លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវ​ប្រវត្តិ

«ឥឡូវខ្ញុំពិតជាចូលចិត្តផ្សព្វផ្សាយ!»

«ឥឡូវខ្ញុំពិតជាចូលចិត្តផ្សព្វផ្សាយ!»

ខ្ញុំ​បាន​ធំ​ឡើង​នៅ​ក្រុង​បាលគ្លូថា ដែល​ជា​ក្រុង​តូច​មួយ​នៅ​កោះ​ខាង​ត្បូង​នៃ​ប្រទេស​នូវែលសេឡង់។ ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​សប្បាយ​ដែល​ខ្ញុំ​នៅ​ក្នុង​សេចក្ដី​ពិត។ ខ្ញុំ​ចូល​ចិត្ត​ទៅ​កិច្ច​ប្រជុំ។ ក្រុម​ជំនុំ​យើង​គឺ​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ។ ទោះ​ជា​ខ្ញុំ​មិន​មែន​ជា​មនុស្ស​រួស​រាយ​ក្ដី ខ្ញុំ​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​រាល់​សប្ដាហ៍។ ខ្ញុំ​មិន​ស្ទាក់​ស្ទើរ​ផ្សព្វ​ផ្សាយ​ដល់​សិស្ស​រួម​ថ្នាក់​និង​អ្នក​ឯ​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​មាន​មោទនភាព​ដែល​ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ដែរ។ ដូច្នេះ ពេល​ខ្ញុំ​មាន​អាយុ​១១​ឆ្នាំ ខ្ញុំ​ប្រគល់​ខ្លួន​ជូន​ព្រះ។

ខ្ញុំ​បាត់​បង់​អំណរ

គួរ​ឲ្យ​ស្ដាយ​ណាស់ កាល​ដែល​ខ្ញុំ​ចូល​វ័យ​ជំទង់ ចំណង​មិត្តភាព​ដ៏​កក់​ក្ដៅ​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​រសាយ​ទៅ។ មើល​ទៅ​សិស្ស​រួម​ថ្នាក់​មាន​សេរី​ភាព ហើយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មាន​សេរី​ភាព​ដូច​ពួក​គេ​ដែរ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ច្បាប់​គ្រួសារ​ខ្ញុំ​និង​ខ្នាត​តម្រា​របស់​គ្រិស្ត​សាសនិក​គឺ​តឹង​រ៉ឹង​ពេក ហើយ​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ពិបាក​ខ្លាំង​ណាស់។ ទោះ​ជា​ខ្ញុំ​ដឹង​ច្បាស់​ថា​មាន​ព្រះ​យេហូវ៉ា​ក្ដី ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ខ្ញុំ​ឃ្លាត​ឆ្ងាយ​ពី​លោក។

ខ្ញុំ​បម្រើ​ព្រះ​យេហូវ៉ា​បាន​តិច​តួច​បំផុត​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ទៅ​ជា​អសកម្ម។ ពេល​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ ខ្ញុំ​មិន​បាន​រៀបចំ​ទុក​ជា​មុន ដូច្នេះ​ខ្ញុំ​ពិបាក​មាន​ការ​សន្ទនា។ ជា​លទ្ធផល កិច្ច​បម្រើ​ផ្សាយ​របស់​ខ្ញុំ​មិន​បង្កើត​ផល និង​មិន​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ទេ។ ហេតុ​នេះ ខ្ញុំ​កាន់​តែ​មិន​ចូល​ចិត្ត​ទៅ​ផ្សព្វ​ផ្សាយ។ ខ្ញុំ​ច្រើន​តែ​សួរ​ខ្លួន​ថា ‹តើ​បង​ប្អូន​បន្ត​ផ្សព្វ​ផ្សាយ​បាន​យ៉ាង​ម៉េច​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ ពី​មួយ​ខែ​ទៅ​មួយ​ខែ?›។

ពេល​ខ្ញុំ​អាយុ​១៧​ឆ្នាំ ខ្ញុំ​ចង់​មាន​សេរី​ភាព។ ដូច្នេះ​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ ហើយ​រើ​ទៅ​ប្រទេស​អូស្ត្រាលី។ ឪពុក​ម្ដាយ​ខ្ញុំ​ពិបាក​ចិត្ត​និង​ព្រួយ​បារម្ភ​ពេល​ខ្ញុំ​ចាក​ចេញ តែ​ពួក​គាត់​សន្និដ្ឋាន​ថា​ខ្ញុំ​នឹង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។

នៅ​ប្រទេស​អូស្ត្រាលី ខ្ញុំ​ធ្វើ​កាន់​តែ​តិច​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ខ្ញុំ​មិន​ទៅ​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​ទេ។ ខ្ញុំ​មាន​មិត្ត​ដែល​ជា​យុវវ័យ ដែល​មាន​ទស្សនៈ​ដូច​ខ្ញុំ​ថា​ទៅ​កិច្ច​ប្រជុំ​យប់​នេះ ហើយ​យប់​ស្អែក​ទៅ​ផឹក​ស៊ី​នៅ​ក្លិប មិន​មែន​ជា​បញ្ហា​ទេ។ ឥឡូវ ខ្ញុំ​យល់​ថា​នៅ​ពេល​នោះ​ខ្ញុំ​ហាក់​ដូច​ជា​ខ្លួន​មួយ​ចង់​ជិះ​ទូក​ពីរ គឺ​នៅ​ក្នុង​សេចក្ដី​ពិត​ផង​នៅ​ក្នុង​ពិភព​លោក​ផង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​កន្លែង​ណា​មួយ​ត្រូវ​នឹង​ខ្ញុំ​ទេ។

មេ​រៀន​ដ៏​សំខាន់​ដែល​ខ្ញុំ​ស្មាន​មិន​ដល់

ប្រហែល​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ជួប​បង​ស្រី​ម្នាក់​ដែល​ដោយ​មិន​ដឹង​ខ្លួន បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ផ្ដើម​គិត​អំពី​របៀប​រស់​នៅ​របស់​ខ្ញុំ។ ពេល​នោះ ខ្ញុំ​រស់​នៅ​ជា​មួយ​បង​ប្អូន​ស្រី​នៅ​លីវ​ប្រាំ​នាក់ ហើយ​យើង​បាន​អញ្ជើញ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ថាម៉ារ៉ា ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​យើង​អស់​មួយ​សប្ដាហ៍។ ពេល​ប្ដី​គាត់​ជាប់​រវល់​ធ្វើ​កិច្ច​ការ​ក្រុម​ជំនុំ បង​ថាម៉ារ៉ា​បាន​និយាយ​លេង​ជា​មួយ​យើង។ ខ្ញុំ​ចូល​ចិត្ត​គាត់ ដោយ​សារ​គាត់​ជា​មនុស្ស​ស្រួល​ទាក់​ទង​និង​សម​ហេតុ​សម​ផល។ ខ្ញុំ​នឹក​អស្ចារ្យ​ដោយ​ឃើញ​បុគ្គល​ដែល​ជាប់​រវល់​ក្នុង​កិច្ច​ការ​ព្រះ​យេហូវ៉ា ក៏​ចេះ​សើច​សប្បាយ​ផង​ដែរ។

សេចក្ដី​ស្រឡាញ់​និង​ចិត្ត​រំភើប​ដែល​បង​ថាម៉ារ៉ា​មាន​ចំពោះ​សេចក្ដី​ពិត​និង​កិច្ច​បម្រើ​ផ្សាយ មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ដែល​នៅ​ជុំ​វិញ​គាត់។ គាត់​សប្បាយ​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​សមត្ថភាព។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ធ្វើ​តិច​តួច​ក្នុង​កិច្ច​បម្រើ​លោក តែ​មិន​សប្បាយ។ ចិត្ត​គំនិត​ល្អ​និង​សុភមង្គល​ដ៏​ពិត​ដែល​គាត់​មាន ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ជីវិត​របស់​ខ្ញុំ។ គំរូ​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​ពី​គម្ពីរ​គឺ​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា​បម្រើ​លោក​«​ដោយ​អរ​សប្បាយ​»​និង​«​ដោយ​ច្រៀង​ចំរៀង​»។—ទំនុក. ១០០:២

ខ្ញុំ​ចាប់​ផ្ដើម​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​ឡើង​វិញ

ខ្ញុំ​ចង់​មាន​អំណរ​ដូច​បង​ថាម៉ារ៉ា​មាន​ដែរ តែ​ដើម្បី​ធ្វើ​ដូច្នេះ ខ្ញុំ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ធំ​ៗ​ខ្លះ។ ខ្ញុំ​មិន​បាន​ផ្លាស់​ប្ដូរ​ភ្លាម​ៗ​ទេ ប៉ុន្តែ​ខ្ញុំ​ធ្វើ​វា​បន្តិច​ម្ដង​ៗ។ ខ្ញុំ​ចាប់​ផ្ដើម​រៀបចំ​មុន​ទៅ​ផ្សព្វ​ផ្សាយ ហើយ​ខ្ញុំ​ក៏​ត្រួស​ត្រាយ​ជំនួយ​ម្ដង​ម្កាល​ដែរ។ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សូវ​ភ័យ​ដូច​មុន ហើយ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង។ ម្យ៉ាង​ទៀត ដោយ​សារ​ខ្ញុំ​ប្រើ​គម្ពីរ​កាន់​តែ​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ ខ្ញុំ​កាន់​តែ​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ។ មិន​យូរ​ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ជំនួយ​រាល់​ខែ។

ខ្ញុំ​ចាប់​ផ្ដើម​ជ្រើស​រើស​មិត្ត​ភក្ដិ​គ្រប់​វ័យ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព និង​ចូល​ចិត្ត​កិច្ច​បម្រើ​លោក។ គំរូ​ល្អ​របស់​ពួក​គេ​បាន​ជួយ​ខ្ញុំ​ឲ្យ​គិត​អំពី​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​អាន​គម្ពីរ​រាល់​ថ្ងៃ។ ខ្ញុំ​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​កាន់​តែ​ខ្លាំង ហើយ​ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ នោះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ស្រួល​និង​សប្បាយ​ចិត្ត​បែប​នេះ​ក្នុង​ក្រុម​ជំនុំ។

ខ្ញុំ​រក​ឃើញ​ដៃ​គូ​ត្រួស​ត្រាយ​អស់​មួយ​ជីវិត

មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ជួប​បង​អាឡិច។ គាត់​ជា​បុគ្គល​សប្បុរស​និង​គ្មាន​ពុត​ត្បុត ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​កិច្ច​បម្រើ​ផ្សាយ។ ពេល​នោះ​គាត់​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ហើយ​បាន​ត្រួស​ត្រាយ​រយៈ​ពេល​៦​ឆ្នាំ​រួច​ហើយ។ បង​អាឡិច​ក៏​បាន​បម្រើ​មួយ​រយៈ​ពេល​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង នា​ប្រទេស​ម៉ាឡាវី។ នៅ​ទី​នោះ គាត់​បាន​សេព​គប់​សាសនទូត​ដែល​ជា​គំរូ​ល្អ​ឲ្យ​គាត់ និង​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បន្ត​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។

ខ្ញុំ​និង​បង​អាឡិច​បាន​រៀប​ការ​នៅ​ឆ្នាំ​២០០៣ ហើយ​យើង​បាន​បន្ត​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​តាំង​ពី​ពេល​នោះ​មក។ យើង​បាន​រៀន​មេ​រៀន​ដ៏​អស្ចារ្យ​ជា​ច្រើន ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​យើង​ច្រើន​ឥត​គណនា។

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​យើង​ថែម​ទៀត

ការ​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​គ្លេនអូ ប្រទេស​ទីម័រលីស

នៅ​ឆ្នាំ​២០០៩ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ជា​សាសនទូត​នៅ​ទីម័រលីស​ដែល​ជា​ប្រទេស​តូច​មួយ នា​ប្រជុំ​កោះ​ឥណ្ឌូណេស៊ី។ យើង​ពិត​ជា​ភ្ញាក់​ផ្អើល និង​ភ័យ​ផង​អរ​ផង​នៅ​ពេល​នោះ។ ប្រាំ​ខែ​ក្រោយ​មក យើង​បាន​ទៅ​ដល់​ក្រុង​ឌីលី​ដែល​ជា​រដ្ឋធានី​ប្រទេស​នោះ។

របៀប​រស់​នៅ​របស់​យើង​នៅ​ប្រទេស​ថ្មី​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​របៀប​រស់​នៅ​ពី​មុន​របស់​យើង។ យើង​ត្រូវ​សម្រប​ខ្លួន​នឹង​វប្បធម៌​ថ្មី ភាសា​ថ្មី ព្រម​ទាំង​ម្ហូប​ថ្មី។ ពេល​យើង​ផ្សព្វ​ផ្សាយ យើង​ច្រើន​តែ​ជួប​មនុស្ស​ដែល​ក្រី​ក្រ មាន​ការ​អប់រំ​តិច និង​ដែល​ត្រូវ​គេ​សង្កត់​សង្កិន។ យើង​ក៏​ឃើញ​មនុស្ស​ជា​ច្រើន​មាន​ស្លាក​ស្នាម​និង​បញ្ហា​ផ្លូវ​ចិត្ត​ដែល​បន្សល់​មក​ពី​សង្គ្រាម និង​អំពើ​ឃោរឃៅ។ *

កិច្ច​បម្រើ​ផ្សាយ​នៅ​ទី​នោះ​គឺ​អស្ចារ្យ​ណាស់! ជា​ឧទាហរណ៍ នៅ​ពេល​មួយ ខ្ញុំ​បាន​ជួប​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ដែល​ពិបាក​ចិត្ត។ ម្ដាយ​របស់​គាត់​បាន​ស្លាប់​ប៉ុន្មាន​ឆ្នាំ​មុន​នោះ ហើយ​គាត់​កម្រ​ជួប​ឪពុក​គាត់។ ដូច​ក្មេង​ជា​ច្រើន​ដែល​ស្រករ​គាត់ ប្អូន​ស្រី​នេះ​មិន​មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត​ទេ។ ខ្ញុំ​ចាំ​នៅ​ពេល​មួយ​គាត់​ប្រាប់​ខ្ញុំ​អំពី​អារម្មណ៍​គាត់​ទាំង​ទឹក​ភ្នែក តែ​ខ្ញុំ​មិន​យល់​អ្វី​ដែល​គាត់​និយាយ ដោយ​សារ​ខ្ញុំ​មិន​ទាន់​ចេះ​និយាយ​ភាសា​គាត់​យ៉ាង​ស្ទាត់​ទេ។ ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​លើក​ទឹក​ចិត្ត​គាត់ ហើយ​ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​អាន​បទ​គម្ពីរ​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ស្ដាប់។ នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​មក ខ្ញុំ​ឃើញ​ថា​សេចក្ដី​ពិត​បាន​កែ​ប្រែ​គាត់។ គាត់​បាន​ទៅ​ជា​មនុស្ស​ដែល​សប្បាយ​ចិត្ត​ជាង។ អាការ​ក្រៅ និង​ជីវិត​ទាំង​មូល​របស់​គាត់​ក៏​បាន​ផ្លាស់​ប្ដូរ​ដែរ។ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ឥឡូវ​គាត់​ចេះ​បង្រៀន​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ សព្វ​ថ្ងៃ ប្អូន​ស្រី​នេះ​មាន​ក្រុម​គ្រួសារ​រួម​ជំនឿ​ដ៏​ធំ​មួយ ហើយ​មាន​អារម្មណ៍​ថា​គាត់​ទទួល​សេចក្ដី​ស្រឡាញ់​ពី​អ្នក​ឯ​ទៀត។

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​នៅ​ប្រទេស​ទីម័រលីស។ អ្នក​ផ្សាយ​ភាគ​ច្រើន​បាន​ទទួល​ការ​ជ្រមុជ​ទឹក​កាល​ពី​១០​ឆ្នាំ​កន្លង​ទៅ​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​ជា​ច្រើន​នាក់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ ជំនួយ​ការ​ខាង​កិច្ច​បម្រើ ឬ​អ្នក​ចាស់​ទុំ។ បង​ប្អូន​ឯ​ទៀត​បម្រើ​នៅ​ការិយាល័យ​បក​ប្រែ និង​ជួយ​បក​ប្រែ​សៀវភៅ​ផ្សេង​ៗ​អំពី​គម្ពីរ​ជា​ភាសា​តាម​តំបន់។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ឮ​ពួក​គេ​ច្រៀង​នៅ​កិច្ច​ប្រជុំ ឃើញ​ពួក​គេ​ញញឹម និង​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

ខ្ញុំ​ជា​មួយ​បង​អាឡិច​ហៀប​នឹង​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​គ្មាន​ក្រុម​ជំនុំ​ផ្សាយ ដើម្បី​ចែក​ចាយ​លិខិត​អញ្ជើញ​ពិធី​រំលឹក

ខ្ញុំ​មាន​ជីវិត​ដ៏​សប្បាយ​បំផុត

ជីវិត​របស់​យើង​នៅ​ប្រទេស​ទីម័រលីស​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ជីវិត​នៅ​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​ជីវិត​នៅ​ទីម័រលីស​គឺ​សប្បាយ​ណាស់។ ជួន​កាល យើង​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​តូច​មួយ​ដែល​ពេញ​ទៅ​ដោយ​មនុស្ស ត្រី​ងៀត និង​បន្លែ​ពី​ផ្សារ។ នៅ​ពេល​ខ្លះ យើង​បង្រៀន​គម្ពីរ​នៅ​ផ្ទះ​តូច​ជាប់​ដី​ដែល​ក្ដៅ​ហប់ ហើយ​មាន​មាន់​រត់​ឆ្វាត់​ឆ្វែង។ ប៉ុន្តែ​ទោះ​ជា​យើង​មាន​ការ​ពិបាក​យ៉ាង​ណា​ក្ដី ខ្ញុំ​ច្រើន​តែ​គិត​ថា ‹ជីវិត​នេះ​គឺ​អស្ចារ្យ​មែន!›។

តាម​ផ្លូវ​ទៅ​តំបន់​ផ្សាយ

ខ្ញុំ​អរគុណ​ឪពុក​ម្ដាយ ដែល​ពួក​គាត់​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្រៀន​ខ្ញុំ​អំពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​និង​គាំទ្រ​ខ្ញុំ ទោះ​ជា​នៅ​គ្រា​លំបាក​ពេល​ខ្ញុំ​នៅ​វ័យ​ជំទង់​ក្ដី។ សុភាសិត ២២:៦​គឺ​ត្រូវ​នឹង​ស្ថានភាព​ខ្ញុំ។ ទាំង​ឪពុក​ទាំង​ម្ដាយ​មាន​មោទនភាព​ចំពោះ​ខ្ញុំ​និង​បង​អាឡិច ហើយ​ពួក​គាត់​សប្បាយ​ចិត្ត​ឃើញ​ថា​យើង​កំពុង​បម្រើ​ព្រះ​យេហូវ៉ា។ តាំង​ពី​ឆ្នាំ​២០១៦ យើង​បាន​បម្រើ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល នៅ​កន្លែង​ផ្សេង​ៗ​ក្រោម​ការ​មើល​ការ​ខុស​ត្រូវ​របស់​ការិយាល័យ​សាខា​អូស្ដ្រាឡាស៊ី។

ខ្ញុំ​បង្ហាញ​វីដេអូ​អំពី​សុខលាភ​និង​សូភី​ទៅ​ក្មេង​ៗ​ជន​ជាតិ​ទីម័រលីស

ខ្ញុំ​ពិបាក​ជឿ​ថា ពី​មុន​មក​ខ្ញុំ​មិន​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​ទេ។ ឥឡូវ ខ្ញុំ​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​ខ្លាំង​ណាស់។ ខ្ញុំ​យល់​ថា ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង​ក៏​ដោយ អំណរ​ពិត​ប្រាកដ​គឺ​មក​តែ​ពី​ការ​បម្រើ​ព្រះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ប៉ុណ្ណោះ។ ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​បង​អាឡិច​អស់​រយៈ​ពេល​១៨​ឆ្នាំ​កន្លង​មក​នេះ គឺ​ជា​គ្រា​ដ៏​សប្បាយ​បំផុត​ក្នុង​ជីវិត​ខ្ញុំ។ ឥឡូវ ខ្ញុំ​យល់​ការ​ពិត​អំពី​ពាក្យ​របស់​ដាវីឌ​ទៅ​កាន់​ព្រះ​យេហូវ៉ា​នៅ​ទំនុក​តម្កើង ថា​៖ ​«​អស់​អ្នក​ដែល​ពឹង​ដល់​ទ្រង់ គេ​នឹង​រីករាយ​ឡើង គេ​នឹង​ច្រៀង​ដោយ​អំណរ​ជា​និច្ច . . . ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ​នាម​ទ្រង់ នឹង​បាន​ត្រេក​អរ​ដោយ​សារ​ទ្រង់​»។—ទំនុក. ៥:១១

យើង​ពិត​ជា​សប្បាយ​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ដូច​នេះ!

^ វគ្គ 21 ចាប់​ពី​ឆ្នាំ​១៩៧៥ មាន​សង្គ្រាម​នៅ​ទីម័រលីស​អស់​ជាង​២០​ឆ្នាំ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ឯករាជ្យ។