ខ្មែរ
តើ​ខ្ញុំ​អាច​គ្រប់​គ្រង​ការ​ចំណាយ​របស់​ខ្ញុំ​តាម​របៀប​ណា?
https://cms-imgp.jw-cdn.org/img/p/502017202/univ/art/502017202_univ_sqr_xl.jpg
ijwyp អត្ថបទទី ៧២

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​អាច​គ្រប់​គ្រង​ការ​ចំណាយ​របស់​ខ្ញុំ​តាម​របៀប​ណា?

តើ​ខ្ញុំ​អាច​គ្រប់​គ្រង​ការ​ចំណាយ​របស់​ខ្ញុំ​តាម​របៀប​ណា?

 ប្អូន​ខូលីន​បាន​រៀប​រាប់​ថា៖«ថ្មី​ៗ​នេះ ខ្ញុំ​បាន​ទៅ​ហាង​មួយ​ដើម្បី​មើល​លេង​ប៉ុណ្ណោះ តែ​ចុង​ក្រោយ​ខ្ញុំ​បាន​ទិញ​ឥវ៉ាន់​ដ៏​ថ្លៃ​មួយ ដែល​ខ្ញុំ​មិន​ដែល​មាន​បំណង​ចង់​ទិញ​វា​ឡើយ»។

 ប្អូន​ខូលីន​ទទួល​ស្គាល់​ថា​គាត់​ពិបាក​ទប់​ចិត្ត​ក្នុង​ការ​ចំណាយ។ តើ​ប្អូន​មាន​បញ្ហា​ស្រដៀង​នឹង​គាត់​ទេ? បើ​មាន អត្ថបទ​នេះ​អាច​ជួយ​ប្អូន​បាន។

 ហេតុ​អ្វី​គួរ​ចេះ​គ្រប់​គ្រង​ការ​ចំណាយ?

 ការ​យល់​ច្រឡំ៖ បើ​គិត​ច្រើន​ពេក​អំពី​ការ​ចំណាយ នោះ​បិទ​សេរី​ភាព​ខ្លួន​ហើយ។

 ការ​ពិត៖ ពេល​ប្អូន​ចេះ​គ្រប់​គ្រង​ការ​ចំណាយ​របស់​ខ្លួន នោះ​ប្អូន​នឹង​មាន​សេរី​ភាព​ថែម​ទៀត មិន​មែន​បំបិទ​សេរី​ភាព​របស់​ប្អូន​ទេ។ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា៖«ពេល​ប្អូន​កាន់​តែ​ចេះ​គ្រប់​គ្រង​លុយ​កាក់ នោះ​ប្អូន​នឹង​មាន​របស់​របរ​ដែល​ប្អូន​ចង់​បាន មិន​ថា​នៅ​ឥឡូវ​នេះ​និង​អនាគត (I’m Broke! The Money Handbook)។

 សូម​ពិចារណា៖ បើ​ប្អូន​ចេះ​គ្រប់​គ្រង​លុយ​កាក់...

  •   ប្អូន​នឹង​មាន​លុយ​ច្រើន​ជាង​ពេល​ប្អូន​ត្រូវ​ការ។ ប្អូន​អ៊ីនេស​បាន​រៀប​រាប់​ថា៖«ថ្ងៃ​ណា​មួយ ខ្ញុំ​ចង់​ទៅ​លេង​អាម៉េរិក​ខាង​ត្បូង ដូច្នេះ​ខ្ញុំ​តែង​តែ​ចាំ​គោល​ដៅ​នេះ​ពេល​ខ្ញុំ​ព្យាយាម​សន្សំ​លុយ»។

  •   ប្អូន​នឹង​មាន​បំណុល​តិច​ជាង(ឬ​គ្មាន​បំណុល​សោះ)។ គម្ពីរ​ចែង​ថា៖«អ្នក​ដែល​ខ្ចី​គេ ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​ឲ្យ​ខ្ចី»។ (សុភាសិត ២២:៧) ប្អូន​ស្រី​អាណា​ក៏​យល់​ស្រប​នឹង​ចំណុច​នេះ​ដែរ។ នាង​បាន​និយាយ​ថា៖«បើ​យើង​ជាប់​បំណុល​ប្រៀប​ដូច​ជា​ជីវិត​យើង​ជាប់​ជំពាក់​នឹង​អ្វី​មួយ តែ​ពេល​យើង​គ្មាន​បំណុល នោះ​ស្រួល​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​របស់​យើង»។

  •   ប្អូន​បង្ហាញ​ថា​ប្អូន​មាន​គំនិត​ចាស់​ទុំ។ ពេល​ប្អូន​ចេះ​គ្រប់​គ្រង​ការ​ចាយ​វាយ​របស់​ប្អូន នោះ​នឹង​ជួយ​ប្អូន​ឲ្យ​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ប្រសើរ​ជាង។ ប្អូន​ជីន​ដែល​មាន​អាយុ​២០​ឆ្នាំ បាន​រៀប​រាប់​ថា៖«ជា​ការ​ល្អ​ដែល​ខ្ញុំ​ចេះ​គ្រប់​គ្រង​ការ​ចាយ​វាយ និង​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការ​ចាយ​វាយ​នៅ​ឥឡូវ​នេះ ព្រោះ​បើ​ថ្ងៃ​អនាគត​ខ្ញុំ​ត្រូវ​ទៅ​រស់​នៅ​ម្នាក់​ឯង នោះ​ខ្ញុំ​អាច​ចេះ​គ្រប់​គ្រង​លុយ​កាក់​បាន​ល្អ​ជាង»។

 សរុប​សេចក្ដី៖ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា៖«ការ​ចាយ​វាយ​ដោយ​ចេះ​គិត គឺ​ជា​ជំហាន​ដំបូង​ដែល​ជួយ​ប្អូន​ទៅ​ជា​មនុស្ស​ដែល​មាន​ជំហរ​ផ្ទាល់​ខ្លួន។ ហើយ​ការ​ចាយ​វាយ​ដោយ​មាន​ទំនួល​ខុស​ត្រូវ​បែប​នោះ នឹង​ជួយ​ប្អូន​ពី​ឥឡូវ​នេះ​រហូត​ដល់​ពេញ​មួយ​ជីវិត»(The Complete Guide to Personal Finance: For Teenagers and College Students)។

 របៀប​គ្រប់​គ្រង​ការ​ចំណាយ

 ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន។ បើ​ប្អូន​ចេះ​តែ​ដាច់យ៉ៃ សូម​រក​មូលហេតុ​ថា​ប្អូន​បាន​ចាយ​វាយ​ទៅ​លើ​អ្វី​ខ្លះ។ សម្រាប់​អ្នក​ខ្លះ​ចំណាយ​លុយ​ច្រើន​ពេក​ទៅ​លើ​ការ​ទិញ​ទំនិញ​តាម​អនឡាញ។ ហើយ​សម្រាប់​អ្នក​ខ្លះ​ទៀត ចេះ​តែ​ទិញ​នេះ​ទិញ​នោះ ហើយ​លុយ​ខើច​ទៅ​ៗ​រហូត​ដល់​ចុង​ខែ។

 ប្អូន​ហេលី​បាន​រៀប​រាប់​ថា៖«ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ចេះ​តែ​ចំណាយ​ទៅ​លើ​អ្វី​កំប៉ិក​កំប៉ុក ដូច​ជា​ទិញ​របស់​នេះ​របស់​នោះ ទិញ​កាហ្វេ ឬ​អីវ៉ាន់​ដែល​គេ​បញ្ចុះ​តម្លៃ។ ដល់​ចុង​ខែ ខ្ញុំ​មិន​ដឹង​ថា​លុយ​ខ្ញុំ​ទៅ​ណា​អស់​ទេ»។

 រៀប​ចំ​គម្រោង​ថវិកា។ គម្ពីរ​ចែង​ថា៖«គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន»។ (សុភាសិត ២១:៥) ពេល​ប្អូន​រៀប​ចំ​គម្រោង​ថវិកា ប្អូន​នឹង​ដឹង​របៀប​ចាយ​វាយ​មិន​ឲ្យ​លើស​ពី​ប្រាក់​ចំណូល។

 ប្អូន​ដាញែល​បាន​រៀប​រាប់​ថា៖«បើ​យើង​ចាយ​លើស​ពី​ប្រាក់​ចំណូល​ដែល​យើង​រក​បាន សូម​រក​មើល​ថា​តើ​យើង​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ រួច​មក​កាត់​បន្ថយ​ទៅ​លើ​អ្វី​ដែល​មិន​ចាំ​បាច់។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​ចំណាយ​តិច​ជាង​ប្រាក់​ចំណូល​របស់​យើង»។

 ធ្វើ​តាម​គម្រោង​របស់​ប្អូន។ មាន​របៀប​ជា​ច្រើន​ដែល​ប្អូន​អាច​សន្សំ​លុយ និង​ជៀស​វាង​ពី​ការ​ចាយ​វាយ​ផ្ដេស​ផ្ដាស។ ប្អូន​ៗ​យុវវ័យ​ខ្លះ​បាន​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព។ វិធី​ទាំង​នោះ​មាន​ដូច​ជា៖

  •  ប្អូន​ដាវីឌ​បាន​រៀប​រាប់​ថា៖«ធម្មតា​ពេល​ខ្ញុំ​មាន​លុយ​ភ្លាម ខ្ញុំ​ដាក់​ធនាគារ​ភ្លែត។ ពេល​ខ្ញុំ​ធ្វើ​ដូច្នេះ ខ្ញុំ​មិន​សូវ​ចំណាយ​លុយ​ច្រើន​ទេ»។

  •  ប្អូន​អិលអិន​បាន​រៀប​រាប់​ថា៖«រាល់​ដង​ដែល​ខ្ញុំ​ទៅ​ផ្សារ ខ្ញុំ​តែង​តែ​ដាក់​លុយ​ល្មម​តាម​ខ្លួន។ ព្រោះ​ការ​ធ្វើ​ដូច្នេះ ជួយ​ខ្ញុំ​មិន​ឲ្យ​ទិញ​អ្វី​ដែល​ខ្ញុំ​គ្មាន​បំណង​ទិញ​ទេ»។

  •  ប្អូន​ជេស៊ីយ៉ា​បាន​រៀប​រាប់​ថា៖«ពេល​ខ្ញុំ​រង់​ចាំ​សិន​មុន​សម្រេច​ចិត្ត​ទិញ​អ្វី​មួយ ជួយ​ខ្ញុំ​ឲ្យ​មាន​ពេល​គិត​ពិចារណា​ថា​តើ​ខ្ញុំ​ត្រូវ​ការ​របស់​នោះ​ឬ​អត់»។

  •  ប្អូន​ជេននីហ្វើ​បាន​រៀប​រាប់​ថា៖«ខ្ញុំ​មិន​ចាំ​បាច់​ចូល​រួម​រាល់​កម្ម​វិធី​ទេ ហើយ​ក៏​មិន​ខុស​ដែរ​បើ​ខ្ញុំ​បដិសេធ ព្រោះ​ខ្ញុំ​មិន​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​កម្ម​វិធី​ទាំង​អស់​ឡើយ»។

 សរុប​សេចក្ដី៖ ការ​ចេះ​ចាត់​ចែង​លុយ​កាក់ គឺ​ជា​ទំនួល​ខុស​ត្រូវ​ខ្ពស់។ ប្អូន​ខូលីន​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ​ក៏​បាន​យល់​ស្រប​នឹង​ចំណុច​នេះ​ដែរ។ គាត់​បាន​ប្រាប់​ថា៖«ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ទៅ​ជា​មេ​គ្រួសារ ដូច្នេះ​ខ្ញុំ​មិន​គួរ​ចាយ​វាយ​ផ្ដេស​ផ្ដាស​ទេ ព្រោះ​បើ​ពេល​នៅ​លីវ​ខ្ញុំ​ចាយ​វាយ​មិន​ចេះ​គិត នោះ​ពេល​រៀប​ការ ក្រុម​គ្រួសារ​ខ្ញុំ​នឹង​ខ្វះ​ខាត​មិន​ខាន»។

យោបល់៖ ប្អូន​វ៉ាន់នេសា​បាន​រៀប​រាប់​ថា៖«សូម​ប្រាប់​នរណា​ម្នាក់​អំពី​គម្រោង​ថវិកា​របស់​យើង ហើយ​សុំ​គាត់​ឲ្យ​ឧស្សាហ៍​ឆែក​មើល​គម្រោង​ថវិកា​នោះ​ជា​មួយ​យើង។ ការ​មាន​បុគ្គល​ណា​ម្នាក់​ចាំ​ជួយ​ដាស់​តឿន​យើង គឺ​ជា​ជំនួយ​ដ៏​ល្អ​ណាស់»។