ខ្មែរ
តើ​ខ្ញុំ​ខ្វល់​ហួស​ហេតុ​អំពី​សម្បក​ក្រៅ​របស់​ខ្លួន​ឬ?
https://cms-imgp.jw-cdn.org/img/p/502013269/univ/art/502013269_univ_sqr_xl.jpg
ijwyp អត្ថបទទី ១៥

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​ខ្វល់​ហួស​ហេតុ​អំពី​សម្បក​ក្រៅ​របស់​ខ្លួន​ឬ?

តើ​ខ្ញុំ​ខ្វល់​ហួស​ហេតុ​អំពី​សម្បក​ក្រៅ​របស់​ខ្លួន​ឬ?

 សំណួរ​ចម្លើយ​៖ តើ​ខ្ញុំ​ខ្វល់​ហួស​ហេតុ​ពេក​ទេ?

  1.   តើ​ប្រយោគ​មួយ​ណា​ជា​អារម្មណ៍​របស់​ប្អូន?

    •  ខ្ញុំ​មិន​ដែល​ពេញ​ចិត្ត​នឹង​រូប​សម្ផស្ស​ខ្លួន​ឯង​ទេ។

    •  ជួន​កាល​ខ្ញុំ​ពេញ​ចិត្ត​នឹង​រូប​សម្ផស្ស​ខ្លួន​ដែរ។

    •  ខ្ញុំ​តែង​តែ​ពេញ​ចិត្ត​នឹង​រូប​សម្ផស្ស​ខ្លួន​ឯង។

  2.   តើ​ប្អូន​ចង់​ដូរ​អ្វី​ខ្លាំង​ជាង​គេ​អំពី​រូប​កាយ​របស់​ប្អូន?

    •  កម្ពស់

    •  ទម្ងន់

    •  រូប​រាង

    •  សក់

    •  រូប​សម្ផស្ស

    •  សាច់​ដុំ

    •  អ្វី​ផ្សេង​ទៀត

  3.   សូម​បំពេញ​ប្រយោគ​ខាង​ក្រោម។

     ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​អំពី​រូប​រាង​របស់​ខ្ញុំ . . .

    •  ពេល​ដែល​ខ្ញុំ​ឡើង​លើ​ជញ្ជីង។

    •  ពេល​ខ្ញុំ​ឆ្លុះ​កញ្ចក់។

    •  ពេល​ខ្ញុំ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ដូច​ជា​មិត្ត​ភក្តិ អ្នក​បង្ហាញ​ម៉ូដ និង​តារា​ភាពយន្ត​ជា​ដើម។

  4.   សូម​បំពេញ​ប្រយោគ​ខាង​ក្រោម។

     ខ្ញុំ​ថ្លឹង​គីឡូ . . .

    •  រាល់​ថ្ងៃ។

    •  រាល់​សប្តាហ៍។

    •  យ៉ាង​ហោច​ណាស់​មួយ​សប្តាហ៍​ម្ដង។

  5.   តើ​ពាក្យ​សម្ដី​មួយ​ណា​ជា​អារម្មណ៍​របស់​ប្អូន?

    •  មាន​រូប​រាង​មិន​ស្អាត។ ឧទាហរណ៍ ប្អូន​ស្រី​សឺរីណឺ​បាន​រៀប​រាប់​ថា​៖​«​រាល់​ដង​ខ្ញុំ​ឆ្លុះ​កញ្ចក់ ខ្ញុំ​តែង​គិត​ថា​ខ្ញុំ​ធាត់។ ដូច្នេះ ខ្ញុំ​បង្អត់​អាហារ​ខ្លួន​ឯង​ដើម្បី​ស្គម​ជាង​»។

    •  មាន​គំនិត​សម​ហេតុ​ផល​អំពី​រូប​រាង។ ឧទាហរណ៍ ប្អូន​ណឺថានយឺ​បាន​រៀប​រាប់​ថា​៖​«​តែង​តែ​មាន​អ្វី​មួយ​ដែល​យើង​មិន​ចូល​ចិត្ត​អំពី​សម្បក​ក្រៅ​របស់​យើង តែ​យើង​ត្រូវ​ទទួល​យក​អ្វី​នោះ។ គឺ​មិន​ឈ្លាស​វៃ​ទេ​បើ​យើង​ខ្វល់​អំពី​អ្វី​ដែល​យើង​មិន​អាច​កែ​ប្រែ​បាន​»។

 គម្ពីរ​ប្រាប់​យើង​កុំ​ឲ្យ​គិត​អំពី​ខ្លួន​«​លើស​ពី​អ្វី​ដែល​ត្រូវ​គិត​»។ (​រ៉ូម ១២:៣​) ដូច្នេះ ការ​គិត​អំពី​ខ្លួន​មួយ​កម្រិត​គឺ​សមរម្យ​និង​ចាំ​បាច់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​រក្សា​អនាម័យ​ខ្លួន​ប្រាណ ដូច​ជា​ដុស​ធ្មេញ​ជា​ដើម។

 ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​ប្អូន​តែង​តែ​មិន​ពេញ​ចិត្ត​នឹង​រូប​សម្ផស្ស​របស់​ខ្លួន រហូត​ដល់​គិត​ច្រើន​ហួស​ហេតុ​ពេក​អំពី​វា? បើ​ដូច្នោះ​មែន ប្អូន​ប្រហែល​ជា​ឆ្ងល់​ថា . . .

 ‹ហេតុ​អ្វី​ខ្ញុំ​មិន​ដែល​ឃើញ​ខ្លួន​ស្អាត​សោះ​អ៊ីចឹង?›

 នេះ​អាច​មក​ពី​មូលហេតុ​មួយ​ចំនួន។ រួម​មាន​៖

  •  ទទួល​ឥទ្ធិពល​ពី​បណ្ដាញ​សង្គម។ ប្អូន​ខេលី​បាន​រៀប​រាប់​ថា​៖​«​យុវវ័យ​ឲ្យ​តម្លៃ​ទៅ​លើ​រូប​សម្ផស្ស។ ដូច្នេះ យើង​គិត​ថា យើង​ត្រូវ​តែ​ស្គម​និង​ស្រស់​ស្អាត​គ្រប់​ពេល​វេលា។ ជា​លទ្ធផល បើ​យើង​មិន​ដល់​ស្ដង់ដារ​នោះ​ទេ យើង​មិន​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង​ទេ!​»។

  •  ទទួល​ឥទ្ធិពល​ពី​ឪពុក​ម្ដាយ។ ប្អូន​រីតា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ច្រើន​តែ​ឃើញ​ថា បើ​ម្ដាយ​ខ្វល់​ច្រើន​អំពី​រូប​រាង​របស់​គាត់ នោះ​កូន​ស្រី​ក៏​ខ្វល់​ដូច​គ្នា​ដែរ។ ហើយ​ចំពោះ​ឪពុក​និង​កូន​ប្រុស ក៏​ដូច្នេះ​ដែរ​»។

  •  មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន។ ប្អូន​ហ្សាន​បាន​រៀប​រាប់​ថា​៖​«​បុគ្គល​ដែល​ខ្វល់​ច្រើន​អំពី​រូប​រាង តែង​តែ​ចង់​ឲ្យ​គេ​សរសើរ​សម្បក​ក្រៅ​និង​រូប​សម្ផស្ស​របស់​គាត់។ ការ​នៅ​ក្បែរ​បុគ្គល​នោះ​យូរ គឺ​គួរ​ឲ្យ​ធុញ​ណាស់​»។

 ស្ដី​អំពី​រឿង​នេះ ប្អូន​ប្រហែល​ជា​គិត​ថា . . .

 តើ​ខ្ញុំ​គួរ​ដូរ​របៀប​សម្អិត​សម្អាង​ខ្លួន​ឬ​ទេ?›

 សូម​ពិចារណា​ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន។

 ប្អូន​រ៉ូរី​បាន​រៀប​រាប់​ថា​៖​«​យើង​មិន​អាច​ផ្លាស់​ប្ដូរ​អ្វី​ដែល​យើង​មិន​ចូល​ចិត្ត​អំពី​ខ្លួន​បាន​ទេ ដូច្នេះ​យក​ល្អ​ឲ្យ​យើង​ទទួល​យក​ចំណុច​ខ្វះ​ខាត​នោះ។ បើ​យើង​ធ្វើ​ដូច្នោះ អ្នក​ឯ​ទៀត​ទំនង​ជា​មិន​សូវ​កត់​សម្គាល់​ចំណុច​នោះ​ទេ​»។

 ប្អូន​អូលីវា​បាន​រៀប​រាប់​ថា​៖​«​ធ្វើ​អ្វី​ដែល​ជួយ​យើង​ឲ្យ​មាន​សុខភាព​ល្អ។ បើ​យើង​មាន​សុខភាព​ល្អ សម្រស់​យើង​ក៏​ស្អាត​ទៅ​តាម​នោះ​ដែរ។ ហើយ​បើ​នរណា​ម្នាក់​មិន​ពេញ​ចិត្ត​យើង​ជា​យើង​ទេ តែ​ចង់​ឲ្យ​យើង​ដូច​នេះ​ឬ​ដូច​នោះ គាត់​មិន​មែន​ជា​មិត្ត​ភក្តិ​របស់​យើង​ទេ​»។

 សរុប​សេចក្ដី​៖ សូម​ធ្វើ​អ្វី​ដែល​ប្អូន​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​ប្អូន​មើល​ទៅ​ស្រស់​ស្អាត​បែប​ប្អូន។ កុំ​ខ្វល់​ពី​ទស្សនៈ​អ្នក​ឯ​ទៀត។ ការ​ខ្វល់​ហួស​ហេតុ​ពេក​អំពី​រូប​សម្ផស្ស​ខ្លួន​អាច​មាន​គ្រោះ​ថ្នាក់ (​សូម​មើល​ បទ​ពិសោធន៍​របស់​ប្អូន​ជូលា​)។

 ម្យ៉ាង​ទៀត ការ​មាន​ចិត្ត​គំនិត​សម​ហេតុ​ផល​នឹង​ជួយ​ប្អូន​ឲ្យ​ទទួល​ស្គាល់​ការ​ពិត​អំពី​ខ្លួន។ យុវតី​ម្នាក់​ឈ្មោះ​អ៊ែរិន​បាន​រៀប​រាប់​ថា​៖​«​មែន ខ្ញុំ​មិន​មាន​ទំនុក​ចិត្ត​លើ​រូប​សម្ផស្ស​របស់​ខ្លួន​ទេ។ តែ​ខ្ញុំ​ឃើញ​ថា​ខ្ញុំ​មាន​អារម្មណ៍​បែប​នោះ​នៅ​ពេល​ណា​ដែល​ខ្ញុំ​គិត​តែ​ពី​អ្វី​មិន​ល្អ​ប៉ុណ្ណោះ។ ឥឡូវ ខ្ញុំ​ហាត់​ប្រាណ​ជា​ទៀង​ទាត់ និង​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ។ ហើយ​អ្វី​ផ្សេង​ទៀត​នឹង​ល្អ​ប្រសើរ​ឡើង​»។

 ការ​ព្យាយាម​រីក​ចម្រើន!

 ពេល​ប្អូន​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​រូប​សម្ផស្ស​របស់​ខ្លួន ប្អូន​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង ថែម​ទាំង​អាច​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​ទៀត​ផង។ គម្ពីរ​អាច​ជួយ​ប្អូន​បាន។ គម្ពីរ​លើក​ទឹក​ចិត្ត​ប្អូន​ឲ្យ​បណ្ដុះ​លក្ខណៈ​ដូច​ត​ទៅ​៖

  •  ការ​ស្កប់​ចិត្ត។ ​«​បើ​សប្បាយ​នឹង​អ្វី​ដែល​ភ្នែក​មើល​ឃើញ នោះ​ប្រសើរ​ជាង​ដេញ​តាម​អ្វី​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន។ នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់​»។—អ្នក​ទូន្មាន ៦:៩

  •  មាន​តុល្យភាព​ចំពោះ​ការ​ហាត់​ប្រាណ។ ​«​ការ​ហ្វឹក​ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្តិច​បន្តួច​»។—ធីម៉ូថេ​ទី​១ ៤:៨

  •  ការ​ស្រស់​ស្អាត​ខាង​ក្នុង។ ​«​មនុស្ស​មើល​តែ​សម្បក​ក្រៅ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មើល​ក្នុង​ចិត្ត​វិញ​»។—សាំយូអែល​ទី​១ ១៦:៧

 ប្អូន​សារ៉ា​បាន​រៀប​រាប់​ថា​៖​«​ទឹក​មុខ​របស់​យើង​បង្ហាញ​ថា​យើង​មាន​អារម្មណ៍​បែប​ណា​ចំពោះ​ខ្លួន។ បើ​បុគ្គល​ម្នាក់​ស្កប់​ចិត្ត​នឹង​រូប​សម្ផស្ស​ខ្លួន អ្នក​ឯ​ទៀត​អាច​ឃើញ ហើយ​ពួក​គេ​នឹង​ចូល​ទៅ​ជិត​គាត់​ដោយ​ស្វ័យ​ប្រវត្តិ​»។

 ប្អូន​ហ្វីលីស៊ីយ៉ា​បាន​រៀប​រាប់​ថា​៖​«​ភាព​ស្រស់​ស្អាត​អាច​ទាក់​ទាញ​ចិត្ត​មួយ​ភ្លែត តែ​លក្ខណៈ​និង​គុណ​សម្បត្តិ​របស់​យើង អាច​ទាក់​ទាញ​ចិត្ត​យូរ​ជាង ហើយ​នោះ​ជា​អ្វី​ដែល​អ្នក​ឯ​ទៀត​ចាំ​ជាង​គេ​បំផុត​អំពី​យើង​»។

 សូម​ពិនិត្យ​បន្ថែម សុភាសិត ១១:២២; កូឡុស ៣:១០, ១២; ពេត្រុស​ទី​១ ៣:៣, ៤