មូលហេតុ​ដែល​សង្គ្រាម​និង​ជម្លោះ​ហិង្សា​នៅ​តែ​មាន

មូលហេតុ​ដែល​សង្គ្រាម​និង​ជម្លោះ​ហិង្សា​នៅ​តែ​មាន

គម្ពីរ​ពន្យល់​អំពី​ឫសគល់​នៃ​សង្គ្រាម​និង​ជម្លោះ​ហិង្សា និង​មូលហេតុ​ដែល​បញ្ហា​ទាំង​នេះ​នៅ​តែ​បន្ត​មាន។

ភាព​ខុស​ឆ្គង

ព្រះ​បាន​បង្កើត​ឪពុក​ម្ដាយ​ដំបូង​របស់​យើង គឺ​អាដាម​និង​អេវ៉ា​ឲ្យ​មាន​ភាព​ដូច​លោក។ (​ដើម​កំណើត ១:២៧​) នេះ​មាន​ន័យ​ថា​ពួក​គេ​អាច​បង្ហាញ​គុណ​សម្បត្តិ​ដូច​លោក​រួម​បញ្ចូល​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព និង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ (​កូរិនថូស​ទី​១ ១៤:៣៣; យ៉ូហាន​ទី​១ ៤:៨​) ប៉ុន្តែ អាដាម​និង​អេវ៉ា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ហើយ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ជា​លទ្ធផល ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​យើង​ទាំង​អស់​គ្នា។ (​រ៉ូម ៥:១២​) ដោយ​សារ​យើង​មាន​ភាព​ខុស​ឆ្គង នោះ​នាំ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​អាក្រក់ និង​ប្រព្រឹត្ត​អំពើ​ហិង្សា។—ដើម​កំណើត ៦:៥; ម៉ាកុស ៧:​២១, ២២

រដ្ឋាភិបាល​របស់​មនុស្ស

ព្រះ​មិន​បាន​បង្កើត​យើង​ឲ្យ​គ្រប់​គ្រង​លើ​ខ្លួន​ឯង​ទេ។ គម្ពីរ​ចែង​ថា​៖ ‹មនុស្ស​គ្មាន​សមត្ថភាព​តម្រង់​ជំហាន​របស់​ខ្លួន›​ទេ។ (​យេរេមា ១០:២៣​) នេះ​ជា​មូលហេតុ​ដែល​រដ្ឋាភិបាល​របស់​មនុស្ស​មិន​អាច​បំបាត់​ចោល​សង្គ្រាម​និង​ជម្លោះ​ហិង្សា​បាន​ឡើយ។

សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា

គម្ពីរ​ប្រាប់​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។ (​យ៉ូហាន​ទី​១ ៥:១៩​) ​«​មេ​កំណាច​»​នោះ​គឺ​សាថាន ហើយ​វា​គឺ​ជា​ឃាតករ​ដ៏​ឃោរឃៅ។ (​យ៉ូហាន ៨:​៤៤​) វា​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​គឺ​ជា​អ្នក​ញុះញង់​ឲ្យ​មាន​សង្គ្រាម​និង​អំពើ​ហិង្សា។—ការ​បើក​បង្ហាញ ១២:៩, ១២

យើង​មិន​អាច​បំបាត់​ចោល​ឫសគល់​នៃ​សង្គ្រាម​និង​អំពើ​ហិង្សា​ទេ មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន។