ខ្មែរ
តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រក​ទម្ងន់?
https://cms-imgp.jw-cdn.org/img/p/502019483/univ/art/502019483_univ_sqr_xl.jpg
ijwyp អត្ថបទទី ៩៣

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រក​ទម្ងន់?

តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រក​ទម្ងន់?

 តើ​ខ្ញុំ​ពិត​ជា​ត្រូវ​សម្រក​ទម្ងន់​ឬ​ទេ?

 យុវវ័យ​ខ្លះ​ប្រាប់​ថា​ពួក​គេ​ចង់​សម្រក​ទម្ងន់។ ប៉ុន្តែ . . .

  •   យុវវ័យ​ជា​ច្រើន​ខ្វល់​ពី​សម្បក​ក្រៅ​ជាង​ខ្វល់​ពី​សុខភាព។ ពួក​គេ​សាក​វិធី​ខ្លះ​ដែល​ពួក​គេ​ជឿ​ថា​ធ្វើ​ឲ្យ​ពួក​គេ​ឆាប់​ស្រក​ទម្ងន់ ដូច​ជា​បង្អត់​អាហារ​ខ្លួន​ឯង​ឬ​លេប​ថ្នាំ​សម្រក​ទម្ងន់​ជា​ដើម។ តាម​ធម្មតា​វិធី​ទាំង​នោះ​មិន​មាន​ប្រសិទ្ធភាព​ទេ ហើយ​ជួន​កាល​អាច​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។

     ប្អូន​ហេលី​បាន​រៀប​រាប់​ថា​៖​«​ក្មេង​ស្រី​ខ្លះ​បង្អត់​អាហារ​ដើម្បី​ស្គម​លឿន​ជាង។ តែ​វិធី​នេះ​ធ្វើ​ឲ្យ​ខូច​សុខភាព ហើយ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ស្ដារ​សុខភាព​ឲ្យ​ល្អ​ឡើង​វិញ​»។

  •   យុវវ័យ​ជា​ច្រើន​ខ្វល់​ហួស​ហេតុ​ពេក​ពី​ទម្ងន់​របស់​ខ្លួន។ ពួក​គេ​ប្រហែល​ជា​មាន​ទម្ងន់​ល្មម​ហើយ តែ​ជួន​កាល​ពួក​គេ​គិត​ថា​ខ្លួន​ធាត់​ដោយ​សារ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​មិត្ត​ភក្តិ ឬ​តារា​ស្គម​ៗ​ដែល​បង្ហាញ​តាម​អ៊ីនធឺណិត។

     ប្អូន​ផាអូឡា​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​អាយុ​១៣​ឆ្នាំ ខ្ញុំ​ប្រៀប​ធៀប​រូប​រាង​ខ្លួន​ជា​មួយ​នឹង​មិត្ត​ភក្តិ។ ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ចូល​ចិត្ត​ខ្ញុំ​ជាង បើ​ខ្ញុំ​ស្គម​ដូច​ពួក​គេ​»។

 ផ្ទុយ​ពី​យុវវ័យ​ទាំង​នោះ យុវវ័យ​ខ្លះ​ពិត​ជា​ត្រូវ​សម្រក​ទម្ងន់​មែន។ យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភព​លោក​បាន​រៀប​រាប់​ថា . . .

  •   ក្មេង​ៗ​និង​យុវវ័យ​ប្រមាណ​៣៤០​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក ដែល​មាន​អាយុ​រវាង​៥​ឆ្នាំ​ដល់​១៩​ឆ្នាំ ច្រើន​តែ​លើស​ទម្ងន់​ឬ​ធាត់​ជ្រុល។

  •   នៅ​ឆ្នាំ​១៩៧៥ ក្មេង​ៗ​និង​យុវវ័យ​ប្រមាណ​៤​ភាគ​រយ ដែល​មាន​អាយុ​រវាង​៥​ឆ្នាំ​ដល់​១៩​ឆ្នាំ ជា​ក្មេង​ដែល​លើស​ទម្ងន់។ តែ​មក​ដល់​ឆ្នាំ​២០១៦ ចំនួន​នោះ​បាន​កើន​ឡើង​រហូត​ដល់​១៨​ភាគ​រយ។

  •   សព្វ​ថ្ងៃ​នេះ ប្រទេស​ភាគ​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក មិន​សូវ​មាន​មនុស្ស​ស្គម​ទេ តែ​មាន​មនុស្ស​ធាត់​ជ្រុល​ច្រើន​ឡើង​ៗ។

  •   នៅ​ក្នុង​ប្រទេស​ក្រី​ក្រ​ក៏​មាន​អ្នក​ធាត់​ជ្រុល​ដែរ សូម្បី​តែ​នៅ​ក្នុង​គ្រួ​សារ​ដែល​សមាជិក​ខ្លះ​ខ្វះ​អាហារូបត្ថម្ភ​ក្ដី។

 តើ​អ្វី​ជា​វិធី​ល្អ​បំផុត​ដើម្បី​សម្រក​ទម្ងន់?

 តើ​វិធី​មួយ​ណា​ដែល​ប្អូន​ជ្រើស​យក?

  1.  ១. បង្អត់​អាហារ។

  2.  ២. ហាត់​ប្រាណ​និង​មាន​របប​អាហារ​ត្រឹម​ត្រូវ។

  3.  ៣. ញ៉ាំ​ថ្នាំ​សម្រក​ទម្ងន់។

 ចម្លើយ​ត្រឹម​ត្រូវ គឺ​វិធី​ទី​២​៖ ហាត់​ប្រាណ​និង​មាន​របប​អាហារ​ត្រឹម​ត្រូវ។

 ពេល​យើង​បង្អត់​អាហារ​ឬ​ឈប់​ញ៉ាំ​អាហារ​ប្រភេទ​ខ្លះ ប្រហែល​ជា​ឃើញ​ប្រសិទ្ធភាព​ភ្លាម​ៗ តែ​វិធី​នេះ​អាច​បង្ខូច​សុខភាព​របស់​ប្អូន។ ហើយ​បើ​ប្អូន​បរិភោគ​ដូច​ធម្មតា​វិញ នោះ​ទម្ងន់​របស់​ប្អូន​ប្រហែល​ជា​ឡើង​លឿន​ដែរ។

 ផ្ទុយ​ទៅ​វិញ បើ​ប្អូន​មាន​គោល​ដៅ​សម្រក​ទម្ងន់​ដើម្បី​សុខភាព ប្អូន​នឹង​មើល​ទៅ​មាំ​មួន ហើយ​មាន​អារម្មណ៍​ល្អ។ វេជ្ជបណ្ឌិត ម៉ៃឃឺល ប្រេត​លី a បាន​រៀប​រាប់​ថា​៖​«​វិធី​សម្រក​ទម្ងន់​ដែល​មាន​សុវត្ថិភាព​បំផុត និង​រក្សា​សុខភាព​ល្អ​ក្នុង​រយៈ​ពេល​វែង គឺ​ផ្ដើម​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ និង​ការ​រក្សា​ទម្លាប់​នោះ​»។ តើ​ចំណុច​សំខាន់​ជា​អ្វី? បើ​ប្អូន​ចាំ​បាច់​ត្រូវ​សម្រក​ទម្ងន់​មែន ប្អូន​ត្រូវ​កែ​ប្រែ​អ្វី​មួយ​ចំនួន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្អូន។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ

 គម្ពីរ​ប្រាប់​យើង​ឲ្យ​«​ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព​»​ នេះ​រួម​បញ្ចូល​ទម្លាប់​ក្នុង​ការ​បរិភោគ។ (​ធីម៉ូថេ​ទី​១ ៣:១១​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ គម្ពីរ​ក៏​ព្រមាន​ពី​ការ​បរិភោគ​ច្រើន​ជ្រុល​ដែរ។ (​សុភាសិត ២៣:២០; លូកា ២១:៣៤​) ពេល​គិត​គោល​ការណ៍​នេះ សូម​រក្សា​ទម្លាប់​ប្រចាំ​ថ្ងៃ​ដើម្បី​ឲ្យ​សុខភាព​ល្អ​ប្រសើរ​ឡើង ដោយ​សាក​ធ្វើ​តាម​វិធី​ដូច​ខាង​ក្រោម​៖

  •   ស្វែង​យល់​អំពី​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ។

     ប្អូន​មិន​ចាំ​បាច់​ដាក់​កម្រិត​ពេក​ចំពោះ​អាហារ​ដែល​ប្អូន​បរិភោគ​ឡើយ តែ​ពេល​ប្អូន​មាន​ចំណេះ​ដឹង​អំពី​អាហារ​ណា​ដែល​មាន​ជីវជាតិ នោះ​ជួយ​ប្អូន​ឲ្យ​មាន​របប​អាហារ​ត្រឹម​ត្រូវ។ របប​អាហារ​នោះ​ជា​វិធី​ល្អ​បំផុត​ដែល​ជួយ​ប្អូន​រក្សា​ទម្ងន់​របស់​ខ្លួន​ឲ្យ​នៅ​ថេរ។

  •   ហាត់​ប្រាណ​ជា​ទៀង​ទាត់។

     សូម​គិត​អំពី​សកម្មភាព​ប្រចាំ​ថ្ងៃ ដែល​ជួយ​ប្អូន​ឲ្យ​មាន​ចលនា។ ជា​ឧទាហរណ៍ ជា​ជាង​ប្រើ​ជណ្ដើរ​យន្ត សូម​ឡើង​ចុះ​ដោយ​ប្រើ​ជណ្ដើរ​ជើង។ ជា​ជាង​អង្គុយ​លេង​ហ្គេម​វីដេអូ​កន្លះ​ម៉ោង សូម​យក​ពេល​នោះ​ដើរ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​វិញ។

  •   បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ ជៀស​វាង​ប្រភេទ​អាហារ​បង្ខូច​សុខភាព។

     ប្អូន​សូហ្វៀ​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ចេញ​ទៅ​ណា​ម្ដង​ៗ ខ្ញុំ​ព្យាយាម​ដាក់​ដំណាប់​បន្លែ និង​ដំណាប់​ផ្លែ​ឈើ​តាម​ខ្លួន។ ពេល​ខ្ញុំ​មាន​អ្វី​ទ្រាប់​ពោះ​ហើយ ខ្ញុំ​មិន​សូវ​ចង់​ញ៉ាំ​អាហារ​ដែល​មិន​មាន​ជីវជាតិ​ទេ​»។

  •   ញ៉ាំ​យឺត​ៗ។

     អ្នក​ខ្លះ​ញ៉ាំ​លឿន​ពេក រហូត​ដល់​លែង​ដឹង​ថា​ឆ្អែត! ដូច្នេះ សូម​ញ៉ាំ​យឺត​ៗ។ សូម​ផ្អាក​សិន​មុន​នឹង​ញ៉ាំ​ថែម​ទៀត។ ពេល​ធ្វើ​ដូច្នោះ ប្អូន​នឹង​ឃើញ​ថា​ខ្លួន​មិន​ឃ្លាន​ខ្លាំង​ណាស់​ណា​ទេ។

  •   ប្រយ័ត្ន​នឹង​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់។

     សូម​មើល​ថា​អាហារ​ដែល​ប្អូន​បរិភោគ​មាន​កាឡូរី​ច្រើន​ប៉ុន​ណា។ ប្អូន​ដឹង​ទេ បង្អែម ទឹក​ក្រូច និង​អាហារ​ខ្លាញ់​ៗ​មាន​កាឡូរី​ច្រើន ហើយ​វា​ធ្វើ​ឲ្យ​ប្អូន​ឡើង​ទម្ងន់។

  •   មាន​តុល្យភាព។

     ប្អូន​សារ៉ា​ដែល​មាន​អាយុ​១៦​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ពេល​ណា​ឃើញ​អាហារ​ក្នុង​ចាន ខ្ញុំ​ចេះ​តែ​គិត​ពី​បរិមាណ​កាឡូរី។ អ្វី​ដែល​ខ្ញុំ​ឃើញ​មិន​មែន​អាហារ​ទេ តែ​ជា​ចំនួន​កាឡូរី​វិញ​»។ ប្អូន​មិន​ចាំ​បាច់​គិត​ពី​កាឡូរី​រហូត​ឡើយ។ យូរ​ៗ​ម្ដង ប្អូន​អាច​ញ៉ាំ​អ្វី​ដែល​ឆ្ងាញ់​ៗ​ក៏​បាន ទោះ​ជា​វា​មាន​កាឡូរី​ច្រើន​ក៏​ដោយ។

 យោបល់​៖ សូម​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​អំពី​កង្វល់​របស់​ប្អូន​ទាក់​ទង​នឹង​ការ​ឡើង​ទម្ងន់។ គាត់​អាច​ផ្ដល់​ព័ត៌មាន​ពី​វិធី​ជួយ​ប្អូន​ឲ្យ​សម្រក​ទម្ងន់​ដែល​ត្រូវ​នឹង​រាង​កាយ​របស់​ប្អូន។

a ពី​សៀវភៅ​When Things Get Crazy With Your Teen។