លោតទៅអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី

របៀប​ធ្វើ​ជា​ឪពុក​ដ៏​ល្អ

របៀប​ធ្វើ​ជា​ឪពុក​ដ៏​ល្អ

ឪពុក​ម្នាក់​ឈ្មោះ​ម៉ៃឃឺល a ដែល​រស់​នៅ​អាហ្វ្រិក​ខាង​ត្បូង បាន​សួរ​ថា​៖​«​តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​កូន​របស់​ខ្ញុំ​ឲ្យ​ទៅ​ជា​កូន​ល្អ​ជាង?​»។ គាត់​សួរ​ដូច្នេះ ព្រោះ​ទោះ​ជា​គាត់​ខំ​ព្យាយាម​ធ្វើ​ជា​ឪពុក​ល្អ​ក៏​ដោយ ក៏​កូន​ប្រុស​របស់​គាត់​ដែល​មាន​អាយុ​១៩​ឆ្នាំ​នៅ​តែ​រឹង​ចចេស​ដដែល។ ដូច្នេះ គាត់​មិន​ដឹង​ថា​តើ​គាត់​គួរ​ធ្វើ​ជា​ឪពុក​ល្អ​ប្រសើរ​ជាង​ឬ​យ៉ាង​ណា​ទេ។

រីឯ​ឪពុក​ម្នាក់​ទៀត​ឈ្មោះ​ធែរី ដែល​រស់​នៅ​ប្រទេស​អេស្ប៉ាញ​វិញ គាត់​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ជា​ឪពុក​ល្អ។ កូន​របស់​គាត់​ឈ្មោះ​អេនទ្រូ បាន​រៀប​រាប់​ថា​៖​«​បើ​គិត​អំពី​អនុស្សាវរីយ៍​ជា​មួយ​ឪពុក​ខ្ញុំ​ពេល​ខ្ញុំ​នៅ​វ័យ​កុមារ ខ្ញុំ​នឹក​ចាំ​ថា​ឪពុក​របស់​ខ្ញុំ​អាន​សៀវភៅ​ឲ្យ​ខ្ញុំ​ស្ដាប់ លេង​ជា​មួយ​ខ្ញុំ ហើយ​យក​ខ្ញុំ​ទៅ​ដើរ​លេង​តែ​ពីរ​នាក់​ជា​មួយ​គ្នា។ ការ​បង្ហាត់​បង្រៀន​របស់​គាត់​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​រីករាយ​»។

បើ​និយាយ​ឲ្យ​ត្រង់​ទៅ ការ​ធ្វើ​ជា​ឪពុក​ល្អ គឺ​មិន​ងាយ​ស្រួល​ទេ។ ប៉ុន្តែ ក្នុង​គម្ពីរ​មាន​គោល​ការណ៍​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទៅ​ជា​ឪពុក​ល្អ។ ឪពុក​និង​ក្រុម​គ្រួសារ​ជា​ច្រើន​បាន​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នៅ​ក្នុង​គម្ពីរ។ ឥឡូវ សូម​ពិចារណា​យោបល់​ខ្លះ​ៗ​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទៅ​ជា​ឪពុក​ល្អ។

១. ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ

ក្នុង​នាម​ជា​ឪពុក តើ​តាម​របៀប​ណា​អ្នក​បង្ហាញ​ឲ្យ​កូន​ឃើញ​ថា​ពួក​គេ​សំខាន់​ចំពោះ​អ្នក? តាម​ពិត​អ្នក​បាន​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​កូន​របស់​អ្នក។ អ្នក​បាន​រក​ស៊ី​ចិញ្ចឹម​ពួក​គេ ហើយ​ផ្ដល់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ ដូច​ជា​ផ្ទះ​សម្បែង​ជា​ដើម។ ដោយ​សារ​ពួក​គេ​សំខាន់​ចំពោះ​អ្នក បាន​ជា​អ្នក​លះ​បង់​បែប​នេះ។ ប៉ុន្តែ បើ​អ្នក​មិន​បាន​ចំណាយ​ពេល​គ្រប់​គ្រាន់​ជា​មួយ​ពួក​គេ​ទេ នោះ​ពួក​គេ​ប្រហែល​ជា​សន្និដ្ឋាន​ថា អ្នក​ចាត់​ទុក​ការ​ងារ មិត្ត​ភក្តិ ការ​កម្សាន្ត ឬ​អ្វី​ផ្សេង​ទៀត​ថា​សំខាន់​ជាង​ពួក​គេ។

តើ​ពេល​ណា​ឪពុក​គួរ​ចាប់​ផ្ដើម​ចំណាយ​ពេល​ជា​មួយ​នឹង​កូន? ម្ដាយ​ចាប់​ផ្ដើម​ជិត​ស្និទ្ធ​ជា​មួយ​កូន តាំង​ពី​កូន​នៅ​ក្នុង​ផ្ទៃ​មក​ម្ល៉េះ។ ពេល​កូន​នៅ​ក្នុង​ផ្ទៃ​បាន​១៦​សប្ដាហ៍ ពួក​គេ​អាច​ស្ដាប់​បាន។ ក្នុង​ដំណាក់​កាល​នោះ ឪពុក​ក៏​អាច​បណ្ដុះ​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​កូន​បាន​ដែរ គឺ​គាត់​អាច​ស្ដាប់​ចង្វាក់​បេះ​ដូង​កូន អាច​ស្ដាប់​សំឡេង​កូន​ធាក់ អាច​និយាយ​ទៅ​កាន់​កូន និង​ច្រៀង​ឲ្យ​កូន​ស្ដាប់។

គោល​ការណ៍​គម្ពីរ​៖ នៅ​សម័យ​គម្ពីរ​ឪពុក​មាន​តួ​នាទី​អប់រំ​កូន​ៗ​របស់​ពួក​គាត់។ ពួក​គាត់​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ចំណាយ​ពេល​ជា​ទៀង​ទាត់​ជា​មួយ​កូន។ យើង​ឃើញ​ការ​ណែនាំ​នេះ​នៅ​ក្នុង​សៀវភៅ​ការ​បំភ្លឺ​ច្បាប់ ៦:៦, ៧ ដែល​ចែង​ថា​៖​«​ពាក្យ​ដែល​ខ្ញុំ​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ត្រូវ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បង្ហាត់​បង្រៀន​ដល់​កូន​ចៅ​របស់​ខ្លួន ដោយ​និយាយ​ប្រាប់​ពួក​គេ​ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ក្នុង​កាល​ដែល​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក និង​ក្រោក​ឡើង​ផង​»។

២. ឪពុក​ល្អ​គឺ​ជា​ឪពុក​ដែល​ស្រួល​ទាក់​ទង

សូម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​កូន​ដោយ​មិន​ឆាប់​ខឹង​និង​មិន​ឆាប់​រិះ​គន់

ដើម្បី​ធ្វើ​ជា​ឪពុក​ដែល​ស្រួល​ទាក់​ទង អ្នក​ត្រូវ​ពូកែ​ស្ដាប់។ នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​ស្ដាប់​កូន​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​មិន​ឆាប់​មាន​ប្រតិកម្ម។

បើ​កូន​របស់​អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​ឆាប់​ខឹង​និង​ឆាប់​រិះ​គន់ គាត់​ច្បាស់​ជា​មិន​ហ៊ាន​ប្រាប់​អារម្មណ៍​របស់​គាត់​ដល់​អ្នក​ទេ។ ប៉ុន្តែ បើ​អ្នក​ស្ដាប់​កូន​ដោយ​ចិត្ត​ស្ងប់ នោះ​កូន​នឹង​ស្រួល​ប្រាប់​អារម្មណ៍​ដល់​អ្នក​អស់​ពី​ចិត្ត ហើយ​ពួក​គេ​ក៏​ឃើញ​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​យ៉ាង​ស្មោះ​ដែរ។

គោល​ការណ៍​គម្ពីរ​៖ គម្ពីរ​មាន​គោល​ការណ៍​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​៖​«​ចូរ​ដឹង​ថា​មនុស្ស​ម្នាក់​ៗ​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ មិន​រហ័ស​ខឹង​»។ (​យ៉ាកុប ១:១៩​) ពេល​ឪពុក​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​នេះ គាត់​នឹង​មាន​ទំនាក់​ទំនង​ល្អ​ជាង​ជា​មួយ​កូន។

៣. ឪពុក​ល្អ​ចេះ​ប្រៀន​ប្រដៅ​និង​សរសើរ

ពេល​អ្នក​ប្រដៅ​កូន អ្នក​ត្រូវ​ប្រៀន​ប្រដៅ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ដោយ​គិត​ពី​ប្រយោជន៍​កូន ទោះ​ជា​អ្នក​មាន​អារម្មណ៍​មួម៉ៅ​ឬ​ខឹង​ក៏​ដោយ។ ការ​ប្រៀន​ប្រដៅ​នេះ​អាច​ជា​ការ​ផ្ដល់​ដំបូន្មាន ការ​កែ​តម្រង់ ការ​អប់រំ ហើយ​ក្នុង​ករណី​ខ្លះ​ក៏​អាច​ជា​ការ​ដាក់​ទោស​ដែរ។

បន្ថែម​ទៅ​ទៀត ការ​ប្រៀន​ប្រដៅ​កាន់​តែ​មាន​ប្រសិទ្ធភាព បើ​ឪពុក​សរសើរ​កូន​ជា​ទៀង​ទាត់។ សុភាសិត​បុរាណ​មួយ​បាន​ចែង​ថា​៖​«​ពាក្យ​សម្ដី​ដែល​ពោល​ត្រូវ​ពេល ប្រៀប​ដូច​ជា​ផ្លែ​ប៉ោម​មាស​ក្នុង​ចាន​ប្រាក់​»។ (​សុភាសិត ២៥:១១​) ការ​សរសើរ​អាច​ជួយ​កូន​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ល្អ​ៗ។ ពេល​ដែល​កូន​ឃើញ​ថា​ឪពុក​ម្ដាយ​កត់​សម្គាល់​និង​ឲ្យ​តម្លៃ​ពួក​គេ នោះ​ពួក​គេ​កាន់​តែ​មាន​ទំនុក​ចិត្ត។ ម្យ៉ាង​ទៀត ពេល​ដែល​ឪពុក​ព្យាយាម​រក​ឱកាស​សរសើរ​កូន នោះ​ក៏​ជំរុញ​ចិត្ត​កូន​ឲ្យ​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដែរ។

គោល​ការណ៍​គម្ពីរ​៖«​ឪពុក​ទាំង​ឡាយ​អើយ កុំ​ធ្វើ​ឲ្យ​កូន​ខឹង ព្រោះ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កូន​ធ្លាក់​ទឹក​ចិត្ត​»។—កូឡុស ៣:២១

៤. ស្រឡាញ់​និង​ឲ្យ​តម្លៃ​ចំពោះ​ប្រពន្ធ

របៀប​ដែល​ប្ដី​ប្រព្រឹត្ត​ទៅ​លើ​ប្រពន្ធ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​កូន។ អ្នក​ជំនាញ​មួយ​ក្រុម​ដែល​សិក្សា​អំពី​ការ​លូត​លាស់​របស់​កុមារ បាន​ពន្យល់​ថា​៖​«​វិធី​ដ៏​ល្អ​បំផុត​មួយ​ដែល​ឪពុក​អាច​ធ្វើ គឺ​គាត់​ចេះ​ឲ្យ​តម្លៃ​ប្រពន្ធ​របស់​គាត់។ . . . ពេល​ដែល​ឪពុក​ម្ដាយ​ប្រព្រឹត្ត​ដោយ​គោរព​និង​ឲ្យ​តម្លៃ​គ្នា នោះ​នាំ​ឲ្យ​កូន​ៗ​មាន​អារម្មណ៍​សុខ​សាន្ត​និង​សប្បាយ​រីករាយ​»​(​The Importance of Fathers in the Healthy Development of Children​)។ b

គោល​ការណ៍​គម្ពីរ​៖«​ប្ដី​ទាំង​ឡាយ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប . . . ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។អេភេសូរ ៥:២៥, ៣៣

៥. ធ្វើ​តាម​ប្រាជ្ញា​ពី​ព្រះ

ឪពុក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត អាច​ជួយ​កូន​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​របស់​ពួក​គេ នោះ​គឺ​ជា​អ្វី​ដែល​មាន​តម្លៃ​បំផុត។

ឪពុក​ម្នាក់​ឈ្មោះ​អាន់តូនីយ៉ូ ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា គាត់​បាន​ចិញ្ចឹម​អប់រំ​កូន​៦​នាក់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ គាត់​បាន​ទទួល​សំបុត្រ​ពី​កូន​ស្រី​ម្នាក់ ដែល​បាន​រៀប​រាប់​ថា​៖​«​ជូន​ចំពោះ​ប៉ា​ជា​ទី​ស្រឡាញ់ កូន​ចង់​អរគុណ​ប៉ា​ដែល​បាន​ចិញ្ចឹម​អប់រំ​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា ស្រឡាញ់​អ្នក​ជិត​ខាង និង​ចេះ​ស្រឡាញ់​ខ្លួន​ឯង ហើយ​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់​ចំពោះ​កូន។ កូន​ឃើញ​ថា​ប៉ា​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន។ កូន​សូម​អរគុណ​ប៉ា​ដែល​បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ជីវិត ហើយ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ដែល​ជា​អំណោយ​ពី​ព្រះ!​»។

គោល​ការណ៍​គម្ពីរ​៖«​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត និង​អស់​ពី​កម្លាំង​កាយ។ ពាក្យ​ដែល​ខ្ញុំ​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ត្រូវ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​»។ការ​បំភ្លឺ​ច្បាប់ ៦:៥, ៦

យើង​ឃើញ​ច្បាស់​ថា​ដើម្បី​ទៅ​ជា​ឪពុក​ល្អ មិន​គ្រាន់​តែ​មាន​ចំណុច​ប្រាំ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ចំណុច​ផ្សេង​ទៀត​ដែរ។ បើ​និយាយ​ឲ្យ​ត្រង់​ទៅ ទោះ​ជា​អ្នក​ខំ​អស់​ពី​សមត្ថភាព​ធ្វើ​ជា​ឪពុក​ល្អ​ក៏​ដោយ អ្នក​មិន​អាច​ក្លាយ​ជា​ឪពុក​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ បើ​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​កូន​ៗ និង​ខិត​ខំ​ផ្គត់​ផ្គង់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ នោះ​អ្នក​អាច​ក្លាយ​ជា​ឪពុក​ល្អ។ c

a ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ប្ដូរ។

b ទោះ​ជា​ប្ដី​បាន​លែង​លះ​ជា​មួយ​ប្រពន្ធ​ក៏​ដោយ តែ​បើ​គាត់​ឲ្យ​តម្លៃ​និង​គោរព​ចំពោះ​ប្រពន្ធ​នោះ នេះ​នឹង​ជួយ​កូន​ឲ្យ​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​ម្ដាយ។

c ដើម្បី​ទទួល​យោបល់​ថែម​ទៀត​អំពី​ក្រុម​គ្រួសារ សូម​មើល​សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ ដែល​មាន​នៅ​ក្នុង​គេហទំព័រ​របស់​យើង​www.jw.org