ខ្មែរ
ហេតុ​អ្វី​ខ្ញុំ​គួរ​ចុះ​សម្រុង​ជា​មួយ​បង​ប្អូន​ខ្ញុំ?
https://cms-imgp.jw-cdn.org/img/p/502016210/univ/art/502016210_univ_sqr_xl.jpg
ijwyp អត្ថបទទី ៥៧

សំណួរ​ពី​យុវវ័យ

ហេតុ​អ្វី​ខ្ញុំ​គួរ​ចុះ​សម្រុង​ជា​មួយ​បង​ប្អូន​ខ្ញុំ?

ហេតុ​អ្វី​ខ្ញុំ​គួរ​ចុះ​សម្រុង​ជា​មួយ​បង​ប្អូន​ខ្ញុំ?

 មិត្ត​ល្អ​បំផុត​តែ​ក៏​យ៉ាប់​បំផុត

 គេ​ច្រើន​តែ​និយាយ​ថា បង​ប្អូន​ជា​«​មិត្ត​ល្អ​បំផុត​តែ​ក៏​យ៉ាប់​បំផុត​»។ ប្អូន​ស្រឡាញ់​ពួក​គេ​ណាស់ ហើយ​ពួក​គេ​ក៏​ស្រឡាញ់​ប្អូន​វិញ​ដែរ។ ប៉ុន្តែ ជួន​កាល​ប្អូន​មិន​ចុះ​សម្រុង​ជា​មួយ​នឹង​ពួក​គេ​ទេ។ ប្អូន​អ៊ីលីនណឺ​ដែល​មាន​អាយុ​១៨​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ប្អូន​ប្រុស​ខ្ញុំ​ចូល​ចិត្ត​ញ៉ោះ​ខ្ញុំ​ណាស់ គាត់​ដឹង​ថា​ធ្វើ​ម៉េច​ឲ្យ​ខ្ញុំ​ខឹង ធ្វើ​ម៉េច​ឲ្យ​ខ្ញុំ​សើច​»។

 បង​ប្អូន​ខ្លះ​ឧស្សាហ៍​ឈ្លោះ​គ្នា តែ​រឿង​នោះ​ច្រើន​តែ​ដោះ​ស្រាយ​បាន​ដោយ​និយាយ​ប្រាប់​អារម្មណ៍​ដល់​គ្នា។ ជា​ឧទាហរណ៍​៖

  •   បង​ប្អូន​ប្រុស​ពីរ​នាក់​ដែល​គេង​បន្ទប់​ជា​មួយ​គ្នា ប្រហែល​ជា​ឈ្លោះ​គ្នា​អំពី​រឿង​មិន​គោរព​សិទ្ធិ​គ្នា។ តើ​អាច​ដោះ​ស្រាយ​យ៉ាង​ណា? សូម​រៀន​យោគ​យល់​និង​ទុក​ឱកាស​ឲ្យ​ម្នាក់​ៗ​មាន​ពេល​ផ្ទាល់​ខ្លួន។ សូម​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ដែល​មាន​នៅ​លូកា ៦:៣១

  •   បង​ប្អូន​ស្រី​ពីរ​នាក់​ប្រហែល​ជា​ខ្ចី​ខោ​អាវ​គ្នា​ពាក់​ដោយ​មិន​បាន​ប្រាប់​គ្នា​ជា​មុន។ តើ​អាច​ដោះ​ស្រាយ​យ៉ាង​ណា? បើ​បង​ឬ​ប្អូន​ស្រី​ណា​ម្នាក់​មិន​ពេញ​ចិត្ត សូម​ប្រាប់​ម្នាក់​ទៀត ហើយ​ប្រាប់​អ្វី​ដែល​គាត់​ប្រើ​បាន អ្វី​ដែល​គាត់​ប្រើ​មិន​បាន។ សូម​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ដែល​មាន​នៅ​ធីម៉ូថេ​ទី​២ ២:២៤

 ក្នុង​ករណី​ខ្លះ ជម្លោះ​រវាង​បង​ប្អូន​អាច​ធ្ងន់​ធ្ងរ​ឡើង​និង​កាន់​តែ​ពិបាក។ សូម​ពិចារណា​គំរូ​ពីរ​ក្នុង​គម្ពីរ​៖

  •   មីរៀម​និង​អេរ៉ុន ច្រណែន​នឹង​ម៉ូសេ​ជា​ប្អូន​ប្រុស​របស់​ពួក​គាត់ ហើយ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​គួរ​ឲ្យ​ខ្លោច​ផ្សា។ សូម​អាន​កំណត់​ហេតុ​នេះ​នៅ​ក្នុង​ជំរឿន​បណ្ដា​ជន ១២:១​-​១៥ រួច​សួរ​ខ្លួន​ថា​៖‹តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​មាន​ចិត្ត​ច្រណែន​បង​ប្អូន​ខ្ញុំ?›។

  •   កាអ៊ីន​បាន​ខឹង​នឹង​អេបិល​ជា​ប្អូន​របស់​គាត់ ហើយ​ដោយ​សារ​គាត់​ខឹង​យ៉ាង​ខ្លាំង គាត់​បាន​សម្លាប់​អេបិល។ សូម​អាន​កំណត់​ហេតុ​នេះ​នៅ​ក្នុង​ដើម​កំណើត ៤:១​-​១២ រួច​សួរ​ខ្លួន​ថា​៖‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ទប់​កំហឹង​របស់​ខ្ញុំ​ពេល​មិន​ចុះ​សម្រុង​គ្នា​ជា​មួយ​បង​ប្អូន​ខ្ញុំ?›។

 មូលហេតុ​ពីរ​យ៉ាង​ដែល​គួរ​ចុះ​សម្រុង​គ្នា

 ពិត​មែន​ថា​បង​ប្អូន​ពិបាក​ចុះ​សម្រុង​គ្នា ប៉ុន្តែ​មិន​ថា​ពិបាក​យ៉ាង​ណា​ក៏​ដោយ មាន​មូលហេតុ​ពីរ​យ៉ាង​ដែល​ប្អូន​គួរ​ខំ​ព្យាយាម​ជា​នា​គ្នា​ឡើង​វិញ។

  1.  ១. វា​ជា​សញ្ញា​ដែល​បញ្ជាក់​ថា​ប្អូន​ចាស់​ចិត្ត​ចាស់​គំនិត។ ប្អូន​អាឡិច បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ធ្លាប់​ឆាប់​ខឹង​ប្អូន​ស្រី​ពីរ​នាក់​របស់​ខ្ញុំ តែ​ឥឡូវ​ខ្ញុំ​ចេះ​ទប់​ចិត្ត​និង​អត់​ធ្មត់​ជាង​ជា​មួយ​ពួក​គេ។ អាច​និយាយ​ថា​នេះ​មក​ពី​ខ្ញុំ​មាន​គំនិត​ចាស់​ទុំ​ជាង​មុន​»។

     គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ដែល​មិន​រហ័ស​ខឹង ជា​មនុស្ស​មាន​សមត្ថភាព​វែក​ញែក​ខ្ពស់ តែ​មនុស្ស​ដែល​មិន​ចេះ​អត់​ធ្មត់​បង្ហាញ​ចេញ​តែ​ភាព​ល្ងង់​ខ្លៅ​»។—សុភាសិត ១៤:២៩

  2.  ២. វា​ជា​ការ​លត់​ដំ​សម្រាប់​ថ្ងៃ​អនាគត។ បើ​ប្អូន​មិន​អាច​ទ្រាំ​នឹង​ចំណុច​មិន​ល្អ​របស់​បង​ប្អូន​ខ្លួន​បាន​ទៅ​ហើយ ទម្រាំ​ដល់​ពេល​ប្អូន​ធំ​ឡើង​មាន​គូ​ស្រករ ពេល​ចូល​ធ្វើ​ការ តើ​ពិបាក​យ៉ាង​ណា​ទៅ​ក្នុង​ការ​ទាក់​ទង​ជា​មួយ​គូ អ្នក​រួម​ការ​ងារ ចៅហ្វាយ ឬ​បុគ្គល​ផ្សេង​ទៀត?

     សូម​ចាំ​ថា​៖ ប្អូន​អាច​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត លុះ​ត្រា​តែ​ប្អូន​ចេះ​ប្រាស្រ័យ​ទាក់​ទង​និង​ដោះ​ស្រាយ​បញ្ហា​ក្នុង​រង្វង់​គ្រួសារ​ជា​មុន​សិន ជា​ពិសេស​ជា​មួយ​បង​ប្អូន​ខ្លួន។

     គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​»។—រ៉ូម ១២:១៨

 តើ​ប្អូន​ចង់​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​បង​ប្អូន​ខ្លួន​ទេ? សូម​អាន​ប្រអប់​«​ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន​»។