ខ្មែរ
តើខ្ញុំអាចកាត់បន្ថយការខ្វល់ចិត្តយ៉ាងដូចម្ដេច?
https://cms-imgp.jw-cdn.org/img/p/502015134/univ/art/502015134_univ_sqr_xl.jpg
ijwyp អត្ថបទទី ៤០

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​អាច​កាត់​បន្ថយ​ការ​ខ្វល់​ចិត្ត​យ៉ាង​ដូច​ម្ដេច?

តើ​ខ្ញុំ​អាច​កាត់​បន្ថយ​ការ​ខ្វល់​ចិត្ត​យ៉ាង​ដូច​ម្ដេច?

 តើ​អ្វី​ធ្វើ​ឲ្យ​ប្អូន​ខ្វល់​ចិត្ត?

 តើ​ពេល​ខ្លះ​ប្អូន​មាន​អារម្មណ៍​ដូច​ពាក្យ​សម្ដី​ខាង​ក្រោម​នេះ​ឬ​ទេ?

 ប្អូន​ឆាល​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ចេះ​តែ​បារម្ភ​ពី​នេះ​ពី​នោះ​រហូត ដូច​ជា‹ចុះ​បើ​ខ្ញុំ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍?› ‹ចុះ​បើ​យន្ត​ហោះ​ខ្ញុំ​ធ្លាក់?›។ បើ​និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​បារម្ភ​រឿង​ផ្សេង​ៗ​ដែល​មនុស្ស​ទូទៅ​នឹង​មិន​បារម្ភ​ទេ​»។

 ប្អូន​អាណា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ចេះ​តែ​បារម្ភ​ពី​នេះ​ពី​នោះ មិន​ចេះ​ចប់​មិន​ចេះ​ហើយ តែ​គ្មាន​កើត​ការ​អី​ទេ! គឺ​ប្រៀប​ដូច​ជា​កូន​កណ្ដុរ​រត់​លើ​កង់​វិល​អ៊ីចឹង ទោះ​វា​ខំ​រត់​យ៉ាង​ណា​ក៏​ដោយ វា​មិន​ទៅ​ណា​ទេ​គឺ​នៅ​តែ​មួយ​កន្លែង​»។

 ប្អូន​ដានីយ៉ែល​បាន​រៀប​រាប់​ថា​៖​«​ពេល​អ្នក​ឯ​ទៀត​ប្រាប់​ខ្ញុំ​ថា​ល្អ​ហើយ​ដែល​ឯង​នៅ​រៀន ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា‹ល្អ​អី ការ​រៀន​តាន​តឹង​ចិត្ត​សឹង​ស្លាប់​ហើយ!›​»។

 ប្អូន​ឡរ៉ា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​មាន​អារម្មណ៍​ថា ជុំ​វិញ​ខ្ញុំ​មាន​សុទ្ធ​តែ​សម្ពាធ។ ខ្ញុំ​ខ្វល់​ចិត្ត​ឥត​ល្ហែ សូម្បី​តែ​រឿង​ដែល​មិន​ទាន់​កើត​ឡើង​ឬ​អ្វី​ដែល​ខ្ញុំ​មិន​ទាន់​ធ្វើ​ផង ក៏​ខ្ញុំ​ខ្វល់​ខ្វាយ​ដែរ​»។

 សូម​ចាំ​ថា​៖ យើង​រស់​នៅ​ក្នុង​គ្រា​ដែល​គម្ពីរ​ហៅ​ថា​គ្រា​«​លំបាក​ខ្លាំង​ណាស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​) ហេតុ​នេះ​ហើយ ប្អូន​ៗ​យុវវ័យ​មាន​ការ​ថប់​បារម្ភ​ច្រើន ដូច​មនុស្ស​ពេញ​វ័យ​ដែរ។

 តើ​ការ​ខ្វល់​ចិត្ត​តែង​តែ​អាក្រក់​ឬ?

 ចម្លើយ​គឺ​មិន​មែន​ទេ។ គម្ពីរ​ចែង​ថា​គឺ​មិន​ខុស​ទេ​ដែល​មនុស្ស​ខ្វល់​ខ្វាយ​ដោយ​សារ​ពួក​គេ​ចង់​ផ្គាប់​ចិត្ត​បុគ្គល​ដែល​ពួក​គេ​ស្រឡាញ់។—កូរិនថូស​ទី​១ ៧:៣២​-​៣៤; កូរិនថូស​ទី​២ ១១:២៨

 ណា​មួយ​ទៀត ការ​ខ្វល់​ចិត្ត​ឬ​ព្រួយ​បារម្ភ​ក៏​អាច​ជំរុញ​ចិត្ត​យើង​ដែរ។ ជា​ឧទាហរណ៍ ប្អូន​ប្រហែល​ជា​ត្រូវ​ប្រឡង​នៅ​សប្ដាហ៍​ក្រោយ។ កា​រ​បារម្ភ​ខ្លាច​ធ្លាក់​ជំរុញ​ចិត្ត​ប្អូន​ឲ្យ​ខំ​រៀន​នៅ​សប្តាហ៍​នេះ ហើយ​កា​រ​បារម្ភ​នោះ​ប្រហែល​ជា​ជួយ​ប្អូន​ឲ្យ​ទទួល​ចំណាត់​ថ្នាក់​ល្អ​ជាង!

 ការ​ខ្វល់​ចិត្ត​ក៏​អាច​ជួយ​ព្រមាន​ប្អូន​ពី​គ្រោះ​ថ្នាក់​ដែរ។ យុវតី​ម្នាក់​ឈ្មោះ​សឺរីណឺ បាន​រៀប​រាប់​ថា​៖​«​យើង​ប្រហែល​ជា​ខ្វល់​ចិត្ត​ដោយ​សារ​យើង​ដឹង​ថា​យើង​កំពុង​ធ្វើ​អ្វី​មួយ​ខុស ហើយ​ការ​ខ្វល់​នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​កែ​ប្រែ ព្រោះ​យើង​ចង់​ឲ្យ​ចិត្ត​របស់​យើង​ស្ងប់​»។—សូម​ពិនិត្យ​បន្ថែម យ៉ាកុប ៥:១៤

 សូម​ចាំ​ថា​៖ ការ​ខ្វល់​ចិត្ត​អាច​មាន​ប្រយោជន៍​ដល់​ប្អូន លុះ​ត្រា​តែ​វា​ជំរុញ​ចិត្ត​ប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

 ប៉ុន្តែ ចុះ​បើ​ប្អូន​ខ្វល់​ចិត្ត​ពេក​រហូត​ដល់​ធ្វើ​ឲ្យ​ប្អូន​មាន​គំនិត​មិន​ត្រឹម​ត្រូវ?

ការ​ខ្វល់​ចិត្ត​អាច​ធ្វើ​ឲ្យ​ប្អូន​មាន​អារម្មណ៍​ដូច​ជា​កំពុង​វង្វេង​នៅ​ក្នុង​ទី​ខ្វាត់​ខ្វែង តែ​បុគ្គល​ម្នាក់​ដែល​មាន​ទស្សនៈ​ផ្សេង​ពី​ប្អូន អាច​ជួយ​ប្អូន​ឲ្យ​រក​ឃើញ​ផ្លូវ​ចេញ

 ឧទាហរណ៍​៖ ប្អូន​រីឆឺដ​ដែល​មាន​អាយុ​១៩​ឆ្នាំ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ចាប់​ផ្ដើម​ខ្វល់​ចិត្ត ពេល​គិត​ថា​អាច​មាន​រឿង​បែប​នេះ​ឬ​បែប​នោះ​កើត​ឡើង។ ខ្ញុំ​គិត​រឿង​នោះ​ចុះ​ឡើង​ៗ​រហូត​ដល់​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វល់​ចិត្ត​យ៉ាង​ខ្លាំង​»។

 គម្ពីរ​ចែង​ថា​៖​«​ចិត្ត​ស្ងប់​នាំ​ឲ្យ​មាន​សុខភាព​ល្អ​»។ (​សុភាសិត ១៤:៣០​) ផ្ទុយ​ទៅ​វិញ ការ​ខ្វល់​ចិត្ត​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​ជា​ច្រើន ដូច​ជា​ឈឺ​ក្បាល វិល​មុខ ឈឺ​ក្រពះ និង​បេះ​ដូង​លោត​ញាប់​ជា​ដើម។

 តើ​ប្អូន​អាច​ធ្វើ​យ៉ាង​ណា​បើ​ការ​ខ្វល់​ចិត្ត​នោះ​ធ្វើ​ទុក្ខ​ដល់​ប្អូន​មិន​មែន​ជំរុញ​ចិត្ត​ប្អូន?

 អ្វី​ដែល​ប្អូន​អាច​ធ្វើ

  •   វិភាគ​មើល​ថា​ប្អូន​ខ្វល់​ចិត្ត​បែប​ណា។ ប្អូន​កេតរ៉ឹន​បាន​រៀប​រាប់​ថា​៖​«​កា​រ​បារម្ភ​អំពី​ភារកិច្ច​របស់​ខ្លួន​គឺ​ជា​រឿង​មួយ តែ​បើ​ខ្វល់​ហួស​ហេតុ​ពេក​គឺ​ជា​រឿង​មួយ​ទៀត។ នេះ​រំលឹក​ខ្ញុំ​អំពី​ពាក្យ​មួយ​ឃ្លា​ថា‹ការ​ខ្វល់​ចិត្ត​គឺ​ប្រៀប​ដូច​ជា​ការ​អង្គុយ​លើ​កៅអី​យោល។ ទោះ​ជា​អ្នក​យោល​ខ្លួន​យ៉ាង​ណា​ក៏​ដោយ ក៏​វា​មិន​ទៅ​ណា​ដែរ​»។

     គម្ពីរ​ចែង​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ខ្វល់​ខ្វាយ តើ​អ្នក​អាច​ធ្វើ​ឲ្យ​អាយុ​ជីវិត​របស់​ខ្លួន​វែង​ជាង សូម្បី​តែ​បន្តិច​បាន​ទេ?​»។—ម៉ាថាយ ៦:២៧

     អត្ថន័យ​៖ បើ​ការ​ខ្វល់​ចិត្ត​ជួយ​ឲ្យ​រក​ឃើញ​ដំណោះ​ស្រាយ នោះ​មិន​អី​ទេ តែ​បើ​វា​ក្លាយ​ជា​បញ្ហា​ឬ​បន្ថែម​បញ្ហា​ទៅ​វិញ កុំ​ខ្វល់​ល្អ​ជាង។

  •   គិត​ម្ង៉ៃ​ៗ។ ប្អូន​អានថូនី​បាន​រៀប​រាប់​ថា​៖​«​សូម​គិត​អំពី​រឿង​នោះ​ឡើង​វិញ។ តើ​អ្វី​ដែល​ខ្ញុំ​ខ្វល់​ទាក់​ទង​ដល់​ថ្ងៃ​ស្អែក មួយ​ខែ​ក្រោយ មួយ​ឆ្នាំ​ក្រោយ ឬ​ប្រាំ​ឆ្នាំ​ក្រោយ​ទេ?​»។

     គម្ពីរ​ចែង​ថា​៖ ​«​កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ ទុក្ខ​លំបាក​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ​»។—ម៉ាថាយ ៦:៣៤

     អត្ថន័យ​៖ គឺ​សម​ហេតុ​សម​ផល​ដែល​យើង​មិន​គួរ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក ព្រោះ​បញ្ហា​ខ្លះ​ប្រហែល​ជា​មិន​ទាំង​បាន​កើត​ឡើង​ផង។

  •   ទទួល​យក​អ្វី​ដែល​ប្អូន​មិន​អាច​កែ​ប្រែ។ ប្អូន​រ៉ូបឺត​បាន​រៀប​រាប់​ថា​៖​«​វិធី​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន គឺ​ត្រៀម​ខ្លួន​ចំពោះ​បញ្ហា​ដែល​អាច​កើត​ឡើង តែ​សូម​ទទួល​ស្គាល់​ការ​ពិត​ដែល​ថា​មាន​ស្ថានភាព​ខ្លះ​យើង​មិន​អាច​គ្រប់​គ្រង​បាន​ទេ​»។

     គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ដែល​រត់​លឿន​មិន​តែង​តែ​ឈ្នះ​ក្នុង​ការ​ប្រណាំង​ទេ . . . ចំណែក​អស់​អ្នក​ដែល​មាន​ចំណេះ​ក៏​មិន​បាន​ជោគ​ជ័យ​គ្រប់​ពេល​ដែរ ពីព្រោះ​មនុស្ស​ទាំង​អស់​អាច​ជួប​ហេតុ​ការណ៍​ដែល​មិន​បាន​រំពឹង​ទុក នៅ​ពេល​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់​»។—អ្នក​ទូន្មាន ៩:១១

     អត្ថន័យ​៖ ជួន​កាល ប្អូន​មិន​អាច​កែ​ប្រែ​ស្ថានភាព​របស់​ប្អូន​បាន​ទេ តែ​ប្អូន​អាច​កែ​ប្រែ​ទស្សនៈ​របស់​ប្អូន​ចំពោះ​រឿង​នោះ។

  •   កុំ​មើល​ស្ថានភាព​របស់​ប្អូន​តែ​មួយ​ជ្រុង។ ប្អូន​អាឡិច​សឺស​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ព្យាយាម​យល់​ស្ថានភាព​ទាំង​មូល ហើយ​មិន​ខ្វល់​ហួស​ហេតុ​ពេក​អំពី​រឿង​ដែល​មិន​សូវ​សំខាន់។ ខ្ញុំ​ត្រូវ​បែង​ចែក​ថា​មួយ​ណា​សំខាន់​ជាង ហើយ​ចំ​ណាយ​កម្លាំង​ទៅ​លើ​នោះ​វិញ​»។

     គម្ពីរ​ចែង​ថា​៖ ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភីលីព ១:១០

     អត្ថន័យ​៖ មនុស្ស​ដែល​ចូល​ចិត្ត​មើល​ស្ថានភាព​របស់​ខ្លួន​តែ​មួយ​ជ្រុង ទំនង​ជា​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​ចំពោះ​រឿង​នោះ។

  •   និយាយ​ជា​មួយ​អ្នក​ណា​ម្នាក់។ ប្អូន​ម៉ារីលីន​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​រៀន​ថ្នាក់​ទី​៦ ខ្ញុំ​តែង​ខ្វល់​ចិត្ត​រហូត ព្រោះ​រាល់​ដង​ដែល​ខ្ញុំ​ចេញ​ពី​សាលា ខ្ញុំ​បារម្ភ​ថា​ស្អែក​ខ្ញុំ​នឹង​ជួប​រឿង​អ្វី​ទៅ។ ប៉ុន្តែ ពេល​ខ្ញុំ​ប្រាប់​អារម្មណ៍​ខ្ញុំ​ដល់​ឪពុក​ម្ដាយ ពួក​គាត់​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ចិត្ត​ណាស់។ ខ្ញុំ​អាច​ទុក​ចិត្ត​ពួក​គាត់ ហើយ​អាច​ប្រាប់​ពួក​គាត់​អស់​ពី​ចិត្ត។ នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ហ៊ាន​ប្រឈម​មុខ​នឹង​ថ្ងៃ​បន្ទាប់​មិន​ថា​មាន​រឿង​អ្វី​ក៏​ដោយ​»។

     គម្ពីរ​ចែង​ថា​៖ ​«​ការ​ព្រួយ​បារម្ភ​នាំ​ឲ្យ​កម្លាំង​ចិត្ត​ចុះ​ខ្សោយ តែ​ពាក្យ​សម្ដី​ល្អ​មួយ​ម៉ាត់​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។—សុភាសិត ១២:២៥

     អត្ថន័យ​៖ ឪពុក​ម្ដាយ​ឬ​មិត្ត​ភក្តិ​ប្រហែល​អាច​ឲ្យ​យោបល់​ល្អ​ៗ​ដើម្បី​ជួយ​ប្អូន​កុំ​ឲ្យ​ខ្វល់​ចិត្ត​ហួស​ហេតុ​ពេក។

  •   អធិដ្ឋាន។ ប្អូន​ឡរ៉ា​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​អធិដ្ឋាន​ដោយ​សំឡេង​ឮ​ៗ ខ្ញុំ​អាច​ឮ​សំឡេង​ខ្លួន​ឯង នោះ​ពិត​ជា​ជួយ​ខ្ញុំ​ច្រើន​ណាស់ ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្លួន​កំពុង​ខ្វល់​ចិត្ត​អំពី​រឿង​អ្វី​ខ្លះ។ ហើយ​នោះ​ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ធំ​ជាង​កង្វល់​កង្វាយ​របស់​ខ្ញុំ​»។

     គម្ពីរ​ចែង​ថា​៖ ​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។—ពេត្រុស​ទី​១ ៥:៧

     អត្ថន័យ​៖ ការ​អធិដ្ឋាន​មិន​មែន​ជា​វិធី​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ទេ។ ប៉ុន្តែ នេះ​គឺ​ជា​ការ​សន្ទនា​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​បាន​សន្យា​ថា​៖​«​កុំ​បារម្ភ​ឡើយ ព្រោះ​ខ្ញុំ​ជា​ព្រះ​របស់​អ្នក។ ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​អ្នក ខ្ញុំ​នឹង​ជួយ​អ្នក​»។—អេសាយ ៤១:១០