ខ្មែរ
របៀប​មាន​តុល្យភាព​ក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក
https://cms-imgp.jw-cdn.org/img/p/502019355/univ/art/502019355_univ_sqr_xl.jpg
ijwhf អត្ថបទទី ១០

ជំនួយ​សម្រាប់​ក្រុម​គ្រួសារ | អាពាហ៍ពិពាហ៍

របៀប​មាន​តុល្យភាព​ក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក

របៀប​មាន​តុល្យភាព​ក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក

 ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​អាច​ជួយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​ផង ហើយ​ក៏​អាច​បង្ខូច​អាពាហ៍ពិពាហ៍​ផង​ដែរ។ តើ​គ្រឿង​អេឡិចត្រូនិក​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក?

 អ្វី​ដែល​អ្នក​គួរ​ដឹង

  •   ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​ដោយ​ឈ្លាស​វៃ អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍។ ជា​ឧទាហរណ៍ ប្ដី​ប្រពន្ធ​ខ្លះ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដើម្បី​ទាក់​ទង​គ្នា​ពេល​ដែល​ពួក​គេ​នៅ​ឆ្ងាយ​ពី​គ្នា។

     ចនណាថិន​បាន​រៀប​រាប់​ថា​៖​«​ការ​ផ្ញើ​សារ​ដល់​គូ ដូច​ជា‹បង​ស្រឡាញ់​អូន› ឬ‹បង​កំពុង​នឹក​ដល់​អូន› គឺ​មាន​ន័យ​ខ្លាំង​ណាស់​»។

  •   ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​ដោយ​មិន​ឈ្លាស​វៃ អាច​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ច្រើន​ពេក រហូត​ដល់​គ្មាន​ពេល​វេលា​ជា​មួយ​គូ​និង​មិន​អាច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គូ​របស់​ខ្លួន។

     ជូលីសឺ​បាន​រៀប​រាប់​ថា​៖​«​តាម​ពិត​ប្ដី​ខ្ញុំ​ចង់​និយាយ​ច្រើន​ជាង​ជា​មួយ​ខ្ញុំ បើ​គាត់​ឃើញ​ខ្ញុំ​មិន​រវល់​ចុច​ទូរសព្ទ​»។

  •   អ្នក​ខ្លះ​និយាយ​ថា​ពួក​គេ​អាច​ចុច​ទូរសព្ទ​បណ្ដើរ និង​និយាយ​លេង​ជា​មួយ​គូ​បណ្ដើរ។ យោង​ទៅ​តាម​សម្ដី​របស់​បណ្ឌិត​ខាង​ផ្នែក​សង្គម​ម្នាក់ គឺ​លោក​ស្រី​ហ្សេរី ថឺខឺល បាន​រៀប​រាប់​ថា​៖​«​គឺ​មិន​អាច​ទៅ​រួច​ឡើយ​ដែល​បុគ្គល​ម្នាក់​អាច​សម្រេច​កិច្ច​ការ​ពីរ​ក្នុង​ពេល​តែ​មួយ​»។ សូម្បី​តែ​អ្នក​ខ្លះ​ដែល​គិត​ថា​អាច​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​ពេល​តែ​មួយ​ក្ដី តាម​ពិត​គឺ​មិន​អាច​ធ្វើ​ទាំង​អស់​បាន​ល្អ​ឡើយ។ លោក​ស្រី​ហ្សេរី​បាន​និយាយ​ថា​៖​«​បើ​យើង​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​ៗ​ក្នុង​ពេល​តែ​មួយ លទ្ធផល​ចេញ​មក​គឺ​មិន​បាន​ល្អ​ទាំង​អស់​ទេ​»។ a

     សារ៉ា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​សប្បាយ​និយាយ​លេង​ជា​មួយ​ប្ដី​របស់​ខ្ញុំ។ តែ​ពេល​គាត់​រវល់​ចុច​ទូរសព្ទ​បណ្ដើរ​និយាយ​ជា​មួយ​ខ្ញុំ​បណ្ដើរ ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​គាត់​មិន​សូវ​សប្បាយ​និយាយ​ជា​មួយ​ខ្ញុំ​ទេ​»។

 សរុប​សេចក្ដី​៖ របៀប​ដែល​អ្នក​ប្រើ​គ្រឿង​អេឡិចត្រូនិក​អាច​ធ្វើ​ឲ្យ​អ្នក​ស្និទ្ធ​ស្នាល​ជា​មួយ​គូ ឬ​អាច​ធ្វើ​ឲ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ពី​គូ។

 អ្វី​ដែល​អ្នក​អាច​ធ្វើ

 កំណត់​ថា​អ្វី​សំខាន់​ជាង។ គម្ពីរ​ចែង​ថា​៖​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (​ភីលីព ១:១០​) សូម​សួរ​ខ្លួន​ថា‹តើ​ខ្ញុំ​និង​គូ​ខ្ញុំ​ចំណាយ​ពេល​ច្រើន​ប៉ុណ្ណា​ទៅ​លើ​គ្រឿង​អេឡិចត្រូនិក ហើយ​ចំណាយ​ពេល​ច្រើន​ប៉ុណ្ណា​ជា​មួយ​គ្នា?›។

 ម៉ាធីយូ​បាន​រៀប​រាប់​ថា​៖​«​គួរ​ស្ដាយ​ណាស់ ពេល​ឃើញ​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​ពិសា​អាហារ​ជា​មួយ​គ្នា​នៅ​ភោជនីយដ្ឋាន តែ​ម្នាក់​ៗ​រវល់​តែ​ចុច​ទូរសព្ទ​របស់​ខ្លួន។ យើង​មិន​ចង់​ឲ្យ​គ្រឿង​អេឡិចត្រូនិក​កាន់​កាប់​លើ​ជីវិត​យើង​ទេ ហើយ​ក៏​មិន​ចង់​ភ្លេច​អ្វី​ដែល​សំខាន់​ជាង​ដែរ គឺ​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា​»។

 ដាក់​កម្រិត។ គម្ពីរ​ចែង​ថា​៖​«​ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន កុំ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​មាន​ប្រាជ្ញា​វិញ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»។ (​អេភេសូរ ៥:១៥, ១៦​) សូម​សួរ​ខ្លួន​ថា‹តើ​ខ្ញុំ​អាច​កំណត់​ពេល​មួយ​ទុក​អាន​និង​តប​សារ​ដែល​មិន​សូវ​ប្រញាប់​បាន​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​រវល់​តែ​តប​សារ​ទៅ​វិញ​រាល់​ពេល​ដែល​វា​លេច​មក?›។

 ចនណាថិន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ឃើញ​ថា​ការ​បិទ​សំឡេង​ទូរសព្ទ​និង​ការ​តប​សារ​នៅ​ពេល​មិន​សូវ​រវល់ គឺ​ជួយ​ខ្ញុំ​ច្រើន​ជាង។ ការ​ពិត កម្រ​មាន​ការ​ហៅ​ចូល ការ​ផ្ញើ​សារ ឬ​អ៊ីម៉ែល​ណា​ដែល​ត្រូវ​មើល​ឬ​ផ្ញើ​ទៅ​វិញ​ភ្លាម​ៗ​ណាស់​»។

 បើ​អាច​ធ្វើ​បាន​ទុក​ការ​ងារ​មួយ​ឡែក​សិន។ គម្ពីរ​ចែង​ថា​៖​«​មាន​ពេល​កំណត់​សម្រាប់​អ្វី​ៗ​ទាំង​អស់​»។ (​អ្នក​ទូន្មាន ៣:១​) សូម​សួរ​ខ្លួន​ថា‹តើ​ខ្ញុំ​ឲ្យ​ការ​ងារ​រំខាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍​ខ្ញុំ ដោយ​នៅ​តែ​ធ្វើ​ការ​តាម​ទូរសព្ទ​ពេល​ខ្ញុំ​សម្រាក​នៅ​ផ្ទះ​ជា​មួយ​គូ​ឬ​ទេ? បើមែន តើវាប៉ះពាល់យ៉ាងណាទៅលើអាពាហ៍ពិពាហ៍របស់ខ្ញុំ? តើគូខ្ញុំនឹងឆ្លើយយ៉ាងណាចំពោះសំណួរនេះ?›។

 ម៉ាធីយូ​បាន​រៀប​រាប់​ថា​៖​«​ដោយ​សារ​មាន​គ្រឿង​អេឡិចត្រូនិក នោះ​ស្រួល​ឲ្យ​យើង​ធ្វើ​ការ​នៅ​ពេល​ណា​និង​កន្លែង​ណា​ក៏​បាន។ ប៉ុន្តែ ខ្ញុំ​ត្រូវ​ដាក់​កម្រិត​ខ្លួន​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ​តាម​ទូរសព្ទ ពេល​ខ្ញុំ​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្ញុំ​»។

 ពិភាក្សា​ជា​មួយ​គូ​អំពី​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក។ គម្ពីរ​ចែង​ថា​៖​«​ចូរ​ឲ្យ​គ្រប់​គ្នា​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត​»។ (​កូរិនថូស​ទី​១ ១០:២៤​) សូម​និយាយ​ជា​មួយ​គូ​អំពី​របៀប​ដែល​អ្នក​ទាំង​ពីរ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក ហើយ​មើល​ថា​អ្នក​ទាំង​ពីរ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កែ​ប្រែ​ទម្លាប់​ដែល​ខ្លួន​មាន​ពី​មុន។ អ្នក​អាច​ប្រើ​យោបល់​ដែល​មាន​ក្នុង​សំណួរ​ផ្សេង​ៗ​ដែល​គួរ​ពិចារណា​ក្នុង​អត្ថបទ​នេះ។

 ដាញែល​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​និង​ប្ដី​ខ្ញុំ​បាន​និយាយ​ចំ​ៗ​ប្រាប់​គ្នា​ដោយ​ឥត​លាក់​លៀម​អំពី​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក ដើម្បី​ដឹង​ថា​យើង​ប្រើ​វា​ច្រើន​ពេក​ឬ​យ៉ាង​ណា។ ក្រោយ​ពី​ពិចារណា​ឃើញ​ថា​យើង​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​វា យើង​បាន​សម្រេច​ចិត្ត​កែ​ប្រែ​ទម្លាប់​នោះ​»។

 សរុប​សេចក្ដី​៖ សូម​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គ្រឿង​អេឡិចត្រូនិក​កាន់​កាប់​លើ​ជីវិត​អ្នក តែ​អ្នក​ត្រូវ​កាន់​កាប់​ទៅ​លើ​វា​វិញ។

a ពី​សៀវភៅ​Reclaiming Conversation—The Power of Talk in a Digital Age។