តើ​លោក​អ្នក​ដឹង​ឬ​ទេ?

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

នៅ​សម័យ​គម្ពីរ តើ​រមូរ​ធ្វើ​ពី​អ្វី ហើយ​បាន​ត្រូវ​ប្រើ​យ៉ាង​ដូច​ម្ដេច?

រមូរ​ស្បែក​នៃ​សៀវភៅ​នាង​អេសធើរ ក្នុង​គម្ពីរ​នៅ​សតវត្សរ៍​ទី​១៨ គ.ស.

សៀវភៅ​ដំណឹង​ល្អ​ដែល​បាន​ត្រូវ​រៀប​រាប់​ដោយ​លូកា បាន​សរសេរ​អំពី​លោក​យេស៊ូ​បើក​រមូរ​ក្រដាស​របស់​អេសាយ ហើយ​អាន​អ្វី​ដែល​នៅ​ក្នុង​នោះ រួច​មូរ​ក្រដាស​នោះ​ទុក​វិញ។ បន្ថែម​ទៅ​ទៀត នៅ​ផ្នែក​ចុង​ក្រោយ​នៃ​ដំណឹង​ល្អ​ដែល​បាន​ត្រូវ​រៀប​រាប់​ដោយ​យ៉ូហាន គាត់​ក៏​បាន​លើក​ឡើង​អំពី​រមូរ​មួយ​ដែរ ដែល​សរសេរ​ថា​គាត់​មិន​អាច​កត់​ទុក​សញ្ញា​សម្គាល់​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​ធ្វើ ក្នុង​រមូរ​របស់​គាត់​បាន​ឡើយ។—លូកា ៤:១៦​-​២០; យ៉ូហាន ២០:៣០; ២១:២៥

តើ​រមូរ​ធ្វើ​ពី​អ្វី? អាច​ធ្វើ​ពី​ស្បែក​សត្វ ផ្ទាំង​ស្បែក ឬ​ដើម​កក់​ម្យ៉ាង ដែល​គេ​យក​ទៅ​បិទ​ភ្ជាប់​គ្នា​ដើម្បី​ឲ្យ​បាន​ទៅ​ជា​ផ្ទាំង​វែង​មួយ​ឬ​រមូរ​មួយ។ បន្ទាប់​មក នៅ​រឹម​ម្ខាង​គេ​រុំ​ភ្ជាប់​ដង​ឈើ​មួយ ដើម្បី​ស្រួល​បើក​មើល​អក្សរ​ខាង​ក្នុង។ គេ​សរសេរ​អក្សរ​លើ​ផ្ទៃ​បណ្ដោយ​រមូរ​នោះ​ជា​ជួរ​បញ្ឈរ ម្ដង​មួយ​ប្រឡោះ​ៗ។ បើ​រមូរ​នោះ​មាន​ប្រវែង​វែង គេ​រុំ​ភ្ជាប់​ដង​ឈើ​នៅ​រឹម​ទាំង​សង​ខាង។ ពេល​អ្នក​អាន​ចង់​រក​កន្លែង​ណា​មួយ​ក្នុង​រមូរ​ដែល​គាត់​ចង់​អាន គាត់​ប្រើ​ដៃ​ម្ខាង​លា​រមូរ​ទៅ​ដល់​កន្លែង​នោះ ហើយ​ដៃ​ម្ខាង​ទៀត​មូរ​រមូរ​ម្ខាង​ទៀត​ចូល​វិញ​ដើម្បី​កុំ​ឲ្យ​លា​វែង​ពេក។

វចនានុក្រម​មួយ​បាន​រៀប​រាប់​ថា ​«​ប្រយោជន៍​មួយ​នៃ​ការ​ប្រើ​រមូរ​វែង (​ភាគ​ច្រើន​ប្រវែង​ប្រហែល​១០​ម៉ែត្រ​) គឺ​សៀវភៅ​មួយ​ទាំង​មូល​អាច​ត្រូវ​កត់​ទុក​យ៉ាង​សព្វ​គ្រប់​ក្នុង​នោះ ហើយ​នៅ​តែ​តូច​ល្មម​ក្រោយ​ពី​មូរ​វា​»​ (​The Anchor Bible Dictionary​)។ ជា​ឧទាហរណ៍ សៀវភៅ​ដំណឹង​ល្អ​ដែល​បាន​ត្រូវ​រៀប​រាប់​ដោយ​លូកា គេ​ប៉ាន់​ស្មានថា​ត្រូវ​ការ​រមូរ​ប្រវែង​៩​ម៉ែត្រ​កន្លះ ដើម្បី​សរសេរ​ព័ត៌មាន​ទាំង​អស់​ក្នុង​នោះ។ ក្នុង​ករណី​ខ្លះ រឹម​រមូរ​ខាង​លើ​និង​ខាង​ក្រោម​បាន​ត្រូវ​កាត់​តម្រឹម ខាត់​ឲ្យ​រលោង​ដោយ​ថ្ម​ខាត់ និង​លាប​ពណ៌។

តើ​«​ពួក​សង្ឃនាយក​»​ក្នុង​បទ​គម្ពីរ​គ្រិស្ដ​សាសនិក​ជា​ភាសា​ក្រិច ប្រហែល​ជា​អ្នក​ណា​ខ្លះ?

តាំង​ពី​មាន​របៀប​រៀប​ចំ​ឲ្យ​មាន​ពួក​សង្ឃ​លើ​ជន​ជាតិ​អ៊ីស្រាអែល​មក គឺ​ត្រូវ​មាន​តែ​បុរស​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​បម្រើ​ជា​សម្ដេច​សង្ឃ។ នៅ​ដើម​ដំបូង​សម្ដេច​សង្ឃ​ត្រូវ​បំពេញ​ភារកិច្ច​នេះ​រហូត​ដល់​គាត់​ស្លាប់ ហើយ​ក្រោយ​មក​ម្នាក់​ទៀត​អាច​ជំនួស​តំណែង​របស់​គាត់។ (​ជន​គណនា ៣៥:២៥​) អេរ៉ុន​ជា​បុគ្គល​ទី១​ដែល​បម្រើ​ជា​សម្ដេច​សង្ឃ។ តាម​ធម្មតា​ក្រោយ​ពី​សម្ដេច​សង្ឃ​ស្លាប់ កូន​ប្រុស​ច្បង​នឹង​ស្នង​តំណែង​ដ៏​មាន​កិត្ដិយស​នេះ​ពី​ឪ​ពុក។ (​និក្ខមនំ ២៩:៩​) កូន​ចៅ​ប្រុស​ៗ​ជា​ច្រើន​របស់​អេរ៉ុន​បាន​បម្រើ​ជា​សង្ឃ ប៉ុន្ដែ​មាន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បម្រើ​ជា​សម្ដេច​សង្ឃ។

ពេល​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រោម​អាណានិគម​ប្រទេស​ផ្សេង ពួក​អ្នក​គ្រប់​គ្រង​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ដក​និង​តែង​តាំង​សម្ដេច​សង្ឃ​ពី​ជន​ជាតិ​យូដា​តាម​តែ​ចិត្ដ​ពួក​គេ។ ប៉ុន្ដែ តាម​មើល​ទៅ​សម្ដេច​សង្ឃ​ថ្មី​ទាំង​នោះ​ដែល​ពួក​គេ​បាន​ជ្រើស​រើស ច្រើន​តែ​មក​ពី​គ្រួសារ​មួយ​ចំនួន​ដែល​មាន​ឯកសិទ្ធិ។ ពួក​គេ​ភាគ​ច្រើន​ជា​កូន​ចៅ​របស់​អេរ៉ុន។ តាម​មើល​ទៅ​ពាក្យ​«​ពួក​សង្ឃនាយក​»​សំដៅ​ទៅ​លើ​សមាជិក​សំខាន់​ៗ​ក្នុង​ចំណោម​ពួក​សង្ឃ។ ពួក​សង្ឃនាយក​ប្រហែល​ជា​រួម​បញ្ចូល​អតីត​សម្ដេច​សង្ឃ​ដែល​បាន​ត្រូវ​ដក​ហូត​តំណែង ដូច​អេណាស​ជា​ដើម។ ពួក​សង្ឃនាយក​ក៏​ប្រហែល​ជា​រួម​បញ្ចូល​សមាជិក​សំខាន់​ៗ​នៃ​ក្រុម​គ្រួសារ​សម្ដេច​សង្ឃ និង​ជា​មេ​ក្រុម​នីមួយ​ៗ​របស់​ពួក​សង្ឃ ដែល​មាន​២៤​ក្រុម។—របា​ក្សត្រ​ទី១ ២៤:១​-​១៩; ម៉ាថាយ ២:៤; ម៉ាកុស ៨:៣១; សកម្មភាព ៤:៦