លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹តើ​អ្នក​ណា​នៅ​ខាង​ព្រះ​យេហូវ៉ា?›

‹តើ​អ្នក​ណា​នៅ​ខាង​ព្រះ​យេហូវ៉ា?›

​«​ត្រូវ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់​ព្រម​ទាំង​នៅ​ជាប់​នឹង​ទ្រង់​»។—ចោទិយកថា ១០:២០

ចម្រៀង​លេខ: ២៨, ៣២

១, ២. (​ក​) ហេតុ​អ្វី​ការ​នៅ​ខាង​ព្រះ​យេហូវ៉ា​គឺ​ឈ្លាស​វៃ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ការ​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​ឈ្លាស​វៃ។ គ្មាន​អ្នក​ណា​ម្នាក់​មាន​ប្រាជ្ញា សេចក្ដី​ស្រឡាញ់ និង​ឫទ្ធា​នុភាព​ខ្លាំង​ជាង​លោក​ឡើយ! យើង​ច្បាស់​ជា​ចង់​នៅ​ខាង​លោក​និង​មាន​ភក្ដី​ភាព​ចំពោះ​លោក​ជា​និច្ច។ (​ទំនុក​តម្កើង ៩៦:៤​-​៦​) ប៉ុន្ដែ អ្នក​ខ្លះ​ដែល​គោរព​ប្រណិប័តន៍​លោក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។

ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​អំពី​គំរូ​របស់​បុគ្គល​មួយ​ចំនួន​ដែល​បាន​អះអាង​ថា​ពួក​គេ​នៅ​ខាង​ព្រះ​យេហូវ៉ា តែ​នៅ​ពេល​ដំណាល​គ្នា​ពួក​គេ​បាន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ មេ​រៀន​ដ៏​សំខាន់​ដែល​យើង​រៀន​ពី​ពួក​គេ​អាច​ជួយ​យើង​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​ចិត្ដ​របស់​យើង

៣. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ព្យាយាម​ជួយ​កាអ៊ីន ហើយ​តើ​លោក​បាន​ប្រាប់​អ្វី​ដល់​គាត់?

សូម​គិត​អំពី​កាអ៊ីន។ គាត់​មិន​បាន​គោរព​បូជា​ព្រះ​មិន​ពិត​ទេ តែ​ព្រះ​យេហូវ៉ា​នៅ​តែ​មិន​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​គាត់។ ហេតុ​អ្វី? ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា​កាអ៊ីន​មាន​ទំនោរ​ចិត្ដ​ចង់​ធ្វើ​អាក្រក់។ (​យ៉ូហាន​ទី១ ៣:១២​) ព្រះ​យេហូវ៉ា​បាន​ប្រាប់​កាអ៊ីន​ថា​៖ ​«​បើ​ឯង​ធ្វើ​ល្អ តើ​មិន​បាន​ទឹក​មុខ​រីក​រាយ​វិញ​ទេ​ឬ​អី?​»។ (​លោកុប្បត្ដិ ៤:៦, ៧​) ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​បើ​កាអ៊ីន​ប្រែ​ចិត្ដ ហើយ​សម្រេច​ចិត្ដ​នៅ​ខាង​លោក លោក​នឹង​គាំ​ទ្រ​គាត់។

៤. តើ​កាអ៊ីន​បាន​ធ្វើ​អ្វី​ពេល​គាត់​មាន​ឱកាស​នៅ​ខាង​ព្រះ​យេហូវ៉ា?

បើ​កាអ៊ីន​កែ​ប្រែ​គំនិត​របស់​គាត់ ព្រះ​យេហូវ៉ា​នឹង​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​គាត់​ម្ដង​ទៀត។ ប៉ុន្ដែ កាអ៊ីន​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​ទេ ហើយ​របៀប​គិត​គូរ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​បាន​នាំ​ឲ្យ​គាត់​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង។ (​យ៉ាកុប ១:១៤, ១៥​) ពេល​កាអ៊ីន​នៅ​វ័យ​ក្មេង គាត់​ប្រហែល​ជា​មិន​ដែល​នឹក​ស្មានថា​គាត់​នឹង​ប្រឆាំង​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្ដែ​ពេល​គាត់​ធំ​ឡើង គាត់​មិន​បាន​អើពើ​នឹង​ការ​ព្រមាន​របស់​ព្រះ គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​លោក ហើយ​បាន​សម្លាប់​ប្អូន​របស់​គាត់!

៥. តើ​របៀប​គិត​គូរ​បែប​ណា​អាច​នាំ​ឲ្យ​យើង​បាត់​បង់​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា?

ដូច​កាអ៊ីន នៅ​សព្វ​ថ្ងៃ​នេះ​ប្រហែល​ជា​គ្រិស្ដ​សាសនិក​ណា​ម្នាក់​អះអាង​ថា​គាត់​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា តែ​តាម​ពិត​គាត់​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ (​យូដាស ១១​) គាត់​ប្រហែល​ជា​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​ទៅ​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ ប៉ុន្ដែ​នៅ​ពេល​ដំណាល​គ្នា គាត់​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​ការ​ស្អប់​ចំពោះ​អ្នក​ណា​ម្នាក់ ចិត្ដ​គំនិត​លោភ​លន់ ឬ​ការ​ស្រមើ​ស្រមៃ​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​គ្រប់​គ្រង​គំនិត​របស់​គាត់។ (​យ៉ូហាន​ទី១ ២:១៥​-​១៧; ៣:១៥​) របៀប​គិត​គូរ​បែប​នេះ​អាច​នាំ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង។ អ្នក​ឯ​ទៀត​ប្រហែល​ជា​មិន​ដឹង​អំពី​គំនិត​ឬ​ការ​ប្រព្រឹត្ដ​របស់​យើង​ទេ ប៉ុន្ដែ​ព្រះ​យេហូវ៉ា​ដឹង។ លោក​ដឹង នៅ​ពេល​ដែល​យើង​មិន​នៅ​ខាង​លោក​ទាំង​ស្រុង។—សូម​អាន យេរេមា ១៧:៩, ១០

៦. តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ណា​ឲ្យ​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​របស់​យើង?

ទោះ​ជា​យើង​ធ្វើ​ខុស​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​ឆាប់​បោះ​បង់​ចោល​យើង​ទេ។ បើ​យើង​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​ខុស ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​វិល​មក​ឯ​លោក​វិញ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​វិល​មក​ឯ​អញ​វិញ​ចុះ នោះ​អញ​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ​»។ (​ម៉ាឡាគី ៣:៧​) ព្រះ​យេហូវ៉ា​យល់​ថា​យើង​មាន​ភាព​ទន់​ខ្សោយ​ដែល​យើង​កំពុង​តយុទ្ធ​ប្រឆាំង។ ប៉ុន្ដែ​លោក​ចង់​ឲ្យ​យើង​កាន់​ជំហរ​មាំ​មួន ហើយ​ស្អប់​អ្វី​ដែល​អាក្រក់។ (​អេសាយ ៥៥:៧​) បើ​យើង​ធ្វើ​អ្វី​ទាំង​នេះ លោក​សន្យា​ថា​លោក​នឹង​ជួយ​យើង ហើយ​លោក​នឹង​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​របស់​យើង។—លោកុប្បត្ដិ ៤:៧

​«​កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ​»​

៧. តើ​សាឡូម៉ូន​បាន​បាត់​បង់​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ពេល​សាឡូម៉ូន​នៅ​វ័យ​ក្មេង គាត់​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ព្រះ​បាន​ឲ្យ​ប្រាជ្ញា​ដល់​សាឡូម៉ូន ហើយ​បាន​ប្រគល់​ភារកិច្ច​ដ៏​សំខាន់​ឲ្យ​គាត់​គឺ​កិច្ច​ការ​សង់​វិហារ​ដ៏​សែន​ស្អាត​របស់​លោក​នៅ​ក្រុង​យេរូសាឡិម។ ប៉ុន្ដែ​សាឡូម៉ូន​បាន​បាត់​បង់​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​ពង្សាវតារ​ក្សត្រ​ទី១ ៣:១២; ១១:១, ២​) ច្បាប់​របស់​ព្រះ​បាន​ចែង​ថា​ស្ដេច​មិន​គួរ​យក‹ភរិយា​ជា​ច្រើន ដើម្បី​កុំ​ឲ្យ​មាន​ចិត្ដ​ងាក​បែរ​ចេញ​ទៅ​ឡើយ›។ (​ចោទិយកថា ១៧:១៧​) សាឡូម៉ូន​បាន​បំពាន​ច្បាប់​នោះ។ នៅ​ទី​បំផុត គាត់​មាន​ភរិយា​៧០០​នាក់​និង​ប្រពន្ធ​ចុង​៣០០​នាក់! (​ពង្សាវតារ​ក្សត្រ​ទី១ ១១:៣​) ស្ដ្រី​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​គោរព​បូជា​ព្រះ​មិន​ពិត។ ដូច្នេះ សាឡូម៉ូន​ក៏​បាន​បំពាន​ច្បាប់​របស់​ព្រះ​ដែល​មិន​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​ស្ដ្រីជន​ជាតិ​ដទៃ។—ចោទិយកថា ៧:៣, ៤

៨. តើ​តាម​របៀប​ណា​សាឡូម៉ូន​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ដ?

បន្ដិច​ម្ដង​ៗ សាឡូម៉ូន​បាន​បាត់​បង់​សេចក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ នៅ​ទី​បំផុត គាត់​បាន​ធ្វើ​អ្វី​ដ៏​អាក្រក់​ក្រៃ​លែង។ គាត់​បាន​សង់​ទី​បូជា​សម្រាប់​ព្រះ​អាសថារ៉ូត​និង​ព្រះ​កេម៉ូស​ដែល​ជា​ព្រះ​មិន​ពិត រួច​មក​គាត់​បាន​គោរព​បូជា​ព្រះ​មិន​ពិត​ទាំង​នេះ​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់។ សាឡូម៉ូន​ថែម​ទាំង​បាន​សង់​ទី​បូជា​ទាំង​នេះ នៅ​លើ​ភ្នំ​មួយ​ខាង​មុខ​ក្រុង​យេរូសាឡិម​ជា​ក្រុង​ដែល​គាត់​បាន​សង់​វិហារ​របស់​ព្រះយេហូវ៉ា! (​ពង្សាវតារ​ក្សត្រ​ទី១ ១១:៥​-​៨; ពង្សាវតារ​ក្សត្រ​ទី២ ២៣:១៣​) ប្រហែល​ជា​សាឡូម៉ូន​បាន​បញ្ឆោត​ខ្លួន​ដោយ​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​ព្រងើយ​កន្ដើយ​ចំពោះ​ការ​ប្រព្រឹត្ដ​អាក្រក់​ទាំង​អស់​របស់​គាត់ ដរាប​ណា​ដែល​គាត់​បន្ដ​ជូន​គ្រឿង​បូជា​នៅ​វិហារ​របស់​លោក។

៩. តើ​អ្វី​បាន​កើត​ឡើង​ពេល​សាឡូម៉ូន​មិន​បាន​ស្តាប់​តាម​ការ​ព្រមាន​ពី​ព្រះ?

ប៉ុន្ដែ​ព្រះ​យេហូវ៉ា​មិន​ដែល​ព្រងើយ​កន្ដើយ​ចំពោះ​អំពើ​ខុស​ឆ្គង​ឡើយ។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​កើត​មាន​សេចក្ដី​ខ្ញាល់​ចំពោះ​សាឡូម៉ូន ដោយ​ព្រោះ​ព្រះ​ទ័យ​ទ្រង់​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​»។ ព្រះ​បាន​ព្យាយាម​ជួយ​សាឡូម៉ូន។ ព្រះ​យេហូវ៉ា​«​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​២​ដង​ហើយ ក៏​បាន​បង្គាប់​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ដែរ​ថា មិន​ត្រូវ​ឲ្យ​ទ្រង់​ប្រតិបត្ដិ​តាម​ព្រះ​ដទៃ​ឡើយ តែ​ទ្រង់​មិន​បាន​រក្សា​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​មក​នោះ​ទេ​»។ ជា​លទ្ធផល គាត់​បាន​បាត់​បង់​ការ​គាំ​ទ្រ​និង​ការ​ពេញ​ចិត្ដ​ពី​ព្រះ។ ព្រះ​យេហូវ៉ា​មិន​បាន​អនុញ្ញាត​ឲ្យ​កូន​ចៅ​របស់​សាឡូម៉ូន​គ្រប់​គ្រង​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ទេ ហើយ​ពួក​គេ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​អស់​រាប់​រយ​ឆ្នាំ។—ពង្សាវតារ​ក្សត្រ​ទី១ ១១:៩​-​១៣

១០. តើ​អ្វី​អាច​បង្ខូច​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១០ បើ​យើង​ជ្រើស​រើស​មិត្ដ​ភក្ដិ​ដែល​មិន​គោរព​ឬ​មិន​យល់​អំពី​ខ្នាត​តម្រា​របស់​ព្រះ ពួក​គេ​អាច​មាន​ឥទ្ធិពល​លើ​របៀប​គិត​គូរ​របស់​យើង ហើយ​បង្ខូច​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ប្រហែល​ជា​អ្នក​នោះ​ជា​សមាជិក​ក្រុម​ជំនុំ ប៉ុន្ដែ​ពួក​គេ​មិន​មាន​ចំណង​មិត្ដភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទេ។ ឬ​ពួក​គេ​អាច​ជា​សាច់​ញាតិ អ្នក​ជិត​ខាង អ្នក​រួម​ការ​ងារ ឬ​សិស្ស​រួម​ថ្នាក់​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ បើ​មនុស្ស​ដែល​យើង​សេពគប់​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ពួក​គេ​អាច​ជះ​ឥទ្ធិពល​លើ​យើង​យ៉ាងខ្លាំង​រហូត​ដល់​យើង​អាច​បាត់​បង់​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ។

តើ​មនុស្ស​ដែល​អ្នក​សេពគប់​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា? (​សូម​មើល​វគ្គ​១១​)

១១. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជ្រើស​រើស​មិត្ដ​ភក្ដិ?

១១ សូម​អាន កូរិនថូស​ទី១ ១៥:៣៣មនុស្ស​ភាគ​ច្រើន​មាន​គុណ​សម្បត្ដិ​ខ្លះ​ៗ ហើយ​ពួក​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ប្រហែល​ជា​មិន​តែង​តែ​ធ្វើ​អ្វី​ដែល​អាក្រក់​ទេ។ អ្នក​ប្រហែល​ជា​ស្គាល់​បុគ្គល​មួយ​ចំនួន​បែប​នេះ។ តើ​នេះ​មាន​ន័យ​ថា​ការ​សេពគប់​ជា​មួយ​នឹង​ពួក​គេ​គឺ​ជា​ការ​ល្អ​ឬ? តើ​ពួក​គេ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា? តើ​ពួក​គេ​ជួយ​អ្នក​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​ឬ​ទេ? តើ​អ្វី​ពិត​ជា​សំខាន់​ចំពោះ​បុគ្គល​ទាំង​នោះ? តើ​ពួក​គេ​និយាយ​អំពី​អ្វី​ខ្លះ? តើ​ពួក​គេ​ច្រើន​តែ​និយាយ​អំពី​ម៉ូដ​សម្លៀក​បំពាក់​ទាន់​សម័យ លុយ គ្រឿង​អេឡិចត្រូនិក និង​ការ​កម្សាន្ដ​ជា​ដើម​ឬ​ទេ? តើ​ពួក​គេ​ច្រើន​តែ​រិះ​គន់​អ្នក​ឯ​ទៀត​ឬ? តើ​ពួក​គេ​ចូល​ចិត្ដ​និយាយ​កំប្លែង​អាសអាភាស​ឬ​ទេ? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ដ​»។ (​ម៉ាថាយ ១២:៣៤​) បើ​អ្នក​ដឹង​ថា​មនុស្ស​ដែល​អ្នក​សេពគប់​កំពុង​បង្ខូច​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា សូម​ចាត់​វិធានការ! សូម​ដាក់​កម្រិត​ទៅ​លើ​ពេល​វេលា​ដែល​អ្នក​ចំណាយ​ជា​មួយ​នឹង​ពួក​គេ ហើយ​បើ​ចាំ​បាច់​ឈប់​ធ្វើ​ជា​មិត្ដ​របស់​ពួក​គេ។—សុភាសិត ១៣:២០

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន​ភក្ដី​ភាព​ចំពោះ​លោក

១២. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្វី​ដល់​ជន​ជាតិ​អ៊ីស្រាអែល​មិន​យូរ​ក្រោយ​ពី​ពួក​គេ​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប? (​ខ​) តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​និយាយ​យ៉ាង​ណា​ពេល​ព្រះ​បាន​ប្រាប់​ពួក​គេ​ថា​លោក​តម្រូវ​ឲ្យ​ពួក​គេ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក?

១២ យើង​ក៏​អាច​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ព្រះ​យេហូវ៉ា​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប។ កាល​ដែល​បណ្ដា​ជន​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​ភ្នំ​ស៊ីណាយ ព្រះ​យេហូវ៉ា​បាន​លេច​មក​តាម​របៀប​ដ៏​អស្ចារ្យ! ពួក​គេ​បាន​ឃើញ​ពពក​ខ្មៅ ផ្លេក​បន្ទោរ និង​ផ្សែង ហើយ​ពួក​គេ​បាន​ឮ​សំឡេង​ផ្គរ​លាន់​និង​សំឡេង​ឮ​លាន់​យ៉ាង​ខ្លាំង​ដូច​សំឡេង​ផ្លុំ​ត្រែ​ដែល​ធ្វើ​ពី​ស្នែង។ (​និក្ខមនំ ១៩:១៦​-​១៩​) បន្ទាប់​មក ពួក​គេ​បាន​ឮ​ព្រះ​យេហូវ៉ា​ប្រកាស​ថា​លោក​ជា‹ព្រះ​ដែល​មាន​សេចក្ដី​ប្រច័ណ្ឌ› ឬ​លោក​តម្រូវ​ឲ្យ​ពួក​គេ​បង្ហាញ​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​លោក។ លោក​បាន​សន្យា​ថា​លោក​នឹង​ស្មោះ​ត្រង់​ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក​និង​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក។ (​សូម​អាន និក្ខមនំ ២០:១​-​៦) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ដឹង​ថា​បើ​ពួក​គេ​នៅ​ខាង​លោក លោក​នឹង​គាំ​ទ្រ​ពួក​គេ។ បើ​អ្នក​នៅ​ទី​នោះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​ឮ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ? អ្នក​ទំនង​ជា​ឆ្លើយ​ដូច​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នោះ ដែល​និយាយ​ថា​៖ ​«​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​មក​»។ (​និក្ខមនំ ២៤:៣​) ប៉ុន្ដែ មិន​យូរ​ក្រោយ​មក​មាន​អ្វី​មួយ​បាន​កើត​ឡើង​ដែល​សាកល្បង​ភក្ដី​ភាព​របស់​ជន​ជាតិ​អ៊ីស្រាអែល​ចំពោះ​ព្រះ។ តើ​នោះ​ជា​អ្វី?

១៣. តើ​អ្វី​បាន​សាកល្បង​ភក្ដី​ភាព​របស់​ជន​ជាតិ​អ៊ីស្រាអែល?

១៣ ជន​ជាតិ​អ៊ីស្រាអែល​ភ័យ​ខ្លាច​ពេល​ពួក​គេ​ឃើញ​ឫទ្ធា​នុភាព​ដ៏​អស្ចារ្យ​របស់​ព្រះ ហេតុ​នេះ​ម៉ូសេ​បាន​ឡើង​ភ្នំ​ស៊ីណាយ ហើយ​និយាយ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជំនួស​ពួក​គេ។ (​និក្ខមនំ ២០:១៨​-​២១​) ប៉ុន្ដែ​ម៉ូសេ​មិន​បាន​ចុះ​មក​ជំរំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ​ភ្លាម​ៗ​ទេ។ មើល​ទៅ​ដូច​ជា​ពួក​គេ​បាន​ត្រូវ​ទុក​ចោល​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដោយ​គ្មាន​អ្នក​ដឹក​នាំ។ តើ​ពួក​គេ​នឹង​ធ្វើ​អ្វី? ប្រហែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ពឹង​ផ្អែក​ខ្លាំង​ពេក​ទៅ​លើ​ម៉ូសេ​ដែល​ជា​អ្នក​ដឹក​នាំ​ជា​មនុស្ស។ ពួក​គេ​បាន​ខ្វល់​ខ្វាយ ហើយ​ប្រាប់​អេរ៉ុន​ថា​៖ ​«​សូម​លោក​ធ្វើ​ព្រះ​សំ​រាប់​យើង​រាល់​គ្នា​ឲ្យ​បាន​នាំ​មុខ​យើង​ផង ដ្បិត​ឯ​ម៉ូសេ ជា​អ្នក​ដែល​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​រាល់​គ្នា​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ​»។—និក្ខមនំ ៣២:១, ២

១៤. តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បញ្ឆោត​ខ្លួន​យ៉ាង​ដូច​ម្ដេច ហើយ​តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា?

១៤ ជន​ជាតិ​អ៊ីស្រាអែល​ដឹង​ថា​ការ​គោរព​បូជា​រូប​ព្រះ​គឺ​ខុស។ (​និក្ខមនំ ២០:៣​-​៥​) ប៉ុន្ដែ​មិន​យូរ​ក្រោយ​ពី​ម៉ូសេ​បាន​ឡើង​ភ្នំ ពួក​គេ​បាន​ចាប់​ផ្ដើម​គោរព​បូជា​រូប​កូន​គោ​មាស! ទោះ​ជាពួក​គេ​បាន​ធ្វើ​ខុស​ពី​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ក៏​ដោយ ពួក​គេ​បាន​បញ្ឆោត​ខ្លួន​ដោយ​គិត​ថា​ពួក​គេ​នៅ​តែ​នៅ​ខាង​ព្រះ​យេហូវ៉ា។ អេរ៉ុន​ថែម​ទាំង​បាន​ហៅ​ការ​គោរព​បូជា​កូន​គោ​នោះ​ថា​«​បុណ្យ​ថ្វាយ​ព្រះ​យេហូវ៉ា​»​ទៀត​ផង! តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា? លោក​បាន​ប្រាប់​ម៉ូសេ​ថា​បណ្ដា​ជន​បាន​«​បង្ខូច​ចិត្ដ​អស់​ហើយ​»​ ហើយ​បាន​បែរ​ចេញ​ពី​ផ្លូវ​ដែល​លោក​«​បាន​បង្គាប់​»។ ព្រះ​យេហូវ៉ា​ខឹង​យ៉ាង​ខ្លាំង​រហូត​ដល់​លោក​មាន​ប្រសាសន៍​ថា​លោក​នឹង​បំផ្លាញ​ប្រជា​ជាតិ​នោះ​ទាំង​មូល។—និក្ខមនំ ៣២:៥​-​១០

ព្រះ​យេហូវ៉ា​បាន​ទុក​ឱកាស​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​បង្ហាញ​ថា​ពួក​គេ​ចង់​នៅ​ខាង​លោក

១៥, ១៦. តើ​ម៉ូសេ​និង​អេរ៉ុន​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​នៅ​ខាង​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១៥ ប៉ុន្ដែ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សេចក្ដី​មេត្ដា​ករុណា។ លោក​បាន​សម្រេច​ចិត្ដ​មិន​បំផ្លាញ​ប្រជា​ជាតិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ទុក​ឱកាស​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​បង្ហាញ​ថា​ពួក​គេ​ចង់​នៅ​ខាង​លោក។ (​និក្ខមនំ ៣២:១៤​) ពេល​ម៉ូសេ​ឃើញ​បណ្ដា​ជន​ច្រៀង ស្រែក​ដោយ​ត្រេក​អរ និង​រាំ​នៅ​មុខ​រូប​កូន​គោ​មាស​នោះ គាត់​បាន​កម្ទេច​វា​យ៉ាង​ម៉ដ្ដ។ បន្ទាប់​មក គាត់​ស្រែក​ថា​៖ ​«​អ្នក​ណា​ដែល​នៅ​ខាង​ព្រះ​យេហូវ៉ា ចូរ​ឲ្យ​មក​ឯ​អញ​ចុះ!​»។ ក្រោយ​មក​«​ពួក​កូន​ចៅ​លេវី​ទាំង​អស់​ក៏​មូល​គ្នា​មក​ឯ​»​ម៉ូសេ។—និក្ខមនំ ៣២:១៧​-​២០, ២៦

១៦ ទោះ​ជា​អេរ៉ុន​បាន​ធ្វើ​រូប​កូន​គោ​មាស​នោះ​ក្ដី គាត់​បាន​ប្រែ​ចិត្ដ ហើយ​គាត់​និង​ពួក​លេវី​ទាំង​អស់​ឯ​ទៀត​បាន​សម្រេច​ចិត្ដ​នៅ​ខាង​ព្រះ​យេហូវ៉ា។ អ្នក​ស្មោះ​ត្រង់​ទាំង​នោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គេ​មិន​នៅ​ខាង​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ទេ។ នេះ​ជា​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ ពី​ព្រោះ​បន្ទាប់​មក​នៅ​ថ្ងៃ​នោះ​អ្នក​គោរព​បូជា​រូប​កូន​គោ​មាស​រាប់​ពាន់​នាក់​បាន​ស្លាប់។ ប៉ុន្ដែ អ្នក​ដែល​នៅ​ខាង​ព្រះ​យេហូវ៉ា​បាន​រួច​ជីវិត ហើយ​ព្រះ​បាន​សន្យា​ថា​លោក​នឹង​ឲ្យ​ពរ​ពួក​គេ។—និក្ខមនំ ៣២:២៧​-​២៩

១៧. តើ​យើង​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​ប៉ូល​អំពី​រូប​កូន​គោ​មាស?

១៧ តើ​យើង​ទាញ​យក​មេ​រៀន​អ្វី​ពី​រឿង​នេះ? សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​ការ​ទាំង​នេះ​ជា​គំរូ​សម្រាប់​យើង​»​ ដើម្បី​«​កុំ​ឲ្យ​យើង​ទៅ​ជា​អ្នក​គោរព​បូជា​រូប​ព្រះ​»។ ប៉ូល​បាន​ពន្យល់​ថា​កំណត់​ហេតុ​បែប​នេះ​«​បាន​ត្រូវ​កត់​ទុក​ជា​ការ​ព្រមាន​ដល់​យើង​ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​នៃ​សម័យ​នេះ។ ដូច្នេះ ចូរ​ឲ្យ​អ្នក​ដែល​គិត​ថា​ខ្លួន​ឈរ ប្រយ័ត្ន​ក្រែង​លោ​ដួល​»។ (​កូរិនថូស​ទី១ ១០:៦, ៧, ១១, ១២​) ដូច​ប៉ូល​បាន​លើក​បញ្ជាក់ សូម្បី​តែ​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ក៏​អាច​ក្លាយ​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ដ​អ្វី​ដ៏​អាក្រក់​ដែរ។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​គិត​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​ពេញ​ចិត្ដ​នឹង​ពួក​គេ។ ប៉ុន្ដែ ការ​អះអាង​ថា​ខ្លួន​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ការ​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​លោក មិន​តែង​តែ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​អ្នក​នោះ​ឡើយ។—កូរិនថូស​ទី១ ១០:១​-​៥

១៨. តើ​អ្វី​អាច​បណ្ដាល​ឲ្យ​យើង​រសាត់​ចេញ​ពី​ព្រះ​យេហូវ៉ា ហើយ​តើ​នេះ​មាន​លទ្ធផល​អ្វី?

១៨ ពេល​ម៉ូសេ​មិន​បាន​ចុះ​ពី​ភ្នំ​ស៊ីណាយ​ភ្លាម​ៗ​ដូច​ជន​ជាតិ​អ៊ីស្រាអែល​បាន​រំពឹង​ទុក ពួក​គេ​ចាប់​ផ្ដើម​ខ្វល់​ខ្វាយ។ ស្រដៀង​គ្នា​ដែរ បើ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មិន​មក​ដល់​នៅ​ពេល​ដែល​យើង​រំពឹង​ទុក យើង​ក៏​ប្រហែល​ជា​ខ្វល់​ខ្វាយ​ដែរ។ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​គិត​ថា​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​អនាគត​ដ៏​អស្ចារ្យ គឺ​នៅ​យូរ​ទៀត​ឬ​ល្អ​ហួស​រហូត​ដល់​មិន​អាច​កើត​ឡើង ហើយ​យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​ចង់​ធ្វើ ជា​ជាង​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។ បើ​យើង​មិន​ប្រយ័ត្ន​ទេ យើង​អាច​រសាត់​ចេញ​ពី​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​អ្វី​ដែល​យើង​មិន​ដែល​នឹក​ស្មានថា​យើង​នឹង​ធ្វើ។

១៩. តើ​យើង​គួរ​ចាំ​ជា​និច្ច​អំពី​អ្វី ហើយ​ហេតុ​អ្វី?

១៩ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ស្តាប់​បង្គាប់​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​ឲ្យ​យើង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ។ (​និក្ខមនំ ២០:៥​) ហេតុ​អ្វី​លោក​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នេះ? ពី​ព្រោះ​លោក​ស្រឡាញ់​យើង។ បើ​យើង​មិន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​ទេ យើង​នឹង​ធ្វើ​អ្វី​ដែល​សាថាន​ចង់​ឲ្យ​យើង​ធ្វើ​វិញ ហើយ​នោះ​នឹង​នាំ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់។ ប៉ូល​បាន​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះ​យេហូវ៉ា​ផង​និង​ពី​ពែង​របស់​ពួក​វិញ្ញាណ​កំណាច​ផង​បាន​ទេ។ អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ​ពី‹តុ​របស់​ព្រះ​យេហូវ៉ា›ផង​និង​ពី​តុ​របស់​ពួក​វិញ្ញាណ​កំណាច​ផង​បាន​ឡើយ​»។—កូរិនថូស​ទី១ ១០:២១

ចូរ​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា!

២០. តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​សូម្បី​តែ​នៅ​ពេល​ដែល​យើង​បាន​ធ្វើ​ខុស?

២០ កាអ៊ីន សាឡូម៉ូន និង​ជន​ជាតិ​អ៊ីស្រាអែល​មាន​ឱកាស​ប្រែ​ចិត្ដ​និង​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ដ​របស់​ពួក​គេ។ (​សកម្មភាព ៣:១៩​) យើង​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​មិន​ឆាប់​បោះ​បង់​ចោល​អ្នក​ណា​ម្នាក់​ពេល​គាត់​ធ្វើ​ខុស​នោះ​ទេ។ ជា​ឧទាហរណ៍ លោក​បាន​អភ័យ​ទោស​ឲ្យ​អេរ៉ុន។ នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ព្រមាន​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដើម្បី​ការពារ​យើង​ពី​ការ​ធ្វើ​ខុស​ឆ្គង។ លោក​ធ្វើ​ដូច្នេះ​តាម​រយៈ​គម្ពីរ សៀវភៅ​ផ្សេង​ៗ​របស់​យើង និង​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ពេល​យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា យើង​អាច​មាន​ទំនុក​ចិត្ដ​ថា​លោក​នឹង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដល់​យើង។

២១. តើ​យើង​គួរ​ធ្វើ​អ្វី​ពេល​ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​សាកល្បង?

២១ គោល​បំណង​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​គឺ​ផ្ដល់​ឱកាស​ឲ្យ​យើង​«​បដិសេធ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ឲ្យ​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ​»។ (​សូម​អាន ទីតុស ២:១១​-​១៤; កូរិនថូស​ទី២ ៦:១​) ក្នុង​របៀប​របប​ពិភព​លោក​នេះ នឹង​តែង​តែ​មាន​ស្ថានភាព​ដែល​សាកល្បង​ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ ចូរ​តាំង​ចិត្ដ​នៅ​ខាង​ព្រះ​យេហូវ៉ា​ទាំង​ស្រុង ហើយ​ចាំ​ថា​អ្នក​គួរ​«​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ព្រម​ទាំង​នៅ​ជាប់​នឹង​ទ្រង់​»។—ចោទិយកថា ១០:២០