ហេតុអ្វីមានការស្អប់គ្នា?

ហេតុអ្វីមានការស្អប់គ្នា?

ហេតុ​អ្វី​មាន​ការ​ស្អប់​គ្នា​ច្រើន​ម្ល៉េះ​ក្នុង​ពិភព​លោក​នេះ? ដើម្បី​ដឹង​ពី​មូលហេតុ​យើង​ត្រូវ​យល់​ថា តើ​ការ​ស្អប់​គឺ​ជា​អ្វី? ហេតុ​អ្វី​មនុស្ស​ចាប់​ផ្ដើម​ស្អប់​គ្នា? និង​ហេតុ​អ្វី​បាន​ជា​មាន​ការ​ស្អប់​គ្នា​នៅ​គ្រប់​ទី​កន្លែង?

តើ​ការ​ស្អប់​គឺ​ជា​អ្វី?

ការ​ស្អប់​គឺ​ជា​ការ​មិន​ចូល​ចិត្ត ឬ​ជា​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម។ ហើយ​វា​មិន​មែន​គ្រាន់​តែ​ជា​អារម្មណ៍​ដែល​ខឹង​ចំពោះ​បុគ្គល​ណា​ម្នាក់​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​ទេ។

មូលហេតុ​ដែល​មនុស្ស​ស្អប់​គ្នា

មនុស្ស​ចាប់​ផ្ដើម​ស្អប់​គ្នា​ដោយ​សារ​មូលហេតុ​ជា​ច្រើន។ មនុស្ស​ច្រើន​តែ​ស្អប់​អ្នក​ឯ​ទៀត​មិន​មែន​ដោយ​សារ​តែ​អ្វី​ដែល​បុគ្គល​នោះ​ធ្វើ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​សារ​បុគ្គល​នោះ​ជា​អ្នក​ណា។ បុគ្គល​ដែល​ត្រូវ​គេ​ស្អប់​បាន​ត្រូវ​គេ​ចាត់​ទុក​ថា ជា​មនុស្ស​អាក្រក់ ជា​មនុស្ស​ដែល​មាន​បំណង​បង្ក​បញ្ហា និង​ជា​មនុស្ស​ដែល​មិន​អាច​កែ​ប្រែ​បាន ហើយ​គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​ដែល​អន់ ជា​មនុស្ស​បង្ក​ឲ្យ​មាន​ការ​គំរាម​កំហែង និង​ជា​មូលហេតុ​នៃ​បញ្ហា​ផ្សេង​ៗ។ បុគ្គល​ដែល​ស្អប់​អ្នក​ឯ​ទៀត​ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ឈឺ​ចាប់​ដោយ​សារ​អំពើ​ហិង្សា ភាព​អយុត្តិធម៌ ឬ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ការ​ស្អប់​ចាក់​ឫស​ជ្រៅ​នៅ​ក្នុង​ចិត្ត​របស់​គាត់។

របៀប​ដែល​ការ​ស្អប់​មាន​នៅ​គ្រប់​ទី​កន្លែង

បុគ្គល​ម្នាក់​អាច​ស្អប់​អ្នក​ឯ​ទៀត​ទោះ​បី​ជា​គាត់​មិន​ធ្លាប់​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​នឹង​ពួក​គេ​ក៏​ដោយ។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​អាច​មាន​ទស្សនៈ​លម្អៀង​តាម​បុគ្គល​ដែល​គាត់​គោរព និង​តាម​បុគ្គល​ដែល​ជិត​ស្និទ្ធ​នឹង​គាត់​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ការ​ស្អប់​អាច​រីក​រាល​ដាល​យ៉ាង​ងាយ ហើយ​មិន​យូរ​មិន​ឆាប់​មនុស្ស​ទាំង​អស់​ដែល​គោរព និង​ជិត​ស្និទ្ធ​ជា​មួយ​បុគ្គល​នោះ​ក៏​នឹង​មាន​គំនិត​ដូច​គ្នា​ដែរ។

ពេល​ដែល​យើង​យល់​ថា ការ​ស្អប់​អាច​ឆ្លង​រាល​ដាល​យ៉ាងងាយ យើង​ក៏​អាច​យល់​ពី​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ប៉ុន្តែ ដើម្បី​លុប​បំបាត់​ការ​ស្អប់​គ្នា​នៅ​ទូទាំង​ពិភព​លោក យើង​ត្រូវ​រៀន​អំពី​របៀប​ដែល​ការ​ស្អប់​បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ដើម​ដំបូង។ យើង​អាច​រៀន​អំពី​រឿង​ទាំង​អស់​នេះ​នៅ​ក្នុង​គម្ពីរ។

គម្ពីរ​ប្រាប់​អំពី​ដើម​កំណើត​នៃ​ការ​ស្អប់

រូបសញ្ញាព្រួញវិលជុំវិញដែលបញ្ជាក់អំពីកត្តាផ្សេងៗដែលនាំឲ្យមានការស្អប់គ្នាឥតឈប់។ ១. ព័ត៌មានមិនត្រឹមត្រូវ ដែលរួមបញ្ចូលការបង្ខិតបង្ខំពីមនុស្សជុំវិញខ្លួន បណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា និងសារព័ត៌មាន។ ២. ការមិនដឹងច្បាស់អំពីវប្បធម៌ ពូជសាសន៍ និងសាសនា។ ៣. ការភ័យខ្លាចចំពោះការផ្លាស់ប្ដូរ ការបាត់បង់ និងការមិនដឹងអ្វីដែលអាចកើតឡើង។ ៤. ការស្អប់អាចនាំឲ្យមានការរើសអើង ការបះបោរ និងការប្រើអំពើហិង្សា។

ការ​ស្អប់​មិន​មែន​ចាប់​ផ្ដើម​ដោយ​សារ​មនុស្ស​ទេ។ វា​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​សារ​ទេវតា​មួយ​រូប​នៅ​ស្ថាន​សួគ៌ ដែល​ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា មេ​កំណាច​សាថាន​ដែល​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ។ មេ​កំណាច​«​ជា​ឃាតករ​តាំង​ពី​ដើម​ដំបូង​»​គឺ​តាំង​ពី​វា​ចាប់​ផ្ដើម​បះ​បោរ។ វា​«​ជា​អ្នក​ភូត​ភរ ព្រម​ទាំង​ជា​ឪពុក​នៃ​ការ​ភូត​ភរ​ទៀត​ផង​»​ ហើយ​វា​នៅ​តែ​បន្ត​ឲ្យ​មាន​ការ​ស្អប់​គ្នា និង​ការ​បះ​បោរ។ (​យ៉ូហាន ៨:៤៤; យ៉ូហាន​ទី​១ ៣:១១, ១២​) គម្ពីរ​រៀប​រាប់​ថា​វា​ជា​អ្នក​ព្យាបាទ អ្នក​មាន​កំហឹង និង​ជា​អ្នក​ឆេវ​ឆាវ។—យ៉ូប ២:៧; ការ​បើក​បង្ហាញ ១២:៩, ១២, ១៧

មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​អាច​ស្អប់​គ្នា​យ៉ាង​ងាយ​ស្រួល។ បុរស​ដំបូង​គឺ​ជា​អាដាម បាន​ធ្វើ​តាម​គំរូ​ដ៏​អាក្រក់​របស់​សាថាន។ ជា​លទ្ធផល​មនុស្សជាតិ​ទាំង​ឡាយ​បាន​ទទួល​ភាព​ខុស​ឆ្គង និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ជា​មត៌ក។ (​រ៉ូម ៥:១២​) កូន​ប្រុស​ទី​១​របស់​អាដាម​គឺ​កាអ៊ីន បាន​សម្លាប់​ប្អូន​ប្រុស​បង្កើត​របស់​គាត់​គឺ​អេបិល​ដោយ​ការ​ស្អប់​យ៉ាង​ខ្លាំង។ (​យ៉ូហាន​ទី​១ ៣:១២​) ពិត​មែន មនុស្ស​ជា​ច្រើន​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​អាណិត​មេត្តា។ ប៉ុន្តែ ដោយសារ​ភាព​ខុស​ឆ្គង​នេះ​ងាយ​ស្រួល​ឲ្យ​មនុស្ស​បង្ហាញ​អំពី​ការ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ច្រណែន និង​មោទនភាព​ដែល​ជា​លក្ខណៈ​បណ្ដាល​ឲ្យ​មាន​ការ​ស្អប់​គ្នា។—ធីម៉ូថេ​ទី​២ ៣:១​-​៥

ការ​ស្អប់​អាច​លូត​លាស់​ដោយ​សារ​ការ​ប្រកាន់។ ពិភព​លោក​ដែល​យើង​កំពុង​រស់​នៅ​បណ្ដាល​ឲ្យ​មាន​ការ​ស្អប់ ដោយ​លើក​ស្ទួយ​នូវ​ការ​ប្រព្រឹត្ត និង​ចិត្ត​គំនិត​ដែល​គ្មាន​សេចក្ដី​មេត្តា និង​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ការ​ប្រកាន់ ការ​រើសអើង ពាក្យ​សម្ដី​ជេរ​ប្រមាថ ការ​សម្លុត​ធ្វើ​បាប និង​ការ​បំផ្លិច​បំផ្លាញ​បាន​កើន​ឡើង​ដោយ​សារ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»​ ឬ​ក៏​សាថាន។—យ៉ូហាន​ទី​១ ៥:១៩

ប៉ុន្តែ គម្ពីរ​មិន​គ្រាន់​តែ​បង្ហាញ​អំពី​ដើម​កំណើត​នៃ​ការ​ស្អប់​គ្នា​ប៉ុណ្ណោះ​ទេ តែ​គម្ពីរ​ក៏​ប្រាប់​នូវ​ដំណោះ​ស្រាយ​ស្ដី​អំពី​រឿង​នេះ​ដែរ។