ខ្មែរ
តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ចុះ​សម្រុង​ជា​មួយ​នឹង​ឪពុក​ម្ដាយ?
https://cms-imgp.jw-cdn.org/img/p/502015173/univ/art/502015173_univ_sqr_xl.jpg
ijwyp អត្ថបទទី ៤៣

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ចុះ​សម្រុង​ជា​មួយ​នឹង​ឪពុក​ម្ដាយ?

តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ចុះ​សម្រុង​ជា​មួយ​នឹង​ឪពុក​ម្ដាយ?

 សំណួរ​ចម្លើយ​អំពី​ការ​មិន​ចុះ​សម្រុង​គ្នា

  •   រវាង​ឪពុក​និង​ម្ដាយ តើ​ប្អូន​ច្រើន​តែ​មិន​ចុះ​សម្រុង​ជា​មួយ​អ្នក​ណា?

    •  ឪពុក

    •  ម្ដាយ

  •   តើ​ប្អូន​ឧស្សាហ៍​ទាស់​ជា​មួយ​គាត់​ប៉ុន​ណា?

    •  កម្រ

    •  យូរ​ៗ​ម្ដង

    •  ញឹក​ញាប់

  •   តើ​ទំនាស់​នោះ​ប្រហែល​ជា​ខ្លាំង​ដល់​កម្រិត​ណា?

    •  ទំនាស់​នោះ​បាន​ត្រូវ​ដោះ​ស្រាយ​ភ្លាម​ៗ និង​ដោយ​សន្តិ​វិធី។

    •  ទំនាស់​នោះ​បាន​ត្រូវ​ដោះ​ស្រាយ ក្រោយ​ពី​តឹង​សរសៃ​ក​ដាក់​គ្នា។

    •  ទំនាស់​នោះ​មិន​បាន​ត្រូវ​ដោះ​ស្រាយ​ទេ ទោះ​ជា​បាន​ប្រកែក​គ្នា​ហើយ​ក្ដី។

 បើ​ប្អូន​ពិបាក​ចុះ​សម្រុង​ជា​មួយ​នឹង​ឪពុក​ម្ដាយ ប្អូន​ប្រហែល​ជា​គិត​ថា​ឪពុក​ម្ដាយ​គួរ​ធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យ​ស្ថានភាព​ល្អ​ប្រសើរ​ជាង។ ប៉ុន្តែ មាន​ជំហាន​ខ្លះ​ដែល​ប្អូន​អាច​ធ្វើ ដើម្បី​កាត់​បន្ថយ​ការ​ទាស់​គ្នា​ជា​មួយ​គាត់ ហើយ​មិន​ថា​ប្អូន​ទាស់​គ្នា​ខ្លាំង​ជា​មួយ​គាត់​ក្ដី ប្អូន​អាច​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី។ ដំបូង​សូម​ពិចារណា . . .

 មូលហេតុ​ដែល​នាំ​ឲ្យ​មិន​ចុះ​សម្រុង​គ្នា

  •   សមត្ថភាព​រិះ​គិត។ ពេល​ប្អូន​ធំ​ឡើង ប្អូន​ចាប់​ផ្ដើម​ចេះ​គិត​វែង​ឆ្ងាយ​ជាង​ចំពោះ​រឿង​ផ្សេង​ៗ។ បន្ថែម​ទៅ​ទៀត ប្អូន​ក៏​ចាប់​ផ្ដើម​មាន​គោល​ជំហរ​ជា​របស់​ខ្លួន គឺ​អ្វី​មួយ​ចំនួន​ដែល​ប្រហែល​ជា​ខុស​ពី​គោល​ជំហរ​របស់​ឪពុក​ម្ដាយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គម្ពីរ​ចែង​ថា​៖​«​ចូរ​អ្នក​រាល់​គ្នា​គោរព​ឪពុក​ម្ដាយ​»។—ដំណើរ​ចាក​ចេញ ២០:១២

     សូម​ចាំ​ថា​៖ ត្រូវ​មាន​គំនិត​ចាស់​ទុំ​និង​ចេះ​រៀប​ពាក្យ​និយាយ​ដើម្បី​កុំ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ថា​យើង​ប្រកែក​តវ៉ា​នឹង​គាត់។

  •   ភាព​ម្ចាស់​ការ។ ពេល​ប្អូន​មាន​គំនិត​ចាស់​ទុំ ឪពុក​ម្ដាយ​របស់​ប្អូន​ទំនង​ជា​នឹង​ផ្ដល់​សេរី​ភាព​ឲ្យ​ប្អូន​ច្រើន​ជាង។ ប៉ុន្តែ សេរី​ភាព​នោះ​ប្រហែល​មិន​ច្រើន​ដូច​ដែល​ប្អូន​ចង់​បាន​ទេ ហើយ​ក៏​មិន​បាន​ភ្លាម​ៗ​ដូច​ដែល​ប្អូន​ត្រូវ​ការ​ដែរ។ នោះ​អាច​ជា​ហេតុ​នាំ​ឲ្យ​ប្អូន​និង​គាត់​មិន​ចុះ​សម្រុង​នឹង​គ្នា។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គម្ពីរ​ចែង​ថា​៖​«​ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​»។—អេភេសូរ ៦:១

     សូម​ចាំ​ថា​៖ ជា​ញឹក​ញយ ឪពុក​ម្ដាយ​ផ្ដល់​សេរី​ភាព​ឲ្យ​ប្អូន​ច្រើន​ប៉ុន​ណា គឺ​អាស្រ័យ​ថា​ប្អូន​ប្រើ​សេរី​ភាព​ដែល​ប្អូន​មាន​រួច​ហើយ​យ៉ាង​ដូច​ម្ដេច។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ

  •   ផ្ដោត​ទៅ​លើ​តួ​នាទី​របស់​ប្អូន។ ពេល​ខ្វែង​គំនិត​គ្នា ជា​ជាង​ចោទ​ថា​នោះ​ជា​កំហុស​ឪពុក​ម្ដាយ សូម​គិត​ពី​អ្វី​ដែល​ប្អូន​អាច​ធ្វើ​ដើម្បី​កុំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ពួក​គាត់។ ប្អូន​ចេហ្វ្រី​បាន​ប្រាប់​ថា​៖​«​ពេល​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា មិន​តែង​តែ​មក​ពី​អ្វី​ដែល​ឪពុក​ម្ដាយ​និយាយ​ទេ តែ​មក​ពី​របៀប​ដែល​យើង​តប​ឆ្លើយ​ទៅ​កាន់​ពួក​គាត់។ បើ​យើង​និយាយ​ដោយ​ស្លូត​បូត​ទៅ​កាន់​ពួក​គាត់ នោះ​នឹង​មិន​ឈាន​ដល់​ការ​ឈ្លោះ​គ្នា​ទេ​»។

     គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​»។—រ៉ូម ១២:១៨

  •   ការ​ស្ដាប់។ ប្អូន​សឺមែនថឺ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​មិន​សូវ​ចេះ​អត់​ធ្មត់​ស្ដាប់​ទេ តែ​ខ្ញុំ​ឃើញ​ថា ពេល​ខ្ញុំ​ស្ដាប់​ឪពុក​ម្ដាយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នោះ​ពួក​គាត់​ក៏​ស្ដាប់​ខ្ញុំ​វិញ​ដែរ​»។

     គម្ពីរ​ចែង​ថា​៖ ​«​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ​»។—យ៉ាកុប ១:១៩

    ការ​ទាស់​គ្នា​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ បើ​មិន​ទប់​ចិត្ត​ទេ កំហឹង​អាច​ផ្ទុះ​ឡើង

  •   សហការ​ជា​មួយ​ពួក​គាត់​ដូច​នៅ​ក្នុង​ក្រុម​តែ​មួយ។ សូម​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​មិន​ចុះ​សម្រុង​គ្នា ដូច​ជា​ការ​លេង​កីឡា​វាយ​កូន​បាល់​ជា​ក្រុម។ ប្អូន​និង​ឪពុក​ម្ដាយ​នៅ​ក្នុង​ក្រុម​តែ​មួយ ហើយ​ប្រកួត​ជា​មួយ​នឹង​ក្រុម​ម្ខាង​ទៀត​គឺ​បញ្ហា​នោះ។ ដូច្នេះ អ្នក​ដែល​ប្អូន​គួរ​យក​ឈ្នះ​គឺ​បញ្ហា​នៃ​ការ​មិន​ចុះ​សម្រុង​គ្នា មិន​មែន​ឪពុក​ម្ដាយ​ទេ។ ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​អាដាម​បាន​រៀប​រាប់​ថា​៖​«​ពេល​មាន​ជម្លោះ​ឬ​ការ​ខ្វែង​គំនិត​គ្នា ឪពុក​ម្ដាយ​គិត​អំពី​អ្វី​ល្អ​បំផុត​សម្រាប់​កូន តែ​កូន​មាន​គំនិត​ផ្សេង​ចំពោះ​អ្វី​ល្អ​បំផុត​សម្រាប់​ខ្លួន។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ដោយ​សារ​ឪពុក​ម្ដាយ​និង​កូន​នៅ​ក្នុង​ក្រុម​តែ​មួយ គោល​ដៅ​ពួក​គេ​ដូច​គ្នា​គឺ​យក​ឈ្នះ​គូ​ប្រកួត​ម្ខាង​ទៀត ពោល​គឺ​បញ្ហា​មិន​ចុះ​សម្រុង​គ្នា​»។

     គម្ពីរ​ចែង​ថា​៖ ​«​ព្យាយាម​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​»។—រ៉ូម ១៤:១៩

  •   ចេះ​យល់​អារម្មណ៍។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​សារ៉ា បាន​រៀប​រាប់​ថា​៖​«​អ្វី​មួយ​ដែល​ជួយ​ខ្ញុំ គឺ​ខ្ញុំ​ចាំ​ថា​ឪពុក​ម្ដាយ​ខ្ញុំ​ក៏​មាន​ការ​ពិបាក​របស់​ពួក​គាត់​ដែរ ហើយ​ច្រើន​ដង​បញ្ហា​នោះ​មក​ពី​កូន​ៗ​ទេ​»។ ប្អូន​ខាឡេ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ព្យាយាម​ស្រមៃ​គិត​ថា​បើ​ខ្ញុំ​ជា​ឪពុក​ម្ដាយ តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​បើ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​អប់រំ​កូន​និង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ? តើ​អ្វី​ផ្ដល់​ប្រយោជន៍​ច្រើន​បំផុត​ដល់​កូន​ខ្ញុំ?​»។

     គម្ពីរ​ចែង​ថា​៖ ​«​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​»។—ភីលីព ២:៤

  •   ចេះ​ស្ដាប់​បង្គាប់។ នេះ​ជា​ចំណុច​ចុង​ក្រោយ ហើយ​ជា​អ្វី​ដែល​គម្ពីរ​តម្រូវ​ឲ្យ​ប្អូន​ធ្វើ។ (​កូឡុស ៣:២០​) អ្វី​ៗ​នឹង​ដំណើរ​ការ​យ៉ាង​រលូន បើ​ប្អូន​ធ្វើ​តាម​យោបល់​នេះ។ យុវនារី​ម្នាក់​ឈ្មោះ​ខារិន បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ធ្វើ​តាម​អ្វី​ដែល​ឪពុក​ម្ដាយ​សុំ​ខ្ញុំ​ឲ្យ​ធ្វើ ខ្ញុំ​មិន​សូវ​តាន​តឹង​ចិត្ត​ទេ។ ពួក​គាត់​លះ​បង់​ច្រើន​ណាស់​សម្រាប់​ខ្ញុំ នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​តប​ស្នង​ទៅ​គាត់​វិញ​»។ ដូច្នេះ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ចុះ​សម្រុង​ជា​មួយ​ឪពុក​ម្ដាយ គឺ​ស្ដាប់​បង្គាប់​ពួក​គាត់!

     គម្ពីរ​ចែង​ថា​៖ ​«​កន្លែង​ណា​ដែល​គ្មាន​អុស នោះ​ភ្លើង​ក៏​រលត់​ទៅ​»។—សុភាសិត ២៦:២០

 យោបល់​។ បើ​ប្អូន​ពិបាក​ប្រាប់​អារម្មណ៍​របស់​ប្អូន​ដល់​ឪពុក​ម្ដាយ ប្អូន​អាច​សរសេរ​ក្នុង​សំបុត្រ​ឬ​ផ្ញើ​សារ​ទៅ​ពួក​គាត់​ក៏​បាន។ យុវតី​ម្នាក់​ឈ្មោះ​អាលីសឺ បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​ធ្វើ​ដូច្នេះ ពេល​ខ្ញុំ​ពិបាក​ប្រាប់​គំនិត​របស់​ខ្ញុំ​ដល់​ឪពុក​ម្ដាយ។ នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រាប់​អារម្មណ៍​របស់​ខ្ញុំ ដោយ​មិន​ស្រែក​គំហក ឬ​និយាយ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ដាយ​ក្រោយ​ឡើយ​»។