Privacy Settings

ដើម្បីផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការប្រើប្រាស់គេហទំព័ររបស់យើង យើងប្រើឃូគីនិងបច្ចេកវិទ្យាស្រដៀងនេះ។ ឃូគីខ្លះគឺពិតជាសំខាន់សម្រាប់ឲ្យគេហទំព័រយើងដំណើរការបានល្អហើយឃូគីនោះមិនអាចបិទបានទេ។ លោកអ្នកអាចទទួលឬបដិសេធ ប្រើប្រាស់កម្មវីធីឃូគីឯទៀតដែលយើងប្រើសម្រាប់តែផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការប្រើប្រាស់គេហទំព័ររបស់យើងប៉ុណ្ណោះ។ ទិន្នន័យរបស់លោកអ្នកនឹងមិនប្រើប្រាស់ក្នុងគោលបំណងធ្វើពាណិជ្ជកម្មឬលក់ឡើយ។ ដើម្បីរៀនថែមទៀត សូមអាន Global Policy on Use of Cookies and Similar Technologies។ លោកអ្នកក៏អាចកែប្រែការកំណត់នោះនៅពេលណាក៏បានដោយចូលទៅកាន់ Privacy Settings

តើ​យើង​អាច​បញ្ឈប់​សង្គ្រាម​និង​ជម្លោះ​ហិង្សា​ឬ​ទេ?

តើ​យើង​អាច​បញ្ឈប់​សង្គ្រាម​និង​ជម្លោះ​ហិង្សា​ឬ​ទេ?

មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ឈ្លោះ​និង​ច្បាំង​គ្នា។ អ្នក​ខ្លះ​ច្បាំង​គ្នា​ដើម្បី​ផ្លាស់​ប្ដូរ​នយោបាយ សេដ្ឋកិច្ច ឬ​សង្គម។ អ្នក​ខ្លះ​ទៀត​ច្បាំង​គ្នា​ដើម្បី​ដណ្ដើម​យក​ទឹក​ដី និង​ធន​ធាន​ធម្មជាតិ។ ជម្លោះ​ជា​ច្រើន​កើត​ឡើង​ដោយ​សារ​ការ​ប្រកាន់​ពូជ​សាសន៍​ដែល​មាន​រយៈ​ពេល​ជា​យូរ​មក​ហើយ ឬ​ដោយ​សារ​សាសនា​ខុស​គ្នា។ តើ​មនុស្ស​ព្យាយាម​ធ្វើ​អ្វី​ដើម្បី​បញ្ឈប់​ការ​ច្បាំង​គ្នា និង​ដើម្បី​មាន​សន្តិភាព? តើ​ពួក​គេ​អាច​បញ្ឈប់​សង្គ្រាម​បាន​ដែរ​ឬ​ទេ?

រូបថត​រហែក​ដែល​មាន​ជាង​សំណង់បី​នាក់ពិគ្រោះគ្នាអំពី​គម្រោង​សាង​សង់ក្នុង​អគារដែលមិន​ទាន់សង់រួច។

Drazen_/E+ via Getty Images

ពង្រឹង​សេដ្ឋកិច្ច

គោល​ដៅ​៖ គឺ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​របស់​មនុស្ស​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ នេះ​អាច​ជួយ​លុប​បំបាត់ ឬ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដែល​ជា​កត្តា​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ជម្លោះ។

ការ​ពិបាក​៖ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ផ្លាស់​ប្ដូរ​ការ​ចំណាយ​របស់​ពួក​គេ។ នៅ​ឆ្នាំ​២០២២ រដ្ឋាភិបាល​នៅ​ទូ​ទាំង​ពិភព​លោក​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​៣៤,១​ពាន់​លាន​ដុល្លារ​ដើម្បី​រក្សា​ឲ្យ​មាន​សន្តិភាព។ នេះ​គឺ​ស្មើ​នឹង​០,៤​ភាគ​រយ​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​ទឹក​ប្រាក់​ដែល​រដ្ឋាភិបាល​បាន​ចំណាយ​ទៅ​លើ​ផ្នែក​យោធា​នៅ​ឆ្នាំ​នោះ។

អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ គុថេរិស បាន​រៀប​រាប់​ថា​៖«​យើង​បាន​ចំណាយ​ប្រាក់ និង​ធន​ធាន​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ច្រើន​ជាង​ចំណាយ​ប្រាក់​ដើម្បី​ទប់​ស្កាត់​សង្គ្រាម និង​រក្សា​ឲ្យ​មាន​សន្តិភាព​»។

អ្វី​ដែល​គម្ពីរ​ចែង​៖ រដ្ឋាភិបាល​និង​ស្ថាប័ន​ផ្សេង​ៗ​របស់​ពិភព​លោក​នេះ​អាច​ផ្ដល់​ជំនួយ​ដល់​មនុស្ស​ក្រី​ក្រ ប៉ុន្តែ​ពួក​គេ​មិន​អាច​លុប​បំបាត់​ភាព​ក្រីក្រទាំង​ស្រុង​បាន​ឡើយ។—ការ​បំភ្លឺ​ច្បាប់ ១៥:​១១; ម៉ាថាយ ២៦:១១

រូប​រហែកមួយ​បង្ហាញពីការ​ចាប់​ដៃ​ព្រមព្រៀង​គ្នា។

ការ​ទូត

គោល​ដៅ​៖ គឺ​ដើម្បី​ទប់​ស្កាត់​ឬ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី តាម​រយៈ​ការ​ពិគ្រោះ​គ្នា និង​ការ​ចរចា​ដើម្បី​ជា​ប្រយោជន៍​ដល់​ភាគី​ទាំង​សង​ខាង។

ការ​ពិបាក​៖ ភាគី​មួយ​ឬ​ច្រើន​ជាង​អាច​មិន​ព្រម​ចរចា សម្រប​សម្រួល ឬ​ទទួល​យក​កិច្ច​ព្រម​ព្រៀង។ ម្យ៉ាង​ទៀត កិច្ច​ព្រម​ព្រៀង​សន្តិភាព​អាច​បំផ្លាញ​យ៉ាង​ងាយ។

រេម៉ិន អែហ្វ ស្មីត ពី​ទស្សនាវដ្ដី​ការ​ទូត​អាម៉េរិក​បាន​រៀប​រាប់​ថា​៖«​ការ​ទូត​មិន​តែង​តែ​ជោគ​ជ័យ​ទេ។ កិច្ច​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​សង្គ្រាម​អាច​លម្អៀង​ទៅ​ម្ខាង​ៗ ហើយ​អាច​នាំ​ឲ្យ​មាន​ជម្លោះ​នៅ​ពេល​ក្រោយ​មក​»។

អ្វី​ដែល​គម្ពីរ​ចែង​៖ មនុស្ស​គួរ​«​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​សន្តិភាព​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៤:១៤​) ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​«​គ្មាន​ភក្ដី​ភាព . . . មិន​ព្រម​ស្រុះ​ស្រួល​គ្នា . . . ជា​អ្នក​ក្បត់​»។ (​ធីម៉ូថេ​ទី​២ ៣:១​-​៤​) លក្ខណៈ​បែប​នេះ​បាន​រារាំង​មិន​ឲ្យ​អ្នក​ដឹក​នាំ​នយោបាយ​ដែល​មាន​ចិត្ត​ស្មោះ​អាច​ដោះ​ស្រាយ​ជម្លោះ​ផ្សេង​ៗ។

រូបរហែក​មួយ​បង្ហាញ​កាំភ្លើង​បាក់​បែក។

ការ​ដក​ហូត​អាវុធ

គោល​ដៅ​៖ គឺ​ដើម្បី​កាត់​បន្ថយ​ឬ​បំបាត់​ចោល​អាវុធ ជា​ពិសេស​អាវុធនុយ​ក្លេអ៊ែ អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ។

ការ​ពិបាក​៖ ប្រជា​ជាតិ​នានា​ច្រើន​តែ​មិន​ចង់​ដក​ហូត​អាវុធ​របស់​ខ្លួន​ទេ ព្រោះ​ពួក​គេ​ខ្លាច​បាត់​បង់​អំណាច ឬ​ខ្លាច​ប្រទេស​ឯ​ទៀត​វាយ​ប្រហារ​មក​លើ​ពួក​គេ។ ការ​បំបាត់​ចោល​អាវុធ​មិន​អាច​បំបាត់​ចោល​មូលហេតុ​ដែល​មនុស្ស​ច្បាំង​គ្នា​ទេ។

សៀវភៅ​មួយ​អំពី​ការ​ដក​ហូត​អាវុធ (​Securing Our Common Future: An Agenda for Disarmament​) បាន​រៀប​រាប់​ថា​៖«​ពេល​សង្គ្រាម​ត្រជាក់​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៩១ រដ្ឋាភិបាល​ជា​ច្រើន​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដើម្បី​ដក​ហូត​អាវុធ កាត់​បន្ថយ​គ្រោះ​ថ្នាក់ បំបាត់​ភាព​តាន​តឹង​រវាង​ប្រទេស​នីមួយ​ៗ ហើយ​សំខាន់​បំផុត ជួយ​ឲ្យ​ពិភព​លោក​កាន់​តែ​មាន​សុវត្ថិភាព និង​សន្តិភាព។ ប៉ុន្តែ​ជាក់​ស្ដែង ពួក​គេ​មិន​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​»។

អ្វី​ដែល​គម្ពីរ​ចែង​៖ មនុស្ស​គួរ​បោះ​ចោល​គ្រឿង​អាវុធ ហើយ​«​យក​ដាវ​របស់​ខ្លួន ដំ​ធ្វើ​ជា​ផាល​នង្គ័ល​»។ (​អេសាយ ២:៤​) ប៉ុន្តែ​ដើម្បី​បំបាត់​សង្គ្រាម ពួក​គេ​ត្រូវ​ធ្វើ​ច្រើន​ជាង​នេះ ដោយ​សារ​ដើម​ហេតុ​នៃ​អំពើ​ហិង្សា​គឺផ្ដើម​ចេញ​ពី​ចិត្ត​របស់​មនុស្ស។—ម៉ាថាយ ១៥:១៩

រូប​រហែក​មួយ​បង្ហាញ​ពី​មេ​ដឹក​នាំ​មួយ​ក្រុម​ដែលមក​ពី​ជាតិ​សាសន៍​ផ្សេង​ៗ​កំពុង​អង្គុយ​ជុំ​វិញ​តុជា​មួយ​គ្នា។ ពួក​គេ​ទាំង​អស់​គ្នា​កំពុង​ចុះ​ហត្ថលេខា​ទៅ​លើឯក​សារដូច​ៗ​គ្នា។

ការ​ចង​សម្ពន្ធ​ភាព​ដើម្បី​ទប់​ស្កាត់​សង្គ្រាម

គោល​ដៅ​៖ គឺ​រដ្ឋាភិបាល​ផ្សេង​ៗ​ចង​សម្ពន្ធ​ភាព​ជា​មួយ​គ្នា​ដើម្បី​ការ​ពារ​ខ្លួន​ពី​ប្រទេស​ដែល​ចង់​ឈ្លានពាន។ ធម្មតា ប្រទេស​ដែល​ចង់​ឈ្លានពាន​នឹង​មិន​ចាប់​ផ្ដើម​សង្គ្រាម​ទេ បើ​ដឹង​ថា​គេ​ត្រូវ​ត​ទល់​នឹង​ប្រទេស​ជា​ច្រើន។

ការ​ពិបាក​៖ ការ​ដឹង​ថា​ប្រទេស​ដែល​ចង​សម្ពន្ធ​ភាព​គ្នា​នឹង​វាយ​ប្រហារ​តប​វិញ មិន​មាន​ន័យ​ថា​ប្រទេស​ឯ​ទៀត​នឹង​មិន​ហ៊ាន​ឈ្លានពាន​ទេ។ បន្ថែម​ទៅ​ទៀត ប្រជា​ជាតិ​ដែល​ចង​សម្ពន្ធ​ភាព​គ្នា មិន​តែង​តែ​គោរព​ពាក្យ​សន្យា​របស់​ពួក​គេ និង​យល់​ស្រប​គ្នា​អំពី​ពេល​ណា និង​របៀប​ណា​ដែល​ពួក​គេ​គួរ​ប្រព្រឹត្ត​ចំពោះ​ប្រទេស​ដែល​ឈ្លានពាន​ឡើយ។

សព្វវចនាធិប្បាយ​ប៊្រីធែណ​នី​កា​បាន​ពន្យល់​ថា​៖«​ទោះ​ជា​អង្គការ​សម្ពន្ធ​ប្រជា​ជាតិ និង​អង្គការ​សហប្រជាជាតិ បាន​ខំ​ជួយ​រដ្ឋាភិបាល​នានា​ឲ្យ​ចង​សម្ពន្ធ​ភាព​ជា​មួយ​គ្នា​ក៏​ដោយ តែ​ការ​ធ្វើ​ដូច្នេះ​មិន​បាន​បញ្ឈប់​សង្គ្រាម​ឡើយ​»។

អ្វី​ដែល​គម្ពីរ​ចែង​៖ ធម្មតា ការ​មាន​គ្នា​ច្រើន​នាំ​ឲ្យ​មាន​សុវត្ថិភាព។ (​អ្នក​ទូន្មាន ៤:១២​) ប៉ុន្តែ អង្គការ​របស់​មនុស្ស​មិន​អាច​នាំ​ឲ្យ​មាន​សន្តិភាព​និង​សន្តិសុខ​យូរ​អង្វែង​ទេ។ ព្រោះ​គម្ពីរ​ចែង​ថា​៖ ​«​កុំ​ទុក​ចិត្ត​ពួក​មាន​ឋានៈ​ខ្ពស់ កុំ​ទុក​ចិត្ត​មនុស្ស ព្រោះ​ពួក​គេ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ។ ពេល​គេ​ផុត​ដង្ហើម គេ​ត្រឡប់​ទៅ​ជា​ដី​វិញ។ នៅ​ថ្ងៃ​នោះ​ឯង ការ​គិត​គូរ​របស់​គេ​ក៏​រលាយ​សាប​សូន្យ​ទៅ​»។—ចម្រៀង​សរសើរ​ព្រះ ១៤៦:៣, ៤

ទោះ​ជា​ប្រជា​ជាតិ​ជា​ច្រើន​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​មាន​សង្គ្រាម។