ខ្មែរ
តើ​តាម​របៀប​ណា​ខ្ញុំ​អាច​បង្ហើយ​កិច្ច​ការ​សាលា?
https://cms-imgp.jw-cdn.org/img/p/502019486/univ/art/502019486_univ_sqr_xl.jpg
ijwyp អត្ថបទទី ៩៦

សំណួរ​ពី​យុវវ័យ

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​បង្ហើយ​កិច្ច​ការ​សាលា?

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​បង្ហើយ​កិច្ច​ការ​សាលា?

 ប្អូន​ដាវីឌ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​អស់​កម្លាំង​ណាស់​ត្រូវ​ងើប​ម៉ោង​មួយ​យប់​ដើម្បី​ធ្វើ​កិច្ច​ការ​សាលា។ ខ្ញុំ​ធ្វើ​មិន​ចូល​ទេ​ព្រោះ​បើក​ភ្នែក​មិន​រួច​»។

 ប្អូន​ថេរីសា​បាន​រៀប​រាប់​ថា​៖​«​ជួន​កាល​ខ្ញុំ​រៀន​រហូត​ដល់​ម៉ោង​៤​កន្លះ​ទៀប​ភ្លឺ ហើយ​ត្រូវ​ងើប​ម៉ោង​៦​ព្រឹក​ដើម្បី​ទៅ​សាលា​ទៀត។ ខ្ញុំ​ហត់​ណាស់!​»។

 តើ​កិច្ច​ការ​សាលា​របស់​ប្អូន​គរ​ដូច​ភ្នំ​ទេ? បើ​មែន អត្ថបទ​នេះ​អាច​ជួយ​ប្អូន​បាន។

 ហេតុ​អ្វី​បាន​ជា​គ្រូ​ឲ្យ​កិច្ច​ការ​សាលា?

 ក្នុង​ចំណោម​កិច្ច​ការ​ឯ​ទៀត កិច្ច​ការ​សាលា . . .

  •   ជួយ​បង្កើន​ចំណេះ​ដឹង​ដល់​ប្អូន

  •   ជួយ​បង្រៀន​ប្អូន​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ជាង

  •   ជួយ​ប្អូន​ឲ្យ​ចេះ​បែង​ចែក​ពេល​វេលា និង​ចេះ​ប្រើ​ពេល​វេលា​ដោយ​ឈ្លាស​វៃ

  •   ជួយ​ប្អូន​ឲ្យ​យល់​និង​ធ្វើ​តាម​ព័ត៌មាន​ដែល​ប្អូន​បាន​រៀន​នៅ​សាលា a

 ប្អូន​ម៉ារី​បាន​រៀប​រាប់​ថា​៖​«​កិច្ច​ការ​សាលា​ជា​វិធី​មួយ​ដែល​គ្រូ​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​គាត់​បាន​បង្រៀន មិន​មែន​សិស្ស​គ្រាន់​តែ​ស្ដាប់ រួច​មក​ភ្លេច​ចោល​នោះ​ទេ​»។

 មុខ​វិជ្ជា​គណិត​និង​វិទ្យា​សាស្ត្រ​ជួយ​ប្អូន​បង្កើន​សមត្ថភាព​ក្នុង​ការ​រក​ដំណោះ​ស្រាយ។ អ្នក​ជំនាញ​បាន​រៀប​រាប់​ថា មុខ​វិជ្ជា​ទាំង​នេះ​អាច​បង្កើត​និង​ពង្រឹង​ទំនាក់​ទំនង​រវាង​កោសិកា​ខួរ​ក្បាល(​ដែល​គេ​ហៅ​ថា​ណឺរ៉ូន​)។ ដូច្នេះ កិច្ច​ការ​សាលា​ដែល​គ្រូ​ដាក់​ឲ្យ គឺ​ប្រៀប​ដូច​ជា​លំហាត់​ប្រាណ​ខួរ​ក្បាល​របស់​ប្អូន។

 បើ​និយាយ​ឲ្យ​ចំ​ទៅ កិច្ច​ការ​សាលា​គឺ​មាន​ប្រយោជន៍​សម្រាប់​ប្អូន។ ទោះ​ជា​ប្អូន​មិន​ឃើញ​ប្រយោជន៍​ពី​នោះ​ក្ដី ប្អូន​នៅ​តែ​ត្រូវ​ធ្វើ គេច​មិន​រួច​ឡើយ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ប្អូន។ ថ្វី​ត្បិត​តែ​ប្អូន​មិន​អាច​កំណត់​បរិមាណ​កិច្ច​ការ​សាលា​ដែល​គ្រូ​ដាក់​ឲ្យ​ក៏​ពិត​មែន តែ​ប្អូន​អាច​បង្ហើយ​កិច្ច​ការ​នោះ​លឿន​ជាង។ សូម​ស្វែង​យល់​អំពី​របៀប​ធ្វើ​ដូច្នោះ។

 យោបល់​សម្រាប់​សិក្សា

 បើ​ប្អូន​ពិបាក​បង្ហើយ​កិច្ច​ការ​សាលា សូម​កុំ​បារម្ភ។ តាម​ពិត មាន​ដំណោះ​ស្រាយ​មួយ គឺ​សម្រេច​កិច្ច​ការ​ច្រើន ដោយ​ប្រើ​ពេល​វេលា​តិច។ សូម​សាក​ធ្វើ​តាម​យោបល់​ដូច​ខាង​ក្រោម​៖

  •   យោបល់​ទី​១​៖ រៀប​ចំ​ទុក​ជា​មុន។ គម្ពីរ​ចែង​ថា​៖​«​គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន​»។ (​សុភាសិត ២១:៥​) សូម​ត្រៀម​សៀវភៅ​និង​ជំនួយ​សិក្សា​ទាំង​អស់​ទុក​នៅ​ក្បែរ​ដៃ ដើម្បី​ប្អូន​អាច​ធ្វើ​កិច្ច​ការ​សាលា​ដោយ​មិន​ចាំ​បាច់​ក្រោក​ទៅ​យក។

     បន្ថែម​ទៅ​ទៀត សូម​រក​កន្លែង​រៀន​មួយ​ដែល​ប្អូន​ស្រួល​ផ្ចង់​អារម្មណ៍។ ប្អូន​ៗ​ខ្លះ​ចូល​ចិត្ត​រៀន​ក្នុង​បន្ទប់​ស្ងាត់​នៅ​ក្នុង​ផ្ទះ។ ប្អូន​ៗ​ខ្លះ​ទៀត មិន​ធ្វើ​កិច្ច​ការ​សាលា​នៅ​ក្នុង​ផ្ទះ​ទេ តែ​នៅ​កន្លែង​ផ្សេង​វិញ ដូច​ជា​នៅ​បណ្ណាល័យ​ជា​ដើម។

     ប្អូន​រីឆឺដ​បាន​រៀប​រាប់​ថា​៖​«​ការ​មាន​កាល​វិភាគ​ច្បាស់​លាស់ ជួយ​យើង​ប្រើ​ពេល​វេលា​ដោយ​ឈ្លាស​វៃ។ ពេល​យើង​ធ្វើ​កិច្ច​ការ​សាលា​ម្ដង​មួយ​ៗ​តាម​ពេល​វេលា​ដែល​គ្រូ​កំណត់ នោះ​យើង​មិន​សូវ​តាន​តឹង​ចិត្ត​ទេ​»។

  •   យោបល់​ទី​២​៖ បែង​ចែក​កិច្ច​ការ​សាលា​របស់​ប្អូន។ គម្ពីរ​ចែង​ថា​៖​«​ចូរ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ធ្វើ​ឡើង . . . ដោយ​របៀប​រៀប​រយ​»។ (​កូរិនថូស​ទី​១ ១៤:៤០​) ដោយ​គិត​ពី​គោល​ការណ៍​នេះ សូម​បែង​ចែក​ថា​កិច្ច​ការ​សាលា​មួយ​ណា​ដែល​ប្អូន​ត្រូវ​ធ្វើ​មុន កិច្ច​ការ​ណា​ដែល​ប្អូន​ត្រូវ​ធ្វើ​ក្រោយ។

     ប្អូន​ៗ​ខ្លះ​ធ្វើ​កិច្ច​ការ​ណា​ដែល​ពិបាក​ជាង​គេ​មុន។ ប្អូន​ៗ​ខ្លះ​ទៀត​ចូល​ចិត្ត​ធ្វើ​កិច្ច​ការ​ណា​ដែល​ស្រួល​ជាង​គេ​មុន។ ដូច្នេះ ប្អូន​អាច​ជ្រើស​យក​វិធី​ណា​ដែល​ស្រួល​សម្រាប់​ប្អូន។

     ប្អូន​ហាយឌី​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​រៀប​ចំ​បញ្ជី​កិច្ច​ការ​សាលា នោះ​ជួយ​ខ្ញុំ​ស្រួល​ដឹង​ថា​កិច្ច​ការ​ណា​ខ្ញុំ​ត្រូវ​ធ្វើ​មុន កិច្ច​ការ​ណា​ខ្ញុំ​ត្រូវ​ធ្វើ​បន្ត​បន្ទាប់ និង​កិច្ច​ការ​ណា​ខ្ញុំ​ត្រូវ​ធ្វើ​ចុង​ក្រោយ។ ពេល​ខ្ញុំ​ធ្វើ​ដូច្នេះ វា​ជួយ​កុំ​ឲ្យ​កិច្ច​ការ​សាលា​ចេះ​តែ​គរ​ឡើង​ៗ ហើយ​ជួយ​ខ្ញុំ​មិន​ឲ្យ​តាន​តឹង​ចិត្ត​ដែរ​»។

  •   យោបល់​ទី​៣​៖ ចាប់​ផ្ដើម​ធ្វើ។ គម្ពីរ​ចែង​ថា​៖​«​ចូរ​មាន​ចិត្ត​ឧស្សាហ៍​ក្នុង​កិច្ច​ការ​របស់​អ្នក កុំ​ខ្ជិល​ឡើយ​»។ (​រ៉ូម ១២:១១​) ប្អូន​ប្រហែល​ជា​ចង់​ធ្វើ​អ្វី​ផ្សេង តែ​កុំ​ឲ្យ​អ្វី​នោះ​ឆក់​យក​ពេល​វេលា​ដែល​ប្អូន​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​កិច្ច​ការ​សាលា​របស់​ប្អូន​ឡើយ។

     ពេល​យើង​បង្អែ​បង្អង់ យើង​ទំនង​ជា​ធ្វើ​កិច្ច​ការ​សាលា​មិន​ទាន់​ពេល​ឬ​ធ្វើ​យ៉ាង​តក់​ក្រហល់។ ជា​លទ្ធផល កិច្ចការ​ដែល​យើង​ធ្វើ​មិន​សូវ​ល្អ​ទេ។ ដូច្នេះ ដើម្បី​កុំ​ឲ្យ​តាន​តឹង​ចិត្ត ប្អូន​អាច​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​សាលា ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

     ប្អូន​សឺ​រីណា​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ធ្វើ​កិច្ច​ការ​សាលា​ភ្លាម​ៗ​ក្រោយ​ពី​គ្រូ​ដាក់​ឲ្យ ខ្ញុំ​មិន​ដេក​គិត​អំពី​នោះ​រហូត​ទេ ហើយ​វា​ក៏​មិន​រំខាន​ខ្ញុំ​ពី​កិច្ច​ការ​ផ្សេង​ទៀត​ដែរ​»។

     យោបល់​៖ សូម​ធ្វើ​កិច្ច​ការ​សាលា​នៅ​ម៉ោង​ដដែល​ជា​រៀង​រាល់​ថ្ងៃ។ ការ​ធ្វើ​ដូច្នោះ នឹង​ជួយ​ប្អូន​ឲ្យ​ចេះ​លត់​ដំ​ខ្លួន ហើយ​មាន​ទម្លាប់​ធ្វើ​ជា​ទៀង​ទាត់។

  •   យោបល់​ទី​៤​៖ ព្យាយាម​ផ្ចង់​អារម្មណ៍។ គម្ពីរ​ចែង​ថា​៖​«​ចូរ . . . សម្លឹង​មើល​អ្វី​ដែល​នៅ​ខាង​មុខ​កូន​»។ (​សុភាសិត ៤:២៥​) ដើម្បី​ធ្វើ​តាម​យោបល់​នេះ សូម​កុំ​ឲ្យ​អ្វី​មក​រំខាន​ប្អូន ជា​ពិសេស​គ្រឿង​អេឡិចត្រូនិក។

     ការ​អូស​មើល​អ៊ីនធឺណិត​និង​ផ្ញើ​សារ អាច​ពន្យារ​ពេល​វេលា​របស់​ប្អូន​ក្នុង​ការ​បង្ហើយ​កិច្ច​ការ​សាលា។ ប៉ុន្តែ បើ​អារម្មណ៍​ប្អូន​មូល ប្អូន​នឹង​ស្រួល​ផ្ចង់​អារម្មណ៍​ធ្វើ​កិច្ច​ការ​នោះ ហើយ​ប្អូន​ក៏​មិន​សូវ​តាន​តឹង​ចិត្ត ថែម​ទាំង​នៅ​សល់​ពេល​ទៀត​ផង។

     ប្អូន​ជោអែល​បាន​រៀប​រាប់​ថា​៖​«​ទូរសព្ទ កុំព្យូទ័រ ហ្គេម​វីដេអូ និង​ទូរទស្សន៍ ធ្វើ​ឲ្យ​យើង​ពិបាក​ផ្ចង់​អារម្មណ៍។ ពេល​ខ្ញុំ​បិទ​ទូរសព្ទ​និង​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​ខ្ញុំ នោះ​ជួយ​ខ្ញុំ​ស្រួល​ផ្ចង់​អារម្មណ៍​ជាង​»។

  •   យោបល់​ទី​៥​៖ សម​ហេតុ​ផល។ គម្ពីរ​ចែង​ថា​៖​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​សម​ផល​»។ (​ភីលីព ៤:៥​) ពេល​ប្អូន​ធ្វើ​កិច្ច​ការ​សាលា បើ​ប្អូន​ត្រូវ​សម្រាក សូម​សម្រាក​បន្តិច​ដើម្បី​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត។ សូម​ដើរ​ហាត់​ប្រាណ ជិះ​កង់ ឬ​រត់​បន្តិច​ក៏​បាន។

     បើ​ប្អូន​ធ្វើ​ដូច្នោះ​ហើយ តែ​នៅ​តែ​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​នឹង​កិច្ច​ការ​សាលា​ដែល​ប្អូន​ទទួល សូម​ប្រាប់​គ្រូ​បង្រៀន​របស់​ប្អូន។ បើ​ពួក​គាត់​ឃើញ​ថា​ប្អូន​ពិត​ជា​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​ប្អូន​មែន ពួក​គាត់​ប្រហែល​ជា​កាត់​បន្ថយ​កិច្ច​ការ​សាលា​ខ្លះ​របស់​ប្អូន។

     ប្អូន​ជូលា​បាន​រៀប​រាប់​ថា​៖​«​សូម​កុំ​ឲ្យ​កិច្ច​ការ​សាលា​ទៅ​ជា​សម្ពាធ​ឡើយ។ អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​ខំ​អស់​ពី​សមត្ថភាព។ យើង​មិន​ចង់​ឲ្យ​កិច្ច​ការ​នោះ​បង្ខូច​សុខភាព​របស់​យើង​ឡើយ​»។

 សូម​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​ត​ទៅ​៖

  •   តើ​មាន​ព័ត៌មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​ត្រូវ​ការ​សម្រាប់​កិច្ច​ការ​សាលា​របស់​ខ្ញុំ?

  •   តើ​ពេល​ណា​ជា​ពេល​ល្អ​ដែល​ខ្ញុំ​ធ្វើ​កិច្ច​ការ​សាលា?

  •   តើ​កន្លែង​ណា​ល្អ​ជាង​គេ​ឲ្យ​ខ្ញុំ​ស្រួល​ផ្ចង់​អារម្មណ៍?

  •   តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​បង្អែ​បង្អង់?

  •   តើ​មាន​អ្វី​រំខាន​ខ្លះ​ដែល​ពន្យារ​ពេល​ខ្ញុំ​ធ្វើ​កិច្ច​ការ​សាលា?

  •   តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​គ្រឿង​អេឡិចត្រូនិក​ឬ​អ្វី​ផ្សេង​ទៀត​មក​បង្វែរ​អារម្មណ៍​ខ្ញុំ?

  •   តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​តុល្យភាព​ពេល​មាន​កិច្ច​ការ​សាលា?

 សូម​ចាំ​ថា​៖ សូម​ប្រាកដ​ថា​ប្អូន​យល់​ច្បាស់​អំពី​កិច្ច​ការ​សាលា​ដែល​ប្អូន​ត្រូវ​ធ្វើ។ បើ​ប្អូន​មាន​សំណួរ សូម​សួរ​គ្រូ​មុន​នឹង​ប្អូន​ចេញ​ពី​ថ្នាក់​រៀន។

a ចំណុច​ទាំង​នេះ​បាន​ត្រូវ​ដក​ស្រង់​ពី​សៀវភៅ​School Power រៀប​រៀង​ដោយ​ជីន ស្កឹម។