សំណួរ​ពី​យុវវ័យ

ចុះ​បើ​ខ្ញុំ​ឆូត​សាច់​ខ្លួន​ឯង?

ចុះ​បើ​ខ្ញុំ​ឆូត​សាច់​ខ្លួន​ឯង?

 តើ​ការ​ឆូត​សាច់​រួម​បញ្ចូល​អ្វី​ខ្លះ?

 ការ​ឆូត​សាច់​គឺ​ជា​ការ​អារ​សាច់​ដើម្បី​ធ្វើ​បាប​ខ្លួន​ឯង​ដោយ​ប្រើ​ឧបករណ៍​មុត​ៗ។ នេះ​គ្រាន់​តែ​ជា​វិធី​មួយ​នៃ​ការ​ធ្វើ​បាប​ខ្លួន​ឯង តែ​ក៏​មាន​វិធី​ផ្សេង​ដែរ ដូច​ជា​ការ​ដុត​ស្បែក​ឲ្យ​រលាក ការ​ធ្វើ​ឲ្យ​ជាំ​សាច់ ឬ​ការ​វាយ​ខ្លួន​ឯង​ជា​ដើម។ អត្ថបទ​នេះ​រៀប​រាប់​អំពី​ការ​ឆូត​សាច់​ខ្លួន​ឯង តែ​គោល​ការណ៍​ក្នុង​អត្ថបទ​នេះ​ក៏​ទាក់​ទង​នឹង​ការ​ធ្វើ​បាប​ខ្លួន​គ្រប់​វិធី​ទាំង​អស់​ដែរ។

 សាក​ល្បង​ការ​យល់​ដឹង​របស់​ប្អូន​៖ ពិត​ឬ​មិន​ពិត។

  1.   មាន​តែ​ក្មេង​ស្រី​ប៉ុណ្ណោះ​ដែល​ឆូត​សាច់​ខ្លួន​ឯង។

  2.   ការ​ឆូត​សាច់​ខ្លួន​ឯង ប្រឆាំង​នឹង​បង្គាប់​របស់​ព្រះ​នៅ​ច្បាប់​លេវី ១៩:២៨ ដែល​ចែង​ថា​៖​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឆូត​សាច់​ខ្លួន​»​ឡើយ។

 ចម្លើយ​ត្រឹម​ត្រូវ​៖

  1.   មិន​ពិត។ ទោះ​ជា​បញ្ហា​នេះ​មើល​ទៅ​មាន​ច្រើន​ក្នុង​ចំណោម​ក្មេង​ស្រី​ក្ដី តែ​ក្មេង​ប្រុស​ខ្លះ​ក៏​ឆូត​សាច់​ខ្លួន​ឯង និង​បាន​ធ្វើ​បាប​ខ្លួន​តាម​វិធី​ផ្សេង​ទៀត​ដែរ។

  2.   មិន​ពិត។ ច្បាប់​លេវី ១៩:២៨ សំដៅ​ទៅ​លើ​ទំនៀម​ទម្លាប់​សាសនា​ពី​បុរាណ មិន​មែន​សំដៅ​ទៅ​លើ​ការ​ឆូត​សាច់​ធ្វើ​បាប​ខ្លួន​ឯង​ដូច​រៀប​រាប់​ក្នុង​អត្ថបទ​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ នេះ​សម​ហេតុ​សម​ផល​ឲ្យ​យើង​សន្និដ្ឋាន​ថា​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​មិន​ចង់​ឲ្យ​យើង​ធ្វើ​បាប​ខ្លួន​ទេ។—កូរិនថូស​ទី​១ ៦:១២; កូរិនថូស​ទី​២ ៧:១; យ៉ូហាន​ទី​១ ៤:៨

 ហេតុ​អ្វី​គេ​ឆូត​សាច់​ខ្លួន​ឯង?

 សាក​ល្បង​ការ​យល់​ដឹង​របស់​ប្អូន​៖ តើ​ប្រយោគ​មួយ​ណា​ដែល​ប្អូន​គិត​ថា​ត្រឹម​ត្រូវ​ជាង​គេ?

 មនុស្ស​ឆូត​សាច់​ខ្លួន​ឯង . . .

  1.   ដោយ​សារ​ពួក​គេ​ព្យាយាម​យក​ឈ្នះ​អារម្មណ៍​ឈឺ​ចាប់។

  2.   ដោយ​សារ​ពួក​គេ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន។

 ចម្លើយ​ត្រឹម​ត្រូវ​៖ ក. មនុស្ស​ភាគ​ច្រើន​ដែល​ឆូត​សាច់​ខ្លួន​ឯង មិន​ចង់​ស្លាប់​ទេ។ ពួក​គេ​គ្រាន់​តែ​ចង់​បញ្ឈប់​អារម្មណ៍​ឈឺ​ចាប់​របស់​ពួក​គេ​ប៉ុណ្ណោះ។

 សូម​កត់​សម្គាល់​ពាក្យ​សម្ដី​របស់​យុវវ័យ​ខ្លះ​ដែល​បាន​និយាយ​អំពី​ការ​ឆូត​សាច់​ខ្លួន​ឯង។

 ប្អូន​ស៊ីលៀ​បាន​រៀប​រាប់​ថា​៖​«​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ជាង​»។

 ប្អូន​ថាម៉ារ៉ា​បាន​រៀប​រាប់​ថា​៖​«​វា​ហាក់​ដូច​ជា​ផ្លូវ​ចេញ​ម្យ៉ាង។ ឈឺ​ចាប់​ខាង​រាង​កាយ​ប្រសើរ​ជាង​ឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ត​»។

 ប្អូន​ខារី​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ចង់​បំបាត់​អារម្មណ៍​ក្រៀម​ក្រំ​របស់​ខ្ញុំ​ណាស់។ ដូច្នេះ ខ្ញុំ​ឆូត​សាច់​ខ្លួន​ឯង​ដើម្បី​បំបែរ​អារម្មណ៍ ទៅ​គិត​អំពី​ការ​ឈឺ​ចាប់​ដែល​មក​ពី​ការ​អារ​សាច់​ខ្លួន​ឯង​វិញ​»។

 ប្អូន​ជីរីន​បាន​រៀប​រាប់​ថា​៖​«​រាល់​ដង​ដែល​ខ្ញុំ​ឆូត​សាច់​ខ្លួន​ឯង ខ្ញុំ​ច្រើន​តែ​ភ្លេច​អំពី​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ចាំ​បាច់​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ខ្ញុំ​ទេ។ ដូច្នេះ ខ្ញុំ​សុខ​ចិត្ត​ឈឺ​សាច់​ជា​ជាង​ឈឺ​ចិត្ត​»។

 បើ​ប្អូន​មាន​បញ្ហា​នេះ តើ​ប្អូន​អាច​បញ្ឈប់​យ៉ាង​ដូច​ម្ដេច?

 សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ការ​អធិដ្ឋាន​ជា​ជំហាន​ដ៏​សំខាន់​ដើម្បី​ធូរ​ស្រាល​ចិត្ត និង​ឈប់​ឆូត​សាច់​ខ្លួន​ទៀត។ គម្ពីរ​ចែង​ថា​៖​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។—ពេត្រុស​ទី​១ ៥:៧

 យោបល់​៖ ដំបូង​សូម​អធិដ្ឋាន​យ៉ាង​ខ្លី ប្រហែល​ប្អូន​អាច​ប្រាប់​ព្រះ​យេហូវ៉ា​ថា​៖​«​សូម​ជួយ​ខ្ញុំ​»។ ក្រោយ​មក ប្អូន​នឹង​អាច​បើក​ចិត្ត ហើយ​ប្រាប់​អារម្មណ៍​របស់​ប្អូន​ដល់​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»។—កូរិនថូស​ទី​២ ១:៣, ៤

 ការ​អធិដ្ឋាន​មិន​មែន​ជា​ការ​និយាយ​ទៅ​កាន់​ព្រះ​ដើម្បី​ឲ្យ​តែ​ធូរ​ចិត្ត​ទេ។ ប៉ុន្តែ នេះ​ជា​ការ​សន្ទនា​ជា​មួយ​បិតា​របស់​ប្អូន​ដែល​នៅ​ស្ថាន​សួគ៌ ដែល​បាន​សន្យា​ថា​៖​«​ខ្ញុំ​នឹង​ជួយ​អ្នក។ ខ្ញុំ​ប្រាកដ​ជា​នឹង​ចាប់​អ្នក​យ៉ាង​ជាប់​ដោយ​ដៃ​ស្ដាំ​ដ៏​សុចរិត​របស់​ខ្ញុំ​»។—អេសាយ ៤១:១០

 បន្ថែម​ទៅ​ទៀត មនុស្ស​ជា​ច្រើន​ដែល​ឆូត​សាច់​ខ្លួន​ឯង​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ការ​និយាយ​ជា​មួយ​នឹង​ឪពុក​ម្ដាយ ឬ​មនុស្ស​ពេញ​វ័យ​ណា​ម្នាក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ សូម​ស្ដាប់​ពាក្យ​សម្ដី​របស់​យុវវ័យ​បី​នាក់​ដែល​បាន​ធ្វើ​ដូច្នោះ។

 សំណួរ​សម្រាប់​រំពឹង​គិត

  • ពេល​ដែល​ប្អូន​ត្រូវ​ការ​ជំនួយ តើ​ប្អូន​អាច​ប្រាប់​អ្នក​ណា?

  • តើ​ប្អូន​អាច​និយាយ​អ្វី​ខ្លះ​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​បញ្ហា​នេះ?

  • តើ​ប្អូន​អាច​ប្រាប់​ពី​វិធី​ពីរ​យ៉ាង(​ក្រៅ​ពី​ការ​ធ្វើ​បាប​ខ្លួន​ឯង​)ដែល​ប្អូន​អាច​ប្រើ​ដើម្បី​បំបាត់​ការ​តាន​តឹង​ចិត្ត​និង​ការ​ថប់​បារម្ភ​ឬ​ទេ?