សំណួរ​ពី​យុវវ័យ

តើ​ការ​ចែ​ចង់​គ្រាន់​តែ​ជា​ការ​លលេង​ដែល​គ្មាន​គ្រោះ​ថ្នាក់​ឬ?

តើ​ការ​ចែ​ចង់​គ្រាន់​តែ​ជា​ការ​លលេង​ដែល​គ្មាន​គ្រោះ​ថ្នាក់​ឬ?

 តើ​ការ​ចែ​ចង់​ជា​អ្វី?

 អ្នក​ខ្លះ​គិត​ថា​ការ​ចែ​ចង់​គឺ​ជា​ការ​បង្ហាញ​អារម្មណ៍​ស្នេហា​ចំពោះ​ភេទ​ផ្ទុយ​តាម​រយៈ​ពាក្យ​សម្ដី​ឬ​កាយ​វិការ។ តើ​ខុស​ទេ​បើ​យើង​បង្ហាញ​មនោសញ្ចេតនា​ដល់​នរណា​ម្នាក់? មិន​តែង​តែ​ខុស​ទេ។ ប្អូន​ស្រី​អាន​បាន​រៀប​រាប់​ថា​៖​«​ធ្វើ​ម៉េច​យើង​ដឹង​ថា​គេ​ចាប់​អារម្មណ៍​យើង​ទៅ បើ​យើង​មិន​បង្ហាញ​អារម្មណ៍​ឲ្យ​គេ​ដឹង​ថា​យើង​មាន​ចិត្ត​លើ​គេ?​»។

 ប៉ុន្តែ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិគ្រោះ​អំពី​ការ​ចែ​ចង់​ខ្លះ​ដែល​មើល​ទៅ​ប្អូន​មាន​ចិត្ត​ទៅ​លើ​បុគ្គល​ម្នាក់ តែ​តាម​ពិត​ប្អូន​គ្មាន​ចិត្ត​លើ​គាត់​សោះ។

 ប្អូន​ឌៀនណឺ​បាន​រៀប​រាប់​ថា​៖​«​គឺ​មិន​ខុស​ទេ​បើ​យើង​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្នក​ណា​ម្នាក់​ដែល​យើង​ចង់​ស្វែង​យល់​ចិត្ត​ជា​មួយ​គាត់។ ប៉ុន្តែ គឺ​ខុស​ហើយ​បើ​យើង​មិន​មាន​ចិត្ត​លើ​គាត់​ទេ តែ​បែរ​ជា​បង្ហាញ​កាយ​វិការ​ចាប់​អារម្មណ៍​គាត់ ហើយ​ក្រោយ​មក​ធ្វើ​ពើយ​ៗ​ដូច​ជា​មិន​ស្គាល់​គ្នា​»។

 ហេតុ​អ្វី​អ្នក​ខ្លះ​ចែ​ចង់?

 អ្នក​ខ្លះ​ចែ​ចង់​គេ​គ្រាន់​តែ​ដើម្បី​ឲ្យ​ខ្លួន​មើល​ទៅ​ឡូយ។ ប្អូន​ហេលី​បាន​រៀប​រាប់​ថា​៖​«​ធម្មតា ពេល​យើង​ដឹង​ថា​ខ្លួន​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ឯ​ទៀត យើង​ប្រហែល​ជា​រក​វិធី​ឲ្យ​គេ​កាន់​តែ​ចាប់​អារម្មណ៍​មក​លើ​យើង​»។

 បើ​ប្អូន​បង្ហាញ​ចំណាប់​អារម្មណ៍​ដល់​អ្នក​ណា​ម្នាក់ តែ​តាម​ពិត​ប្អូន​មិន​ចាប់​អារម្មណ៍​គេ​ផង នោះ​ប្អូន​កំពុង​លលេង​អារម្មណ៍​របស់​គេ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្អូន​មិន​ស្គាល់​ខ្លួន​ឯង​ច្បាស់ ហើយ​មិន​ប្រាកដ​ថា​អ្វី​ដែល​ប្អូន​កំពុង​ធ្វើ ត្រូវ​ឬ​ក៏​ខុស។ គម្ពីរ​ចែង​ថា​៖​«​អ្នក​ដែល​ខ្វះ​ការ​ពិចារណា​ចាត់​ទុក​ភាព​ល្ងង់​ខ្លៅ​ជា​អំណរ​របស់​ពួក​គេ​»។—សុភាសិត ១៥:២១

 ហេតុ​នេះ ប្អូន​ហេលី​និយាយ​ថា​៖​«​ដំបូង មើល​ទៅ​ការ​ចែ​ចង់​ដូច​ជា​ការ​លេង​សើច គ្មាន​គ្រោះ​ថ្នាក់​អី​ទេ តែ​តាម​ពិត​ច្រើន​តែ​បញ្ចប់​ទៅ​ដោយ​បញ្ហា​ផ្សេង​ៗ​»។

 តើ​ការ​ចែ​ចង់​នាំ​ឲ្យ​មាន​បញ្ហា​អ្វី​ខ្លះ?

  •   នាំ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ។

     ប្អូន​យេរេមី​បាន​រៀប​រាប់​ថា​៖​«​អ្នក​ដែល​ចែ​ចង់​គេ ច្រើន​តែ​ជា​មនុស្ស​ដែល​មាន​គំនិត​ក្មេង​ខ្ចី​និង​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន។ ទង្វើ​គាត់​ធ្វើ​ឲ្យ​យើង​ដឹង​ថា​គាត់​មិន​ស្មោះ​ជា​មួយ​យើង​ទេ គាត់​គ្រាន់​តែ​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​»។

     គម្ពីរ​ចែង​ថា​៖​«​សេចក្ដី​ស្រឡាញ់ . . . មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។—កូរិនថូស​ទី​១ ១៣:៤, ៥

     សូម​ពិចារណា​៖ តើ​ពាក្យ​សម្ដី​និង​កាយ​វិការ​បែប​ណា​ដែល​អាច​ធ្វើ​ឲ្យ​ប្អូន​ជាប់​ឈ្មោះ​ជា​អ្នក​ពូកែ​ញ៉ែ?

  •   ធ្វើ​ឲ្យ​បុគ្គល​ដែល​ប្អូន​ចែ​ចង់​ឈឺ​ចិត្ត។

     ប្អូន​ចាកឃ្លីន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​មិន​ចង់​នៅ​ក្បែរ​ប្រុស​ដែល​ពូកែ​ញ៉ែ​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា​គាត់​មក​និយាយ​ជា​មួយ​ខ្ញុំ​មិន​មែន​មក​ពី​គាត់​ពេញ​ចិត្ត​ខ្ញុំ​ទេ តែ​ដោយ​សារ​គាត់​ចង់​រាយ​មន្ត​ស្នេហ៍​ដាក់​មនុស្ស​ស្រី​ដើម្បី​ដឹង​ថា​ខ្លួន​គាត់​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ប៉ុណ្ណា​»។

     គម្ពីរ​ចែង​ថា​៖​«​ចូរ​ឲ្យ​គ្រប់​គ្នា​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត​»។—កូរិនថូស​ទី​១ ១០:២៤

     សូម​ពិចារណា​៖ តើ​ប្អូន​ធ្លាប់​យល់​ខុស​ថា​បុគ្គល​ម្នាក់​ចាប់​អារម្មណ៍​ប្អូន​ទេ? បើ​ធ្លាប់ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​នោះ? ដូច្នេះ តើ​តាម​របៀប​ណា​ប្អូន​អាច​ប្រយ័ត្ន​នឹង​អ្វី​ដែល​ប្អូន​ធ្វើ​ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចិត្ត​ដូច​ដែល​ប្អូន​ធ្លាប់​ជួប?

  •   អាច​ធ្វើ​ឲ្យ​ប្អូន​ពិបាក​រក​ស្នេហ៍​ពិត។

     ប្អូន​អូលីវា​បាន​រៀប​រាប់​ថា​៖​«​អ្នក​ដែល​ពូកែ​ញ៉ែ​មិន​មែន​ជា​មនុស្ស​ដែល​ខ្ញុំ​គួរ​ស្វែង​យល់​ចិត្ត​គ្នា​ឬ​រៀប​ការ​ជា​មួយ​ឡើយ។ ខ្ញុំ​មិន​អាច​ប្រថុយ​ទុក​ចិត្ត​បុគ្គល​ម្នាក់​ដែល​ខ្ញុំ​មិន​សូវ​ស្គាល់ មក​ពី​គាត់​ចែ​ចង់​ខ្ញុំ​ទេ​»។

     ក្នុង​គម្ពីរ ដាវីឌ​ដែល​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​រៀប​រាប់​ថា​៖‹ខ្ញុំ​មិន​នៅ​ជិត​មនុស្ស​លាក់​ពុត​ទេ›។—ចម្រៀង​សរសើរ​ព្រះ ២៦:៤

     សូម​ពិចារណា​៖ តើ​បុគ្គល​ដែល​ពូកែ​ចែ​ចង់​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​បែប​ណា? តើ​មនុស្ស​បែប​នោះ​ឬ​ដែល​ប្អូន​ចង់​បាន?