សំណួរពីយុវវ័យ
តើខ្ញុំគួរនិយាយប្រាប់ឪពុកម្ដាយយ៉ាងណាអំពីវិន័យដែលពួកគាត់ដាក់ឲ្យ?
ប្អូនស៊ីលវីអាបានរៀបរាប់ថា៖«ពេលខ្ញុំអាយុ១៥ឆ្នាំ ខ្ញុំគិតថាវិន័យដែលប៉ាម៉ាក់ដាក់ឲ្យ គឺសមហេតុសមផល តែពេលចូលអាយុ១៩ឆ្នាំ ខ្ញុំគិតថាខ្ញុំគួរមានសេរីភាពច្រើនជាង»។
តើប្អូនមានអារម្មណ៍ស្រដៀងនឹងប្អូនស៊ីលវីអាទេ? បើមែន អត្ថបទនេះនឹងជួយប្អូនឲ្យនិយាយប្រាប់អារម្មណ៍ប្អូនអំពីរឿងនេះដល់ឪពុកម្ដាយ។
អ្វីដែលប្អូនគួរដឹង
មុនប្អូននិយាយជាមួយឪពុកម្ដាយអំពីវិន័យដែលពួកគាត់ដាក់ឲ្យ សូមពិចារណាចំណុចដូចខាងក្រោម៖
គ្មានច្បាប់គ្មានវិន័យនឹងមានគ្រោះថ្នាក់។ សូមស្រមៃគិតអំពីមហាវិថីដ៏មមាញឹកមួយ។ បើវិថីនោះគ្មានស្លាកសញ្ញាចរាចរណ៍ គ្មានភ្លើងស្តុប គ្មានស្លាកកំណត់ល្បឿន តើប្អូនចង់ធ្វើដំណើរតាមវិថីនោះទេ? វិន័យគ្រួសារក៏ស្រដៀងនឹងច្បាប់ចរាចរណ៍នៅលើវិថីនោះដែរ វាជួយឲ្យមានរបៀបរៀបរយនិងសណ្ដាប់ធ្នាប់នៅក្នុងក្រុមគ្រួសារ។
ការដាក់វិន័យបង្ហាញថាឪពុកម្ដាយស្រឡាញ់យកចិត្តទុកដាក់ប្អូន។ បើពួកគាត់មិនដាក់វិន័យឲ្យប្អូនទេ នោះបញ្ជាក់ថាពួកគាត់មិនខ្វល់ពីសុខទុក្ខរបស់ប្អូនឡើយ។ តើប្អូនចង់បានឪពុកម្ដាយបែបនេះទេ?
តើប្អូនដឹងទេ? សូម្បីតែឪពុកម្ដាយ ក៏មានច្បាប់និងវិន័យដែលពួកគាត់ត្រូវគោរពតាមដែរ! ដើម្បីដឹងថាច្បាប់នោះមានអ្វីខ្លះ សូមអានដើមកំណើត ២:២៤; ការបំភ្លឺច្បាប់ ៦:៦, ៧; អេភេសូរ ៦:៤ និងធីម៉ូថេទី១ ៥:៨។
ប៉ុន្តែ ចុះយ៉ាងណាបើប្អូននៅតែមានអារម្មណ៍ថាវិន័យដែលឪពុកម្ដាយដាក់ឲ្យមិនសមហេតុសមផល?
អ្វីដែលប្អូនអាចធ្វើ
មុននិយាយអំពីនោះ សូមគិតសិន។ តាមធម្មតា តើប្អូនស្ដាប់តាមវិន័យដែលឪពុកម្ដាយដាក់ឲ្យទេ? បើប្អូនច្រើនតែមិនស្ដាប់ នោះប្រហែលជាមិនមែនជាពេលល្អទេ ដែលប្អូនសុំសេរីភាពថែមទៀតពីពួកគាត់។ ផ្ទុយទៅវិញ សូមអានអត្ថបទដែលមានចំណងជើងថា«តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីឲ្យឪពុកម្ដាយទុកចិត្តខ្ញុំ?»។
បើប្អូនតែងតែស្ដាប់ នោះស្រួលឲ្យប្អូននិយាយជាមួយពួកគាត់។ សូមកត់ទុកនូវអ្វីដែលប្អូនចង់សំណូមពរពីពួកគាត់។ ធ្វើដូច្នោះនឹងជួយប្អូនឲ្យមើលថាតើសំណូមពររបស់ប្អូនសមហេតុសមផលឬយ៉ាងណា។ បន្ទាប់មក ស្នើសុំឪពុកម្ដាយឲ្យទុកពេលនិងរកកន្លែងមួយដែលស្រួលឲ្យប្អូននិយាយជាមួយពួកគាត់។ ពេលប្អូនអាចជួបនិយាយជាមួយពួកគាត់ សូមចាំចំណុចដូចតទៅ៖
និយាយដោយគោរព។ គម្ពីរចែងថា៖«ពាក្យគំរោះគំរើយធ្វើឲ្យមានកំហឹងកាន់តែខ្លាំង»។ (សុភាសិត ១៥:១) ដូច្នេះ សូមរំលឹកខ្លួនអំពីចំណុចនេះ។ បើប្អូនឈ្លោះប្រកែកជាមួយពួកគាត់ ឬចោទថាពួកគាត់ដាក់វិន័យមិនសមហេតុផល នោះសំណូមពររបស់ប្អូនពីពួកគាត់នឹងមិនបានសម្រេចទេ។
ប្អូនប៊ីអាន់កាដែលមានអាយុ១៩ឆ្នាំ បានរៀបរាប់ថា៖«ពេលខ្ញុំគោរពប៉ាម៉ាក់កាន់តែខ្លាំង ពួកគាត់ក៏យោគយល់ខ្ញុំកាន់តែច្រើនដែរ។ ពេលយើងគោរពគ្នាទៅវិញទៅមក យើងស្រួលនិយាយគ្នាជាង»។
ចេះស្ដាប់។ គម្ពីរប្រាប់យើងឲ្យ«រហ័សស្ដាប់ មិនរហ័សនិយាយ»។ (យ៉ាកុប ១:១៩) សូមចាំថា ប្អូនកំពុងពិភាក្សាជាមួយឪពុកម្ដាយ ដូច្នេះប្អូនក៏ត្រូវចេះស្ដាប់ដែរ មិនមែននិយាយរហូតទេ។
ប្អូនដេវ៉ានដែលមានអាយុ២០ឆ្នាំ បានរៀបរាប់ថា៖«ពេលយើងធំដឹងក្ដី យើងប្រហែលជាគិតថាយើងចេះច្រើនជាងឪពុកម្ដាយ។ តែទោះជាយើងចេះច្រើនយ៉ាងណាក៏ដោយ យើងនៅតែត្រូវស្ដាប់ដំបូន្មាននិងយោបល់ពីពួកគាត់»។
យល់អារម្មណ៍។ សូមព្យាយាមស្វែងយល់ពីទស្សនៈរបស់ឪពុកម្ដាយ។ ហើយធ្វើតាមការដាស់តឿនពីគម្ពីរឲ្យ«យកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ»។ ក្នុងករណីប្អូន អ្នកដែលប្អូនគួរយកចិត្តទុកដាក់ គឺជាឪពុកម្ដាយ។—ភីលីព ២:៤
តើរបៀបនិយាយមួយណាដែលប្អូនគិតថាមានប្រសិទ្ធភាពច្រើនជាង?
ប្អូនចូស៊ូអាដែលមានអាយុ២១ឆ្នាំ បានរៀបរាប់ថា៖«ខ្ញុំធ្លាប់ចាត់ទុកឪពុកម្ដាយជាគូប្រជែងមិនមែនជាមិត្តរួមក្រុមទេ។ តែឥឡូវខ្ញុំយល់ថាពួកគាត់កំពុងព្យាយាមធ្វើជាឪពុកម្ដាយល្អ ដូចខ្ញុំកំពុងរៀនឲ្យចេះទទួលខុសត្រូវជាមនុស្សពេញវ័យដែរ។ អ្វីគ្រប់យ៉ាងដែលពួកគាត់ធ្វើសុទ្ធតែផុសចេញពីសេចក្ដីស្រឡាញ់»។
លើកឡើងដំណោះស្រាយដើម្បីកុំឲ្យបារម្ភ។ សូមស្វែងយល់មូលហេតុដែលឪពុកម្ដាយដាក់វិន័យដល់ប្អូនអំពីរឿងណាមួយ។ ជាឧទាហរណ៍ គាត់មិនចង់ឲ្យប្អូនទៅពិធីជប់លៀងមួយដែលត្រូវបើកឡានអស់មួយម៉ោងទេ។ ដំបូងសូមស្វែងយល់សិនថាគាត់បារម្ភអំពីអ្វី។ តើគាត់បារម្ភអំពីការបើកបររបស់ប្អូន ឬក៏អំពីពិធីជប់លៀង?
បើបារម្ភពីការបើកបរ សូមសាកសួរពួកគាត់ថា«ចុះបើខ្ញុំទៅជាមួយអ្នកដែលពូកែបើកបរជាង?»។
បើបារម្ភពីពិធីជប់លៀង សូមសាកសួរពួកគាត់ថា«ចុះបើដឹងថាអ្នកណាខ្លះចូលរួមនិងអ្នកណាជាអ្នកមើលខុសត្រូវពិធីនោះ ប៉ាម៉ាក់គិតយ៉ាងម៉េចដែរ?»។
សូមចាំថាពេលនិយាយជាមួយឪពុកម្ដាយ សូមនិយាយដោយគោរព ហើយស្ដាប់ពួកគាត់ដោយអត់ធ្មត់។ សូមបង្ហាញថាប្អូន«គោរពឪពុកនិងម្ដាយ»ទាំងពាក្យសម្ដីនិងការប្រព្រឹត្ត។ (អេភេសូរ ៦:២, ៣) ក្រោយពីប្អូនធ្វើដូច្នោះហើយ តើពួកគាត់នឹងដូរគំនិតទេ? ទោះជាពួកគាត់ដូរគំនិតឬមិនដូរក្ដី ប្អូនត្រូវធ្វើតាមចំណុចដូចខាងក្រោម៖
ទទួលយកការសម្រេចចិត្តរបស់ឪពុកម្ដាយដោយគោរព។ នេះជាវិធីសំខាន់ដែលឪពុកម្ដាយឲ្យសេរីភាពកូនច្រើនជាង តែកូនច្រើនតែមើលស្រាលវិធីនេះវិញ។ បើប្អូនប្រកែកតវ៉ាជាមួយនឹងពួកគាត់ ដោយសារមិនទទួលបានដូចអ្វីដែលខ្លួនចង់បាន នោះពេលក្រោយប្អូនប្រហែលជាពិបាកសុំសេរីភាពច្រើនជាងពីពួកគាត់។ ផ្ទុយទៅវិញ បើប្អូនសុខចិត្តទទួលយកការសម្រេចចិត្តរបស់ពួកគាត់ នោះពួកគាត់ទំនងជាស្រួលបន្ធូរវិន័យដែលពួកគាត់ដាក់ឲ្យ។

