សំណួរពីយុវវ័យ
តើតាមរបៀបណាខ្ញុំអាចផ្ចង់អារម្មណ៍រៀនបានល្អជាង ទោះជាខ្ញុំរៀនពីផ្ទះ?
សព្វថ្ងៃនេះ មានសិស្សជាច្រើនបានរៀនពីផ្ទះតាមកម្មវិធីអប់រំសាលា។ បើនោះជាករណីរបស់ប្អូនមែន តើប្អូនអាចធ្វើយ៉ាងណាដើម្បីទាញយកប្រយោជន៍ច្រើនបំផុតពីការសិក្សានោះ? សូមមើលយោបល់ដូចខាងក្រោម។ a
យោបល់ប្រាំយ៉ាងដែលអាចជួយប្អូន
រៀបចំកាលវិភាគ។ សូមគោរពតាមកាលវិភាគដែលបានរៀបចំ ដូចជាប្អូនបានរៀននៅសាលាដែរ។ សូមបែងចែកពេលវេលាសម្រាប់ធ្វើកិច្ចការសាលា ការងារផ្ទះ និងអ្វីផ្សេងទៀតដែលសំខាន់។ បើមានករណីចាំបាច់ ប្អូនអាចកែប្រែកាលវិភាគដែលប្អូនបានកំណត់។
គោលការណ៍គម្ពីរ៖ «ចូរឲ្យអ្វីៗទាំងអស់ធ្វើឡើងយ៉ាងត្រឹមត្រូវ និងដោយរបៀបរៀបរយ»។—កូរិនថូសទី១ ១៤:៤០
ប្អូនខេធីបានរៀបរាប់ថា៖«ទោះជាយើងរៀនពីផ្ទះក៏ដោយ សូមចាត់ទុកនោះដូចជាការរៀននៅសាលាដែរ កុំចេះតែឈប់នៅម៉ោងណាក៏បាន តែត្រូវឈប់នៅម៉ោងដែលបានកំណត់»។
សូមពិចារណា៖ ហេតុអ្វីជាការល្អដែលប្អូនត្រូវមានកាលវិភាគ ហើយបិទវានៅកន្លែងដែលងាយឃើញ?
ត្រូវលត់ដំខ្លួន។ ដើម្បីក្លាយទៅជាមនុស្សដែលមានចិត្តគំនិតចាស់ទុំ ប្អូនត្រូវបំពេញកិច្ចការរបស់ប្អូន ទោះជាប្អូនគ្មានសម្ទុះចិត្តចង់ធ្វើក៏ដោយ។ សូមកុំមានទម្លាប់បង្អែបង្អង់។
គោលការណ៍គម្ពីរ៖ «ចូរមានចិត្តឧស្សាហ៍ក្នុងកិច្ចការរបស់អ្នក កុំខ្ជិលឡើយ»។—រ៉ូម ១២:១១
ប្អូនអាឡិចសាន់ត្រាបានរៀបរាប់ថា៖«សម្រាប់ខ្ញុំ ខ្ញុំពិបាកលត់ដំខ្លួនណាស់។ ព្រោះពេលមានកិច្ចការសាលាម្ដងៗ ខ្ញុំតែងដោះសាថា‹ចាំតិចទៀត ចាំធ្វើកិច្ចការសាលា›។ តែក្រោយមកខ្ញុំមិនបានធ្វើទេ អ៊ីចឹងហើយកិច្ចការសាលារបស់ខ្ញុំគរដូចភ្នំ»។
សូមពិចារណា៖ បើរាល់ថ្ងៃប្អូនធ្វើកិច្ចការសាលានៅម៉ោងដដែលនិងនៅកន្លែងដូចគ្នា តើការធ្វើដូច្នោះជួយប្អូនចេះលត់ដំខ្លួនយ៉ាងដូចម្ដេច?
មានកន្លែងសិក្សាត្រឹមត្រូវ។ ទុកសៀវភៅផ្សេងៗដែលប្អូនត្រូវរៀននៅក្បែរដៃ។ សូមរៀបចំឲ្យមានបរិយាកាសល្អដើម្បីស្រួលសិក្សា តែមិនមែនទន់ស្រួលពេករហូតដល់ចង់គេងទេ ព្រោះកន្លែងនោះជាកន្លែងសម្រាប់សិក្សា។ បើប្អូនមិនមានកន្លែងសម្រាប់រៀនទេ ប្អូនអាចរៀបចំជ្រុងមួយនៅផ្ទះបាយឬក្នុងបន្ទប់គេងរបស់ប្អូនក៏បាន។
គោលការណ៍គម្ពីរ៖ «គម្រោងរបស់មនុស្សឧស្សាហ៍នឹងបានជោគជ័យជាមិនខាន»។—សុភាសិត ២១:៥
ប្អូនអេលីសាបិតបានរៀបរាប់ថា៖«ទុកអ្វីដែលអាចបង្វែរអារម្មណ៍នៅឆ្ងាយពីខ្លួន ដូចជាបាល់ ហ្គេមវីដេអូ និងឧបករណ៍ភ្លេងជាដើម។ ហើយបិទសំឡេងទូរសព្ទដើម្បីកុំឲ្យមានសំឡេងរំខាន។ បើចង់រៀនឆាប់ចូល សូមកុំទុកអ្វីដែលបង្វែរអារម្មណ៍នៅក្បែរខ្លួនឡើយ»។
សូមពិចារណា៖ តើប្អូនអាចផ្លាស់ប្ដូរអ្វីខ្លះនៅកន្លែងដែលប្អូនរៀនដើម្បីស្រួលផ្ចង់អារម្មណ៍សិក្សា?
រៀនផ្ដោតអារម្មណ៍។ សូមផ្ចង់អារម្មណ៍ទៅលើមេរៀនដែលប្អូនកំពុងរៀន ហើយកុំព្យាយាមធ្វើអ្វីផ្សេងនៅពេលនោះ។ បើប្អូនធ្វើអ្វីពីរបីនៅពេលដំណាលគ្នា ប្អូនទំនងជាធ្វើមិនបានល្អទេ ហើយត្រូវការពេលយូរជាងដើម្បីបង្ហើយ។
គោលការណ៍គម្ពីរ៖ «ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»។—អេភេសូរ ៥:១៦
ប្អូនអូលីវាបានរៀបរាប់ថា៖«ពេលមានទូរសព្ទនៅក្បែរ ខ្ញុំពិបាកផ្ចង់អារម្មណ៍ណាស់ ហើយខ្ញុំខាតពេលច្រើនទៅលើអ្វីដែលឥតប្រយោជន៍»។
សូមពិចារណា៖ តើប្អូនអាចបង្កើនការផ្ចង់អារម្មណ៍ទៅលើកិច្ចការមួយទេ?
សម្រាកចេញលេង។ ទោះជាប្អូនរៀនពីផ្ទះ ក៏ប្អូនអាចសម្រាកចេញលេងបានដែរ។ ប្អូនអាចក្រោកដើរបន្តិច ហាត់ប្រាណ ឬជិះកង់ក៏បាន។ ការដូរសកម្មភាពបែបនេះអាចជួយប្អូនឲ្យមានអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែ សៀវភៅមួយបានរៀបរាប់ថា៖«សូមធ្វើកិច្ចការសាលារបស់ប្អូនឲ្យហើយសិន ទើបការសម្រាកចេញលេងរបស់ប្អូនកាន់តែសប្បាយ»(School Power)។
គោលការណ៍គម្ពីរ៖ «បើសម្រាកបន្តិច នោះប្រសើរជាងប្រឹងធ្វើការហួសប្រមាណ ដែលប្រៀបដូចជាការដេញចាប់ខ្យល់»។—អ្នកទូន្មាន ៤:៦
ប្អូនថេល័របានរៀបរាប់ថា៖«តាមធម្មតា នៅសាលាមានម៉ោងតន្ត្រីនិងសិល្បៈ។ ឥឡូវពេលរៀននៅផ្ទះ ខ្ញុំទើបតែដឹងថាខ្ញុំនឹកម៉ោងនោះណាស់។ ដូច្នេះក្រៅពីម៉ោងរៀន ខ្ញុំធ្វើកិច្ចការកម្សាន្តដោយប្រើគំនិតច្នៃប្រឌិត»។
សូមពិចារណា៖ តើការសម្រាកចេញលេងបែបណាដែលជួយប្អូនឲ្យមានអារម្មណ៍ស្រស់ស្រាយដើម្បីបន្តផ្ចង់អារម្មណ៍សិក្សា?
a មានប្អូនៗយុវវ័យជាច្រើនកំពុងរៀនពីផ្ទះ។ សូមប្រើយោបល់ក្នុងអត្ថបទនេះដែលទាក់ទងនឹងស្ថានភាពរបស់ប្អូនផ្ទាល់។

