តើលោកអ្នកដឹងឬទេ?
តើឥដ្ឋដែលបានត្រូវរកឃើញនៅបាប៊ីឡូនសម័យបុរាណនិងរបៀបធ្វើឥដ្ឋទាំងនេះបង្ហាញយ៉ាងណាថាគម្ពីរគឺត្រឹមត្រូវ?
បុរាណវត្ថុវិទូបានជីករកឃើញឥដ្ឋរាប់លានដុំនៅក្រុងបាប៊ីឡូនសម័យបុរាណដែលគេប្រើដើម្បីសង់ក្រុងនោះ។ យោងទៅតាមបុរាណវត្ថុវិទូម្នាក់ឈ្មោះរ៉ូបឺត កុលដេវី ឥដ្ឋទាំងនេះបានត្រូវដុតក្នុងឡ«ក្រៅក្រុង ជាកន្លែងដែលមានដីឥដ្ឋល្អនិងសម្បូរព្រៃគុម្ពោតដើម្បីដុត»។
បុរាណវត្ថុវិទូបានរកឃើញទីសំអាងដែលបង្ហាញថាពួកមន្ត្រីនៅបាប៊ីឡូនក៏បានប្រើឡទាំងនោះដើម្បីប្រព្រឹត្តអំពើមិនល្អដែរ។ សាស្ត្រាចារ្យម្នាក់ខាងភាសានិងប្រវត្តិសាស្ត្ររបស់ស្រុកអាស៊ីរីបុរាណឈ្មោះផលអាឡេន បុលយូពីសកលវិទ្យាល័យនៅក្រុងតូរ៉ុនតូ និយាយថា៖ «សំណេរបុរាណរបស់ពួកបាប៊ីឡូនបង្ហាញថាស្ដេចធ្លាប់បញ្ជាថាពួកអ្នកដែលមិនស្ដាប់បង្គាប់ ឬដែលមិនបង្ហាញការគោរពចំពោះអ្វីពិសិដ្ឋគួរតែបោះចូលនិងដុតនៅក្នុងឡ»។ ជាឧទាហរណ៍ សំណេរបុរាណមួយពីសម័យស្ដេចនេប៊ូក្នេសាសរសេរថា៖ «បំផ្លាញពួកគេទៅ ដុតពួកគេទៅ . . . ក្នុងឡ . . . ឲ្យផ្សែងពីពួកគេហុយឡើង បោះពួកគេចូលក្នុងភ្លើងឲ្យស្លាប់ទៅ»។
នេះធ្វើឲ្យអ្នកអានគម្ពីរនឹកឃើញព្រឹត្តិការណ៍ដែលបានត្រូវរៀបរាប់នៅសៀវភៅដានីយ៉ែល ជំពូកទី៣។ យោងទៅតាមកំណត់ហេតុប្រវត្តិសាស្ត្រនោះ ស្ដេចនេប៊ូក្នេសាបានដំឡើងរូបមាសដ៏ធំមួយនៅឯវាលឌូរ៉ានៅក្រៅក្រុងបាប៊ីឡូន។ ពេលយុវជនជនជាតិហេប្រឺបីនាក់ឈ្មោះសាដ្រាក់ មេសាក់ និងអាបេឌនេកោមិនព្រមក្រាបគោរពដល់រូបមាសនោះ នេប៊ូក្នេសាមានកំហឹងជាខ្លាំង ហើយក៏បញ្ជាគេឲ្យដុតឡភ្លើងឲ្យ«ក្ដៅជាងធម្មតាដល់ទៅ៧ដង» និងបោះបុរសវ័យក្មេងបីនាក់នោះ«ទៅក្នុងឡភ្លើងដែលឆេះសន្ធោសន្ធៅ»។ ទេវតាដ៏ខ្លាំងក្លាមួយរូបបានសង្គ្រោះពួកគាត់ពីសេចក្ដីស្លាប់នោះ។—ដាន. ៣:១-៦, ១៩-២៨
© The Trustees of the British Museum. Licensed under CC BY-NC-SA 4.0. Source
ឥដ្ឋដែលមានចារឹកឈ្មោះនេប៊ូក្នេសា
ឥដ្ឋដែលបានត្រូវរកឃើញនៅក្រុងបាប៊ីឡូនក៏បង្ហាញដែរថាគម្ពីរគឺត្រឹមត្រូវ។ ឥដ្ឋជាច្រើនក្នុងចំណោមឥដ្ឋទាំងនោះមានអក្សរចារឹកដែលសរសើរតម្កើងស្ដេច។ មានអក្សរចារឹកមួយសរសេរថា៖ «នេប៊ូក្នេសា ស្ដេចបាប៊ីឡូន . . . វិមានដែលខ្ញុំជាស្ដេចដ៏អស្ចារ្យបានសង់ឡើង . . . សូមឲ្យកូនចៅរបស់ខ្ញុំជំនាន់ក្រោយៗគ្រប់គ្រងក្នុងវិមាននេះតរៀងទៅ»។ អក្សរចារឹកនេះស្រដៀងនឹងពាក្យអំណួតរបស់នេប៊ូក្នេសានៅដានីយ៉ែល ៤:៣០ ដែលថា៖ «តើនេះមិនមែនជាក្រុងបាប៊ីឡូនដ៏អស្ចារ្យ ដែលខ្ញុំបានសង់ជាដំណាក់ស្ដេច ដោយអំណាចនិងកម្លាំងខ្លាំងក្លារបស់ខ្ញុំ ដើម្បីបង្ហាញភាពរុងរឿងនៃរាជ្យខ្ញុំទេឬ?»។