ខ្មែរ
តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ការ​បង្ហោះ​រូប​ថត​តាម​អ៊ីនធឺណិត?
https://cms-imgp.jw-cdn.org/img/p/502017138/univ/art/502017138_univ_sqr_xl.jpg
ijwyp អត្ថបទទី ៦៧

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ការ​បង្ហោះ​រូប​ថត​តាម​អ៊ីនធឺណិត?

តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ការ​បង្ហោះ​រូប​ថត​តាម​អ៊ីនធឺណិត?

 ប្អូន​កំពុង​ដើរ​លេង​សប្បាយ​ណាស់ ហើយ​ប្អូន​ចង់​ប្រាប់​មិត្ត​ភក្តិ​អំពី​ដំណើរ​កម្សាន្ត​នោះ។ តើ​ប្អូន​នឹង​ប្រាប់​ពួក​គេ​តាម​របៀប​ណា? តើ​ប្អូន​នឹង

  1.  (​ក​) ផ្ញើ​រូប​កាប៉ូស្តាល់​ដល់​ពួក​គេ​ម្នាក់​មួយ​សន្លឹក​ឬ?

  2.  (​ខ​) ផ្ញើ​អ៊ីម៉ែល​ដល់​មិត្ត​ភក្តិ​ទាំង​អស់​ឬ?

  3.  (​គ​) បង្ហោះ​រូប​ថត​តាម​អ៊ីនធឺណិត​ឬ?

 បើ​ប្អូន​រស់​នៅ​សម័យ​កាល​របស់​តា​យាយ​ប្អូន ប្អូន​ប្រហែល​ជា​មាន​តែ​ជម្រើស​មួយ​ប៉ុណ្ណោះ​គឺ​ជម្រើស​«​ក​»។

 បើ​ប្អូន​រស់​នៅ​សម័យ​កាល​របស់​ឪពុក​ម្ដាយ​ប្អូន ប្អូន​ប្រហែល​ជា​ជ្រើស​រើស​ជម្រើស​«​ខ​»។

 សព្វ​ថ្ងៃ​នេះ យើង​រស់​នៅ​សម័យ​អ៊ីនធឺណិត ដូច្នេះ​យុវវ័យ​ជា​ច្រើន​ចូល​ចិត្ត​ជម្រើស​«​គ​»​ គឺ​បង្ហោះ​រូប​ថត​តាម​អ៊ីនធឺណិត។ ចុះ​ប្អូន​វិញ? បើ​ប្អូន​ជ្រើស​រើស​ជម្រើស​នេះ​មែន អត្ថបទ​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ជៀស​ផុត​ពី​បញ្ហា​មួយ​ចំនួន។

 តើ​ការ​បង្ហោះ​រូប​ថត​តាម​អ៊ីនធឺណិត​មាន​ប្រយោជន៍​អ្វី​ខ្លះ?

 អាច​ផ្ញើ​ភ្លាម​ៗ។ ប្អូន​មេឡានី​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​កម្សាន្ត​ឬ​ជួប​ជុំ​ជា​មួយ​មិត្ត​ភក្តិ ខ្ញុំ​អាច​ចែក​រំលែក​ទិដ្ឋភាព​ដែល​ខ្ញុំ​កំពុង​រីករាយ​សប្បាយ​»។

 ងាយ​ឃើញ។ ប្អូន​ចូដាន់​បាន​រៀប​រាប់​ថា​៖​«​ពេល​មិត្ត​ភក្តិ​ខ្ញុំ​បង្ហោះ​រូប​ថត​ថ្មី​ៗ ខ្ញុំ​ស្រួល​ឃើញ​និង​ដឹង​អំពី​សុខ​ទុក្ខ​របស់​ពួក​គាត់​លឿន​ជាង​ការ​រៀប​រាប់​ក្នុង​អ៊ីម៉ែល​»។

 ជួយ​រក្សា​ទំនាក់​ទំនង។ ប្អូន​ខារិន​បាន​រៀប​រាប់​ថា​៖​«​សាច់​ញាតិ​និង​មិត្ត​ភក្តិ​ខ្លះ​របស់​ខ្ញុំ​រស់​នៅ​ឆ្ងាយ ពេល​ខ្ញុំ​ឧស្សាហ៍​មើល​រូប​ថត​ដែល​ពួក​គេ​បង្ហោះ ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ឃើញ​ពួក​គេ​រាល់​ថ្ងៃ​»។

 តើ​អាច​មាន​បញ្ហា​អ្វី​ខ្លះ?

 អាច​មាន​បញ្ហា​ដល់​សុវត្ថិភាព​របស់​ប្អូន។ បើ​កាមេរ៉ា​ទូរ​សព្ទ​របស់​ប្អូន​មាន​កម្ម​វិធី​ដឹង​ថា​ប្អូន​ស្ថិត​នៅ​កន្លែង​ណា នោះ​រូប​ថត​ដែល​ប្អូន​បង្ហោះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ប្អូន​ដែរ។ គេហទំព័រ​មួយ​បាន​រៀប​រាប់​ថា​៖​«​បើ​កាមេរ៉ា​ទូរ​សព្ទ​របស់​យើង​បង្ហាញ​ទី​តាំង​ដែល​យើង​បង្ហោះ​រូប​ថត​នោះ នោះ​ស្រួល​ឲ្យ​មនុស្ស​អាក្រក់​ដឹង​ថា​យើង​កំពុង​ស្ថិត​នៅ​កន្លែង​ណា​»​(​Digital Trends​)។

 ជន​ខិល​ខូច​មួយ​ចំនួន​មិន​គ្រាន់​តែ​ចង់​ដឹង​ថា​យើង​នៅ​កន្លែង​ណា​ទេ តែ​ក៏​ចង់​ដឹង​ថា​យើង​មិន​នៅ​កន្លែង​ណា​ដែរ។ យោង​ទៅ​តាម​អ្វី​ដែល​គេហទំព័រ​ខាង​លើ​បាន​រៀប​រាប់ មាន​ចោរ​បី​នាក់​បាន​ចូល​ទៅ​គាស់​ផ្ទះ​អស់​១៨​ខ្នង ពេល​ដែល​ម្ចាស់​ផ្ទះ​មិន​នៅ។ ហេតុ​អ្វី​ពួក​គេ​ដឹង​ថា​ផ្ទះ​ទាំង​នោះ​ម្ចាស់​មិន​នៅ? ព្រោះ​ពួក​គេ​បាន​លួច​តាម​ដាន​ម្ចាស់​ផ្ទះ​ទាំង​នោះ​តាម​រយៈ​រូប​ដែល​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម។ ហើយ​ពេល​ឃើញ​ថា​ម្ចាស់​ទាំង​នោះ​មិន​នៅ ពួក​គេ​បាន​ចូល​គាស់​ផ្ទះ​ទាំង​នោះ​លួច​យក​របស់​មាន​តម្លៃ​សរុប​ជាង​មួយ​សែន​ដុល្លារ។

 អាច​ឃើញ​ព័ត៌មាន​មិន​ល្អ។ អ្នក​ខ្លះ​មិន​ខ្មាស​បង្ហោះ​អ្វី​ផ្សេង​ៗ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ទេ។ ប្អូន​សារ៉ា​បាន​រៀប​រាប់​ថា​៖​«​បើ​យើង​ចេះ​តែ​អូស​មើល​រូប​របស់​អ្នក​ឯ​ទៀត​ដែល​យើង​មិន​ស្គាល់ នោះ​ប្រៀប​ដូច​ជា​យើង​ដើរ​លេង​នៅ​ក្នុង​ទី​ក្រុង​មួយ​ដែល​យើង​មិន​ស្គាល់​ដោយ​គ្មាន​ផែន​ទី។ គឺ​យើង​ចេះ​តែ​ដើរ​ៗ​ទៅ​ដល់​កន្លែង​មួយ​ដែល​យើង​មិន​ចង់​ទៅ​ទេ​»។

 អាច​ខាត​បង់​ពេល​វេលា។ ប្អូន​យ៉ូឡេនដា​បាន​រៀប​រាប់​ថា​៖​«​គឺ​ស្រួល​ឲ្យ​យើង​អូស​មើល​អ្វី​ថ្មី​ៗ​និង​អាន​មតិ​យោបល់​ដែល​គេ​បាន​បង្ហោះ ហើយ​យូរ​ៗ​ទៅ​ឲ្យ​តែ​ទំនេរ​ដៃ​មិន​ទាន់​យើង​ចេះ​តែ​ចង់​យក​ទូរ​សព្ទ​មក​អូស​មើល​អ្វី​ថ្មី​ៗ​»។

ពេល​យើង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម សំខាន់​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត។

 ប្អូន​សឺមែនថឺ​ក៏​យល់​ស្រប​នឹង​ចំណុច​នេះ​ដែរ។ គាត់​បាន​និយាយ​ថា​៖​«​ពេល​យើង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម សំខាន់​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ទប់​ចិត្ត។ សម្រាប់​ខ្ញុំ ខ្ញុំ​បាន​កំណត់​ពេល​វេលា​ក្នុង​ការ​ប្រើ​ប្រាស់​វា​»។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ

  •   តាំង​ចិត្ត​មិន​មើល​ព័ត៌មាន​មិន​ល្អ។ គម្ពីរ​ចែង​ថា​៖​«​ខ្ញុំ​នឹង​មិន​ព្រម​មើល​អ្វី​ដែល​ឥត​ប្រយោជន៍​ជា​ដាច់​ខាត​»។—ចម្រៀង​សរសើរ​ព្រះ ១០១:៣

     ប្អូន​ស្ទីវើន​បាន​រៀប​រាប់​ថា​៖​«​មាន​បុគ្គល​ខ្លះ ខ្ញុំ​ឧស្សាហ៍​មើល​អ្វី​ដែល​គាត់​បង្ហោះ តែ​ពេល​ឃើញ​អ្វី​ដែល​គាត់​បង្ហោះ​មិន​សូវ​ល្អ​ឬ​មិន​សមរម្យ ខ្ញុំ​លែង​តាម​ដាន​គាត់​ទៀត​»។

  •   ឈប់​ទាក់​ទង​ជា​មួយ​បុគ្គល​ដែល​មិន​មាន​ខ្នាត​តម្រា​ដូច​ប្អូន ព្រោះ​ពួក​គេ​អាច​បន្ទាប​បន្ថោក​ខ្នាត​តម្រា​សីលធម៌​របស់​ប្អូន។ គម្ពីរ​ចែង​ថា​៖​«​កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ។ ការ​សេព​គប់​អាក្រក់​បង្ខូច​សីលធម៌​ល្អ​»។—កូរិនថូស​ទី​១ ១៥:៣៣, កំណត់​សម្គាល់

     ប្អូន​ជេស៊ីកា​បាន​រៀប​រាប់​ថា​៖​«​កុំ​មើល​រូប​ដែល​គេ​ពេញ​និយម ដោយ​សារ​តែ​រូប​ទាំង​នោះ​ល្បី​ឡើយ ព្រោះ​រូប​ទាំង​នោះ​បង្ហាញ​សាច់​ច្រើន ស្លៀក​លេច​លើ​លេច​ក្រោម និង​មាន​ពាក្យ​អសុរោះ​»។

  •   ដាក់​កម្រិត​ទៅ​លើ​ពេល​វេលា​ដែល​ប្អូន​ចំណាយ​ទៅ​លើ​បណ្ដាញ​សង្គម​និង​អ្វី​ដែល​ប្អូន​បង្ហោះ។ គម្ពីរ​ចែង​ថា​៖​«​ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន កុំ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​មាន​ប្រាជ្ញា​វិញ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»។—អេភេសូរ ៥:១៥, ១៦

     ប្អូន​រេបិកា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ឈប់​តាម​ដាន​បុគ្គល​ដែល​បង្ហោះ​ច្រើន​ពេក។ ជា​ឧទាហរណ៍ បុគ្គល​ខ្លះ​ទៅ​លេង​សមុទ្រ តែ​គាត់​បង្ហោះ​រូប​ថត​ម្ដង​២០​សន្លឹក នៅ​កន្លែង​ដដែល ទម្រាំ​អូស​ផុត​រូប​ទាំង​នោះ​គឺ​ស៊ី​ពេល​ខ្លាំង​ណាស់​»។

  •   សូម​ប្រាកដ​ថា​រូប​ដែល​ប្អូន​បង្ហោះ​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ផ្ដោត​មក​លើ​ប្អូន​ហួស​ហេតុ​ពេក។ ប៉ូល​ដែល​ជា​អ្នក​សរសេរ​គម្ពីរ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នោះ​ថា កុំ​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត តែ​ចូរ​មាន​គំនិត​សម​ហេតុ​សម​ផល​»។ (​រ៉ូម ១២:៣​) សូម​កុំ​សន្និដ្ឋាន​ថា​មិត្ត​របស់​ប្អូន​ចង់​តាម​ដាន​អ្វី​ដែល​ប្អូន​បង្ហោះ​និង​អ្វី​ដែល​ប្អូន​ធ្វើ​ឡើយ។

     ប្អូន​អាលីសុន​បាន​រៀប​រាប់​ថា​៖​«​អ្នក​ខ្លះ​តែង​តែ​បង្ហោះ​រូប​ខ្លួន​រហូត បើ​ខ្ញុំ​ជា​មិត្ត​ភក្តិ​គាត់ ខ្ញុំ​ដឹង​ថា​គាត់​មុខ​ម៉េច​ហើយ មិន​ចាំ​បាច់​បង្ហោះ​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ឲ្យ​ខ្ញុំ​ចំណាំ​មុខ​គាត់​ទេ​»។