ព្រះចេះឈឺចិត្ដ តើយើងអាចធ្វើឲ្យព្រះរីករាយយ៉ាងដូចម្ដេច?

ព្រះចេះឈឺចិត្ដ តើយើងអាចធ្វើឲ្យព្រះរីករាយយ៉ាងដូចម្ដេច?

ចូរ​បង្រៀន​កូន​របស់​អ្នក

ព្រះ​ចេះ​ឈឺ​ចិត្ត តើ​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​រីករាយ​យ៉ាង​ដូច​ម្ដេច?

តើ​កូន​ធ្លាប់​ឈឺ​ខ្លាំង​រហូត​ដល់​យំ​ទេ? * យើង​ទាំង​អស់​គ្នា​ពិត​ជា​ធ្លាប់​មែន។ ជួនកាល យើង​យំ​ដោយ​សារ​យើង​ពិបាក​ចិត្ត ឬ​ក៏​ដោយ​សារ​អ្នក​ណា​ម្នាក់​និយាយ​មិន​ល្អ​អំពី​យើង​ដែល​ជា​រឿង​មិន​ពិត។ រឿង​ដូច​នោះ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត មែន​ទេ?ព្រះ​ក៏​ចេះ​ឈឺ​ចិត្ត​ដែរ ពេល​ដែល​គេ​និយាយ​កុហក​អំពី​លោក។ សូម​យើង​គិត​អំពី​រឿង​នេះ និង​ពិនិត្យ​មើល​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​រីករាយ មិន​មែន​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត​ទេ។

គម្ពីរ​រៀប​រាប់​ថា​មនុស្ស​ខ្លះ​ដែល​ប្រាប់​ថា​ពួក​គេ​ស្រឡាញ់​ព្រះ តែ​ពួក​គេ​បាន​ធ្វើ​ឲ្យ‹លោក​ព្រួយ​ចិត្ត›វិញ។ ត្រូវ​ហើយ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​ឈឺ​ចិត្ត​មែន! សូម​ឲ្យ​យើង​ពិនិត្យ​មើល​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត ពេល​យើង​មិន​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់។

មនុស្ស​ពីរ​នាក់​ដំបូង​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ឲ្យ​រស់​នៅ​ផែនដី​បាន​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ ព្រះ​បាន​ដាក់​ពីរ​នាក់​នោះ​ឲ្យ​រស់​នៅ​ក្នុង​សួន​ឧទ្យាន​មួយ​នៅ​ផែនដី ហៅ​ថា​«​សួន​ច្បារ​អេដែន​»។ តើ​មនុស្ស​ពីរ​នាក់​នោះ​ជា​អ្នក​ណា?មែន​ហើយ មុន​ដំបូង​អាដាម ក្រោយ​មក​អេវ៉ា។ សូម​ឲ្យ​យើង​ពិនិត្យ​មើល តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​ឈឺ​ចិត្ត?

បន្ទាប់​ពី​ព្រះ​យេហូវ៉ា​បាន​ដាក់​ពួក​គេ​ឲ្យ​រស់​នៅ​ក្នុង​សួន​ច្បារ​ហើយ លោក​បាន​ប្រាប់​ពួក​គេ​ឲ្យ​ថែ​រក្សា​សួន​ច្បារ​នោះ។ លោក​ក៏​ប្រាប់​ពួក​គេ​ដែរ​ថា ពួក​គេ​អាច​មាន​កូន ហើយ​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​សួន​ច្បារ​នោះ​ដោយ​មិន​ស្លាប់។ ប៉ុន្តែ​មុន​ដែល​អាដាម​និង​អេវ៉ា​មាន​កូន មាន​រឿង​ដ៏​អាក្រក់​មួយ​បាន​កើត​ឡើង។ តើ​កូន​ដឹង​រឿង​នោះ​ទេ?ទេវតា​មួយ​រូប​បាន​ជំរុញ​ឲ្យ​អេវ៉ា​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក​អាដាម​ក៏​ចូល​រួម​ដែរ។ សូម​មើល​របៀប​ដែល​រឿង​នេះ​បាន​កើត​ឡើង។

ទេវតា​នោះ​បាន​ធ្វើ​ឲ្យ​សត្វ​ពស់​មើល​ទៅ​ហាក់​ដូច​ជា​ចេះ​និយាយ។ អេវ៉ា​ចូល​ចិត្ត​អ្វី​ដែល​សត្វ​ពស់​នោះ​បាន​ប្រាប់​នាង វា​ប្រាប់​ថា​នាង​នឹង​បាន​«​ដូច​ជា​ព្រះ​»​ដែរ។ ដូច្នេះ នាង​បាន​ធ្វើ​តាម​អ្វី​ដែល​សត្វ​ពស់​បាន​ប្រាប់។ តើ​កូន​ដឹង​ថា​នាង​បាន​ធ្វើ​អ្វី​ទេ?

អេវ៉ា​បាន​ញ៉ាំ​ផ្លែ​ពី​ដើម​ឈើ​ដែល​ព្រះ​បាន​ប្រាប់​អាដាម​ថា ពួក​គេ​មិន​ត្រូវ​ញ៉ាំ​ផ្លែ​នោះ​ឡើយ។ មុន​ដែល​ព្រះ​បាន​បង្កើត​អេវ៉ា លោក​បាន​ប្រាប់​អាដាម​ថា​៖ ​«​ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។

អេវ៉ា​បាន​ដឹង​អំពី​ច្បាប់​នោះ។ ក៏​ប៉ុន្តែ នាង​នៅ​តែ​បន្ត​សម្លឹង​មើល​ទៅ​ផ្លែ​ឈើ​នោះ រួច​នាង​ឃើញ​ថា​ផ្លែ​ឈើ​នោះ​«​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក . . . នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ​»។ ក្រោយ​មក​នាង​ក៏​បាន​ចែក​ផ្លែ​ឈើ​នោះ​ឲ្យ​ដល់​អាដាម ហើយ​«​គាត់​ក៏​បរិភោគ​តាម​»​ដែរ។ តើ​កូន​គិត​ថា មូលហេតុ​អ្វី​អាដាម​ធ្វើ​ដូច្នោះ?— នោះ​គឺ​ដោយ​សារ​អាដាម​បាន​ស្រឡាញ់​អេវ៉ា​ខ្លាំង​ជាង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ គាត់​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អេវ៉ា​ពេញ​ចិត្ត មិន​មែន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ទេ។ ប៉ុន្តែ ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង​ការ​ស្ដាប់​បង្គាប់​អ្នក​ណា​ទាំង​អស់!

តើ​កូន​ចាំ​សត្វ​ពស់​ដែល​បាន​និយាយ​ជា​មួយ​អេវ៉ា​ទេ? ដូច​មនុស្ស​ម្នាក់​ដែល​អាច​ធ្វើ​ឲ្យ​តុក្កតា​មើល​ទៅ​ដូច​ជា​កំពុង​និយាយ នោះ​បុគ្គល​ម្នាក់​ក៏​បាន​ធ្វើ​ឲ្យ​សត្វ​ពស់​មើល​ទៅ​ហាក់​ដូច​ជា​ចេះ​និយាយ​ដែរ។ តើ​សំឡេង​ដែល​ចេញ​ពី​សត្វ​ពស់​នោះ​ជា​សំឡេង​របស់​អ្នក​ណា?— គឺ​ជា​សំឡេង​របស់​«​ពស់​ដំបូង​បង្អស់ ជា​អ្នក​ដែល​ត្រូវ​ហៅ​ថា​មេកំណាច​និង​សាថាន​»។

តើ​កូន​ដឹង​នូវ​របៀប​ដែល​កូន​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ​ទេ?— កូន​អាច​ធ្វើ​ឲ្យ​លោក​រីករាយ​បាន ដោយ​ស្ដាប់​បង្គាប់​លោក​ជា​និច្ច។ សាថាន​និយាយ​ថា វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ធ្វើ​តាម​វា​បាន។ ហេតុ​នេះ​ហើយ ព្រះ​យេហូវ៉ា​ដាស់​តឿន​យើង​ថា​៖ ​«​កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល​តិះ​ដល់​អញ​»។ ប៉ុន្តែ សាថាន​បាន​ដៀល​តិះ​ឬ​ចំអក​ឲ្យ​ព្រះ​យេហូវ៉ា ដោយ​ប្រាប់​ថា​វា​អាច​នាំ​មនុស្ស​ទាំង​អស់​ឲ្យ​បែរ​ចេញ​ពី​ការ​បម្រើ​លោក។ ដូច្នេះ សូម​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ ដោយ​ស្ដាប់​បង្គាប់​និង​បម្រើ​លោក! តើ​កូន​នឹង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ​ទេ?

សូម​អាន​ពី​គម្ពីរ​របស់​អ្នក

ទំនុកតម្កើង ៧៨:៤០

លោកុប្បត្តិ ១:២៦​-​២៨; ២:១៥​-​១៧; ៣:១​-​៦

ការ​បើក​បង្ហាញ ១២:៩; សុភាសិត ២៧:១១

[​កំណត់​សម្គាល់​]

^ វគ្គ 3 បើ​អ្នក​អាន​ជា​មួយ​កូន​តូច ហើយ​ឃើញ​ថា​មាន​អូស​បន្ទាត់ នេះ​ជួយ​រំលឹក​អ្នក​ឲ្យ​ផ្អាក និង​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ឆ្លើយ។

[រូបភាព​នៅ​ទំព័រ​១៤]

[រូបភាព​នៅ​ទំព័រ​១៥]