ខ្មែរ
តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ចុះ​សម្រុង​ជា​មួយ​គ្រូ?
https://cms-imgp.jw-cdn.org/img/p/500600108/univ/art/500600108_univ_sqr_xl.jpg
ijwyp អត្ថបទទី ១០៦

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ចុះ​សម្រុង​ជា​មួយ​គ្រូ?

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ចុះ​សម្រុង​ជា​មួយ​គ្រូ?

 គ្រូ​កាច

 មិន​យូរ​មិន​ឆាប់ សិស្ស​ស្ទើរ​តែ​ទាំង​អស់​នឹង​រៀន​ប៉ះ​គ្រូ​ដែល​មើល​ទៅ​ដូច​ជា​លម្អៀង តឹង​រ៉ឹង ឬ​កាច។

  •   ប្អូន​លូអ៊ីស​ដែល​មាន​អាយុ​២១​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ធ្លាប់​រៀន​ជា​មួយ​គ្រូ​ម្នាក់​ដែល​ប្រើ​ពាក្យ​អសុរោះ និង​មើល​ងាយ​សិស្ស។ ដោយ​សារ​បន្តិច​ទៀត​គាត់​នឹង​ចូល​និវត្តន៍ អ៊ីចឹង​ហើយ​គាត់​ប្រហែល​ជា​គិត​ថា​គេ​នឹង​មិន​បញ្ឈប់​ការ​ងារ​គាត់​ទេ​»។

  •   ប្អូន​មេឡានី​ដែល​មាន​អាយុ​២៥​ឆ្នាំ នឹក​ចាំ​ពេល​នៅ​រៀន គ្រូ​ម្នាក់​បាន​ប្រព្រឹត្ត​ដោយ​រើស​អើង​មក​លើ​នាង។ នាង​បាន​ប្រាប់​ថា​«​គ្រូ​ខ្ញុំ​ធ្លាប់​និយាយ​ថា គាត់​ប្រព្រឹត្ត​បែប​នោះ មក​ពី​ខ្ញុំ​មាន​សាសនា​ផ្សេង។ គាត់​ថែម​ទាំង​និយាយ​ថា​ប្អូន​ឯង​ទ្រាំ​ៗ​ទៅ តិច​ទៀត​នឹង​ស៊ាំ​ហើយ​»។

 បើ​ប្អូន​រៀន​ប៉ះ​គ្រូ​កាច សូម​កុំ​រា​ថយ​បោះ​បង់​ការ​រៀន​សូត្រ​ឡើយ។ សូម​សាក​ធ្វើ​តាម​យោបល់​ដូច​ខាង​ក្រោម។

 យោបល់​ដែល​អាច​ជួយ​ប្អូន

  •   ចេះ​បត់​បែន។ គ្រូ​ម្នាក់​ៗ​រំពឹង​ខុស​គ្នា​ពី​សិស្ស។ សូម​គិត​អំពី​អ្វី​ដែល​គ្រូ​ចង់​ឲ្យ​ប្អូន​ធ្វើ ហើយ​ព្យាយាម​ធ្វើ​តាម​គាត់។

     គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​ដែល​មាន​ប្រាជ្ញា​នឹង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ដើម្បី​រៀន​ថែម​ទៀត​»។—សុភាសិត ១:៥

     ប្អូន​គ្រិស្តតូហ្វើ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ឃើញ​ថា​ខ្ញុំ​ត្រូវ​សម្រប​ទៅ​តាម​គ្រូ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ព្យាយាម​ធ្វើ​តាម​តម្រូវ​ការ​របស់​គាត់។ ពេល​ខ្ញុំ​ធ្វើ​ដូច្នោះ ជួយ​ខ្ញុំ​ឲ្យ​ស្រួល​ចុះ​សម្រុង​ជា​មួយ​គាត់​ជាង​»។

  •   ប្រព្រឹត្ត​ដោយ​គោរព។ សូម​ព្យាយាម​និយាយ​ជា​មួយ​គ្រូ​ដោយ​គោរព។ សូម​កុំ​និយាយ​ជាន់​កែង​គាត់ ទោះ​ជា​ប្អូន​គិត​ថា​គាត់​សម​នឹង​ទទួល​ក៏​ដោយ។ សូម​ចាំ​ថា​គាត់​ជា​គ្រូ​របស់​ប្អូន មិន​មែន​ជា​មិត្ត​របស់​ប្អូន​ទេ។

     គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស​ជា​និច្ច ដែល​ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដឹង​ថា​គួរ​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​មនុស្ស​ម្នាក់​ៗ​»។—កូឡុស ៤:៦

     ប្អូន​សៀរ៉ា​បាន​រៀប​រាប់​ថា​៖​«​មិន​មែន​គ្រូ​ទាំង​អស់ សុទ្ធ​តែ​ទទួល​បាន​ការ​គោរព​ពី​សិស្ស​ទេ ដូច្នេះ​សូម​បង្ហាញ​ការ​គោរព​ចំពោះ​គាត់។ ពេល​យើង​គោរព​គាត់ គាត់​នឹង​ប្រព្រឹត្ត​ល្អ​មក​លើ​យើង​វិញ​»។

  •   ព្យាយាម​យល់​ពី​គាត់។ គ្រូ​ក៏​មាន​សម្ពាធ​និង​តាន​តឹង​ចិត្ត​ដូច​មនុស្ស​ទូទៅ​ដែរ។ ដូច្នេះ កុំ​ឆាប់​សន្និដ្ឋាន​ថា​៖‹គ្រូ​ខ្ញុំ​កាច​ណាស់› ឬ‹គ្រូ​ស្អប់​ខ្ញុំ›។

     គោល​ការណ៍​គម្ពីរ​៖ ​«​យើង​ទាំង​អស់​គ្នា​ធ្វើ​ខុស​ជា​ញឹក​ញយ​»។—យ៉ាកុប ៣:២, កំណត់​សម្គាល់

     ប្អូន​អាឡិចសឺស​បាន​រៀប​រាប់​ថា​៖​«​ការ​ងារ​ជា​គ្រូ​ពិបាក​ណាស់។ ខ្ញុំ​គិត​ថា​គឺ​មិន​ស្រួល​ទេ​ដែល​ត្រូវ​មើល​ខុស​ត្រូវ​និង​អប់រំ​សិស្ស​ទាំង​អស់។ អ៊ីចឹង​ហើយ​ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ពិបាក​ទេ​»។

  •   និយាយ​ជា​មួយ​ឪពុក​ម្ដាយ។ ព្រោះ​ពួក​គាត់​តែង​តែ​ចង់​ជួយ​ប្អូន។ ពួក​គាត់​ចង់​ឲ្យ​ប្អូន​សប្បាយ​នឹង​ការ​រៀន​នៅ​សាលា ហើយ​ពួក​គាត់​អាច​ឲ្យ​យោបល់​ដែល​ជួយ​ប្អូន​ចេះ​ប្រឈម​នឹង​គ្រូ​ដែល​ពិបាក។

     គោល​ការណ៍​គម្ពីរ​៖ ​«​បើ​គ្មាន​ការ​ប្រឹក្សា​ទេ នោះ​គម្រោង​នឹង​បរាជ័យ​»។—សុភាសិត ១៥:២២

     ប្អូន​អូលីវា​បាន​រៀប​រាប់​ថា​៖​«​ប៉ា​ម៉ាក់​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ។ ដូច្នេះ សូម​ស្ដាប់​យោបល់​គាត់។ ព្រោះ​យោបល់​ទាំង​នោះ​អាច​ជួយ​យើង​បាន​»។

 របៀប​និយាយ​ជា​មួយ​គ្រូ

 ក្នុង​ករណី​ខ្លះ ប្អូន​ប្រហែល​ជា​ត្រូវ​ប្រាប់​គ្រូ​អំពី​សម្ពាធ​ដែល​ប្អូន​បាន​ទទួល​ពី​គាត់។ សូម​ចាំ​ថា​ការ​និយាយ​នោះ មិន​មែន​ជា​ការ​ឈ្លោះ​ជា​មួយ​គាត់​ទេ តែ​ជា​ការ​ពិភាក្សា​ជា​មួយ​គាត់​វិញ។ ដូច្នេះ​កុំ​ខ្លាច​អី ព្រោះ​ការ​ធ្វើ​ដូច្នោះ​មិន​ពិបាក​ដូច​ប្អូន​ស្មាន​ទេ ហើយ​វា​ថែម​ទាំង​មាន​ប្រសិទ្ធភាព​ទៀត​ផង។

 គោល​ការណ៍​គម្ពីរ​៖ ​«​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​»។—រ៉ូម ១៤:១៩

 ប្អូន​ជូលីអាណា​បាន​រៀប​រាប់​ថា​៖​«​បើ​យើង​ឃើញ​ថា​គ្រូ​ដូច​ជា​កាច​ដាក់​តែ​យើង​ម្នាក់ សូម​សួរ​គាត់​ថា​តើ​យើង​បាន​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​គាត់​ខឹង​ឬ។ ក្រោយ​ដឹង​ចម្លើយ យើង​អាច​ដឹង​ថា​យើង​គួរ​កែ​ប្រែ​ចំណុច​ណា​»។

 ប្អូន​បេនយ៉ាមីន​បាន​រៀប​រាប់​ថា​៖​«​វិធី​ល្អ​បំផុត​គឺ​ប្រាប់​គ្រូ​ពេល​មាន​តែ​ពីរ​នាក់​គាត់ ឬ​បើ​មិន​អ៊ីចឹង​ទេ យើង​អាច​ប្រាប់​គាត់​ក្រោយ​ម៉ោង​រៀន​ក៏​បាន។ តែ​សូម​និយាយ​ដោយ​ស្លូត​បូត​ទៅ​កាន់​គាត់ ហើយ​ប្រាប់​គាត់​ថា​យើង​មាន​អារម្មណ៍​យ៉ាង​ណា។ សង្ឃឹម​ថា​គ្រូ​នឹង​គិត​ថ្លឹង​ថ្លែង ហើយ​ឲ្យ​តម្លៃ​យើង​ជាង​»។

 បទ​ពិសោធន៍​ពិត

 ប្អូន​ម៉ារៀ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​រៀន​ខ្សោយ​ទៅ​ៗ ហើយ​គ្រូ​ខ្ញុំ​មិន​បាន​ជួយ​ខ្ញុំ​ទាល់​តែ​សោះ។ ដោយ​សារ​គាត់​តឹង​រ៉ឹង​ដាក់​ខ្ញុំ​ពេក ខ្ញុំ​ចង់​តែ​ឈប់​រៀន​ទេ។

 «​ខ្ញុំ​បាន​សុំ​យោបល់​ពី​គ្រូ​ម្នាក់​ទៀត។ តែ​គាត់​ប្រាប់​ថា​៖‹ប្អូន​ត្រូវ​ប្រាប់​បញ្ហា​នោះ​ដល់​គ្រូ​ប្អូន ព្រោះ​ប្អូន​និង​គាត់​ប្រហែល​ជា​មិន​សូវ​យល់​ពី​គ្នា​ច្បាស់​ទេ។ ក្រោយ​ប្អូន​និយាយ​ជា​មួយ​គាត់​រួច ប្អូន​ប្រហែល​ជា​ស្រួល​ជួយ​សិស្ស​ឯ​ទៀត​ដែល​មាន​បញ្ហា​ដូច​ប្អូន​ឲ្យ​និយាយ​ជា​មួយ​គាត់​ដែរ›។

 «​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ពិបាក​ធ្វើ​ជាង​គេ! តែ​ពេល​គិត​ពី​សម្ដី​គាត់ ខ្ញុំ​គិត​ថា​គាត់​និយាយ​ត្រូវ។ បើ​ខ្ញុំ​ចង់​ឲ្យ​ស្ថានភាព​កែ​ប្រែ ខ្ញុំ​ត្រូវ​តែ​ទៅ​និយាយ​ប្រាប់​គ្រូ​ខ្ញុំ។

 «​ដូច្នេះ ស្អែក​ឡើង​ខ្ញុំ​បាន​ទៅ​ជួប​គ្រូ​ខ្ញុំ ហើយ​បាន​និយាយ​ដោយ​គោរព​ប្រាប់​គាត់​ថា​ខ្ញុំ​ចូល​ចិត្ត​រៀន​មុខ​វិជ្ជា​គាត់ ហើយ​ចង់​ចេះ​មុខ​វិជ្ជា​នោះ។ តែ​ខ្ញុំ​មិន​សូវ​យល់​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដែរ។ ឮ​ដូច្នោះ គាត់​បាន​ឲ្យ​យោបល់​ខ្ញុំ ហើយ​ថែម​ទាំង​ស្នើ​ជួយ​បង្រៀន​ខ្ញុំ​ក្រៅ​ម៉ោង​រៀន​ឬ​តាម​អ៊ីម៉ែល​ទៀត​ផង។

 «​ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់​ចំពោះ​សំណើ​របស់​គាត់។ ខ្ញុំ​ឃើញ​ថា​ក្រោយ​ពី​ខ្ញុំ​បាន​និយាយ​ជា​មួយ​គាត់ ទំនាក់​ទំនង​ខ្ញុំ​ជា​មួយ​គាត់​ល្អ​ជាង ហើយ​ខ្ញុំ​សប្បាយ​រៀន​ជាង​ដែរ​»។

 យោបល់​៖ បើ​ប្អូន​ពិបាក​និយាយ​ជា​មួយ​គ្រូ សូម​កុំ​រា​ថយ តែ​ចាត់​ទុក​នោះ​ជា​ការ​លត់​ដំ​មួយ​ដើម្បី​ជួយ​ប្អូន​នៅ​ថ្ងៃ​អនាគត។ ប្អូន​ខេធី​ដែល​មាន​អាយុ​២២​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ទោះ​ជា​រៀន​ចប់​ក៏​ដោយ យើង​ទំនង​ជា​នឹង​ជួប​មន្ត្រី​រាជ​ការ​ដែល​មិន​តែង​តែ​ប្រព្រឹត្ត​ដោយ​សប្បុរស​ទេ។ ប៉ុន្តែ បើ​ឥឡូវ​យើង​អាច​ចុះ​សម្រុង​នឹង​គ្រូ​កាច​បាន នោះ​នៅ​ថ្ងៃ​អនាគត​យើង​ក៏​អាច​ចុះ​សម្រុង​ជា​មួយ​នឹង​នរ​ណា​ក៏​បាន​ដែរ​»។