តើអ្នកមានលក្ខណៈដូចដើមឡហ្គនីអោណរទេ?

តើអ្នកមានលក្ខណៈដូចដើមឡហ្គនីអោណរទេ?

តើ​អ្នក​មាន​លក្ខណៈ​ដូច​ដើម​ឡហ្គនី​អោណរ​ទេ?

នៅ​ភូមិ​មួយ​ក្បែរ​ជាយ​ក្រុង​ព័រ ម័រប៊ី​នៅ​ប្រទេស​ប៉ា​ពូ​គីនេ​ថ្មី អ្នក​ផ្សព្វផ្សាយ​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​កំពុង​ដើរ​នោះ ពួក​គាត់​ឃើញ​ដើម​ស្អាត​មួយ។ បង​ប្រុស​បាន​លាន់​មាត់​ថា​៖ «មើល​ហ្ន៎! ដើម​ឡហ្គនី អោណរ»។ បង​ប្រុស​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​ប្រុស​ថា​៖ «ឈ្មោះ​នេះ​មាន​ន័យ​ថា ‹ដើម​ប្រចាំ​ឆ្នាំ› ពីព្រោះ​រាល់​ឆ្នាំ​ដើម​នេះ​ជ្រុះ​ស្លឹក​អស់​ហើយ​មើល​ទៅ​ដូច​ជា​ងាប់ គឺ​ខុស​ពីដើម​ភាគ​ច្រើន​នៅ​តំបន់​ត្រូពិច។ ក៏​ប៉ុន្តែ នៅ​រដូវ​វស្សា​ដើម​នេះ​ចេញ​ផ្កា​យ៉ាង​ស្រស់​ស្អាត»។

យើង​ក៏​អាច​ទាញ​មេ​រៀន​ពីដើម​ឡហ្គនី អោណរ ដែល​ភាសា​ខ្មែរ​ហៅ​ថា ដើម​ក្ងោក។ អ្នក​ជំនាញ​ខ្លះ​ចាត់​ទុក​ដើម​នេះ​ជា​ដើម​ស្អាត​មួយ​ក្នុង​ចំណោម​ដើម​ប្រាំ​ដែល​ស្អាត​ដាច់​គេ។ ទោះបី​ជា​ដើម​នេះ​ជ្រុះ​ស្លឹក​និង​ផ្កា​អស់​ក្នុង​កំឡុង​រដូវ​ប្រាំង​ក៏​ដោយ ដើម​នេះ​ក៏​ផ្ទុក​ទឹក​ដែរ។ ដើម​នេះ​មាន​ឫស​មាំ​ដែល​រុំ​ថ្ម​ធំៗ​កប់​ជ្រៅ​ទៅ​ក្នុង​ដី ដូច្នេះ​ក៏​អាច​ទប់​នឹង​ខ្យល់​ដែល​បក់​យ៉ាង​ខ្លាំង។ សរុប​សេចក្ដី ដើម​នេះ​លូត​លាស់​បាន​សូម្បី​តែ​ពេល​អាកាសធាតុ​ប្រែប្រួល។

យើង​ប្រហែល​ជា​នឹង​ជួបប្រទះ​កាលៈទេសៈ​ដែល​ល្បង​ជំនឿ​យើង។ តើ​អ្វី​អាច​ជួយ​យើង​ស៊ូទ្រាំ​បាន? យើង​ត្រូវ​ធ្វើ​ដូច​ដើម​ឡហ្គនី អោណរ ដោយ​ប្រមូល​ហើយ​ផ្ទុក​ចំណេះ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​ប្រៀប​ដូច​ជា​ទឹក​ទ្រទ្រង់​ជីវិត។ យើង​គួរ​តែ​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា​ជា​«ថ្មដា»​របស់​យើង ហើយ​និង​អង្គការ​របស់​ទ្រង់​ផង។ (សាំយូអែលទី២ ២២:៣) ពិត​ណាស់ ដើម​ឡហ្គនី អោណរ ជា​ដើម​ស្អាត​ដែល​តែង​តែ​រំឭក​យើង​ថា សូម្បី​តែ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក៏​ដោយ យើង​អាច​មាន​កម្លាំង​និង​សោភ័ណភាព​ខាង​វិញ្ញាណ​បាន ឲ្យ​តែ​យើង​ឆ្លៀត​ប្រយោជន៍​ពី​សំវិធានការ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​មក។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​«គ្រង​បាន​សេចក្ដី​សន្យា[របស់​ព្រះ]ទុក​ជា​មរ​ដក» ដែល​រួម​បញ្ចូល​សេចក្ដី​សន្យា​ឲ្យ​យើង​រស់​រាន​មាន​ជីវិត​ជា​រៀង​រហូត។—ហេព្រើរ ៦:១២; វិវរណៈ ២១:៤