តើតាមរបៀបណាអ្នកអាចក្លាយជាមិត្តសម្លាញ់របស់ព្រះ?
ចម្លើយពីគម្ពីរ
អ្នកអាចទៅជាមិត្តសម្លាញ់របស់ព្រះបាន ដោយរៀនអំពីលោកនិងធ្វើអ្វីដែលលោកពេញចិត្ត។ បន្ទាប់មក លោកនឹង«ចូលមកជិតអ្នក»។ (យ៉ាកុប ៤:៨) គម្ពីរផ្ដល់ការធានាដល់យើងថា«លោកមិននៅឆ្ងាយពីយើងម្នាក់ៗទេ»។—សកម្មភាព ១៧:២៧
ជំហានផ្សេងៗដើម្បីស្គាល់ព្រះ
សូមអានគម្ពីរ
គម្ពីរចែងថា៖ «គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ»។—ធីម៉ូថេទី២ ៣:១៦
ខនេះមានន័យថា៖ ព្រះជាអ្នកនិពន្ធគម្ពីរ។ លោកបានដឹកនាំអ្នកសរសេរគម្ពីរឲ្យសរសេរគំនិតរបស់លោក។ តាមរយៈសៀវភៅដ៏ល្អឯកនេះ លោកបានឲ្យយើងដឹងអំពីបំណងប្រាថ្នារបស់លោក។ បន្ថែមទៅទៀត លោកក៏ឲ្យយើងស្គាល់បុគ្គលិកលក្ខណៈរបស់លោកដែរ រួមទាំងគុណសម្បត្តិផ្សេងៗរបស់លោក ដូចជាសេចក្ដីស្រឡាញ់ យុត្តិធម៌ និងសេចក្ដីមេត្តាករុណាជាដើម។—ដំណើរចាកចេញ ៣៤:៦; ការបំភ្លឺច្បាប់ ៣២:៤
អ្វីដែលអ្នកអាចធ្វើ៖ សូមអានគម្ពីរជារៀងរាល់ថ្ងៃ។ (យ៉ូស្វេ ១:៨) សូមរំពឹងគិតអំពីអ្វីដែលអ្នកបានអាន ដោយសួរខ្លួនថា‹តើកំណត់ហេតុនេះបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះ?›។—ចម្រៀងសរសើរព្រះ ៧៧:១២
ឧទាហរណ៍ សូមអានយេរេមា ២៩:១១ រួចសួរខ្លួនថា‹តើព្រះចង់ឲ្យខ្ញុំមានសេចក្ដីសុខសាន្តឬសេចក្ដីវេទនា? តើលោកជាព្រះដែលចេះតែដាក់ទោសឬ? តើលោកចង់ឲ្យខ្ញុំមានអនាគតដ៏ប្រសើរឬទេ?›។
សង្កេតមើលអ្វីៗក្នុងធម្មជាតិ
គម្ពីរចែងថា៖ «ទោះជាមនុស្សមើលមិនឃើញព្រះក៏ដោយ តែពេលពួកគេពិចារណាមើលអ្វីៗដែលលោកបានបង្កើត នោះពួកគេឃើញច្បាស់នូវគុណសម្បត្តិរបស់លោក»។—រ៉ូម ១:២០
ខនេះមានន័យថា៖ អ្វីៗដែលព្រះបានបង្កើត ឆ្លុះបញ្ចាំងឲ្យឃើញបុគ្គលិកលក្ខណៈរបស់លោក ដូចជាយើងអាចស្គាល់លក្ខណៈវិចិត្រករម្នាក់ច្បាស់ តាមរយៈស្នាដៃសិល្បៈរបស់គាត់ ឬយើងអាចស្គាល់អ្នកផលិតគ្រឿងយន្ត តាមរយៈការសង្កេតមើលម៉ាស៊ីនដ៏ស្មុគស្មាញដែលគាត់បានបង្កើតឡើង។ សមត្ថភាពនិងភាពស៊ាំញ៉ាំនៃខួរក្បាលមនុស្ស បង្ហាញឲ្យយើងឃើញថាព្រះមានប្រាជ្ញាខ្លាំងប៉ុនណា។ ថាមពលព្រះអាទិត្យនិងផ្កាយនានា បង្ហាញឲ្យឃើញថាព្រះមានឫទ្ធានុភាពមហិមាយ៉ាងណា។—ចម្រៀងសរសើរព្រះ ១០៤:២៤; អេសាយ ៤០:២៦
អ្វីដែលអ្នកអាចធ្វើ៖ សូមលៃពេលសង្កេតមើលធម្មជាតិ និងស្វែងយល់អំពីនោះ។ ពេលដែលអ្នកធ្វើដូច្នោះ សូមសួរខ្លួនថា‹តើក្បាច់រចនាដ៏អស្ចារ្យដែលយើងឃើញក្នុងធម្មជាតិបង្ហាញយ៉ាងណាអំពីព្រះ?›។ a តាមពិត មានអ្វីជាច្រើនក្នុងធម្មជាតិ មិនបានប្រាប់យើងយ៉ាងជាក់លាក់អំពីព្រះដែលជាអ្នកបង្កើតទេ។ ហេតុនេះហើយបានជាលោកផ្ដល់គម្ពីរដល់យើង។
ប្រើនាមរបស់ព្រះ
គម្ពីរចែងថា៖ «ខ្ញុំនឹងការពារគាត់ ព្រោះគាត់ស្គាល់នាមរបស់ខ្ញុំ។ គាត់នឹងហៅរកខ្ញុំ ហើយខ្ញុំនឹងតបឆ្លើយទៅគាត់»។—ចម្រៀងសរសើរព្រះ ៩១:១៤, ១៥
ខនេះមានន័យថា៖ ព្រះដែលមាននាមយេហូវ៉ា លោកយកចិត្តទុកដាក់ជាពិសេសចំពោះអស់អ្នកដែលស្គាល់នាមលោក និងប្រើនាមលោកដោយគោរព។ b (ចម្រៀងសរសើរព្រះ ៨៣:១៨; ម៉ាឡាគី ៣:១៦) លោកបានណែនាំខ្លួនដោយប្រើនាមលោក។ លោកបានមានប្រសាសន៍ថា៖«ខ្ញុំជាយេហូវ៉ា នេះហើយជានាមរបស់ខ្ញុំ»។—អេសាយ ៤២:៨
អ្វីដែលអ្នកអាចធ្វើ៖ សូមប្រើនាមយេហូវ៉ាពេលដែលនិយាយសំដៅទៅលើលោក។
និយាយទៅកាន់ព្រះយេហូវ៉ាតាមរយៈការអធិដ្ឋាន
គម្ពីរចែងថា៖ «ព្រះយេហូវ៉ានៅជិតអស់អ្នកដែលហៅរកលោក»។—ចម្រៀងសរសើរព្រះ ១៤៥:១៨
ខនេះមានន័យថា៖ ព្រះយេហូវ៉ាចូលទៅជិតអស់អ្នកដែលអធិដ្ឋានទៅលោកដោយជំនឿ។ ការអធិដ្ឋានជាផ្នែកមួយនៃការគោរពប្រណិប័តន៍ព្រះ ហើយយើងចង់ធ្វើដូច្នោះដោយការគោរពយ៉ាងជ្រាលជ្រៅ។
អ្វីដែលអ្នកអាចធ្វើ៖ សូមអធិដ្ឋានជារឿយៗទៅព្រះ។ (ថែស្សាឡូនិចទី១ ៥:១៧) សូមជម្រាបលោកអំពីកង្វល់ទាំងអស់របស់អ្នក ព្រមទាំងប្រាប់អារម្មណ៍របស់អ្នកទៅលោក។—ចម្រៀងសរសើរព្រះ ៦២:៨ c
បណ្ដុះឲ្យមានជំនឿទៅលើព្រះ
គម្ពីរចែងថា៖ «បើគ្មានជំនឿទេ នោះមិនអាចធ្វើឲ្យព្រះពេញចិត្តបានឡើយ»។—ហេប្រឺ ១១:៦
ខនេះមានន័យថា៖ ដើម្បីចូលទៅជិតព្រះ យើងត្រូវមានជំនឿលើលោក។ គម្ពីរបានបកស្រាយអត្ថន័យនៃការមានជំនឿថាមិនគ្រាន់តែជឿថាមានព្រះប៉ុណ្ណោះទេ តែក៏បញ្ជាក់អំពីការជឿទុកចិត្តទាំងស្រុងទៅលើលោក រួមបញ្ចូលការជឿទៅលើសេចក្ដីសន្យារបស់លោក និងជឿថាមានតែខ្នាតតម្រារបស់លោកប៉ុណ្ណោះដែលត្រឹមត្រូវនិងប្រកបដោយប្រាជ្ញា។ បើនិយាយឲ្យចំទៅ ការជឿទុកចិត្តគឺជាគន្លឹះសំខាន់ដើម្បីមានចំណងមិត្តភាពជិតស្និទ្ធជាមួយនរណាម្នាក់។
អ្វីដែលអ្នកអាចធ្វើ៖ ជំនឿមានមូលដ្ឋានទៅលើចំណេះ។ (រ៉ូម ១០:១៧) ដូច្នេះ សូមសិក្សាគម្ពីរ ហើយរៀនទុកចិត្តព្រះនិងការណែនាំពីលោក។ សាក្សីព្រះយេហូវ៉ារីករាយសិក្សាគម្ពីរជាមួយអ្នក។ d
ធ្វើអ្វីដែលព្រះពេញចិត្ត
គម្ពីរចែងថា៖ «ការស្រឡាញ់ព្រះមានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក»។—យ៉ូហានទី១ ៥:៣
ខនេះមានន័យថា៖ ព្រះយេហូវ៉ានៅជិតអស់អ្នកដែលស្រឡាញ់លោក និងស្ដាប់បង្គាប់លោក។
អ្វីដែលអ្នកអាចធ្វើ៖ ពេលដែលអ្នកសិក្សាគម្ពីរ សូមរកមើលថាព្រះចូលចិត្តអ្វីនិងមិនចូលចិត្តអ្វី។ សូមសួរខ្លួនថា‹តើខ្ញុំអាចកែប្រែអ្វីខ្លះដើម្បីឲ្យព្រះដែលជាអ្នកបង្កើតខ្ញុំពេញចិត្ត?›។—ថែស្សាឡូនិចទី១ ៤:១
ពិសោធឲ្យដឹងថាព្រះយកចិត្តទុកដាក់ចំពោះអ្នក ដោយធ្វើតាមដំបូន្មានពីលោក
គម្ពីរចែងថា៖ «ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាជាព្រះល្អ»។—ចម្រៀងសរសើរព្រះ ៣៤:៨
ខនេះមានន័យថា៖ ព្រះអញ្ជើញអ្នកឲ្យពិសោធមើលដោយខ្លួនអ្នកថាតើលោកល្អយ៉ាងណា។ ពេលអ្នកពិសោធឃើញថាព្រះស្រឡាញ់និងគាំទ្រអ្នក នោះអ្នកនឹងចង់ចូលទៅជិតលោក។
អ្វីដែលអ្នកអាចធ្វើ៖ កាលដែលអ្នកអានគម្ពីរ សូមធ្វើតាមដំបូន្មានពីលោក ហើយអ្នកនឹងឃើញថាដំបូន្មាននោះមានប្រយោជន៍យ៉ាងណាដល់អ្នក។ (អេសាយ ៤៨:១៧, ១៨) បន្ថែមទៅទៀត អ្នកអាចសង្កេតមើលគំរូរបស់បុគ្គលដែលបានយកឈ្នះបញ្ហាផ្សេងៗដោយមានជំនួយពីព្រះ។ អ្នកក៏អាចសង្កេតមើលថាអ្នកទាំងនោះនិងក្រុមគ្រួសាររបស់ពួកគេមានជីវិតប្រសើរនិងមានសុភមង្គលខ្លាំងយ៉ាងណា ដែលមកពីការធ្វើតាមការណែនាំពីលោក។ e
ការយល់ច្រឡំអំពីមិត្តភាពជាមួយព្រះ
ការយល់ច្រឡំ៖ ដោយសារព្រះមានឫទ្ធានុភាពខ្លាំងក្លានិងជាបុគ្គលសំខាន់ គឺមិនអាចទៅរួចទេដែលលោកចង់មានមិត្តភាពជាមួយយើង។
ការពិត៖ ពិតមែនតែព្រះមានឫទ្ធានុភាពខ្លាំងក្លាមហិមា និងជាបុគ្គលសំខាន់បំផុតក៏ដោយ លោកអញ្ជើញយើងឲ្យចូលទៅជិតលោក។ គម្ពីររៀបរាប់អំពីបុរសស្ត្រីជាច្រើនដែលបានក្លាយទៅជាមិត្តសម្លាញ់របស់លោក។—សកម្មភាព ១៣:២២; យ៉ាកុប ២:២៣
ការយល់ច្រឡំ៖ យើងមិនអាចស្គាល់ព្រះបានទេ ព្រោះលោកគឺអាថ៌កំបាំង។
ការពិត៖ ពិតមែនតែមានអ្វីខ្លះអំពីព្រះដែលយើងពិបាកយល់ ដូចជាលោកជាបុគ្គលវិញ្ញាណជាដើម។ ប៉ុន្តែ យើងនៅតែអាចស្គាល់ព្រះបាន។ គម្ពីរចែងថា យើងត្រូវស្គាល់ព្រះទើបអាចទទួលជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូហាន ១៧:៣) ដោយប្រើពាក្យដែលស្រួលយល់ គម្ពីរប្រាប់យើងអំពីបុគ្គលិកលក្ខណៈរបស់ព្រះដែលជាអ្នកបង្កើត ហើយក៏ប្រាប់អំពីខ្នាតតម្រា និងគោលបំណងរបស់លោកចំពោះមនុស្សជាតិ ព្រមទាំងចំពោះផែនដីដែរ។ (អេសាយ ៤៥:១៨, ១៩; ធីម៉ូថេទី១ ២:៤) ដូចដែលបានរៀបរាប់នៅខាងដើម គម្ពីរក៏ប្រាប់អំពីនាមរបស់ព្រះផងដែរ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) ហេតុនេះ យើងអាចស្គាល់ព្រះនិងអាចចូលទៅជិតលោកបាន។—យ៉ាកុប ៤:៨
a ដើម្បីឃើញប្រាជ្ញារបស់ព្រះក្នុងធម្មជាតិ សូមមើលអត្ថបទនិងវីដេអូតភាគ«តើមានអ្នកគ្រោងបង្កើតឬទេ?»។
b នាមយេហូវ៉ាមានន័យថា«លោកធ្វើឲ្យកើតមក»ឬ«លោកធ្វើឲ្យក្លាយជា»។ នេះហាក់ដូចជាលោកកំពុងមានប្រសាសន៍ថា‹ខ្ញុំនឹងធ្វើឲ្យគោលបំណងរបស់ខ្ញុំបានសម្រេច។ ខ្ញុំតែងតែធ្វើតាមពាក្យសន្យារបស់ខ្ញុំជានិច្ច›។
c សូមមើលអត្ថបទដែលមានចំណងជើងថា«ហេតុអ្វីគួរអធិដ្ឋាន? តើព្រះឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់ខ្ញុំទេ?»។
d ដើម្បីទទួលព័ត៌មានថែមទៀត សូមទស្សនាវីដេអូតើកម្មវិធីរៀនគម្ពីរត្រូវធ្វើឡើងតាមរបៀបណា?
e សូមមើលអត្ថបទនិងវីដេអូតភាគ«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត»។

