ខ្មែរ
ចុះ​បើ​ខ្ញុំ​រៀន​ខ្សោយ?
https://cms-imgp.jw-cdn.org/img/p/500600101/univ/art/500600101_univ_sqr_xl.jpg
ijwyp អត្ថបទទី ៩៨

សំណួរ​ពី​យុវវ័យ

ចុះ​បើ​ខ្ញុំ​រៀន​ខ្សោយ?

ចុះ​បើ​ខ្ញុំ​រៀន​ខ្សោយ?

 ប្អូន​យ៉ូឡេនដា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ឃើញ​សិស្ស​រួម​ថ្នាក់​ខ្ញុំ​ខ្លះ អត់​បើក​សៀវភៅ​រៀន​ទេ គ្រាន់​តែ​អង្គុយ​ស្ដាប់​កាស​ពេល​គ្រូ​កំពុង​បង្រៀន។ អ៊ីចឹង​មិន​ចម្លែក​ទេ​ដែល​សិស្ស​ទាំង​នេះ​រៀន​ខ្សោយ! តែ​សម្រាប់​ខ្ញុំ​និង​សិស្ស​ខ្លះ​វិញ ខំ​រៀន​សឹង​ស្លាប់​នៅ​តែ​បាន​ពិន្ទុ​ទាប។ និយាយ​ត្រង់​ទៅ​ខ្ញុំ​មិន​ដឹង​មក​ពី​ហេតុ​អី​ទេ។ ខ្ញុំ​អន់​ចិត្ត​នឹង​ខ្លួន​ឯង ព្រោះ​ខ្ញុំ​ខំ​រៀន​ដាច់​យប់​អស់​មួយ​អាទិត្យ​ហើយ​នៅ​តែ​មិន​បាន​ពិន្ទុ​ល្អ​»។

 តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូច​ប្អូន​យ៉ូឡេនដា​ទេ? ការ​បាន​ពិន្ទុ​ទាប​អាច​ធ្វើ​ឲ្យ​ប្អូន​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ជា​ពិសេស​បើ​កើត​ឡើង​ផ្ទួន​ៗ។

 យុវវ័យ​ខ្លះ​ខំ​រៀន​យ៉ាង​ណា​ក៏​មិន​បាន​ពិន្ទុ​ខ្ពស់​ជាង​ដែរ ហេតុ​នេះ​ពួក​គេ​លែង​ព្យាយាម​ទៀត។ ឯ​យុវវ័យ​ខ្លះ​ទៀត ប្រហែល​ជា​សម្រេច​ចិត្ត​ឈប់​រៀន​ពាក់​កណ្ដាល​ទី​តែ​ម្ដង។ មើល​ទៅ​នោះ​អាច​ជា​ផ្លូវ​ចេញ​មែន តែ​តាម​ពិត​មាន​ផ្លូវ​ចេញ​មួយ​ទៀត​ដែល​ប្រសើរ​ជាង​នេះ។ សូម​ពិចារណា​ជំហាន​៦​យ៉ាង​ដែល​អាច​ជួយ​ប្អូន​ឲ្យ​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ

  •   ចូល​រៀន​គ្រប់​មុខ​វិជ្ជា។ ប្អូន​ប្រហែល​ជា​គិត​ថា​ចំណុច​នេះ​អ្នក​ណា​ក៏​ដឹង​ដែរ ឲ្យ​តែ​ចូល​រៀន​គ្រប់​មុខ​វិជ្ជា​គឺ​នឹង​បាន​ពិន្ទុ​ល្អ។ តែ​បើ​ប្អូន​មក​រៀន​មិន​ទៀង​ទាត់​ទេ ពិន្ទុ​របស់​ប្អូន​ក៏​ចុះ​តាម​ហ្នឹង​ដែរ។

     ប្អូន​ម៉ាធីយូ​បាន​រៀប​រាប់​ថា​៖​«​នៅ​សាលា​ខ្ញុំ សិស្ស​ដែល​គេច​សាលា ច្រើន​តែ​ជា​សិស្ស​ដែល​មិន​ខ្វល់​ពី​ចំណាត់​ថ្នាក់។ ការ​គេច​ហ្នឹង​ហើយ​ដែល​នាំ​ទុក្ខ​ដល់​ពួក​គេ​»។

     គោល​ការណ៍​គម្ពីរ​៖​«​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»។—កាឡាទី ៦:៧

  •   ទាញ​ប្រយោជន៍​ច្រើន​បំផុត​ពី​មុខ​វិជ្ជា​នីមួយ​ៗ។ ប្អូន​មិន​គ្រាន់​តែ​មាន​វត្តមាន​នៅ​ក្នុង​ថ្នាក់​ប៉ុណ្ណោះ​ទេ តែ​ប្អូន​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រៀន​ផង​ដែរ។ សូម​កត់​ចំណុច​សំខាន់​ៗ​ដែល​គ្រូ​បង្រៀន។ ហើយ​ព្យាយាម​ស្វែង​យល់​អ្វី​ដែល​គ្រូ​កំពុង​បង្រៀន។ តែ​បើ​មាន​ចំណុច​ណា​ដែល​ប្អូន​មិន​យល់ សូម​សួរ​គ្រូ​បើ​គាត់​អនុញ្ញាត​ឲ្យ​សួរ​ក្នុង​ពេល​បង្រៀន។

     ប្អូន​អូលីវា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​សួរ​សំណួរ​ជា​ច្រើន ពេល​គ្រូ​កំពុង​បង្រៀន ដោយ​សារ​ខ្ញុំ​ឃើញ​ថា​គាត់​នឹង​ពន្យល់​ព័ត៌មាន​នោះ​ថែម​ទៀត បើ​គាត់​ដឹង​ថា​សិស្ស​មិន​យល់​»។

     គោល​ការណ៍​គម្ពីរ​៖​«​អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​»។—លូកា ៨:១៨

  •   កុំ​លួច​ចម្លង។ ការ​លួច​ចម្លង​គឺ​ជា​ទង្វើ​មិន​ទៀង​ត្រង់។ មាន​វិធី​លួច​ចម្លង​ផ្សេង​ៗ។ ក្នុង​នោះ​មាន​វិធី​មួយ​គឺ​ចម្លង​ចម្លើយ​ពី​សិស្ស​ឯ​ទៀត។ ទង្វើ​នេះ​មិន​គ្រាន់​តែ​មិន​ទៀង​ត្រង់​ប៉ុណ្ណោះ​ទេ តែ​វា​មិន​ផ្ដល់​ចំណេះ​ដល់​ប្អូន​ឡើយ។

     ប្អូន​ចនណាថិន​បាន​រៀប​រាប់​ថា​៖​«​បើ​យើង​មិន​យល់​អ្វី​មួយ សូម​កុំ​លួច​ចម្លង​ចម្លើយ​ពី​សិស្ស​ឯ​ទៀត។ ការ​លួច​ចម្លង​មិន​ផ្ដល់​ប្រយោជន៍​ដល់​យើង​ទេ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ចេះ​តែ​លួច​ចម្លង នោះ​យើង​កំពុង​ទម្លាប់​ខ្លួន​ពឹង​ផ្អែក​គេ​ហើយ មិន​មែន​រៀន​រក​ដំណោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ឡើយ​»។

     គោល​ការណ៍​គម្ពីរ​៖​«​ចូរ​ឲ្យ​ម្នាក់​ៗ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​ខ្លួន រួច​គ្រប់​គ្នា​នឹង​មាន​ហេតុ​ត្រេក​អរ​អំពី​ខ្លួន​ផ្ទាល់​»។—កាឡាទី ៦:៤

  •   កុំ​ទុក​កិច្ច​ការ​សាលា​រហូត​ដល់​គរ។ បើ​អាច​ធ្វើ​បាន សូម​ធ្វើ​កិច្ច​ការ​សាលា​មុន​ធ្វើ​អ្វី​ផ្សេង​ទៀត ជា​ពិសេស​ការ​កម្សាន្ត។ a តាម​របៀប​នេះ ប្អូន​អាច​បង្ហើយ​កិច្ច​ការ​សាលា​ផង ហើយ​នៅ​តែ​មាន​ពេល​សល់​សម្រាប់​ការ​កម្សាន្ត​ផង​ដែរ!

     ប្អូន​ខាលវិន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​កំណត់​គោល​ដៅ​ធ្វើ​កិច្ច​ការ​សាលា​មុន​កិច្ច​ការ​ផ្សេង​ៗ ធ្វើ​ដូច្នោះ​ជួយ​ខ្ញុំ​ឲ្យ​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង។ ធម្មតា​ពេល​មក​ដល់​ផ្ទះ ខ្ញុំ​តែង​តែ​ចង់​គេង​បន្តិច​ឬ​ចង់​ស្ដាប់​ចម្រៀង តែ​ខ្ញុំ​ព្យាយាម​ជម្នះ​ចិត្ត​ខ្លួន​ឯង​ធ្វើ​កិច្ច​ការ​សាលា​សិន ចាំ​សម្រាក​ជា​ក្រោយ​»។

     គោល​ការណ៍​គម្ពីរ​៖​«​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភីលីព ១:១០

  •   សុំ​ជំនួយ។ សូម​កុំ​ខ្មាស​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត។ ប្អូន​អាច​សុំ​យោបល់​ពី​ឪពុក​ម្ដាយ ហើយ​ក៏​អាច​សុំ​គ្រូ​របស់​ប្អូន​ជួយ​ប្អូន​ឲ្យ​រៀន​ពូកែ​ជាង​ដែរ។ ក្នុង​ករណី​ខ្លះ ប្អូន​អាច​សុំ​រៀន​គួរ​បន្ថែម​នៅ​ផ្ទះ។

     ប្អូន​ដាវីឌ​បាន​រៀប​រាប់​ថា​៖​«​សូម​ទៅ​ជួប​គ្រូ​ដោយ​ផ្ទាល់ រួច​សុំ​គាត់​ឲ្យ​ជួយ​ពន្យល់​មេ​រៀន​ដែល​អ្នក​មិន​យល់។ បន្ទាប់​មក​សូម​សួរ​គាត់​ថា អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​រៀន​ពូកែ​ជាង។ តាម​ធម្មតា គ្រូ​នឹង​សរសើរ​ពេល​ឃើញ​ការ​តាំង​ចិត្ត​របស់​អ្នក ហើយ​គាត់​សប្បាយ​ជួយ​អ្នក​»។

     គោល​ការណ៍​គម្ពីរ​៖​«​បើ​មាន​ការ​ប្រឹក្សា​ច្រើន នោះ​គម្រោង​នឹង​បាន​ជោគ​ជ័យ​»។—សុភាសិត ១៥:២២

  •   ទាញ​យក​ប្រយោជន៍​ពី​គ្រប់​ឱកាស។ ក្នុង​ប្រទេស​ខ្លះ មាន​ការ​ប្រឡង​ដែល​មាន​ពិន្ទុ​លើក​ទឹក​ចិត្ត​ដែល​អាច​ជួយ​សិស្ស​ឲ្យ​មាន​ពិន្ទុ​ច្រើន​ជាង។ បន្ថែម​ទៅ​ទៀត ប្អូន​ប្រហែល​ជា​អាច​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ច​ការ​បន្ថែម​ទាក់​ទង​នឹង​សាលា។ ក្នុង​ករណី​ប្អូន​ប្រឡង​ធ្លាក់ ប្អូន​ប្រហែល​ជា​អាច​សុំ​ប្រឡង​ម្ដង​ទៀត​បើ​គេ​ឲ្យ​ឱកាស។

    ការ​ខំ​ព្យាយាម​ឲ្យ​បាន​ពិន្ទុ​ខ្ពស់​ជាង គឺ​ប្រៀប​ដូច​ជា​ការ​រៀន​លេង​ឧបករណ៍​ភ្លេង​ណា​មួយ។ ដំបូង​ប្រហែល​ជា​ពិបាក​មែន តែ​ពេល​ខំ​យូរ​ៗ​ទៅ​នឹង​បាន​លទ្ធផល​ល្អ

     ប្អូន​ម៉ាខេនស៊ី​បាន​រៀប​រាប់​ថា​៖​«​បើ​ខ្ញុំ​ចង់​បាន​ពិន្ទុ​ខ្ពស់​ជាង​ក្នុង​មុខ​វិជ្ជា​ណា​មួយ ខ្ញុំ​ត្រូវ​ខំ​ប្រឹង​ជា​មុន​សិន។ ខ្ញុំ​បាន​សុំ​គ្រូ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ច​ការ​បន្ថែម ឬ​ខ្ញុំ​អាច​ធ្វើ​កិច្ច​ការ​សាលា​នោះ​សា​ជា​ថ្មី​ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​»។

     គោល​ការណ៍​គម្ពីរ​៖​«​អស់​ទាំង​ការ​ងារ​នឿយ​ហត់​សុទ្ធ​តែ​មាន​ប្រយោជន៍​»។—សុភាសិត ១៤:២៣

a ដើម្បី​ទទួល​យោបល់​អំពី​វិធី​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​រៀន សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​សំណួរ​ពី​យុវវ័យ . . . តើ​តាម​របៀប​ណា​ខ្ញុំ​អាច​បង្ហើយ​កិច្ច​ការ​សាលា?​»។