សំណួរពីយុវវ័យ
តើខ្ញុំគួរឈប់រៀនពាក់កណ្ដាលទីទេ?
យុវវ័យម្នាក់និយាយថា៖«ខ្ញុំស្អប់សាលាណាស់!»។ បើប្អូនមានអារម្មណ៍ដូចនេះមែន ប្អូនប្រហែលជាមានទំនោរចិត្តចង់ឈប់រៀនហើយ។ អត្ថបទនេះនឹងជួយប្អូនឲ្យគិតអំពីជម្រើសខ្លះដែលប្រសើរជាង។
មូលហេតុដែលអ្នកខ្លះឈប់រៀន
អ្នកជំនាញបានរកឃើញមូលហេតុខ្លះដូចជា៖
រៀនមិនចូល។ យុវវ័យម្នាក់ប្រាប់ថា៖‹ចំណាត់ថ្នាក់ខ្ញុំចេះតែធ្លាក់រហូត›។
មិនអើពើ។ យុវវ័យម្នាក់ប្រាប់ថា៖‹ខ្ញុំមិនដឹងថារៀនបានប្រយោជន៍អីទេ›។
បញ្ហាសេដ្ឋកិច្ច។ យុវវ័យម្នាក់ប្រាប់ថា៖‹ខ្ញុំត្រូវធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ›។
គិតមុនសិន
គម្ពីរចែងថា៖ «មនុស្សឈ្លាសវៃរមែងគិតពិចារណាជាមុនសិន»។ (សុភាសិត ១៤:១៥) តើមានមេរៀនអ្វី? បើប្អូនកំពុងគិតចង់ឈប់រៀន សូមប្រាកដថាប្អូនបានគិតច្បាស់លាស់ហើយ។
សូមសួរខ្លួននូវសំណួរដូចតទៅ៖
‹បើខ្ញុំឈប់រៀន តើខ្ញុំនឹងពិបាករកការងារនៅថ្ងៃអនាគតទេ?›
ប្អូនជូលាបានរៀបរាប់ថា៖«ខ្ញុំបានគិតថានៅថ្ងៃណាមួយ ខ្ញុំត្រូវមានការងារល្អនិងត្រូវផ្គត់ផ្គង់គ្រួសារ។ តែធ្វើម៉េចឲ្យខ្ញុំរកការងារបែបនោះបាន បើខ្ញុំឈប់រៀនពាក់កណ្ដាលទី? យ៉ាងហោចណាស់ខ្ញុំគួររៀនរហូតដល់ចប់បាក់ឌុបសិន»។
‹បើខ្ញុំឈប់រៀន តើស្រួលឲ្យខ្ញុំដោះស្រាយបញ្ហាដែលខ្ញុំជួបនៅថ្ងៃអនាគតឬទេ?›
ប្អូនដានីយ៉ែលបានរៀបរាប់ថា៖«ការអប់រំនៅសាលាជួយត្រៀមលក្ខណៈយើងសម្រាប់ថ្ងៃអនាគត។ ព្រោះការល្បួងនិងមនុស្សដែលយើងជួប ព្រមទាំងកិច្ចការដែលយើងនឹងមាននៅខាងមុខ ក៏ស្រដៀងនៅសាលាដែរ»។
‹បើខ្ញុំឈប់រៀន តើខ្ញុំនឹងមានជំនាញដែលខ្ញុំត្រូវការពេលខ្ញុំពេញវ័យឬទេ›
ប្អូនអាណាបានរៀបរាប់ថា៖«ប្រហែលអ្វីដែលយើងរៀននៅឥឡូវមើលទៅគ្មានប្រយោជន៍ទេ តែពេលយើងអាយុ២៣ឆ្នាំ ហើយត្រូវចាត់ចែងលុយកាក់ យើងនឹងគិតថា‹សប្បាយណាស់ដែលខ្ញុំខំរៀនគណិត›»។
វិធីប្រសើរជាង
សុំជំនួយ។ គម្ពីរចែងថា៖«បើមានមនុស្សច្រើននាក់ឲ្យយោបល់ នោះនឹងនាំឲ្យបានជោគជ័យ»។ (សុភាសិត ១១:១៤) បើចំណាត់ថ្នាក់របស់ប្អូនធ្លាក់ចុះ សូមសុំយោបល់ពីប៉ាម៉ាក់ គ្រូបង្រៀន ទីប្រឹក្សាសាលា ឬមនុស្សពេញវ័យណាម្នាក់ ដើម្បីជួយប្អូន។
ប្អូនអេឌវ៉ាដបានរៀបរាប់ថា៖«សូមនិយាយជាមួយគ្រូបើអ្នករៀនមិនចូល។ ជួនកាលអ្នកប្រហែលជាគិតថាមកពីគ្រូមិនសូវពូកែបង្រៀន តែច្រើនដងអ្នកអាចរៀនពូកែជាងដោយសុំជំនួយពីគ្រូ»។
គិតពីប្រយោជន៍ដែលប្អូននឹងទទួលពីការរៀននៅសាលា។ គម្ពីរចែងថា៖ «ពេលបញ្ចប់ប្រសើរជាងពេលចាប់ផ្ដើម»។ (អ្នកទូន្មាន ៧:៨) ពេលប្អូនរៀនចប់ ប្អូនមិនគ្រាន់តែមានចំណេះអំពីអ្វីដែលប្អូនបានរៀននៅសាលាប៉ុណ្ណោះទេ តែប្អូនក៏មានគុណសម្បត្តិនិងបំណិនផ្សេងៗសម្រាប់ជីវិតផងដែរ។
ប្អូនវីរ៉ាបានរៀបរាប់ថា៖«យើងប្រហែលជាតានតឹងចិត្តដោយសារត្រូវសរសេរមេរៀនឬត្រូវខំរៀនដើម្បីប្រឡងជាប់។ ទោះជាដូច្នេះក្ដី ការរៀននៅសាលាអាចជួយយើងឲ្យចេះប្រឈមនឹងការពិបាកដែលយើងនឹងជួបក្រោយមក»។
ការឈប់រៀនពាក់កណ្ដាលទី គឺប្រៀបដូចជាចុះពីទូកមុនដល់កំពង់។ ក្រោយមក ប្អូនប្រហែលជាស្ដាយក្រោយនឹងការសម្រេចចិត្តនោះ!
គិតថ្លឹងថ្លែងពីជម្រើសរបស់ប្អូន។ គម្ពីរចែងថា៖ «អស់អ្នកដែលធ្វើអ្វីដោយតក់ក្រហល់ ប្រាកដជានឹងទ័លក្រ»។ (សុភាសិត ២១:៥) សូមកុំប្រញាប់សម្រេចចិត្តឈប់រៀន។ ប្អូនប្រហែលជាអាចបញ្ចប់ការសិក្សារបស់ប្អូនបាន ដោយរៀនតាមអ៊ីនធឺណិតឬរៀននៅផ្ទះតាមកម្មវិធីសាលា។
ប្អូនបេនយ៉ាមីនបានរៀបរាប់ថា៖«ការអប់រំនៅសាលាជួយបង្ហាត់បង្រៀនប្អូនឲ្យចេះធ្វើការ ចេះដោះស្រាយបញ្ហា និងចេះសហការជាមួយអ្នកឯទៀត។ ចំណេះដែលយើងទទួលពីសាលាគឺនៅគង់វង្សយូរអង្វែង។ ដូច្នេះ គឺសមឲ្យយើងតស៊ូរៀនរហូតដល់ចប់មែន»។
សរុបសេចក្ដី៖ បើប្អូនរៀនចប់ ប្អូននឹងមានចំណេះជាច្រើនដែលនឹងត្រៀមលក្ខណៈប្អូនសម្រាប់ភារកិច្ចផ្សេងៗដែលប្អូននឹងទទួលនៅថ្ងៃអនាគត។

