ខ្មែរ
តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​សិទ្ធិ​ផ្ទាល់​ខ្លួន​ខ្លះ?
https://cms-imgp.jw-cdn.org/img/p/502016262/univ/art/502016262_univ_sqr_xl.jpg
ijwyp អត្ថបទទី ៦១

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​សិទ្ធិ​ផ្ទាល់​ខ្លួន​ខ្លះ?

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​សិទ្ធិ​ផ្ទាល់​ខ្លួន​ខ្លះ?

 ហេតុ​អ្វី​ឪពុក​ម្ដាយ​ចង់​ដឹង​រឿង​ផ្ទាល់​ខ្លួន​របស់​ប្អូន?

 ឪពុក​ម្ដាយ​របស់​ប្អូន​និយាយ​ថា​គាត់​គ្រាន់​តែ​បារម្ភ​ពី​ប្អូន។ ប៉ុន្តែ ប្អូន​យល់​ថា​ទង្វើ​របស់​គាត់​កំពុង​តែ​ជ្រៀត​ជ្រែក​រឿង​ផ្ទាល់​ខ្លួន​របស់​ប្អូន​ហើយ។ ជា​ឧទាហរណ៍​៖

  •   ប្អូន​អ៊ែរិន​បាន​រៀប​រាប់​ថា​៖​«​ប៉ា​ខ្ញុំ​ទាម​ទារ​ឲ្យ​ខ្ញុំ​ប្រាប់​លេខ​សម្ងាត់​ទូរសព្ទ​ខ្ញុំ ដើម្បី​គាត់​អាច​ឆែក​មើល​សារ​ទាំង​អស់​របស់​ខ្ញុំ។ បើ​ខ្ញុំ​មិន​ព្រម​ឲ្យ គាត់​ចោទ​ថា​ខ្ញុំ​មាន​អ្វី​បិទ​បាំង​គាត់​»។

  •   ប្អូន​ដឺនីស​ដែល​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ បាន​នឹក​ចាំ​ថា​ម៉ាក់​គាត់​តែង​តែ​ពិនិត្យ​មើល​ការ​ចំណាយ​ទៅ​លើ​ទូរសព្ទ​របស់​គាត់។ គាត់​ថា​៖​«​ម៉ាក់​ខ្ញុំ​មិន​ត្រឹម​តែ​មើល​ការ​ចំណាយ​ទេ តែ​ក៏​មើល​លេខ​ទាំង​អស់​ដែល​តេ​ចេញ​តេ​ចូល​ដែរ គាត់​ចង់​ដឹង​ថា​លេខ​របស់​អ្នក​ណា​ខ្លះ ហើយ​ចង់​ដឹង​ថា​ខ្ញុំ​បាន​និយាយ​អ្វី​ខ្លះ​ជា​មួយ​គេ​»។

  •   ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ខៃ​ឡា បាន​ប្រាប់​ថា ម៉ាក់​គាត់​បាន​អាន​សៀវភៅ​កំណត់​ហេតុ​របស់​គាត់។ គាត់​និយាយ​ថា​៖​«​ក្នុង​សៀវភៅ​នោះ ខ្ញុំ​បាន​កត់​ទុក​អារម្មណ៍​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ រួម​ទាំង​អារម្មណ៍​ដែល​ខ្ញុំ​មាន​ចំពោះ​ម៉ាក់​ខ្ញុំ​ដែរ។ តែ​ឥឡូវ​ខ្ញុំ​លែង​ចង់​សរសេរ​កំណត់​ហេតុ​ក្នុង​សៀវភៅ​នោះ​ទៀត​ហើយ​»។

 សរុប​សេចក្ដី​៖ ឪពុក​ម្ដាយ​របស់​ប្អូន​មាន​សិទ្ធិ​ដឹង​ថា​ប្អូន​កំពុង​ឆ្លង​កាត់​រឿង​អ្វី​ខ្លះ ហើយ​ប្អូន​មិន​អាច​ដាក់​កម្រិត​លើ​សិទ្ធិ​របស់​គាត់​ឡើយ។ ប៉ុន្តែ ជួន​កាល​ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្វី​ដែល​គាត់​ធ្វើ​ដូច​ជា​ជ្រុល​បន្តិច មែន​ទេ? បើ​ដូច្នោះ​មែន សូម​ប្អូន​កុំ​អាល​អន់​ចិត្ត​អី ព្រោះ​មាន​អ្វី​ដែល​ប្អូន​អាច​ធ្វើ​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​ចិត្ត។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ

 ប្រាប់​គាត់​ត្រង់​ៗ។ គម្ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​«​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។ (​ហេប្រឺ ១៣:១៨​) សូម​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​មួយ​ឪពុក​ម្ដាយ។ បើ​ប្អូន​ប្រាប់​ពួក​គាត់​ត្រង់​ៗ​និង​ដោយ​ឥត​លាក់​លៀម នោះ​ប្អូន​ទំនង​ជា​នឹង​អាច​ទទួល​បាន​សិទ្ធិ​ផ្ទាល់​ខ្លួន​ច្រើន​ជាង។

 សូម​ពិចារណា​៖ តើ​កន្លង​មក​ប្អូន​តែង​តែ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ទុក​ចិត្ត​ប្អូន​ឬ​ទេ? តើ​ប្អូន​តែង​តែ​ចូល​ផ្ទះ​តាម​ពេល​វេលា​ដែល​គាត់​កំណត់​ឬ​ទេ? តើ​ប្អូន​លាក់​បាំង​គាត់​អំពី​មិត្ត​ភក្ដិ​ដែល​ប្អូន​សេព​គប់​ទេ? តើ​មាន​ការ​កម្សាន្ត​ណា​ដែល​ប្អូន​មិន​ចង់​ឲ្យ​គាត់​ដឹង​ទេ?

  ប្អូន​ដេលីអា​បាន​រៀប​រាប់​ថា​៖​«​ពេល​ឪពុក​ម្ដាយ​ខ្ញុំ​សួរ​នាំ​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លង​កាត់ ខ្ញុំ​ប្រាប់​គាត់​ដោយ​ឥត​លាក់​លៀម ហើយ​ប្រាប់​គ្រប់​រឿង​ដែល​ពួក​គាត់​ចង់​ដឹង។ ជា​លទ្ធផល ពួក​គាត់​ទុក​ចិត្ត​ខ្ញុំ​ជាង ហើយ​គោរព​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ច្រើន​ជាង​»។

 អត់​ធ្មត់។ គម្ពីរ​ចែង​ថា​៖​«​ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា​»។ (​កូរិនថូស​ទី​២ ១៣:៥​) ពិត​មែន​ថា​ដើម្បី​ទទួល​ការ​ទុក​ចិត្ត​ពី​ឪពុក​ម្ដាយ គឺ​ត្រូវ​ការ​ពេល តែ​បើ​ប្អូន​ស​ឲ្យ​ឃើញ​ថា​ប្អូន​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត នោះ​ពួក​គាត់​នឹង​ទុក​ចិត្ត​ប្អូន​ជាង។

 សូម​ពិចារណា​៖ ឪពុក​ម្ដាយ​ប្អូន​ក៏​ធ្លាប់​ឆ្លង​កាត់​គ្រា​យុវវ័យ​ដែរ។ ពេល​ប្អូន​គិត​អំពី​ការ​ពិត​នោះ អាច​ជួយ​ប្អូន​ឲ្យ​យល់​មូលហេតុ​ដែល​ពួក​គាត់​ចាប់​អារម្មណ៍​នឹង​រឿង​ផ្ទាល់​ខ្លួន​របស់​ប្អូន។

 ប្អូន​ដានីយ៉ែល​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​គិត​ថា​ឪពុក​ម្ដាយ​នៅ​ចាំ​កំហុស​ដែល​ពួក​គាត់​បាន​សាង ដូច្នេះ​ហើយ ពួក​គាត់​មិន​ចង់​ឲ្យ​កូន​មាន​កំហុស​ដូច​ពួក​គាត់​ទេ​»។

 យល់​អារម្មណ៍។ សូម​ព្យាយាម​យល់​ទស្សនៈ​របស់​ឪពុក​ម្ដាយ។ គម្ពីរ​ចែង​ថា​ប្រពន្ធ​ល្អ​«​មើល​ថែ​រក្សា​ក្រុម​គ្រួសារ​»​ ហើយ​ឪពុក​ល្អ​ជំរុញ​ចិត្ត​កូន​ៗ​«​តាម​ការ​ប្រៀន​ប្រដៅ​និង​ការ​ដាស់​តឿន​របស់​ព្រះ​យេហូវ៉ា​»។ (​សុភាសិត ៣១:២៧; អេភេសូរ ៦:៤, កំណត់​សម្គាល់​) ដើម្បី​បំពេញ​ភារកិច្ច​នេះ ពួក​គាត់​ត្រូវ​ដឹង​អំពី​សុខ​ទុក្ខ​របស់​ប្អូន ទោះ​ជា​ប្អូន​ចង់​ឬ​មិន​ចង់​ក្ដី។

 សូម​ពិចារណា​៖ បើ​ប្អូន​ជា​ឪពុក​ឬ​ម្ដាយ​ម្នាក់ ហើយ​ប្អូន​ដឹង​ថា​យុវវ័យ​ជួប​រឿង​អ្វី​ខ្លះ តើ​ប្អូន​នឹង​អនុញ្ញាត​ឲ្យ​កូន​ទទួល​បាន​សិទ្ធិ​ផ្ទាល់​ខ្លួន​ពេញ​លេញ ដោយ​មិន​សួរ​នាំ​គាត់​សោះ​ឬ?

  ប្អូន​ជេម​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​មាន​វ័យ​ជំទង់ ខ្ញុំ​គិត​ថា​ឪពុក​ម្ដាយ​ខ្ញុំ​ដូច​ជា​ជ្រៀត​ជ្រែក​រឿង​ផ្ទាល់​ខ្លួន​ខ្ញុំ​ខ្លាំង​ណាស់។ ប៉ុន្តែ ពេល​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ ទើប​ខ្ញុំ​ដឹង​ថា​ហេតុ​អី​បាន​ជា​គាត់​ធ្វើ​ដូច្នោះ គឺ​ដោយ​សារ​គាត់​ស្រឡាញ់​ខ្ញុំ​»។