សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ? ភាគ​ទី២: ការ​ជា​សះ​ស្បើយ

តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ? ភាគ​ទី២: ការ​ជា​សះ​ស្បើយ

 ការ​យក​ឈ្នះ​នឹង​អារម្មណ៍​បន្ទោស​ខ្លួន

 ជន​រង​គ្រោះ​ជា​ច្រើន​ដែល​មក​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ មាន​ការ​ខ្មាស​អៀន​ជា​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។ ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួន​ក៏​រួម​ចំណែក​ខុស​ដែរ។ សូម​គិត​អំពី​ប្អូន​ខារិន​ដែល​ត្រូវ​គេ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាំង​ពី​គាត់​មាន​អាយុ​៦​ឆ្នាំ​ដល់​១៣​ឆ្នាំ ហើយ​ឥឡូវ​គាត់​មាន​អាយុ​១៩​ឆ្នាំ។ គាត់​បាន​ប្រាប់​ថា​៖​«​អ្វី​ដ៏​ពិបាក​បំផុត​សម្រាប់​ខ្ញុំ គឺ​ការ​បន្ទោស​ខ្លួន។ ខ្ញុំ​ឆ្ងល់​នឹង​ខ្លួន​ឯង​ថា‹ម៉េច​បាន​ជា​ខ្ញុំ​ទុក​ឲ្យ​គេ​រំលោភ​បំពាន​ខ្ញុំ​យូរ​ដល់​ថ្នាក់​នេះ?›​»។

 បើ​ប្អូន​មាន​អារម្មណ៍​ដូច​នោះ​ដែរ សូម​ពិចារណា​ចំណុច​ដូច​ត​ទៅ​៖

  •   រាង​កាយ​និង​ផ្លូវ​ចិត្ត​របស់​កុមារ​មិន​ទាន់​ពេញ​វ័យ​ដើម្បី​រួម​ភេទ​ទេ។ ពួក​គេ​មិន​ដឹង​ថា​ទង្វើ​នោះ​ជា​អ្វី ហើយ​ក៏​មិន​អាច​យល់​ពេញ​លេញ​អំពី​រឿង​ខាង​ផ្លូវ​ភេទ​ដែរ។ នេះ​មាន​ន័យ​ថា​ការ​រំលោភ​កុមារ​មិន​មែន​ជា​កំហុស​របស់​កុមារ​នោះ​ទេ។

  •   កុមារ​តែង​តែ​ទុក​ចិត្ត​មនុស្ស​ពេញ​វ័យ ហើយ​កុមារ​មិន​យល់​ពី​កល​ល្បិច​របស់​មនុស្ស​ខូច​អាក្រក់​ទេ។ ហេតុ​នេះ​បាន​ជា​កុមារ​ងាយ​ត្រូវ​គេ​ធ្វើ​បាប។ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា​៖​«​ជន​ដែល​ចូល​ចិត្ត​រួម​ភេទ​ជា​មួយ​កុមារ ពូកែ​ប្រើ​ល្បិច​បោក​បញ្ឆោត​កុមារ សូម្បី​តែ​កុមារ​ឆ្លាត​ក៏​ដោយ ក៏​តាម​ល្បិច​ជន​ទាំង​នោះ​មិន​ទាន់​ដែរ​»​(​The Right to Innocence​)។

  •   ពេល​កុមារ​ម្នាក់​ត្រូវ​គេ​ស្ទាប​អង្អែល កុមារ​នោះ​ប្រហែល​ជា​មាន​អារម្មណ៍​ស្រើប​ស្រាល។ បើ​នោះ​កើត​ឡើង​ចំពោះ​ប្អូន​មែន សូម​ចាំ​ថា​អារម្មណ៍​បែប​នោះ​គឺ​មាន​ដោយ​ស្វ័យ​ប្រវត្តិ។ នេះ​មិន​បាន​ន័យ​ថា​ប្អូន​ពេញ​ចិត្ត​ឲ្យ​គេ​រំលោភ​បំពាន ឬ​ប្អូន​ជា​អ្នក​ខុស​ទេ។

 យោបល់​៖ សូម​គិត​អំពី​កូន​ក្មេង​ម្នាក់​ដែល​ប្អូន​ស្គាល់ ដែល​មាន​អាយុ​ដូច​ប្អូន​ពេល​ប្អូន​ត្រូវ​គេ​រំលោភ។ សូម​សួរ​ខ្លួន​ថា‹តើ​យុត្តិធម៌​ទេ​ដែល​កូន​នោះ​ជា​អ្នក​ខុស បើ​គាត់​ត្រូវ​គេ​ចាប់​រំលោភ?›។

 ខារិន​ធ្វើ​ការ​ជា​អ្នក​មើល​ថែ​កូន​ក្មេង។ ក្នុង​ចំណោម​ក្មេង​ទាំង​នោះ មាន​ក្មេង​ម្នាក់​អាយុ​ជិត​៦​ឆ្នាំ។ ពេល​ឃើញ​ក្មេង​នោះ ខារិន​នឹក​ដល់​អតីតកាល​របស់​គាត់ ព្រោះ​កាល​ដែល​គាត់​ត្រូវ​គេ​រំលោភ​បំពាន​គាត់​ក៏​មាន​អាយុ​ដូច​នោះ​ដែរ។ គាត់​ប្រាប់​ថា​៖​«​កូន​ក្មេង​អាយុ​ស្របាល​ៗ​នោះ​ងាយ​រង​គ្រោះ​ណាស់ ព្រោះ​គ្នា​មិន​សូវ​ដឹង​អី។ ដូច្នេះ ខ្ញុំ​យល់​ថា​ពេល​ខ្ញុំ​អាយុ​ដូច​នោះ​ខ្ញុំ​ងាយ​ស្រួល​ឲ្យ​គេ​ធ្វើ​បាប​ណាស់​»។

 ការ​ពិត​៖ អ្នក​ដែល​រំលោភ​ប្អូន​ទេ គឺ​ជា​អ្នក​ខុស។ គម្ពីរ​ចែង​ថា​៖​«​ជន​ទុច្ចរិត​នឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន​»។—អេសេគាល ១៨:២០

 ប្រយោជន៍​ពី​ការ​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់

 ការ​ប្រាប់​រឿង​នោះ​ដល់​មនុស្ស​ពេញ​វ័យ​ដែល​ប្អូន​ទុក​ចិត្ត អាច​ជួយ​ប្អូន​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល។ គម្ពីរ​ចែង​ថា​៖​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

 គឺ​សម​ហេតុ​ផល​ដែល​ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ការ​មិន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​មាន​សុវត្ថិភាព​ជាង គឺ​ប្រៀប​ដូច​ជា​ជញ្ជាំង​ការ​ពារ​ប្អូន​កុំ​ឲ្យ​ឈឺ​ចាប់​ថែម​ទៀត។ ប៉ុន្តែ សូម​ពិចារណា​ថា​ការ​នៅ​ស្ងៀម​មិន​ប្រាប់​អ្នក​ឯ​ទៀត មិន​បាន​ន័យ​ថា​នោះ​ការ​ពារ​ប្អូន​ពី​ការ​ឈឺ​ចាប់​ទេ តែ​វា​បែរ​ជា​រា​រាំង​ប្អូន​ពី​ការ​ទទួល​ជំនួយ​ទៅ​វិញ។

ការ​នៅ​ស្ងៀម​មិន​ប្រាប់​អ្នក​ឯ​ទៀត មិន​បាន​ន័យ​ថា​នោះ​ការ​ពារ​ប្អូន​ពី​ការ​ឈឺ​ចាប់​ទេ តែ​វា​បែរ​ជា​រា​រាំង​ប្អូន​ពី​ការ​ទទួល​ជំនួយ​ទៅ​វិញ

 យុវនារី​ម្នាក់​ឈ្មោះ​ជេនណិត បាន​ឃើញ​ថា​ការ​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ការ​រំលោភ​បំពាន​ដែល​គេ​ធ្វើ​មក​លើ​នាង បាន​សម្រាល​ទុក្ខ​នាង​ខ្លាំង​ណាស់។ នាង​បាន​ប្រាប់​ថា​៖​«​ខ្ញុំ​ត្រូវ​អ្នក​ដែល​ខ្ញុំ​ស្គាល់​និង​ទុក​ចិត្ត រំលោភ​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ហើយ​ខ្ញុំ​បាន​លាក់​រឿង​នេះ​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ ពេល​ខ្ញុំ​និយាយ​ប្រាប់​ម្ដាយ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ដូច​ជា​ដក​បន្លា​ចេញ​ពី​ទ្រូង​អ៊ីចឹង​»។

 ពេល​គិត​អំពី​អតីតកាល​របស់​ជេនណិត យើង​អាច​យល់​មូលហេតុ​ដែល​អ្នក​ខ្លះ​ប្រហែល​ជា​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​និយាយ​ប្រាប់​អ្នក​ឯ​ទៀត។ នាង​បាន​និយាយ​ថា​៖​«​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ គឺជា​រឿង​ដែល​ពិបាក​បរិយាយ​ប្រាប់​អ្នក​ឯ​ទៀត។ ប៉ុន្តែ ក្នុង​ករណី​ខ្ញុំ ការ​រស់​នៅ​ទាំង​បៀម​ទុក្ខ​បែប​នោះ​គឺ​វេទនា​ណាស់។ ដូច្នេះ ល្អ​ជាង​ឲ្យ​ខ្ញុំ​ប្រាប់​គេ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​»។

 ‹ពេល​ជា​សះ​ស្បើយ›

 ការ​ត្រូវ​គេ​រំលោភ​បំពាន ប្រហែល​ជា​បន្សល់​ការ​ឈឺ​ចាប់​និង​ការ​យល់​ខុស​ចំពោះ​ខ្លួន​ឯង។ ជា​ឧទាហរណ៍ ប្អូន​ប្រហែល​ជា​គិត​ថា​ប្អូន​ខ្ទេច​ខ្ទី​អស់​ហើយ និង​គ្មាន​តម្លៃ​ទៀត​ទេ។ ឬ​ប្អូន​ប្រហែល​គិត​ថា​ប្អូន​កើត​មក​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ។ ឥឡូវ​ជា​ពេល​ដែល​ប្អូន​ត្រូវ​បំបាត់​ចោល​គំនិត​បែប​នោះ ហើយ​ព្យាបាល​ផ្លូវ​ចិត្ត​របស់​ប្អូន«ឲ្យ​ជា​សះ​ស្បើយ»។ (​អ្នក​ទូន្មាន ៣:៣; កំណត់សម្គាល់​) តើ​អ្វី​អាច​ជួយ​ប្អូន​បាន?

 ការ​សិក្សា​គម្ពីរ។ គម្ពីរ​មាន​គំនិត​របស់​ព្រះ ហើយ​នោះ​ជា​«​ឫទ្ធានុភាព . . . រំលើង​អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ​»​ រួម​បញ្ចូល​ការ​គិត​ខុស​ថា​ខ្លួន​គ្មាន​តម្លៃ។ (​កូរិនថូស​ទី​២ ១០:៤, ៥​) ជា​ឧទាហរណ៍ សូម​អាន​និង​រំពឹង​គិត​បទ​គម្ពីរ​ដូច​ត​ទៅ​នេះ​៖ អេសាយ ៤១:១០; យេរេមា ៣១:៣; ម៉ាឡាគី ៣:១៦, ១៧; លូកា ១២:៦, ៧; យ៉ូហាន​ទី​១ ៣:១៩, ២០

 សេចក្ដី​អធិដ្ឋាន។ ពេល​ប្អូន​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​និង​បន្ទោស​ខ្លួន សូម​«​ផ្ទេរ​បន្ទុក​ទៅ​ព្រះ​យេហូវ៉ា​»​តាម​រយៈ​ការ​អធិដ្ឋាន។ (​ចម្រៀង​សរសើរ​ព្រះ ៥៥:២២​) លោក​តែង​តែ​នៅ​ក្បែរ​ប្អូន​ជា​និច្ច។

 អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ បង​ប្រុស​ៗ​ទាំង​នេះ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ធ្វើ​«​ដូច​ជា​ទី​បាំង​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ពី​ព្យុះ​ភ្លៀង។​»។ (​អេសាយ ៣២:២​) ពួក​គាត់​អាច​ជួយ​ប្អូន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង និង​ចាប់​ផ្ដើម​ជីវិត​ថ្មី។

 ការ​សេព​គប់​ល្អ។ សូម​សង្កេត​មើល​បង​ប្អូន​ប្រុស​ស្រី​ដែល​បាន​ទុក​គំរូ​ល្អ។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត។ ក្រោយ​មក ប្អូន​នឹង​ទទួល​ស្គាល់​ថា​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ដែល​ពួក​គេ​ស្រឡាញ់​ទេ។

 យុវនារី​ម្នាក់​ឈ្មោះ​ថានយ៉ា បាន​ទាញ​មេ​រៀន​ដ៏​សំខាន់​នេះ។ តាំង​ពី​កុមារភាព គាត់​ត្រូវ​ប្រុស​ៗ​ប្រព្រឹត្ត​មក​លើ​គាត់​ដូច​ជា​ឧបករណ៍​កំដរ​ផ្លូវ​ភេទ។ គាត់​បាន​និយាយ​ថា​៖​«​ឲ្យ​តែ​ប្រុស​ៗ​ដែល​ខ្ញុំ​ជិត​ស្និទ្ធ​ជា​មួយ គឺ​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​»។ ប៉ុន្តែ ក្រោយ​មក​គាត់​ទទួល​ស្គាល់​ថា មាន​បុរស​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ។ តើ​គាត់​បាន​ឃើញ​ដូច្នេះ​តាម​របៀប​ណា?

 ពេល​គាត់​សេព​គប់​ជា​មួយ​ប្ដី​ប្រពន្ធ​ដែល​មាន​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក ថានយ៉ា​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​គាត់។ គាត់​បាន​និយាយ​ថា​៖​«​ពេល​ឃើញ​ការ​ប្រព្រឹត្ត​របស់​បង​ប្រុស​ដែល​ជាប្ដីនោះ ខ្ញុំ​អាច​ឃើញ​មិន​មែន​ប្រុស​ៗ​ទាំង​អស់​សុទ្ធ​តែ​មាន​បំណង​ចង់​រំលោភ​បំពាន​ទេ។ ប្ដី​នោះ​បាន​ការ​ពារ​ប្រពន្ធ​របស់​គាត់។ ការ​ប្រព្រឹត្ត​បែប​នោះ​ហើយ​ដែល​ព្រះ​ចង់​ឲ្យ​បុរស​មាន​»។ aអេភេសូរ ៥:២៨, ២៩

a បើ​ប្អូន​កំពុង​មាន​ជំងឺ​តាន​តឹង​ចិត្ត ជំងឺ​ញ៉ាំ​ច្រើន អារ​សាច់​ខ្លួន​ឯង ញៀន​អ្វី​មួយ ជំងឺ​គេង​មិន​ចង់​ក្រោក ឬ​ចង់​សម្លាប់​ខ្លួន ជា​ការ​ល្អ​ដែល​ប្អូន​ទៅ​ទទួល​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ជំនាញ។