត​សាទរ​ជាង​ពួកនៅ​បស្ចិម​ប្រទេស​ទៀត​ផង។ ជា​ឧទាហរណ៍ កោះ​ហុងកុង គឺ​ល្បី​ឈ្មោះ​ដោយ​សារ​ការ​ធ្វើ​បុណ្យ​ណូអែល​ដ៏​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ទោះ​ជា​ប្រជាជន​ភាគ​ច្រើន​នៅ​ទី​នោះ​កាន់​សាសនា​ព្រះ​ពុទ្ធ ឬ​ក៏​កាន់​សាសនា​ដៅអីស្ទ​ក៏​ដោយ។ សូម្បី​តែ​នៅ​ប្រទេស​ចិន ដែល​មាន​តែ​០,១​ភាគ​រយ​ដែល​អះអាង​ថា​ជា​គ្រីស្ទាន តែ​បុណ្យ​ណូអែល​គឺ​កំពុង​តែ​មាន​ប្រជាប្រិយ​យ៉ាង​លឿន។

ហេតុ​អ្វី​ក៏​បុណ្យ​ណូអែល​បាន​ត្រូវ​ធ្វើ​ឡើង​ទូទៅ​ម្ល៉េះ​នៅ​បូព៌ា​ប្រទេស? ហេតុ​អ្វី​ក៏​មនុស្ស​ដែល​ឥត​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​ផង តែ​ចូល​រួម​ធ្វើ​បុណ្យ​ណូអែល ដែល​មនុស្ស​កាន់​សាសនា​គ្រីស្ទាន​ភាគ​ច្រើន ចាត់​ទុក​នេះ​ជា​ថ្ងៃ​ខួប​កំណើត​របស់​ទ្រង់​នោះ? តើ​ពួក​គ្រីស្ទាន​ពិត​គួរ​យក​តម្រាប់​តាម​ទស្សនៈ​របស់​គេ អំពី​បុណ្យ​ណូអែល​ឬ​ទេ? យើង​នឹង​រក​ចម្លើយ​ទាំង​នេះ កាល​ដែល​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​បុណ្យ​ណូអែល បាន​ក្លាយ​ទៅ​ជា​មាន​ប្រជាប្រិយ​នៅ​ក្នុង​ប្រទេស​កូរ៉េ ដែល​ជា​ប្រទេស​មួយ​មាន​តាំង​ពី​បុរាណ​នៅ​ឯ​បូព៌ា​ប្រទេស​នោះ។