ខ្មែរ
តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ចង់​ហាត់​ប្រាណ​ច្រើន​ជាង?
https://cms-imgp.jw-cdn.org/img/p/502019478/univ/art/502019478_univ_sqr_xl.jpg
ijwyp អត្ថបទទី ៨៨

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ចង់​ហាត់​ប្រាណ​ច្រើន​ជាង?

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ចង់​ហាត់​ប្រាណ​ច្រើន​ជាង?

 ហេតុ​អ្វី​ខ្ញុំ​គួរ​ហាត់​ប្រាណ?

 នៅ​ប្រទេស​ខ្លះ ប្អូន​ៗ​យុវវ័យ​មិន​សូវ​មាន​ចលនា​ខាង​រាង​កាយ​ទេ នេះ​នាំ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​បញ្ហា​សុខភាព។ ហេតុ​នេះ​ហើយ គម្ពីរ​ប្រាប់​ថា​«​ហ្វឹក​ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​»។ (​ធីម៉ូថេ​ទី​១ ៤:៨​) សូម​ពិចារណា​ចំណុច​ដូច​ខាង​ក្រោម​៖

  •   ការ​ហាត់​ប្រាណ​ជួយ​ប្អូន​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ។ ពេល​យើង​ធ្វើ​ចលនា​ខាង​រាង​កាយ ខួរ​ក្បាល​យើង​បញ្ចេញ​គីមី​ម្យ៉ាង​ហៅ​ថា​អង់ដូហ្វីន ដែល​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល​និង​ស្រស់​ស្រាយ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ខ្លះ​និយាយ​ថា​ការ​ហាត់​ប្រាណ​ជា​ថ្នាំ​ធម្មជាតិ​ដែល​បំបាត់​ការ​តាន​តឹង​ចិត្ត។

     ប្អូន​រីជីណា​បាន​រៀប​រាប់​ថា​៖​«​បើ​ខ្ញុំ​រត់​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក ពេញ​មួយ​ថ្ងៃ​នោះ​ខ្ញុំ​អាច​បំពេញ​កិច្ច​ការ​បាន​ល្អ​ជាង​និង​មាន​អារម្មណ៍​សប្បាយ​ជាង​»។

  •   ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​ប្អូន​មាន​រាង​កាយ​ស្អាត​និង​សង្ហារ។ ការ​ហាត់​ប្រាណ​ដោយ​មាន​តុល្យភាព ធ្វើ​ឲ្យ​រាង​កាយ​មាំ​មួន និង​រូប​រាង​សម​សួន ហើយ​ដោយ​សារ​នោះ​ទំនង​ជា​នឹង​ជួយ​ប្អូន​ឲ្យ​មាន​ទំនុក​ចិត្ត​មក​លើ​ខ្លួន​ច្រើន​ជាង​ដែរ។

     ប្អូន​អូលីវា​បាន​រៀប​រាប់​ថា​៖​«​កាល​ពី​ឆ្នាំ​មុន ខ្ញុំ​មិន​អាច​ហាត់​ប្រាណ​លើក​ខ្លួន​ឡើង​លើ​បាន​ទេ តែ​ឥឡូវ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​រាល់​លើក ពេល​ខ្ញុំ​ហាត់​ប្រាណ​ខ្ញុំ​អាច​លើក​ខ្លួន​ឡើង​លើ​អស់​១០​ដង។ ហើយ​អ្វី​ដែល​សំខាន់ ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​ថែ​រក្សា​រាង​កាយ​របស់​ខ្ញុំ​»។

  •   ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​អាយុ​វែង។ ការ​ធ្វើ​ចលនា​លំហាត់​ប្រាណ​ជួយ​ដល់​សុខភាព​បេះ​ដូង​និង​ប្រព័ន្ធ​សួត។ ម្យ៉ាង​ទៀត ការ​ហាត់​ប្រាណ​ដោយ​ធ្វើ​ចលនា​ញាប់​និង​ខ្លាំង​ៗ អាច​ជួយ​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​បេះ​ដូង ជា​ជំងឺ​ម្យ៉ាង​ដែល​អាច​សម្លាប់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី។

     ប្អូន​ជេស៊ីកា​បាន​រៀប​រាប់​ថា​៖​«​ពេល​យើង​មាន​ទម្លាប់​ហាត់​ប្រាណ​ជា​ទៀង​ទាត់ យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​រូប​កាយ​ដែល​ព្រះ​បាន​បង្កើត​»។

 សរុប​សេចក្ដី​៖ ការ​ហាត់​ប្រាណ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន មិន​ថា​នៅ​ឥឡូវ​នេះ​និង​អនាគត។ ប្អូន​ថានយ៉ា​បាន​រៀប​រាប់​ថា​៖​«​យើង​មិន​ដែល​និយាយ​ថា​ស្ដាយ​ណាស់​ដែល​ខ្ញុំ​រត់​ហាត់​ប្រាណ​ឬ​ដើរ​ឡើង​ភ្នំ​ទេ។ ព្រោះ​ពេល​ដែល​ខ្ញុំ​ជម្នះ​ចិត្ត​ដើម្បី​ហាត់​ប្រាណ ខ្ញុំ​មិន​ដែល​ស្ដាយ​ក្រោយ​ឡើយ​»។

ឡាន​មួយ​ដែល​គ្មាន​ការ​មើល​ថែ ទី​បំផុត​នឹង​លែង​ដំណើរ​ការ​ទៀត។ ឯ​រូប​កាយ​យើង​វិញ ត្រូវ​ការ​ថែ​ទាំ​ឲ្យ​បាន​ល្អ ដោយ​ការ​ហាត់​ប្រាណ​ជា​ទៀង​ទាត់

 តើ​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចង់​ហាត់​ប្រាណ?

 មាន​ឧបសគ្គ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

  •   គិត​ថា​មិន​ចាំ​បាច់។ ប្អូន​សូហ្វៀ​បាន​រៀប​រាប់​ថា​៖​«​យុវវ័យ​ច្រើន​តែ​គិត​ថា​ខ្លួន​រឹង​មាំ​គ្មាន​បញ្ហា​សុខភាព​អី​ទេ ហើយ​គិត​ថា​អ្នក​ដែល​មាន​បញ្ហា​សុខភាព​មាន​តែ​មនុស្ស​ចាស់​ប៉ុណ្ណោះ​»។

  •   គ្មាន​ពេល។ ប្អូន​ក្លារីសា​បាន​រៀប​រាប់​ថា​៖​«​ដោយ​សារ​ជីវិត​ប្រចាំ​ថ្ងៃ តែង​តែ​រវល់ អ៊ីចឹង​ហើយ ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​ពេល​ញ៉ាំ​និង​គេង។ តែ​សម្រាប់​ការ​ហាត់​ប្រាណ​វិញ ខ្ញុំ​ពិបាក​រក​ពេល​ណាស់​»។

  •   គ្មាន​កាត​សមាជិក​នៅ​កន្លែង​ហាត់​ប្រាណ។ ប្អូន​ជីណា​បាន​រៀប​រាប់​ថា​៖​«​ដើម្បី​ទៅ​ក្លឹប​ហាត់​ប្រាណ​គឺ​ត្រូវ​ចំណាយ​លុយ។ ដូច្នេះ​ដើម្បី​បាន​រាង​ស្អាត​គឺ​អស់​លុយ​ច្រើន​ណាស់​»។

 សូម​ពិចារណា​៖

 តើ​អ្វី​ជា​ឧបសគ្គ​ធំ​ជាង​គេ​ដែល​រា​រាំង​ប្អូន​ពី​ការ​ហាត់​ប្រាណ? ដើម្បី​យក​ឈ្នះ​ឧបសគ្គ​នោះ​គឺ​ត្រូវ​ការ​ខំ​ព្យាយាម តែ​ការ​ខំ​ធ្វើ​ដូច្នោះ​មិន​បង់​ប្រយោជន៍​ទេ។

 តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​ទម្លាប់​ហាត់​ប្រាណ​ទៀង​ទាត់?

 សូម​មើល​យោបល់​ដូច​ខាង​ក្រោម​៖

  •   ប្អូន​មាន​ភារកិច្ច​ថែ​រក្សា​សុខភាព​របស់​ខ្លួន។—កាឡាទី ៦:៥

  •   កុំ​រក​លេស។ (​អ្នក​ទូន្មាន ១១:៤​) ជា​ឧទាហរណ៍ ប្អូន​មិន​ចាំ​បាច់​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​ក្លឹប​ហាត់​ប្រាណ​ណា​មួយ​ឡើយ។ គ្រាន់​តែ​ស្វែង​រក​លំហាត់​ប្រាណ​ណា​ដែល​ប្អូន​ចូល​ចិត្ត ហើយ​ធ្វើ​ជា​ទៀង​ទាត់។

  •   សុំ​យោបល់​ពី​អ្នក​ឯ​ទៀត​អំពី​របៀប​ដែល​គាត់​ហាត់​ប្រាណ។—សុភាសិត ២០:១៨

  •   មាន​កាល​វិភាគ​ហាត់​ប្រាណ​ច្បាស់​លាស់។ សូម​កំណត់​គោល​ដៅ និង​កត់​ទុក​លទ្ធផល​ដែល​ប្អូន​បាន​សម្រេច​រួច​ហើយ ដើម្បី​ជំរុញ​ចិត្ត​ប្អូន​ឲ្យ​ចង់​ហាត់​ប្រាណ​ថែម​ទៀត។—សុភាសិត ២១:៥

  •   រក​អ្នក​ណា​ម្នាក់​ហាត់​ប្រាណ​ជា​មួយ​ប្អូន។ បើ​ប្អូន​មាន​មិត្ត​ភក្តិ​ម្នាក់​ហាត់​ប្រាណ​ជា​ទៀង​ទាត់​ជា​មួយ​ប្អូន គាត់​អាច​លើក​ទឹក​ចិត្ត​ប្អូន​និង​ជួយ​ប្អូន​ឲ្យ​រក្សា​ទម្លាប់​នោះ។—អ្នក​ទូន្មាន ៤:៩, ១០

  •   ពេល​ជួប​ការ​ពិបាក​ឬ​មិន​អាច​ធ្វើ​តាម​កាល​វិភាគ​ហាត់​ប្រាណ សូម​កុំ​ឈប់​ព្យាយាម​ឡើយ។—សុភាសិត ២៤:១០

 មាន​តុល្យភាព

 គម្ពីរ​បាន​ប្រាប់​ទាំង​បុរស​ទាំង​ស្រី​ឲ្យ​«​ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព​»។ (​ធីម៉ូថេ​ទី​១ ៣:២, ១១​) ដូច្នេះ សូម​មាន​តុល្យភាព​ក្នុង​ការ​ហាត់​ប្រាណ។ អ្នក​ដែល​ហាត់​ប្រាណ​ខ្លាំង​ហួស​ហេតុ​ពេក មិន​មែន​ផ្ដល់​ប្រយោជន៍​ដល់​រាង​កាយ​ទេ តែ​បង់​ប្រយោជន៍​វិញ។ ប្អូន​ជូលា​បាន​រៀប​រាប់​ថា​៖​«​បើ​បុរស​ម្នាក់​មាន​តែ​សាច់​ដុំ តែ​មិន​សូវ​មាន​ភាព​ឈ្លាស​វៃ នោះ​គាត់​គ្មាន​ភាព​ទាក់​ទាញ​ឡើយ​»។

 សូម​ប្រយ័ត្ន​កុំ​ធ្វើ​តាម​យោបល់​ដែល​បង្ខំ​ប្អូន​ឲ្យ​ហាត់​ប្រាណ​ហួស​ពី​កម្រិត​របស់​ប្អូន​ឡើយ។ យោបល់​ទាំង​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ខាង​រាង​កាយ​ទេ តែ​ធ្វើ​ឲ្យ​ប្អូន​លែង​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​អ្វី​ដែល​សំខាន់​ជាង​»​ក្នុង​ជីវិត។—ភីលីព ១:១០

 បន្ថែម​ទៅ​ទៀត អ្វី​ដែល​ជំរុញ​ចិត្ត​ប្អូន​ឲ្យ​ហាត់​ប្រាណ​ក៏​អាច​ធ្វើ​ឲ្យ​ប្អូន​ខក​ចិត្ត​ដែរ។ ប្អូន​វីរ៉ា​បាន​សង្កេត​ឃើញ​ថា​៖​«​ក្មេង​ស្រី​ជា​ច្រើន​បិទ​រូប​តារា​ដែល​ពួក​គេ​ចិត្ត និង​ចង់​មាន​រូប​រាង​ដូច​តារា​នោះ។ ហើយ​ពេល​គេ​មើល​រូប​តារា​នោះ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ហាត់​ប្រាណ។ តែ​ពេល​គេ​មើល​រូប​រាង​ខ្លួន​មិន​ដូច​តារា​នោះ ពួក​គេ​បែរ​ជា​ធ្លាក់​ទឹក​ចិត្ត​ទៅ​វិញ។ ដូច្នេះ​ជា​ការ​ល្អ​ដែល​យើង​មាន​គោល​ដៅ​ហាត់​ប្រាណ​ដើម្បី​មាន​សុខភាព​ល្អ មិន​មែន​គ្រាន់​តែ​គិត​ពី​រូប​រាង​ប៉ុណ្ណោះ​ទេ​»។