អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | ហេតុ​អ្វី​គួរ​ប្រព្រឹត្ដ​ទៀង​ត្រង់?

ហេតុ​អ្វី​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​មាន​ប្រយោជន៍?

ហេតុ​អ្វី​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​មាន​ប្រយោជន៍?

​«​ចិត្ដ​របស់​យើង​នឹង​វិនិច្ឆ័យ​យើង​ថា​គ្មាន​ទោស ព្រោះ​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។—ហេប្រឺ ១៣:១៨

ក្នុង​គម្ពីរ​ពាក្យ​ភាសា​ក្រិច​ដែល​ជួន​កាល​បាន​ត្រូវ​បក​ប្រែ​ថា​«​ទៀង​ត្រង់​»​គឺ​សំដៅ​ទៅ​លើ​«​អ្វី​ដែល​ល្អ​គ្រប់​លក្ខណៈ​»។ ពាក្យ​នេះ​ក៏​បង្កប់​អត្ថន័យ​ទៅ​លើ​អ្វី​ដែល​ល្អ​ខាង​សីលធម៌​ផង​ដែរ។

គ្រិស្ដ​សាសនិក​យល់​សារៈសំខាន់​នៃ​ពាក្យ​របស់​សាវ័ក​ម្នាក់​របស់​លោក​យេស៊ូ​ឈ្មោះ​ប៉ូល ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ​ថា​៖ ​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។ តើ​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ?

ការ​ប្រទាញ​ប្រទង់​រវាង​ចិត្ដ​និង​គំនិត​ខ្លួន

មនុស្ស​ភាគ​ច្រើន​ឆ្លុះ​កញ្ចក់​រៀង​រាល់​ព្រឹក​មុន​នឹង​ចេញ​ពី​ផ្ទះ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ចង់​ឲ្យ​មនុស្ស​ឃើញ​ថា​ពួក​គេ​ស្អាត​បាត។ ប៉ុន្ដែ មាន​អ្វី​មួយ​ដែល​សំខាន់​ជាង​ម៉ូដ​សក់​និង​សម្លៀក​បំពាក់​ទាន់​សម័យ​ទៅ​ទៀត។ តើ​នោះ​ជា​អ្វី? គឺ​លក្ខណៈ​ខាង​ក្នុង​ចិត្ដ​យើង។ ការ​ពិត លក្ខណៈ​ខាង​ក្នុង​អាច​បន្ថែម​ឬ​បន្ថយ​សម្រស់​របស់​យើង។

បណ្ដាំ​របស់​ព្រះ​បាន​ប្រាប់​ចំ​ៗ​ថា យើង​មាន​ទំនោរ​ចិត្ដ​ចង់​តែ​ធ្វើ​អាក្រក់។ លោកុប្បត្ដិ ៨:២១​ចែង​ថា​៖ ​«​គំនិត​ក្នុង​ចិត្ដ​មនុស្ស នោះ​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​»។ ហេតុ​នេះ ដើម្បី​ប្រព្រឹត្ដ​ទៀង​ត្រង់ យើង​ត្រូវ​យក​ឈ្នះ​ទំនោរ​ចិត្ដ​របស់​យើង​ដែល​មាន​តាំង​ពី​កំណើត ដែល​ចង់​តែ​ធ្វើ​អំពើ​ខុស​ឆ្គង។ សាវ័ក​ប៉ូល​បាន​រៀប​រាប់​យ៉ាង​ច្បាស់​អំពី​ការ​ប្រទាញ​ប្រទង់​ដែល​មាន​ក្នុង​ខ្លួន​គាត់ ដោយ​ថា​៖ ​«​ក្នុង​ចិត្ដ​ខ្ញុំ ខ្ញុំ​ពិត​ជា​ត្រេក​អរ​នឹង​ច្បាប់​របស់​ព្រះ ប៉ុន្ដែ​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​ច្បាប់​មួយ​ទៀត​ក្នុង​អវយវៈ​របស់​ខ្ញុំ ដែល​កំពុង​ច្បាំង​នឹង​ច្បាប់​ដែល​នៅ​ក្នុង​គំនិត​ខ្ញុំ ហើយ​កំពុង​នាំ​ខ្ញុំ​ទៅ​ជា​ឈ្លើយ​ក្រោម​អំណាច​ច្បាប់​នៃ​ភាព​ខុស​ឆ្គង ដែល​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ​»។—រ៉ូម ៧:២២, ២៣

ជា​ឧទាហរណ៍ ពេល​ខ្លះ​ចិត្ដ​របស់​យើង​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស ហើយ​យើង​មាន​ទំនោរ​ចិត្ដ​ខ្លាំង​ចង់​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់ តែ​យើង​មិន​ចាំ​បាច់​ធ្វើ​តាម​សម្ទុះ​ចិត្ដ​របស់​យើង​ទេ។ ការ​ពិត យើង​នៅ​តែ​អាច​សម្រេច​ចិត្ដ​ធ្វើ​តាម​ឬ​មិន​ធ្វើ​តាម។ ពេល​យើង​សម្រេច​ចិត្ដ​បដិសេធ​គំនិត​អាក្រក់​នោះ យើង​អាច​រក្សា​ភាព​ទៀង​ត្រង់ ទោះ​ជា​មនុស្ស​នៅ​ជុំ​វិញ​យើង​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​ក៏​ដោយ។

វិធី​យក​ឈ្នះ​ទំនោរ​ចិត្ដ​របស់​យើង

ដើម្បី​ប្រព្រឹត្ដ​ទៀង​ត្រង់ យើង​ត្រូវ​ការ​គោល​ការណ៍​សីលធម៌​ត្រឹម​ត្រូវ។ ប៉ុន្ដែ​គួរ​ឲ្យ​ស្តាយ​ណាស់ មនុស្ស​ជា​ច្រើន​គិត​អំពី​សម្បក​ក្រៅ​របស់​ខ្លួន​ច្រើន​ជាង​គោល​ការណ៍​សីលធម៌។ ជា​លទ្ធផល ពួក​គេ​រក​លេស​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់ ដើម្បី​សម្រប​តាម​ស្ថានភាព​របស់​ពួក​គេ។ សៀវភៅ​មួយ​ដែល​សរសេរ​អំពី​ភាព​មិន​ទៀង​ត្រង់​រៀប​រាប់​ថា​៖ ​«​បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​សុខ​ចិត្ដ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់ ឲ្យ​តែ​នោះ​មិន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​យើង​»​ (​The (Honest) Truth About Dishonesty​)។ ប៉ុន្ដែ តើ​មាន​ខ្នាត​តម្រា​មួយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ដ​ដែល​អាច​ជួយ​យើង​សម្រេច​ចិត្ដ​ថា​គួរ​ឬ​មិន​គួរ​ប្រព្រឹត្ដ​ទៀង​ត្រង់​ឬ​ទេ? ការ​ពិត​មាន​មែន។

មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​បាន​ឃើញ​ថា គម្ពីរ​ផ្ដល់​គោល​ការណ៍​សីលធម៌​ដ៏​ត្រឹម​ត្រូវ​និង​គួរ​ឲ្យ​ទុក​ចិត្ដ។ គម្ពីរ​មាន​គោល​ការណ៍​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ (​ទំនុក​តម្កើង ១៩:៧​) គម្ពីរ​មាន​ការ​ណែនាំ​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ​ស្ដី​អំពី​រឿង​ជា​ច្រើន​ដូច​ជា រឿង​ទាក់​ទង​នឹង​ក្រុម​គ្រួសារ រឿង​ការ​ងារ រឿង​សីលធម៌ និង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ការ​ណែនាំ​ស្ដី​អំពី​រឿង​ទាំង​នោះ​មាន​ប្រយោជន៍​ជា​រៀង​រហូត។ ច្បាប់​និង​គោល​ការណ៍​គម្ពីរ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍ និង​កុលសម្ព័ន្ធ។ បើ​យើង​ពិនិត្យ​មើល​គម្ពីរ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់ និង​រំពឹង​គិត​អំពី​ព័ត៌មាន​ក្នុង​នោះ ព្រម​ទាំង​ធ្វើ​តាម​ដំបូន្មាន​ក្នុង​គម្ពីរ នោះ​យើង​អាច​ហាត់​ពត់​លត់​ដំ​ខ្លួន​ឲ្យ​ប្រព្រឹត្ដ​ទៀង​ត្រង់​និង​សុចរិត​ជា​និច្ច។

ប៉ុន្ដែ ក្រៅ​ពី​ការ​ទទួល​ចំណេះ​ត្រឹម​ត្រូវ​ក្នុង​គម្ពីរ គឺ​នៅ​មាន​អ្វី​មួយ​ទៀតដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​យក​ឈ្នះ​ទំនោរ​ចិត្ដ​ចង់​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់។ តើ​នោះ​ជា​អ្វី? គឺ​ការ​អធិដ្ឋាន។ ដោយ​សារ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​សីលធម៌​អាប់​ឱន នោះ​ងាយ​ឲ្យ​យើង​រង​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​អាក្រក់​របស់​ពិភព​លោក​នេះ​ណាស់។ ដូច្នេះ យើង​ត្រូវ​អធិដ្ឋាន​សុំ​ជំនួយ​ព្រះ​និង​ការ​គាំ​ទ្រ​ពី​លោក។ (​ភីលីព ៤:៦, ៧, ១៣​) បើ​យើង​ធ្វើ​ដូច្នោះ យើង​អាច​មាន​ចិត្ដ​ក្លាហាន​ដើម្បី​កាន់​ជំហរ​មុត​មាំ​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ និង​ប្រព្រឹត្ដ​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។

ប្រយោជន៍​ដែល​មក​ពី​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់

ហ៊ីតូហ្ស៊ី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​ដើម បាន​ទទួល​ប្រយោជន៍​ពី​ការ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​បុគ្គលិក​ដ៏​ទៀង​ត្រង់។ គាត់​ឥឡូវ​ធ្វើ​ការ​ឲ្យ​ចៅហ្វាយ​ម្នាក់​ដែល​ឲ្យ​តម្លៃ​ចំពោះ​ភាព​ទៀង​ត្រង់​របស់​គាត់។ ហ៊ីតូហ្ស៊ី​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ដ​ណាស់ ដែល​ខ្ញុំ​អាច​រក​ការ​ងារ​មួយ​ដែល​ខ្ញុំ​មិន​ចាំ​បាច់​មាន​អារម្មណ៍​មិន​ស្រួល​នោះ​ទេ​»។

មាន​មនុស្ស​ផ្សេង​ទៀត​ក៏​មាន​អារម្មណ៍​ដូច​ហ៊ីតូហ្ស៊ី​ដែរ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​អំពី​ពួក​អ្នក​ដែល​បាន​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ ដែល​ថា​ត្រូវ​«​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។

  • ចិត្ដ​មិន​ផ្ដន្ទា​ទោស

    ស្ដ្រី​ម្នាក់​ឈ្មោះ​ហ្សឺរើល​ដែល​រស់​នៅ​ប្រទេស​អៀរឡង់ បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​បាន​ឈប់​រៀន​នៅ​សាលា​តាំង​ពី​អាយុ​១៣​ឆ្នាំ ដើម្បី​ធ្វើ​ការ​ជា​មួយ​ក្រុម​ចោរ។ ដោយ​សារ​នោះ​ខ្ញុំ​មាន​ប្រាក់​ចំណូល តែ​ប្រាក់​ចំណូល​៩៥​ភាគ​រយ​ជា​ប្រាក់​ដែល​បាន​មក​ពី​ការ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់។ ក្រោយ​មក ខ្ញុំ​បាន​រៀប​ការ ហើយ​ប្ដី​របស់​ខ្ញុំ​និង​ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ យើង​បាន​រៀន​ថា​ព្រះ​យេហូវ៉ា *ស្អប់​ការ​ប្រព្រឹត្ដ​ដែល​មិន​ទៀង​ត្រង់ ដូច្នេះ​យើង​បាន​សម្រេច​ចិត្ដ​កែ​ប្រែ​របៀប​រស់​នៅ​របស់​យើង។ នៅ​ឆ្នាំ​១៩៩០ យើង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​»។—សុភាសិត ៦:១៦​-​១៩

    ហ្សឺរើល​រៀប​រាប់​បន្ដ​ថា​៖ ​«​ពី​មុន ផ្ទះ​របស់​ខ្ញុំ​ពេញ​ដោយ​របស់​របរ​ដែល​ខ្ញុំ​បាន​លួច​ពី​គេ តែ​ឥឡូវ​លែង​មាន​របស់​បែប​នោះ​ទៀត​ហើយ។ សព្វ​ថ្ងៃ​នេះ ចិត្ដ​ខ្ញុំ​មិន​ផ្ដន្ទា​ទោស​ខ្ញុំ​ទេ។ បើ​គិត​អំពី​ភាព​មិន​ទៀង​ត្រង់​ដែល​ខ្ញុំ​បាន​ធ្វើ​កាល​ពី​ច្រើន​ឆ្នាំ​មុន ខ្ញុំ​ពិត​ជា​អរគុណ​ព្រះ​យេហូវ៉ា​ណាស់​ដែល​លោក​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សុខ​សាន្ដ​ដែល​អាច​ចូល​គេង​ជា​រៀង​រាល់​យប់​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​ការ​ប្រព្រឹត្ដ​របស់​ខ្ញុំ​»។

    បុរស​ម្នាក់​ឈ្មោះ​សុនណេ​រស់​នៅ​ក្រុង​ហុងកុង បាន​ប្រាប់​ថា​៖ ​«​ពេល​ចៅហ្វាយ​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​មិន​ព្រម​ទទួល​សំណូក​ពី​អតិថិជន​ម្នាក់ ចៅហ្វាយ​ខ្ញុំ​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ‹ព្រះ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ដ​ណាស់! យើង​ពិត​ជា​សប្បាយ​ណាស់​ដែល​មាន​អ្នក​ធ្វើ​ការ​ជា​មួយ›។ ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់ ជួយ​ខ្ញុំ​កុំ​ឲ្យ​មាន​អារម្មណ៍​ស្តាយ​ក្រោយ​ថា​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នោះ​ក៏​បាន​ជួយ​ក្រុម​គ្រួសារ​ខ្ញុំ​និង​អ្នក​ឯ​ទៀត​ប្រព្រឹត្ដ​ទៀង​ត្រង់​ដែរ​»។

  • សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ

    បុរស​ម្នាក់​ឈ្មោះ​ថាម រស់​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​ទូ​ទៅ​ក្នុង​ធនាគារ​អន្ដរជាតិ​មួយ។ ក្នុង​ពិភព​ពាណិជ្ជកម្ម គេ​មិន​សូវ​ខ្វល់​អំពី​ភាព​ទៀង​ត្រង់​ប៉ុន្មាន​ទេ អ្វី​ដែល​គេ​ខ្វល់​គឺ​ភាព​មាន​បាន។ ទស្សនៈ​នេះ​មាន​ជា​ទូ​ទៅ គឺ​ថា‹បើ​មិន​ទៀង​ត្រង់​បន្ដិច​បន្ដួច ដើម្បី​ក្លាយ​ជា​អ្នក​មាន និង​ជួយ​សេដ្ឋកិច្ច​ជាតិ តើ​ខុស​អី?›។ ប៉ុន្ដែ ការ​ធ្វើ​ជា​មនុស្ស​ទៀង​ត្រង់​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ។ ខ្ញុំ​បាន​តាំង​ចិត្ដ​រក្សា​ភាព​ទៀង​ត្រង់ ទោះ​ជា​ជួប​ការ​ពិបាក​ក៏​ដោយ។ ចៅហ្វាយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​និយាយ​កុហក​គាត់ ហើយ​ខ្ញុំ​ក៏​មិន​ព្រម​កុហក​ជំនួស​គាត់​ដែរ​»។

  • មោទនភាព​ចំពោះ​ខ្លួន

    ស្ដ្រី​ម្នាក់​ឈ្មោះ​កាអូរី រស់​នៅ​ប្រទេស​ជប៉ុន​បាន​ប្រាប់​ថា​៖ ​«​នៅ​កន្លែង​ធ្វើ​ការ ប្រធាន​ផ្នែក​ខ្ញុំ​លើក​ទឹក​ចិត្ដ​ឲ្យ​ខ្ញុំ​និយាយ​កុហក​អំពី​ទំនិញ​ដែល​បាត់ តែ​ខ្ញុំ​មិន​ព្រម​កុហក​ទេ។ ទី​បំផុត​គេ​បាន​រក​ឃើញ​ចោរ​ដែល​បាន​លួច​ទំនិញ​ទាំង​នោះ នាយក​ក្រុម​ហ៊ុន​បាន​អរគុណ​ខ្ញុំ​ចំពោះ​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់។ ក្នុង​ពិភព​លោក​នេះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​ទៀង​ត្រង់ ដើម្បី​ប្រព្រឹត្ដ​ទៀង​ត្រង់​គឺ​ត្រូវ​មាន​ចិត្ដ​ក្លាហាន។ ប៉ុន្ដែ​នៅ​ទី​បំផុត យើង​អាច​ទទួល​ការ​គោរព​ពី​អ្នក​ឯ​ទៀត និង​ទៅ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ​»។

អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ បង្ហាញ​ថា​យើង​ពិត​ជា​ទទួល​ប្រយោជន៍ ពេល​យើង​ប្រព្រឹត្ដ​ទៀង​ត្រង់។ ប្រយោជន៍​ទាំង​នោះ​គឺ ចិត្ដ​មិន​ផ្ដន្ទា​ទោស សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ និង​មោទនភាព​ចំពោះ​ខ្លួន។ ដូច្នេះ យើង​គួរ​ប្រព្រឹត្ដ​ទៀង​ត្រង់ មែន​ទេ?

^ វគ្គ 18 យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។