ខ្មែរ
តើ​ខ្ញុំ​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ដើម្បី​បែក​ផ្ទះ?
https://cms-imgp.jw-cdn.org/img/p/502018160/univ/art/502018160_univ_sqr_xl.jpg
ijwyp អត្ថបទទី ៧៩

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ដើម្បី​បែក​ផ្ទះ?

តើ​ខ្ញុំ​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ដើម្បី​បែក​ផ្ទះ?

 ពេល​គិត​អំពី​ការ​បែក​ផ្ទះ នេះ​ធ្វើ​ឲ្យ​យើង​ភ័យ​ផង​អរ​ផង។ តើ​ប្អូន​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​រស់​នៅ​ដោយ​ខ្លួន​ឯង?

 រក​មើល​មូលហេតុ

 ប្រហែល​មាន​មូលហេតុ​ជា​ច្រើន​ដែល​ប្អូន​ចង់​បែក​ចេញ​ពី​ផ្ទះ តែ​មូលហេតុ​ខ្លះ​មិន​ត្រឹម​ត្រូវ​ទេ។ ជា​ឧទាហរណ៍ ប្អូន​ម៉ារីអូ​បាន​សារភាព​ថា​៖​«​ខ្ញុំ​ចង់​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង ដើម្បី​គេច​ចេញ​ពី​ភារកិច្ច​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​ផ្ទះ​»។

 អ្នក​ខ្លះ​គិត​ថា​បើ​រើ​ចេញ​ពី​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង​គឺ​មាន​សេរី​ភាព​ច្រើន​ជាង តែ​តាម​ពិត​មិន​មែន​អ៊ីចឹង​ទេ។ ប្អូន​អនយ៉ា​ដែល​មាន​អាយុ​១៨​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ពេល​រស់​នៅ​ដោយ​ខ្លួន​ឯង យើង​រវល់​ណាស់ ដូច​ជា​ត្រូវ​សម្អាត​ផ្ទះ​និង​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​បង់​ចំណាយ​ផ្សេង​ៗ។ ម្យ៉ាង​ទៀត បើ​មាន​បញ្ហា​ក៏​គ្មាន​ឪពុក​ម្ដាយ​ចាំ​ជួយ​យើង​ដែរ​»។

 សរុប​សេចក្ដី​៖ ប្អូន​ត្រូវ​យល់​ពី​មូលហេតុ​ដែល​ប្អូន​ចង់​បែក​ផ្ទះ​ជា​មុន​សិន ដើម្បី​ដឹង​ថា​ប្អូន​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​យ៉ាង​ណា។

 គិត​មុន​គូរ

 លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ចង់​សង់​ប៉ម​មួយ តើ​មាន​អ្នក​ណា​ដែល​មិន​អង្គុយ​គិត​គូរ​ជា​មុន​សិន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង់​ឲ្យ​បាន​រួច​រាល់?​»។ (​លូកា ១៤:២៨​) តើ​តាម​របៀប​ណា​ប្អូន​«​គិត​គូរ​ជា​មុន​សិន​»​មុន​សម្រេច​ចិត្ត​បែក​ផ្ទះ? សូម​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​នូវ​សំណួរ​ដូច​ខាង​ក្រោម។

  តើ​ប្អូន​ចេះ​ចាត់​ចែង​លុយ​កាក់​ដោយ​ខ្លួន​ឯង​ទេ?

 គម្ពីរ​ចែង​ថា​៖‹ប្រាក់​ជា​គ្រឿង​ការ​ពារ›។—អ្នក​ទូន្មាន ៧:១២

  •  តើ​ប្អូន​ពិបាក​សន្សំ​លុយ​ទេ?

  •  តើ​ប្អូន​ចាយ​លុយ​ខ្ជះ​ខ្ជាយ​ទេ?

  •  តើ​ប្អូន​ឧស្សាហ៍​ខ្ចី​លុយ​គេ​ទេ?

 បើ​ប្អូន​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​ណា​មួយ នោះ​មាន​ន័យ​ថា​ជីវិត​ប្អូន​នឹង​លំបាក​ហើយ បើ​ប្អូន​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង។

 ប្អូន​ដាញែល​បាន​រៀប​រាប់​ថា​៖​«​បង​ប្រុស​របស់​ខ្ញុំ​បាន​រើ​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង ពេល​គាត់​អាយុ​១៩​ឆ្នាំ។ មិន​ដល់​មួយ​ឆ្នាំ​ផង គាត់​បាន​ចាយ​លុយ​សន្សំ​អស់​រលីង។ ឡាន​គាត់​ក៏​ចេះ​តែ​ខូច​រហូត ហើយ​កាត​ធនាគារ​គាត់​ក៏​ប្រើ​លែង​បាន​ដែរ។ ទី​បំផុត គាត់​បាន​សុំ​មក​រស់​នៅ​ជុំ​ជា​មួយ​ប៉ា​ម៉ាក់​វិញ​»។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ​នៅ​ឥឡូវ​នេះ​៖ សូម​សួរ​ឪពុក​ម្ដាយ​ប្អូន​ថា តើ​ក្នុង​មួយ​ខែ​ៗ​គាត់​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ? តើ​ពួក​គាត់​ត្រូវ​បង់​ទៅ​លើ​អ្វី​ខ្លះ? តើ​ពួក​គាត់​រៀប​ចំ​គម្រោង​ថវិកា​បែប​ណា​ដើម្បី​អាច​បង់​អ្វី​ទាំង​នោះ? ហើយ​តើ​ពួក​គាត់​សន្សំ​លុយ​តាម​របៀប​ណា?

 សរុប​សេចក្ដី​៖ បើ​ប្អូន​ចេះ​ចាត់​ចែង​លុយ​កាក់​ពេល​ប្អូន​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ នោះ​ក៏​នឹង​ជួយ​ប្អូន​ឲ្យ​ចេះ​ចាត់​ចែង​លុយ​កាក់​ពេល​ដែល​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង​ដែរ។

  តើ​ប្អូន​ចេះ​លត់​ដំ​ខ្លួន​ទេ?

 គម្ពីរ​ចែង​ថា​៖​«​ម្នាក់​ៗ​ត្រូវ​ទទួល​ភារៈ​របស់​ខ្លួន​»។—កាឡាទី ៦:៥

  •  តើ​ប្អូន​តែង​តែ​បង្អែ​បង្អង់​ទេ?

  •  តើ​ឪពុក​ម្ដាយ​ប្អូន​តែង​តែ​រំលឹក​ប្អូន​ឲ្យ​ធ្វើ​កិច្ច​ការ​ផ្ទះ​ទេ?

  •  តើ​ប្អូន​ច្រើន​តែ​ចូល​ផ្ទះ​ហួស​ម៉ោង​កំណត់​ទេ?

 បើ​ប្អូន​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​ណា​មួយ នោះ​បញ្ជាក់​ថា​ប្អូន​មិន​ទាន់​មាន​ទំនួល​ខុស​ត្រូវ​គ្រប់​គ្រាន់​ពេល​ប្អូន​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង​ទេ។

 ប្អូន​ជេស៊ីកា​បាន​រៀប​រាប់​ថា​៖​«​ពេល​រស់​នៅ​ដោយ​ខ្លួន​ឯង ទោះ​ជា​មាន​អ្វី​ដែល​យើង​មិន​ចូល​ចិត្ត​ក៏​ដោយ យើង​ត្រូវ​តែ​ធ្វើ។ ព្រោះ​គ្មាន​អ្នក​ណា​មក​រំលឹក​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ​ទេ។ យើង​ត្រូវ​ជម្នះ​ចិត្ត​ខ្លួន​ឯង​ធ្វើ​កិច្ច​ការ​នោះ​ដើម្បី​មាន​ទម្លាប់​ល្អ​»។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ​នៅ​ឥឡូវ​នេះ​៖ ពេញ​មួយ​ខែ សូម​ព្យាយាម​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​នៅ​ក្នុង​ផ្ទះ ដូច​ជា​សម្អាត​ផ្ទះ បោក​ខោ​អាវ​ដោយ​ខ្លួន​ឯង ទៅ​ផ្សារ ចម្អិន​ម្ហូប​ជា​រៀង​រាល់​ថ្ងៃ ហើយ​លាង​ចាន​ផង​ដែរ។ ការ​ធ្វើ​កិច្ចការ​ទាំង​នេះ នឹង​ជួយ​ប្អូន​ឲ្យ​ដឹង​ថា​ប្អូន​ត្រូវ​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ​ពេល​ប្អូន​ចេញ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង។

 សរុប​សេចក្ដី​៖ កា​រលត់​ដំ​ខ្លួន​គឺ​សំខាន់​ចាំ​បាច់​បើ​ប្អូន​ចង់​រស់​នៅ​ដោយ​ខ្លួន​ឯង។

ការ​បែក​ផ្ទះ​ដោយ​មិន​បាន​ត្រៀម​ខ្លួន​ជា​មុន គឺ​ប្រៀប​ដូច​ជា​ការ​លោត​ពី​យន្ត​ហោះ​ដោយ​មិន​ទាន់​រៀន​ពាក់​ឆ័ត្រ​យោង​ជា​មុន​សិន

  តើ​ប្អូន​មាន​ផ្លូវ​ចិត្ត​នឹងនរ​ទេ?

 គម្ពីរ​ចែង​ថា​៖​«​ចូរ​អ្នក​រាល់​គ្នា​លះ​ចោល​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ អំពើ​អាក្រក់ ពាក្យ​ប្រមាថ​មើល​ងាយ​»។—កូឡុស ៣:៨

  •  តើ​ប្អូន​ពិបាក​ចុះ​សម្រុង​ជា​មួយ​អ្នក​ឯ​ទៀត​ទេ?

  •  តើ​ប្អូន​ពិបាក​ទប់​កំហឹង​ទេ?

  •  តើ​ប្អូន​តែង​តែ​ចង់​ឲ្យ​គេ​ធ្វើ​តាម​របៀប​របស់​ប្អូន​ទេ?

 បើ​ប្អូន​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​ណា​មួយ នោះ​ប្អូន​ប្រហែល​ពិបាក​រស់​នៅ​ជា​មួយ​ដៃ​គូ​បន្ទប់​ឬ​ជា​មួយ​គូ​អនាគត​របស់​ប្អូន។

 ប្អូន​អ៊ីលីនណឺ​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​រស់​នៅ​ជា​មួយ​ដៃ​គូ​បន្ទប់ ខ្ញុំ​ឃើញ​ចំណុច​ខ្សោយ​របស់​ខ្លួន។ ខ្ញុំ​ច្រើន​តែ​ឃើញ​ថា​ខ្ញុំ​ជះ​កំហឹង​ទៅ​លើ​ដៃ​គូ​បន្ទប់ ហើយ​ដោះសា​ថា​មក​ពី​ខ្ញុំ​តាន​តឹង​ចិត្ត។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​គួរ​រក​របៀប​ដោះ​ស្រាយ​ល្អ​ជាង​ចំពោះ​ការ​តាន​តឹង​ចិត្ត​របស់​ខ្ញុំ​»។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ​នៅ​ឥឡូវ​នេះ​៖ សូម​រៀន​ចុះ​សម្រុង​ជា​មួយ​ឪពុក​ម្ដាយ​និង​បង​ប្អូន។ ហេតុ​អ្វី? ព្រោះ​បើ​ឥឡូវ​ប្អូន​ចេះ​យោគ​យល់​នឹង​ចំណុច​ខ្សោយ​របស់​បុគ្គល​ដែល​ប្អូន​កំពុង​រស់​នៅ​ជា​មួយ នោះ​ប្អូន​ក៏​អាច​យោគ​យល់​នឹង​ចំណុច​ខ្សោយ​របស់​បុគ្គល​ដែល​ប្អូន​រស់​នៅ​ជា​មួយ​នៅ​ថ្ងៃ​អនាគត​ដែរ។

 សរុប​សេចក្ដី​៖ ការ​រស់​នៅ​ដោយ​ខ្លួន​ឯង​មិន​មែន​ជា​ការ​រត់​គេច​ពី​ភារកិច្ច​ទេ តែ​គឺ​ជា​អ្វី​មួយ​ដែល​ប្អូន​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជា​មុន​សិន។ សូម​និយាយ​ជា​មួយ​បុគ្គល​ដែល​រើ​ទៅ​រស់​នៅ​ដោយ​ខ្លួន​ឯង ហើយ​សម្រប​នឹង​របៀប​រស់​នៅ​នោះ​បាន​ល្អ។ សូម​សួរ​ថា​តើ​គាត់​បាន​ឆ្លង​កាត់​អ្វី​ខ្លះ​ពេល​រស់​នៅ​ដោយ​ខ្លួន​ឯង? តើ​គាត់​ស្ដាយ​ដែល​មិន​បាន​ដឹង​អ្វី​ខ្លះ​ពេល​រស់​នៅ​ដោយ​ខ្លួន​ឯង? ការ​សួរ​ដូច្នេះ​ជា​ការ​ឈ្លាស​វៃ ព្រោះ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ធំ!