លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

យើង​បាន​«​រក​ឃើញ​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​»​

យើង​បាន​«​រក​ឃើញ​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​»​

បង​វិនស្ដិន ផេន​និង​ប្រពន្ធ​របស់​គាត់​បង​ផាម៉ាឡា(​ហៅ​ថា​ផេម​)បម្រើ​នៅ​ការិយាល័យ​សាខា​អូស្ដ្រាឡាស៊ី។ ជីវិត​ដ៏​សប្បាយ​ដែល​ពួក​គាត់​មាន​ជា​មួយ​គ្នា​ក៏​ធ្លាប់​មាន​ការ​ពិបាក​ដែរ ដូច​ជា​ការ​សម្រប​ខ្លួន​ទៅ​នឹង​វប្បធម៌​ថ្មី និង​ការ​ស៊ូ​ទ្រាំ​នឹង​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ពេល​កូន​របស់​ពួក​គាត់​បាន​ស្លាប់​ក្នុង​ពោះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គាត់​បាន​រក្សា​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​រាស្ត្រ​របស់​លោក ហើយ​ក៏​បាន​រក្សា​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ក្នុង​ការ​សម្ភាសន៍​នេះ យើង​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​ប្រាប់​យើង​អំពី​បទ​ពិសោធន៍​ខ្លះ​របស់​ពួក​គាត់។

បង​វិនស្ដិន សូម​ប្រាប់​យើង​អំពី​បទ​ពិសោធន៍​របស់​បង​ក្នុង​ការ​ស្វែង​រក​ព្រះ​បាន​ទេ?

ខ្ញុំ​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មិន​កាន់​សាសនា​ណា​មួយ​ទេ។ យើង​រស់​នៅ​កសិដ្ឋាន​មួយ​នា​រដ្ឋ​ឃ្វីនស្លែន ប្រទេស​អូស្ដ្រាលី។ ដោយ​សារ​យើង​នៅ​ឆ្ងាយ​ពី​គេ ខ្ញុំ​មិន​សូវ​ជួប​អ្នក​ណា​ក្រៅ​ពី​ក្រុម​គ្រួសារ​យើង​ទេ។ ចាប់​ពី​ខ្ញុំ​មាន​អាយុ​ប្រហែល​ជា​១២​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ ហើយ​ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ស្គាល់​សេចក្ដី​ពិត​អំពី​លោក។ នៅ​ទី​បំផុត​ខ្ញុំ​បាន​ចាក​ចេញ​ពី​កសិដ្ឋាន​របស់​យើង ហើយ​បាន​រក​ឃើញ​ការ​ងារ​នៅ​ក្រុង​អាតាឡែត រដ្ឋ​សោត​អូស្ដ្រាលី។ ពេល​ខ្ញុំ​មាន​អាយុ​២១​ឆ្នាំ​ខ្ញុំ​បាន​ទៅ​លេង​ក្រុង​ស៊ីដនី ហើយ​បាន​ជួប​ផេម។ គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​សាសនា​មួយ​ដែល​អះអាង​ថា​ជន​ជាតិ​អង់គ្លេស​ជា​កូន​ចៅ​របស់​កុលសម្ព័ន្ធ​១០​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​ខាង​ជើង​ដែល​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​នៅ​សតវត្សរ៍​ទី​៨ មុន​គ.ស.។ ដូច្នេះ ពេល​ខ្ញុំ​ត្រឡប់​ទៅ​ក្រុង​អាតាឡែត​វិញ ខ្ញុំ​និយាយ​ជា​មួយ​នឹង​មិត្ត​រួម​ការ​ងារ​ម្នាក់​អំពី​រឿង​នេះ។ ថ្មី​ៗ​នោះ​គាត់​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​និយាយ​ជា​មួយ​នឹង​គាត់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​យើង​បាន​និយាយ​អំពី​ជំនឿ​របស់​សាក្សី តែ​ក្រោយ​មក ខ្ញុំ​ទទួល​ស្គាល់​ថា​ព្រះ​កំពុង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ពេល​នៅ​ក្មេង។ ខ្ញុំ​កំពុង​រៀន​សេចក្ដី​ពិត​អំពី​អ្នក​បង្កើត​និង​រាជាណាចក្រ​របស់​លោក! ខ្ញុំ​បាន​រក​ឃើញ​«​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​»។—ម៉ាថ. ១៣:៤៥, ៤៦

បង​ផេម បង​ក៏​ចាប់​ផ្ដើម​ស្វែង​រក​គជ់​ខ្យង​នោះ​ពេល​បង​នៅ​ក្មេង​ដែរ។ តើ​បង​បាន​រក​ឃើញ​គជ់​ខ្យង​តាម​របៀប​ណា?

ខ្ញុំ​បាន​ធំ​ឡើង​នៅ​ក្រុង​ខុស្ស ហាប៊ើ រដ្ឋ​ញូវ​សោតវេល ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​កាន់​សាសនា​យ៉ាង​ខ្ជាប់​ខ្ជួន។ ឪ​ពុក​ម្ដាយ​និង​យាយ​តា​ខ្ញុំ​ខាង​ម្ដាយ កាន់​សាសនា​មួយ​ដែល​ជឿ​ថា​ជន​ជាតិ​អង់គ្លេស​ជា​កូន​ចៅ​របស់​កុលសម្ព័ន្ធ​១០​នៃ​អ៊ីស្រាអែល។ ខ្ញុំ បង​ស្រី​ខ្ញុំ និង​ប្អូន​ប្រុស​របស់​ខ្ញុំ ព្រម​ទាំង​បង​ប្អូន​ជីដូន​មួយ​របស់​យើង​ជា​ច្រើន​នាក់​បាន​ធំ​ឡើង​ដោយ​ជឿ​ថា​ព្រះ​ពេញ​ចិត្ត​នឹង​កូន​ចៅ​របស់​ជន​ជាតិ​អង់គ្លេស។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​មិន​ជឿ​សេចក្ដី​បង្រៀន​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ដែរ។ ពេល​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ ខ្ញុំ​បាន​ទៅ​វិហារផ្សេង​ៗ រួម​ទាំង​វិហារ​អានគ្លីគិន វិហារ​បាទីស្ទ និង​វិហារ​សេវេនដេយអាត់វេនទីស្ទ។ ប៉ុន្តែ គេ​មិន​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះ​ទេ។

ក្រោយ​មក​ក្រុម​គ្រួសារ​ខ្ញុំ​បាន​រើ​ទៅ​ក្រុង​ស៊ីដនី ហើយ​ខ្ញុំ​បាន​ជួប​បង​វិនស្ដិន​ពេល​គាត់​ដើរ​លេង​នៅ​ទី​នោះ។ ដូច​គាត់​បាន​រៀប​រាប់​ខាង​លើ​រួច​ហើយ អ្វី​ដែល​យើង​បាន​ពិភាក្សា​ជា​មួយ​គ្នា​បាន​នាំ​ឲ្យ​គាត់​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី។ ក្រោយ​មក ពេល​គាត់​សរសេរ​សំបុត្រ​ឲ្យ​ខ្ញុំ សំបុត្រ​របស់​គាត់​ពេញ​ទៅ​ដោយ​បទ​គម្ពីរ! ខ្ញុំ​ត្រូវ​សារភាព​ថា ដំបូង​ខ្ញុំ​បារម្ភ ថែម​ទាំង​ខឹង ប៉ុន្តែ​យូរ​ៗ​ទៅ​ខ្ញុំ​ឃើញ​ថា​អ្វី​ដែល​គាត់​បាន​សរសេរ​ជា​សេចក្ដី​ពិត​អំពី​ព្រះ។

នៅ​ឆ្នាំ​១៩៦២ ខ្ញុំ​បាន​រើ​ទៅ​ក្រុង​អាតាឡែត​ដើម្បី​នៅ​ជិត​បង​វិនស្ដិន​ជាង។ គាត់​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ផ្ទះ​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​សាក្សី​ឈ្មោះ​ថូម៉ាស់ ស្លូមិន និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ចានអ៊ិស។ ពួក​គាត់​ធ្លាប់​បម្រើ​ជា​សាសនទូត នៅ​ប្រទេស​ប៉ាពូអាស៊ី​នូវែល​ហ្គីណេ។ នៅ​ពេល​នោះ​ខ្ញុំ​មាន​អាយុ​តែ​១៨​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ពួក​គាត់​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ជា​ខ្លាំង​ចំពោះ​ខ្ញុំ​និង​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ច្រើន​ជាង។ ដូច្នេះ ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​មិន​យូរ​ក្រោយ​មក​ខ្ញុំ​ជឿ​ជាក់​ថា​ខ្ញុំ​បាន​រក​ឃើញ​សេចក្ដី​ពិត។ ភ្លាម​ៗ​បន្ទាប់​ពី​ខ្ញុំ​និង​បង​វិនស្ដិន​បាន​រៀប​ការ យើង​បាន​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​ដែល​នាំ​ឲ្យ​យើង​ស្កប់​ចិត្ត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ទោះ​ជា​យើង​មាន​ទុក្ខ​លំបាក​ក្ដី ជីវិត​បែប​នោះ​ជួយ​យើង​កាន់​តែ​ឲ្យ​តម្លៃ​ទៅ​លើ​គជ់​ខ្យង​ដែល​យើង​បាន​រក​ឃើញ។

បង​វិនស្ដិន សូម​ប្រាប់​យើង​អំពី​ប៉ុន្មាន​ឆ្នាំ​ដំបូង​របស់​បង​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។

ក. ផែន​ទី​អំពី​ដំណើរ​របស់​យើង​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល

ខ. តែម​ប្រៃសណីយ៍​ពី​កោះ​ខ្លះ​ៗ។ ពី​មុន​ប្រទេស​គីរីបាទី​និង​ទូវ៉ាលូ​បាន​ត្រូវ​គេ​ស្គាល់​ជា​ប្រជុំ​កោះ​ហ្គៀល​បឺត​និង​អិល្លីស

គ. កោះ​ហ្វូណាហ្វូទី​ជា​កោះ​ផ្កា​ថ្ម​ដ៏​ស្អាត​នៅ​ប្រទេស​ទូវ៉ាលូ។ នេះ​ជា​កោះ​មួយ​ដែល​យើង​ធ្លាប់​ទៅ​មុន​សាសនទូត​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ទី​នោះ

មិន​យូរ​ក្រោយ​ពី​ខ្ញុំ​និង​ផេម​បាន​រៀប​ការ ព្រះ​យេហូវ៉ា​បាន‹បើក​ទ្វារ​ចំហ​យ៉ាង​ធំ›ជា​លើក​ដំបូង​ឲ្យ​យើង​ក្នុង​កិច្ច​បម្រើ​លោក។ (​១កូ. ១៦:៩​) បង​ប្រុស​ជេ​ក ព័រទឺ​បាន​ប្រាប់​យើង​អំពី​ទ្វារ​ទី១​នោះ។ គាត់​បាន​មក​ធ្វើ​ទស្សនកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​ក្រុម​ជំនុំ​តូច​របស់​យើង។ (​ឥឡូវ​គាត់​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​អូស្ដ្រាឡាស៊ី​ជា​មួយ​នឹង​ខ្ញុំ​) បង​ជេ​ក​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​រ៉ូសលិន បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​យើង​បាន​បំពេញ​ឯកសិទ្ធិ​នោះ​អស់​៥​ឆ្នាំ។ ពេល​ខ្ញុំ​មាន​អាយុ​២៩​ឆ្នាំ ខ្ញុំ​និង​ផេម​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​នៅ​កោះ​ផ្សេង​ៗ​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង ដែល​នៅ​ពេល​នោះ​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ការិយាល័យ​សាខា​ហ្វីជី។ យើង​ត្រូវ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​សាម័រ​អាម៉េរិក សាម័រ គីរីបាទី ណូរូ ញូ​អ៊ី ថូគីឡោ តុងហ្គា ទូវ៉ាលូ និង​វ៉ានូទូ។

នៅ​គ្រា​នោះ មនុស្ស​នៅ​កោះ​ដាច់​ស្រយាល​ខ្លះ​សង្ស័យ​អំពី​សាក្សី​ព្រះ​យេហូវ៉ា ដូច្នេះ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​និង​មាន​ចិត្ត​ស្លូត​ត្រង់។ (​ម៉ាថ. ១០:១៦​) ក្រុម​ជំនុំ​គឺ​តូច ហើយ​ក្រុម​ជំនុំ​ខ្លះ​មិន​មាន​កន្លែង​ស្នាក់​នៅ​សម្រាប់​យើង​ទេ។ ដូច្នេះ នៅ​ទី​នោះ​យើង​ត្រូវ​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ជា​មួយ​នឹង​អ្នក​ភូមិ ហើយ​ពួក​គេ​តែង​តែ​បង្ហាញ​សេចក្ដី​សប្បុរស​ជា​ខ្លាំង​ចំពោះ​យើង។

បង​វិនស្ដិន​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ការ​បក​ប្រែ។ តើ​អ្វី​ធ្វើ​ឲ្យ​បង​ចាប់​អារម្មណ៍​នឹង​កិច្ច​ការ​នោះ?

ការ​ដឹក​នាំ​សាលា​សម្រាប់​ពួក​អ្នក​ចាស់​ទុំ​នៅ​ប្រទេស​សាម័រ

នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​បម្រើ​នៅ​ប្រទេស​តុងហ្គា បង​ប្អូន​មាន​តែ​ខិត្តប័ណ្ណ​និង​កូន​សៀវភៅ​មួយ​ចំនួន​ប៉ុណ្ណោះ​ជា​ភាសា​តុងហ្គា ដែល​ជា​ភាសា​មួយ​របស់​អ្នក​នៅ​តំបន់​ប៉ូលីណេស៊ី។ ក្នុង​កិច្ច​បម្រើ​ផ្សាយ ពួក​គេ​បាន​បង្រៀន​មនុស្ស​ដោយ​ប្រើ​សៀវភៅ​មួយ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់(​The Truth That Leads to Eternal Life​)។ ដូច្នេះ ក្នុង​អំឡុង​សាលា​សម្រាប់​ពួក​អ្នក​ចាស់​ទុំ​ដែល​ធ្វើ​ឡើង​អស់​បួន​សប្ដាហ៍ អ្នក​ចាស់​ទុំ​បី​នាក់​ដែល​មិន​សូវ​ចេះ​ភាសា​អង់គ្លេស​បាន​យល់​ព្រម​បក​ប្រែ​សៀវភៅ​សេចក្ដី​ពិត ជា​ភាសា​តុងហ្គា។ ផេម​បាន​វាយ​ឯកសារ ហើយ​យើង​បាន​ផ្ញើ​ឯកសារ​នោះ​ទៅ​ការិយាល័យ​សាខា​សហរដ្ឋ​អាម៉េរិក​ដើម្បី​បោះ​ពុម្ព។ កិច្ច​ការ​បក​ប្រែ​នោះ​ទាំង​មូល​បាន​ត្រូវ​ធ្វើ​ឡើង​អស់​ប្រហែល​ជា​៨​សប្ដាហ៍។ ទោះ​ជា​ការ​បក​ប្រែ​នោះ​មិន​សូវ​មាន​គុណ​ភាព​ប៉ុន្មាន​ក្ដី សៀវភៅ​នោះ​បាន​ជួយ​ជន​ជាតិ​តុងហ្គា​ជា​ច្រើន​ឲ្យ​រៀន​សេចក្ដី​ពិត។ ខ្ញុំ​និង​ផេម​មិន​មែន​ជា​អ្នក​បក​ប្រែ​ទេ ប៉ុន្តែ​បទ​ពិសោធន៍​នោះ​បាន​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ចំពោះ​កិច្ច​ការ​បក​ប្រែ។

បង​ផេម តើ​ជីវិត​នៅ​កោះ​ផ្សេង​ៗ​គឺ​ខុស​គ្នា​យ៉ាង​ណា​នឹង​ជីវិត​នៅ​ប្រទេស​អូស្ដ្រាលី?

កន្លែង​ស្នាក់​នៅ​មួយ​របស់​យើង​ពេល​យើង​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល

គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់! អាស្រ័យ​ទៅ​លើ​កន្លែង​ដែល​យើង​ស្នាក់​នៅ យើង​ត្រូវ​ប្រឈម​មុខ​នឹង​ហ្វូង​មូស អាកាសធាតុ​ក្ដៅ​ឬ​ក្ដៅ​ស្អុះ សត្វ​កណ្ដុរ ជំងឺ ហើយ​ជួន​កាល​មិន​មាន​អាហារ​គ្រប់​គ្រាន់​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​រាល់​ល្ងាច យើង​សប្បាយ​ចិត្ត​ពេល​មើល​ទៅ​សមុទ្រ​ពី​ផ្ទះ​ដែល​យើង​ស្នាក់​នៅ​ដែល​គេ​ហៅ​ជា​ភាសា​សាម័រ​ថា​ហ្វូលេ។ ផ្ទះ​បែប​នោះ​ជា​ផ្ទះ​ធម្មតា​នៅ​តំបន់​ប៉ូលីណេស៊ី។ ផ្ទះ​បែប​នោះ​ប្រក់​ស្បូវ​និង​គ្មានជញ្ជាំង​ទេ។ នៅ​យប់​ខ្លះ​ពន្លឺ​ខែ​គឺ​ភ្លឺ​ខ្លាំង​រហូត​ដល់​យើង​អាច​ឃើញ​ដើម​ដូង ហើយ​យើង​អាច​ឃើញ​ស្រមោល​ខែ​នៅ​លើ​ទឹក​សមុទ្រ។ អ្វី​ដ៏​ពិសេស​ទាំង​នោះ​បាន​ជំរុញ​ចិត្ត​យើង​ឲ្យ​រំពឹង​គិត​និង​អធិដ្ឋាន ហើយ​ជួយ​យើង​ឲ្យ​ឈប់​គិត​អំពី​អ្វី​មិន​ល្អ​ទៀត តែ​គិត​អំពី​អ្វី​ល្អ​ៗ​វិញ។

យើង​ស្រឡាញ់​កូន​ក្មេង​នៅ​ទី​នោះ។ ពួក​គេ​ចូល​ចិត្ត​លេង​ជា​មួយ​នឹង​យើង ហើយ​ក៏​ឆ្ងល់​អំពី​យើង​ដែល​ជា​ជន​បរទេស​ស្បែក​ស។ ពេល​យើង​ទៅ​កោះ​ញូ​អ៊ី ក្មេង​ប្រុស​ម្នាក់​បាន​អង្អែល​រោម​ដៃ​របស់​បង​វិនស្ដិន ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​ស្លាប​របស់​ពូ​»។ គាត់​ទំនង​ជា​មិន​ដែល​ឃើញ​រោម​ដៃ​ដូច​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា​គួរ​ហៅ​រោម​នោះ​បែប​ណា​ដែរ!

យើង​ពិបាក​ចិត្ត​ពេល​ឃើញ​របៀប​រស់​នៅ​របស់​មនុស្ស​ជា​ច្រើន។ ពួក​គេ​ស្នាក់​នៅ​កន្លែង​ដែល​ស្រស់​ស្អាត ប៉ុន្តែ​មិន​សូវ​មាន​ពេទ្យ ហើយ​មិន​សូវ​មាន​ទឹក​បរិភោគ​ដែរ។ តែ​បង​ប្អូន​យើង​មិន​ខ្វល់​អំពី​អ្វី​ទាំង​នោះ​ទេ ពី​ព្រោះ​ពួក​គេ​ធំ​ឡើង​ដោយ​មាន​របៀប​រស់​នៅ​បែប​នោះ។ ពួក​គេ​សប្បាយ​ចិត្ត​ដោយ​សារ​មាន​ក្រុម​គ្រួសារ​នៅ​ជិត​ពួក​គេ មាន​កន្លែង​ប្រជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ និង​មាន​ឯកសិទ្ធិ​សរសើរ​ព្រះ​យេហូវ៉ា។ គំរូ​របស់​ពួក​គេ​បាន​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដ៏​សំខាន់​បំផុត និង​រក្សា​ជីវិត​របស់​យើង​ឲ្យ​សាមញ្ញ។

បង​ផេម ជួន​កាល​បង​ត្រូវ​រក​ទឹក​ដោយ​ខ្លួន​ឯង ហើយ​ធ្វើ​ម្ហូប​តាម​របៀប​ថ្មី។ តើ​បង​បាន​សម្រប​ខ្លួន​នឹង​អ្វី​ទាំង​នោះ​តាម​របៀប​ណា?

នៅ​ប្រទេស​តុងហ្គា ផេម​បោក​ខោ​អាវ​របស់​យើង

ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ឪ​ពុក​ខ្ញុំ​បាន​បង្ហាត់​បង្រៀន​ខ្ញុំ។ គាត់​បាន​បង្រៀន​ខ្ញុំ​អ្វី​ដ៏​សំខាន់​ជា​ច្រើន ដូច​ជា​របៀប​បង្កាត់​ភ្លើង​និង​ធ្វើ​ម្ហូប​ដោយ​ប្រើ​ភ្លើង​នោះ ហើយ​ក៏​បង្រៀន​ខ្ញុំ​អំពី​របៀប​មាន​ជីវិត​សាមញ្ញ។ នៅ​ពេល​មួយ​កាល​ដែល​យើង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​គីរីបាទី យើង​បាន​ស្នាក់​នៅ​ផ្ទះ​ផ្ទាល់​ដី​តូច​មួយ​ដែល​ប្រក់​ស្បូវ និង​ក្រាល​ក្រួស​ពី​ផ្កា​ថ្ម ហើយ​ជញ្ជាំង​ធ្វើ​ពី​ឫស្សី។ ដើម្បី​ធ្វើ​ម្ហូប​សាមញ្ញ ខ្ញុំ​ជីក​រណ្ដៅ​មួយ​ដើម្បី​ធ្វើ​ជា​ចង្ក្រាន ហើយ​ដាក់​សំបក​ដូង​ចូល​ក្នុង​រណ្ដៅ​នោះ​ដើម្បី​បង្កាត់​ភ្លើង។ ដើម្បី​មាន​ទឹក​ប្រើ​ប្រាស់ ខ្ញុំ​បាន​ឈរ​តម្រង់​ជួរ​នៅ​អណ្ដូង​ទឹក​ជា​មួយ​នឹង​ស្ត្រី​នៅ​ម្ដុំ​នោះ។ ពួក​គេ​ដង​ទឹក​ដោយ​ប្រើ​ឈើ​មួយ​ដែល​មាន​ប្រវែង​ប្រហែល​ជា​ពីរ​ម៉ែត្រ ហើយ​មាន​ខ្សែ​ដែល​បាន​ត្រូវ​ចង​ភ្ជាប់​នឹង​ឈើ​នោះ ដែល​ស្រដៀង​នឹង​ដង​សន្ទូច។ ប៉ុន្តែ ពួក​គេ​មិន​បាន​ចង​ផ្លែ​សន្ទូច​ទេ ពួក​គេ​ចង​ធុង​តូច​មួយ​វិញ។ ស្ត្រី​ទាំង​នោះ​បាន​ដាក់​វេន​គ្នា​ទម្លាក់​ខ្សែ​នោះ ហើយ​កន្ដ្រាក់​ខ្សែ​នោះ​នៅ​ពេល​ត្រឹម​ត្រូវ។ យ៉ាង​នេះ ធុង​នោះ​ផ្ដេក ហើយ​ទឹក​អាច​ចូល​បាន។ ខ្ញុំ​ស្មានថា​ស្រួល​ធ្វើ រហូត​ដល់​វេន​ខ្ញុំ​មក​ដល់​ទើប​ខ្ញុំ​ដឹង។ ខ្ញុំ​ទម្លាក់​ខ្សែ​ប៉ុន្មាន​ដង តែ​រាល់​ដង​ធុង​នោះ​អណ្ដែត ហើយ​ទឹក​មិន​បាន​ចូល​ទេ! ក្រោយ​ពី​ពួក​ស្ត្រី​នៅ​ទី​នោះ​ឈប់​សើច ស្ត្រី​ម្នាក់​ស្នើ​សុំ​ជួយ​ខ្ញុំ។ មនុស្ស​នៅ​ទី​នោះ​តែង​តែ​សប្បុរស ហើយ​ចង់​ជួយ​អ្នក​ឯ​ទៀត។

បង​ទាំង​ពីរ​បាន​ស្រឡាញ់​ការ​បំពេញ​ភារកិច្ច​នៅ​កោះ​ទាំង​នោះ។ តើ​បង​អាច​ប្រាប់​យើង​អំពី​អនុស្សាវរីយ៍​ដ៏​ពិសេស​ខ្លះ​បាន​ទេ?

បង​វិនស្ដិន: យើង​ត្រូវ​ការ​ពេល​មួយ​រយៈ​ដើម្បី​យល់​អំពី​ទំនៀម​ទម្លាប់​ខ្លះ​នៅ​ទី​នោះ។ ជា​ឧទាហរណ៍ ពេល​បង​ប្អូន​អញ្ជើញ​យើង​ឲ្យ​បរិភោគ​ម្ហូប​អាហារ​នៅ​ផ្ទះ​របស់​ពួក​គេ តាម​ធម្មតា​ពួក​គេ​បាន​ឲ្យ​យើង​ម្ហូប​ទាំង​អស់​ដែល​ពួក​គេ​មាន។ ដំបូង យើង​មិន​បាន​ដឹង​ថា​យើង​ត្រូវ​ទុក​ម្ហូប​ខ្លះ​ឲ្យ​ពួក​គេ​បរិភោគ​ទេ។ ដូច្នេះ យើង​បាន​បរិភោគ​ម្ហូប​ទាំង​អស់​ដែល​ពួក​គេ​បាន​ដាក់​ទទួល​យើង! ប៉ុន្តែ ពេល​យើង​យល់​អំពី​ទំនៀម​ទម្លាប់​នៅ​ទី​នោះ យើង​បាន​ទុក​ម្ហូប​ឲ្យ​ពួក​គេ​បរិភោគ​ដែរ។ ទោះ​ជា​យើង​បាន​ធ្វើ​ខុស​ក្ដី បង​ប្អូន​មិន​ប្រកាន់​យើង​ទេ។ ពួក​គេ​តែង​តែ​ពេញ​ចិត្ត​ជួប​យើង​រាល់​៦​ខែ​ម្ដង​ពេល​យើង​មក​ធ្វើ​ទស្សនកិច្ច។ នៅ​គ្រា​នោះ ក្រៅ​ពី​បង​ប្អូន​សាក្សី​ដែល​រស់​នៅ​ម្ដុំ​នោះ យើង​ជា​សាក្សី​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ពួក​គេ​បាន​សេពគប់។

ការ​នាំ​មុខ​ក្រុម​ផ្សព្វ​ផ្សាយ​នៅ​កោះ​ញូ​អ៊ី

ទស្សនកិច្ច​របស់​យើង​ក៏​លើក​តម្កើង​ព្រះ​របស់​យើង​និង​អង្គ​ការ​របស់​លោក​នៅ​ក្នុង​សហគមន៍​នោះ​ដែរ។ អ្នក​ភូមិ​ជា​ច្រើន​បាន​គិត​ថា​សាសនា​របស់​យើង​ជា​សាសនា​ដែល​បង​ប្អូន​នៅ​តំបន់​នោះ​បាន​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង។ ដូច្នេះ ពេល​អ្នក​ត្រួត​ពិនិត្យ​និង​ប្រពន្ធ​របស់​គាត់​ដែល​ជា​ជន​បរទេស​បាន​មក​ធ្វើ​ទស្សនកិច្ច អ្នក​ភូមិ​បាន​កោត​ស្ងើច ហើយ​ក៏​យល់​ច្បាស់​ជាង​អំពី​ពួក​យើង។

បង​ផេម: អនុស្សាវរីយ៍​ដ៏​ពិសេស​ចំពោះ​ខ្ញុំ​គឺ​នៅ​ប្រទេស​គីរីបាទី។ នៅ​ទី​នោះ​ក្រុម​ជំនុំ​មាន​បង​ប្អូន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។ អ្នក​ចាស់​ទុំ​តែ​ម្នាក់​ដែល​នៅ​ទី​នោះ​មាន​ឈ្មោះ​ស្ថីនអឹខែ ម៉ា​ថេរ៉ា។ គាត់​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ នៅ​ថ្ងៃ​មួយ គាត់​មក​លេង​យើង ហើយ​ឲ្យ​យើង​កន្ត្រក​មួយ​ដែល​មាន​ពង​មាន់​មួយ​គ្រាប់។ គាត់​បាន​និយាយ​ថា​៖ ​«​នេះ​សម្រាប់​បង​ទាំង​ពីរ​»។ នៅ​គ្រា​នោះ​យើង​មិន​សូវ​មាន​ឱកាស​បរិភោគ​ពង​មាន់​ទេ នោះ​ជា​អ្វី​ដ៏​ពិសេស​ណាស់។ ទង្វើ​ដ៏​បន្ដិច​បន្តួច​នេះ​ដែល​បង្ហាញ​ចិត្ត​ទូលាយ​របស់​គាត់​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​យើង។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​បង​ផេម​រលូត​កូន។ តើ​អ្វី​បាន​ជួយ​បង​ឲ្យ​ស៊ូ​ទ្រាំ?

នៅ​ឆ្នាំ​១៩៧៣​ពេល​ខ្ញុំ​និង​បង​វិនស្ដិន​នៅ​តែ​បំពេញ​ភារកិច្ច​របស់​យើង​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង យើង​បាន​ដឹង​ថា​ខ្ញុំ​មាន​កូន។ យើង​សម្រេច​ចិត្ត​ទៅ​ប្រទេស​អូស្ដ្រាលី​វិញ ប៉ុន្តែ​បួន​ខែ​ក្រោយ​មក​កូន​របស់​យើង​បាន​ស្លាប់​នៅ​ក្នុង​ពោះ។ ខ្ញុំ​និង​បង​វិនស្ដិន​កើត​ទុក្ខ​ជា​ខ្លាំង។ ការ​ឈឺ​ចាប់​របស់​ខ្ញុំ​មិន​បាន​បាត់​ទាំង​ស្រុង​ទេ រហូត​ដល់​យើង​បាន​ទទួល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០០៩។ ក្នុង​ទស្សនាវដ្ដី​នោះ ​«​សំណួរ​ពី​អ្នក​អាន​»​បាន​សួរ​ថា​៖ ​«​តើ​ទារក​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ​អាច​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ?​»។ អត្ថបទ​នោះ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ ហើយ​លោក​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ លោក​នឹង​បំបាត់​ការ​ឈឺ​ចាប់​ទាំង​អស់​ដែល​យើង​មាន​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ ពេល​ដែល​លោក​ណែនាំ​បុត្រ​របស់​លោក​ឲ្យ‹បំផ្លាញ​ស្នា​ដៃ​របស់​សាថាន›។ (​១យ៉ូន. ៣:៨​) អត្ថបទ​នោះ​ក៏​បាន​ជួយ​យើង​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ទៅ​លើ​«​គជ់​ខ្យង​»​ដែល​យើង​បាន​ទទួល​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា! បើ​គ្មាន​សេចក្ដី​សង្ឃឹម​អំពី​រាជាណាចក្រ យើង​មិន​មាន​អ្វី​ទាំង​អស់។

ក្រោយ​កូន​របស់​យើង​បាន​ស្លាប់ យើង​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​ម្ដង​ទៀត។ យើង​បាន​បម្រើ​អស់​ប៉ុន្មាន​ខែ​នៅ​បេតអែល​អូស្ដ្រាលី ហើយ​ក្រោយ​មក​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​ម្ដង​ទៀត។ នៅ​ឆ្នាំ​១៩៨១ បន្ទាប់​ពី​យើង​បាន​បម្រើ​អស់​បួន​ឆ្នាំ​នៅ​តាម​ជនបទ​នា​រដ្ឋ​ញូវ​សោតវេល​និង​នៅ​ក្រុង​ស៊ីដនី យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​នៅ​ការិយាល័យ​សាខា​អូស្ដ្រាលី(​ដែល​ឥឡូវ​ហៅ​ថា​ការិយាល័យ​សាខា​អូស្ដ្រាឡាស៊ី​) ហើយ​យើង​បាន​បម្រើ​នៅ​ទី​នោះ​រហូត​ដល់​ឥឡូវ​នេះ។

បង​វិនស្ដិន តើ​បទ​ពិសោធន៍​របស់​បង​នៅ​កោះ​ផ្សេង​ៗ​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​បាន​ជួយ​បង​ក្នុង​កិច្ច​ការ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​អូស្ដ្រាឡាស៊ី​ឬ​ទេ?

បាទ បាន​ជួយ​ខ្ញុំ​តាម​របៀប​មួយ​ចំនួន។ នៅ​ដើម​ដំបូង ការិយាល័យ​សាខា​អូស្ដ្រាលី​បាន​ត្រូវ​សុំ​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ប្រទេស​សាម័រ​អាម៉េរិក និង​សាម័រ។ បន្ទាប់​មក ការិយាល័យ​សាខា​នូវែល​សេឡង់​បាន​ត្រូវ​បញ្ចូល​ជា​មួយ​នឹង​ការិយាល័យ​សាខា​អូស្ដ្រាលី។ ឥឡូវ តំបន់​ដែល​ការិយាល័យ​សាខា​អូស្ដ្រាឡាស៊ី​មើល​ការ​ខុស​ត្រូវ​រួម​មាន​ប្រទេស​អូស្ដ្រាលី សាម័រ​អាម៉េរិក សាម័រ ប្រជុំ​កោះ​ឃុក ប្រទេស​នូវែល​សេឡង់ ញូ​អ៊ី ទីម័រ​លេស្សតេ ថូគីឡោ និង​តុងហ្គា។ ខ្ញុំ​ធ្លាប់​ទៅ​ប្រទេស​ជា​ច្រើន​ទាំង​នោះ​ក្នុង​នាម​ជា​តំណាង​ការិយាល័យ​សាខា។ បទ​ពិសោធន៍​របស់​ខ្ញុំ​ក្នុង​ការ​បំពេញ​កិច្ច​ការ​ផ្សេង​ៗ​ជា​មួយ​នឹង​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​នៅ​កោះ​ទាំង​នោះ​ជួយ​ខ្ញុំ​ជា​ច្រើន​កាល​ដែល​ខ្ញុំ​បម្រើ​ពួក​គេ​ពី​ការិយាល័យ​សាខា។

បង​វិនស្ដិន​និង​បង​ផេម​នៅ​ការិយាល័យ​សាខា​អូស្ដ្រាឡាស៊ី

ចុង​ក្រោយ​ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​និង​ផេម​បាន​ទទួល​ស្គាល់​ជា​យូរ​មក​ហើយ​ថា ដូច​ក្នុង​ករណី​របស់​យើង គឺ​មិន​មាន​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ដែល​ស្វែង​រក​ព្រះ​ទេ។ មនុស្ស​វ័យ​ក្មេង​ក៏​ចង់​បាន​«​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​»​ដែរ ទោះ​ជា​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​មិន​ចាប់​អារម្មណ៍​ក្ដី។ (​២ព. ៥:២, ៣; ២រប. ៣៤:១​-​៣​) ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ស្រឡាញ់​យើង ហើយ​លោក​ចង់​ឲ្យ​ទាំង​ចាស់​ទាំង​ក្មេង​ទទួល​ជីវិត!

ជាង​៥០​ឆ្នាំ​មុន ពេល​ខ្ញុំ​និង​ផេម​បាន​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ យើង​មិន​បាន​ដឹង​ថា​នោះ​នឹង​នាំ​មក​នូវ​លទ្ធផល​អ្វី​ទេ។ សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ​គឺ​ជា​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ឡើយ! យើង​តាំង​ចិត្ត​កាន់​ខ្ជាប់​គជ់​ខ្យង​នោះ​ដោយ​អស់​ពី​សមត្ថភាព!