លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យើង​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​ជា​រៀង​រហូត

យើង​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​ជា​រៀង​រហូត

តើ​មាន​អ្នក​ណា​ដែល​ថា​មិន​ចង់​រស់​នៅ​យូរ​អង្វែង​និង​មាន​ជីវិត​សប្បាយ​រីក​រាយ? សូម​ស្រមៃ​គិត​ថា យើង​អាច​រស់​នៅ​ជា​រៀង​រហូត​ដោយ​មាន​សុខភាព​ល្អ និង​មាន​សុភមង្គល! យើង​នឹង​មាន​ពេល​ជា​ច្រើន​ជា​មួយ​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង ធ្វើ​ដំណើរ​ទូ​ទាំង​ពិភព​លោក រៀន​ជំនាញ​ថ្មី កាន់​តែ​មាន​ប្រាជ្ញា ថែម​ទាំង​រៀន​ធ្វើ​អ្វី​ៗ​ដែល​យើង​ចូល​ចិត្ត​ធ្វើ។

ហេតុ​អ្វី​មនុស្ស​ចង់​រស់​នៅ​ជា​រៀង​រហូត? បទ​គម្ពីរ​ប្រាប់​យើង​ថា​ព្រះ​បាន​បង្កើត​យើង​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ។ (​សាស្តា ៣:១១​) បទ​គម្ពីរ​ក៏​ប្រាប់​ថា​៖ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី១ ៤:៨​) តើ​សម​ហេតុ​ផល​ទេ​ឲ្យ​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ បង្កើត​យើង​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ បើ​យើង​មិន​អាច​រស់​ជា​រៀង​រហូត?

ច្បាស់​ណាស់ គ្មាន​នរណា​ម្នាក់​ចង់​ស្លាប់​ឡើយ។ តាម​ពិត គម្ពីរ​រៀប​រាប់​ថា សេចក្ដី​ស្លាប់​ជា​«​សត្រូវ​»​ដ៏​សាហាវ។ (​កូរិនថូស​ទី១ ១៥:២៦​) មនុស្ស​ខ្លះ​អាយុ​ខ្លី រីឯ​មនុស្ស​ខ្លះ​ទៀត​អាយុ​វែង ប៉ុន្តែ​នៅ​ទី​បំផុត​មនុស្ស​ទាំង​អស់​នឹង​នៅ​តែ​ស្លាប់។ មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ពេល​គិត​អំពី​រឿង​នេះ។ តើ​អាច​បំផ្លាញ​សត្រូវ​នេះ​ឲ្យ​សាប​សូន្យ​បាន​ទេ?

ភ័ស្ដុតាង​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម

តើ​អ្នក​ភ្ញាក់​ផ្អើល​ទេ ដោយ​ដឹង​ថា​ព្រះ​មិន​ដែល​មាន​គោល​បំណង​ឲ្យ​មនុស្សជាតិ​ស្លាប់? សៀវភៅ​លោកុប្បត្តិ​ក្នុង​គម្ពីរ​ផ្ដល់​ភ័ស្ដុតាង​ថា​គោល​បំណង​របស់​ព្រះ​គឺ​ឲ្យ​មនុស្ស​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែន​ដី​ឲ្យ​មាន​អ្វី​ទាំង​អស់​ដែល​មនុស្ស​ត្រូវ​ការ​ដើម្បី​រស់​នៅ​និង​សប្បាយ​រីក​រាយ។ បន្ទាប់​មក លោក​បាន​បង្កើត​បុរស​ដំបូង​ឈ្មោះ​អាដាម ហើយ​ឲ្យ​គាត់​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ដ៏​សែន​ស្អាត​មួយ​ឈ្មោះ​សួន​អេដែន។ ក្រោយ​មក ​«​ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ​»។—លោកុប្បត្តិ ១:២៦, ៣១

ព្រះ​បាន​បង្កើត​អាដាម​ឲ្យ​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ។ (​ចោទិយកថា ៣២:​) អេវ៉ា​ដែល​ជា​ប្រពន្ធ​របស់​អាដាម​ក៏​មាន​ជីវិត​ល្អ​ឥត​ខ្ចោះ​ដែរ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី​ចុះ ត្រូវ​បង្ក្រាប​ផែន​ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស​នឹង​ជីវិត​ផង​ទាំង​ឡាយ​ដែល​កំរើក​នៅ​ផែន​ដី​ផង​»។—លោកុប្បត្តិ ១:២៨

ដើម្បី​បង្កើត​កូន​ឲ្យ​មាន​ពេញ​ផែន​ដី នោះ​ត្រូវ​ការ​ពេល។ អេវ៉ា​ត្រូវ​មាន​កូន ហើយ​កូន​របស់​នាង​ក៏​ត្រូវ​មាន​កូន​ត​ៗ​គ្នា​រហូត​ដល់​ពេញ​ផែន​ដី ដូច​គោល​បំណង​របស់​ព្រះ។ (​អេសាយ ៤៥:១៨​) តើ​សម​ហេតុ​ផល​ទេ​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ បើ​ពួក​គេ​គ្រាន់​តែ​រស់​នៅ​ដើម្បី​ឃើញ​កូន​និង​ប្រហែល​ឃើញ​ចៅ​ប៉ុណ្ណោះ ហើយ​មិន​ដឹង​ថា​មនុស្ស​នឹង​ពេញ​ពាស​ផែន​ដី​ឬ​យ៉ាង​ណា?

សូម​គិត​ដែរ​អំពី​ការ​បង្គាប់​ឲ្យ​ពួក​គេ​មាន​អំណាច​លើ​សត្វ​ផ្សេង​ៗ។ ព្រះ​បាន​ប្រាប់​អាដាម​ឲ្យ​ដាក់​ឈ្មោះ​សត្វ​ទាំង​ឡាយ ហើយ​នេះ​ពិត​ជា​ត្រូវ​ការ​ពេល​យូរ។ (​លោកុប្បត្តិ ២:១៩​) ប៉ុន្តែ​ដើម្បី​មាន​អំណាច​លើ​សត្វ​ទាំង​នោះ នេះ​មាន​ន័យ​ថា​គាត់​ត្រូវ​រៀន​អំពី​ពួក​វា និង​របៀប​ថែ​រក្សា​ពួក​វា។ នេះ​ពិត​ជា​ត្រូវ​ការ​ពេល​យូរ​ជាង​ទៅ​ទៀត។

ដូច្នេះ ការ​ណែនាំ​របស់​ព្រះ​ឲ្យ​បង្កើត​កូន​ពេញ​ពាស​ផែន​ដី និង​មាន​អំណាច​លើ​សត្វ​ទាំង​ឡាយ​បង្ហាញ​ថា​ប្ដី​ប្រពន្ធ​ដំបូង​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​នៅ​យូរ​អង្វែង។ តាម​ពិត អាដាម​បាន​រស់​នៅ​យូរ​មែន។

គោល​បំណង​របស់​ព្រះ​គឺ​ឲ្យ​មនុស្ស​រស់​ជា​រៀង​រហូត​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន

ពួក​គេ​មាន​អាយុ​វែង​ណាស់

អាដាម​មាន​អាយុ​៩៣០​ឆ្នាំ

មធូសាឡា​មាន​អាយុ​៩៦៩​ឆ្នាំ

ណូអេ​មាន​អាយុ​៩៥០​ឆ្នាំ

សព្វ​ថ្ងៃ​អាយុ​ត្រឹម​តែ​៧០​-​៨០​ឆ្នាំ

គម្ពីរ​បង្ហាញ​ថា​មនុស្ស​នៅ​សម័យ​មុន​ធ្លាប់​រស់​នៅ​យូរ​ជាង​យើង​សព្វ​ថ្ងៃ​នេះ។ គម្ពីរ​ចែង​ថា​៖ ​«​អាយុ​អ័ដាម​ទាំង​អស់​បាន​៩៣០​ឆ្នាំ​»។ បន្ទាប់​មក​គម្ពីរ​បាន​រៀប​រាប់​អំពី​បុរស​៦​នាក់​ទៀត​ដែល​បាន​រស់​នៅ​ច្រើន​ជាង​៩០០​ឆ្នាំ! បុរស​៦​នាក់​នោះ​គឺ​សេត អេណុស កៃណាន យ៉ារេឌ មធូសាឡា និង​ណូអេ។ ពួក​គេ​បាន​រស់​នៅ​មុន​ទឹក​ជំនន់​សម័យ​ណូអេ ហើយ​មុន​ទឹក​ជំនន់ ណូអេ​មាន​អាយុ​៦០០​ឆ្នាំ។ (​លោកុប្បត្តិ ៥:៥​-​២៧; ៧:៦; ៩:២៩​) ហេតុ​អ្វី​ពួក​គេ​អាច​មាន​អាយុ​វែង​ដូច​នេះ​បាន?

បុរស​ទាំង​នោះ​បាន​រស់​នៅ​មិន​យូរ​ក្រោយ​គ្រា​ដែល​អាដាម​និង​អេវ៉ា​ធ្លាប់​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ នេះ​ប្រហែល​ជា​មូលហេតុ​ដែល​ពួក​គេ​មាន​អាយុ​វែង។ ប៉ុន្តែ តើ​ការ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ការ​មាន​អាយុ​វែង? តើ​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំផ្លាញ​ចោល​យ៉ាង​ដូច​ម្ដេច? ដើម្បី​ដឹង​ចម្លើយ ដំបូង​យើង​ត្រូវ​យល់​អំពី​មូលហេតុ​ដែល​យើង​ទៅ​ជា​ចាស់ ហើយ​ស្លាប់។