ខ្មែរ
ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ
https://cms-imgp.jw-cdn.org/img/p/102016205/univ/art/102016205_univ_sqr_xl.jpg
g16 លេខ ៦

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ

ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ

ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ

នៅ​សម័យ​បុរាណ ក្រុង​ជា​ច្រើន​មាន​កំពែង​ការពារ​ព័ទ្ធ​ជុំ​វិញ។ បើ​សត្រូវ​វាយ​ទម្លុះ​កំពែង​ណា​មួយ​តែ​បន្តិច នោះ​ក្រុង​ទាំង​មូល​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់។ រូប​កាយ​របស់​អ្នក​ក៏​ស្រដៀង​នឹង​ក្រុង​ដែល​មាន​កំពែង​ការពារ​ដែរ។ បើ​អ្នក​ឆ្លង​មេ​រោគ​តែ​បន្តិច នោះ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក។ តើ​តាម​របៀប​ណា​អ្នក​អាច​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ? សូម​ពិចារណា​កត្តា​ប្រាំ​យ៉ាង​ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ឆ្លង​ជំងឺ ហើយ​ស្វែង​យល់​អំពី​វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង។

១ ទឹក

គ្រោះ​ថ្នាក់​៖ មេ​រោគ​អាច​វាយ​លុក​ចូល​រូប​កាយ​របស់​យើង​បាន​យ៉ាង​ងាយ​តាម​រយៈ​ទឹក​មិន​ស្អាត។

វិធី​បង្ការ​៖ វិធី​ល្អ​បំផុត​គឺ​រក្សា​ការពារ​ទឹក​កុំ​ឲ្យ​ឆ្លង​មេ​រោគ។ បើ​អ្នក​ដឹង​ថា​ទឹក​ដែល​អ្នក​ប្រើ​ប្រាស់​មាន​មេ​រោគ​ឬ​អ្នក​សង្ស័យ​ថា​មាន​មេ​រោគ អ្នក​ត្រូវ​ចាត់​វិធានការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទឹក​នោះ​មាន​សុវត្ថិភាព។ a សូម​រក្សា​ទឹក​នៅ​ក្នុង​ធុង​ឬ​ឧបករណ៍​ស្ដុក​ទឹក​ដែល​ស្អាត​និង​បិទ​ជិត ហើយ​បើ​ឧបករណ៍​នោះ​មាន​រ៉ូមីនេ សូម​សម្អាត​រ៉ូមីនេ​នោះ​ដែរ។ ប៉ុន្តែ បើ​គ្មាន​រ៉ូមីនេ​ទេ សូម​ប្រើ​បោយ​ដង​ទឹក​ដែល​ស្អាត​និង​មាន​អនាម័យ។ សូម​កុំ​លូក​ដៃ​ចូល​ក្នុង​ទឹក​ស្អាត​ឡើយ។ បើ​អាច​ធ្វើ​បាន សូម​រស់​នៅ​តំបន់​ដែល​មាន​បង្គន់​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​មេ​រោគ​ឆ្លង​ចូល​ប្រភព​ទឹក។

២ អាហារ

គ្រោះ​ថ្នាក់​៖ មេ​រោគ​អាច​មាន​នៅ​ក្នុង​អាហារ​ឬ​លើ​អាហារ​របស់​អ្នក។

វិធី​បង្ការ​៖ អាហារ​ខ្លះ​ប្រហែល​ជា​មើល​ទៅ​ស្រស់​និង​មាន​ជីវជាតិ តែ​តាម​ពិត​មាន​មេ​រោគ។ ដូច្នេះ សូម​មាន​ទម្លាប់​លាង​សម្អាត​បន្លែ​ផ្លែ​ឈើ​ទាំង​អស់​ដែល​អ្នក​បាន​ទិញ​ពី​ផ្សារ។ សូម​ប្រាកដ​ថា​សម្ភារៈ​ចម្អិន​ម្ហូប​និង​ផ្ទះ​បាយ​របស់​អ្នក​ស្អាត​បាត​និង​មាន​អនាម័យ។ មុន​អ្នក​ចម្អិន​ឬ​លើក​អាហារ សូម​ប្រាកដ​ថា​ដៃ​អ្នក​បាន​លាង​សម្អាត​ហើយ។ សូម​ចាំ​ថា​ម្ហូប​អាហារ​ខ្លះ​ត្រូវ​ចម្អិន​ក្នុង​សីតុណ្ហភាព​កំណត់​មួយ​ដើម្បី​សម្លាប់​មេ​រោគ។ សូម​ប្រយ័ត្ន​អាហារ​ណា​ដែល​ឡើង​ពណ៌ មាន​ក្លិន​មិន​ល្អ ឬ​មាន​រស​ជាតិ​ប្លែក។ ព្រោះ​នោះ​ជា​សញ្ញា​ដែល​បញ្ជាក់​ថា​អាហារ​នោះ​មាន​មេ​រោគ។ ក្រោយ​ពី​បរិភោគ បើ​មាន​អាហារ​នៅ​សល់ សូម​ទុក​ក្នុង​ទូ​ទឹក​កក​ឲ្យ​បាន​ឆាប់​បំផុត។ បើ​អ្នក​កំពុង​ឈឺ សូម​កុំ​ចម្អិន​អាហារ​ឲ្យ​អ្នក​ឯ​ទៀត​ឡើយ។ b

៣ សត្វ​ល្អិត

គ្រោះ​ថ្នាក់​៖ សត្វ​ល្អិត​ខ្លះ​អាច​ចម្លង​មេ​រោគ​ដែល​មាន​ក្នុង​ខ្លួន​វា​ដល់​អ្នក។

វិធី​បង្ការ​៖ បើ​នៅ​រដូវ​សម្បូរ​សត្វ​ល្អិត​ចម្លង​មេ​រោគ សូម​នៅ​ក្នុង​ផ្ទះ។ ប៉ុន្តែ បើ​ត្រូវ​ចេញ​ក្រៅ សូម​ពាក់​ខោ​អាវ​ជិត​ៗ ដូច​ជា​អាវ​ដៃ​វែង​ខោ​ជើង​វែង​ជា​ដើម ដើម្បី​ការពារ​កុំ​ឲ្យ​សត្វ​ល្អិត​ទាំង​នោះ​ខាំ។ សូម​គេង​ក្នុង​មុង​ឬ​លាប​ថ្នាំ​ការពារ​កុំ​ឲ្យ​សត្វ​ល្អិត​ចូល​ជិត។ សូម​បំផ្លាញ​ចោល​អ្វី​ដែល​ដក់​ទឹក ដើម្បី​បំបាត់​ជម្រក​មូស និង​ការពារ​កុំ​ឲ្យ​វា​ពង។ c

៤ សត្វ​ចិញ្ចឹម

គ្រោះ​ថ្នាក់​៖ ពពួក​មីក្រុប​ដែល​រស់​នៅ​ក្នុង​ខ្លួន​សត្វ អាច​បង្ខូច​សុខភាព​របស់​អ្នក។ បើ​អ្នក​ត្រូវ​សត្វ​ចិញ្ចឹម​ខាំ​ឬ​ខ្វាច អ្នក​អាច​មាន​គ្រោះ​ថ្នាក់​បាន។ ម្យ៉ាង​ទៀត បើ​កម្អួត​ឬ​លាមក​របស់​វា ខ្ទាត​មក​ត្រូវ​អ្នក អ្នក​ក៏​អាច​មាន​គ្រោះ​ថ្នាក់​ដែរ។

វិធី​បង្ការ​៖ អ្នក​ខ្លះ​សម្រេច​ចិត្ត​មិន​ទុក​សត្វ​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ទេ​ដើម្បី​កុំ​ឲ្យ​ជិត​ស្និទ្ធ​ជា​មួយ​វា​ពេក។ សូម​លាង​ដៃ​ក្រោយ​ពី​ប៉ះ​សត្វ​ស្រុក ហើយ​សូម​ជៀស​វាង​កុំ​នៅ​ក្បែរ​សត្វ​ព្រៃ​ដែរ។ បើ​អ្នក​ត្រូវ​វា​ខាំ​ឬ​ខ្វាច សូម​លាង​របួស​ឲ្យ​បាន​ស្អាត​ល្អ ហើយ​ទៅ​ជួប​គ្រូ​ពេទ្យ។ d

៥ មនុស្ស

គ្រោះ​ថ្នាក់​៖ មេ​រោគ​ខ្លះ​អាច​វាយ​លុក​ចូល​រាង​កាយ​របស់​អ្នក ពេល​បុគ្គល​ម្នាក់​ក្អក​ឬ​កណ្ដាស់។ មេ​រោគ​នោះ​អាច​ឆ្លង​បាន​តាម​ស្បែក​ពេល​យើង​ប៉ះ​គ្នា ដូច​ជា​ពេល​ឱប​ឬ​ចាប់​ដៃ​ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មេ​រោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាម​រយៈ​ឧបករណ៍​មួយ​ចំនួន ដូច​ជា​ដៃ​ទ្វារ ទូរសព្ទ តេឡេ​បញ្ជា អេក្រង់​កុំព្យូទ័រ និង​ក្ដារ​ចុច​កុំព្យូទ័រ​ជា​ដើម។

វិធី​បង្ការ​៖ សូម​កុំ​ឲ្យ​អ្នក​ឯ​ទៀត​ប្រើ​របស់​ផ្ទាល់​ខ្លួន​របស់​អ្នក ដូច​ជា​ឡាម​កោរ​ពុក​មាត់ ច្រាស​ដុស​ធ្មេញ ឬ​កន្សែង​ជូត​ខ្លួន​ជា​ដើម។ សូម​កុំ​ប៉ះ​ធាតុ​រាវ​ដែល​ចេញ​ពី​មនុស្ស​ឬ​សត្វ រួម​មាន​ឈាម​និង​ប្រដាប់​ប្រដា​ដែល​ប្រឡាក់​ឈាម។ ការ​លាង​ដៃ​ឲ្យ​បាន​ស្អាត​និង​ញឹក​ញាប់ គឺ​មាន​ប្រយោជន៍​ខ្លាំង​ណាស់។ ការ​ធ្វើ​ដូច្នោះ​ប្រហែល​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដែល​អ្នក​អាច​បញ្ឈប់​ការ​ចម្លង​មេ​រោគ។

បើ​អាច​ធ្វើ​បាន សូម​នៅ​ផ្ទះ​ពេល​អ្នក​ឈឺ។ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង​នៅ​សហរដ្ឋ​អាម៉េរិក បាន​បញ្ជាក់​ថា​យើង​គួរ​ក្អក​ឬ​កណ្ដាស់​ដោយ​ខ្ទប់​ជា​មួយ​ក្រដាស​ឬ​ដៃ​អាវ​របស់​ខ្លួន មិន​មែន​យក​ដៃ​ផ្ទាល់​ទៅ​ខ្ទប់​ទេ។

សុភាសិត​បុរាណ​មួយ​ចែង​ថា​៖​«​មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ​មក​ក៏​ពួន​ខ្លួន​»។ (​សុភាសិត ២២:៣​) ពាក្យ​សម្ដី​នេះ​គឺ​ត្រឹម​ត្រូវ​មែន ជា​ពិសេស​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ជំងឺ​ឆ្លង! ដូច្នេះ សូម​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ដោយ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ ហើយ​សូម​ពួន​ខ្លួន​ពី​គ្រោះ​ថ្នាក់​ដោយ​រក្សា​អនាម័យ។ បើ​អ្នក​ការពារ​ខ្លួន​កាន់​តែ​ខ្លាំង នោះ​អ្នក​មិន​ងាយ​ឆ្លង​ជំងឺ​ទេ។

a អង្គការ​សុខភាព​ពិភព​លោក​លើក​ឡើង​អំពី​វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​សម្អាត​ទឹក​ដែល​យើង​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ រួម​មាន ការ​ដាក់​ខ្ល័រ​ម្យ៉ាង​ដើម្បី​សម្លាប់​មេ​រោគ ការ​ដាក់​ទឹក​ក្នុង​ដប​កែវ​ហាល​ថ្ងៃ ការ​ចម្រុះ​ទឹក និង​ការ​ដាំ​ទឹក​ជា​ដើម។

b ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​សុវត្ថិភាព​ចំណី​អាហារ សូម​មើល​ទស្សនាវដ្ដី​ភ្ញាក់​រឭក!ជា​ភាសា​អង់គ្លេស ខែ​មិថុនា ឆ្នាំ​២០១២ ទំព័រ​៣​-​៩

c ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ សូម​មើល​ទស្សនាវដ្ដី​ភ្ញាក់​រឭក!ជា​ភាសា​អង់គ្លេស ខែ​កក្កដា ឆ្នាំ​២០១៥ ទំព័រ​១៤​-​១៥

d បើ​ត្រូវ​របួស​ដោយ​សារ​សត្វ​មាន​ពិស សូម​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់។