ទស្សនាវដ្ដីប៉មយាម

៣ ជួយ​ស៊ូ​ទ្រាំ​នឹង​បញ្ហា

ខ្មែរ
៣ ជួយ​ស៊ូ​ទ្រាំ​នឹង​បញ្ហា
https://cms-imgp.jw-cdn.org/img/p/2018022/univ/art/2018022_univ_sqr_xl.jpg

៣ ជួយ​ស៊ូ​ទ្រាំ​នឹង​បញ្ហា

៣ ជួយ​ស៊ូ​ទ្រាំ​នឹង​បញ្ហា

នៅ​សព្វ​ថ្ងៃ​នេះ មាន​បញ្ហា​ដែល​មិន​អាច​ជៀស​ផុត​និង​មិន​អាច​ដោះ​ស្រាយ​បាន។ ជា​ឧទាហរណ៍ បើ​អ្នក​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​ស្លាប់ ឬ​បើ​អ្នក​មាន​ជំងឺ​ធ្ងន់​ធ្ងរ អ្នក​ប្រហែល​ជា​មិន​អាច​គេច​ពី​បញ្ហា​ទាំង​នោះ​បាន​ទេ ប៉ុន្ដែ អ្នក​ខំ​រក​វិធី​យក​ឈ្នះ​ភាព​ឈឺ​ចាប់​របស់​អ្នក។ តើ​គម្ពីរ​អាច​ជួយ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​បែប​នេះ​ឬ​ទេ?

ជំងឺ​ធ្ងន់​ធ្ងរ

រ៉ូស​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​ជំងឺ​ត​ពូជ។ វា​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ សុខភាព​ខ្ញុំ​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​»។ អ្វី​ដែល​នាង​បារម្ភ​ខ្លាំង​បំផុត​គឺ​ពេល​ខ្លះ​នាង​ពិបាក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​គម្ពីរ​និង​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ប៉ុន្ដែ ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ១៩:២៦ បាន​ជួយ​នាង​យ៉ាង​ខ្លាំង។ ខ​នោះ​ថា​៖ ​«​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»។ រ៉ូស​បាន​យល់​ថា​មិន​គ្រាន់​តែ​មាន​វិធី​មួយ​ដើម្បី​សិក្សា​គម្ពីរ​ទេ។ ដោយ​សារ​ជួន​កាល​ភាព​ឈឺ​ចាប់​របស់​នាង​ធ្វើ​ឲ្យ​នាង​ស្ទើរតែ​មិន​អាច​អាន​បាន ដូច្នេះ​នាង​បាន​ចាប់​ផ្ដើម​ស្តាប់​ឯកសារ​ជា​សំឡេង ដូច​ជា​គម្ពីរ​និង​សៀវភៅ​ឯ​ទៀត​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ * នាង​និយាយ​ថា​៖ ​«​បើ​គ្មាន​វិធី​ទាំង​នោះ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​អាច​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​ព្រះ​តាម​របៀប​ណា​ទេ!​»។

ពេល​រ៉ូស​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​ធ្វើ​អ្វី​ដែល​នាង​ធ្លាប់​ធ្វើ នាង​រក​ឃើញ​ការ​សម្រាល​ទុក្ខ​នៅ​កូរិនថូស​ទី២ ៨:១២ ដែល​ថា​៖ ​«​ប្រសិន​បើ​មាន​ចិត្ដ​ចង់​ឲ្យ​ហើយ នោះ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​ណាស់។ ការ​ឲ្យ​គឺ​តាម​អ្វី​ដែល​ខ្លួន​មាន មិន​មែន​តាម​អ្វី​ដែល​ខ្លួន​មិន​មាន​នោះ​ទេ​»។ ពាក្យ​ទាំង​នេះ​រំលឹក​រ៉ូស​ថា ព្រះ​ពេញ​ចិត្ដ​នឹង​អ្វី​ដែល​នាង​ធ្វើ ដោយ​សារ​នេះ​ជា​អ្វី​ដែល​នាង​ខំ​ធ្វើ​អស់​ពី​សមត្ថភាព។

រឿង​ខ្លោច​ផ្សា

ដេ​ហ្វីន​ដែល​បាន​ត្រូវ​រៀប​រាប់​ពី​មុន​នឹក​ចាំ​ថា​៖ ​«​ក្រោយ​កូន​ស្រី​អាយុ​១៨​ឆ្នាំ​របស់​ខ្ញុំ​បាន​ស្លាប់ ខ្ញុំ​កើត​ទុក្ខ​ខ្លាំង​ណាស់​រហូត​ដល់​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​រស់​នៅ​ត​ទៅ​ទៀត​បាន​ទេ។ អ្វី​ៗ​គឺ​មិន​ដូច​ពី​មុន​»។ ប៉ុន្ដែ នាង​បាន​រក​ឃើញ​ការ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង​នៅ​ទំនុក​តម្កើង ៩៤:១៩នៅ​ខ​នោះ​អ្នក​តែង​ទំនុក​តម្កើង បាន​និយាយ​ទៅ​ព្រះ​ថា​៖ ​«​គ្រា​ដែល​ទូល​បង្គំ​មាន​គំនិត​សាន់វ័ណ្ឌ[​ទុក្ខ​កង្វល់​ញាំញី​]ក្នុង​ចិត្ដ​ជា​ច្រើន នោះ​សេចក្ដី​កំសាន្ដ​ចិត្ដ[​ការ​សម្រាល​ទុក្ខ​]នៃ​ទ្រង់​ក៏​ជា​ទី​រីក​រាយ​ដល់​ព្រលឹង​ទូល​បង្គំ​វិញ​»។ នាង​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​រក​អ្វី​ផ្សេង​ៗ​ធ្វើ ដើម្បី​កាត់​បន្ថយ​ការ​ពិបាក​ចិត្ដ​របស់​ខ្ញុំ​»។

នាង​បាន​ចូល​រួម​កាន់​តែ​ច្រើន​ក្នុង​កិច្ច​ការ​ស្ម័គ្រ​ចិត្ដ។ ជួន​កាល​នាង​ប្រដូច​ខ្លួន​នាង​ទៅ​នឹង​គូល័រ​ទៀន​របស់​កូន​ក្មេង ទោះ​ជា​វា​បាក់​ក៏​ដោយ វា​នៅ​តែ​អាច​ប្រើ​ផាត់​ពណ៌​បាន។ ស្រដៀង​គ្នា​ដែរ ទោះ​ជា​នាង​បាក់​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង​ក៏​ដោយ នាង​យល់​ថា​នាង​នៅ​តែ​អាច​ជួយ​អ្នក​ឯ​ទៀត​បាន។ នាង​នឹក​ចាំ​ថា​៖ ​«​ពេល​ខ្ញុំ​ប្រើ​គោល​ការណ៍​គម្ពីរ​ដើម្បី​សម្រាល​ទុក្ខ​សិស្ស​គម្ពីរ​របស់​ខ្ញុំ ភ្លាម​ៗ​ខ្ញុំ​យល់​ឃើញ​ថា​នោះ​ជា​របៀប​ដែល​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ​»។ នាង​បាន​ធ្វើ​បញ្ជី​អំពី​បុគ្គល​នៅ​ក្នុង​គម្ពីរ ដែល​ធ្លាប់​ឆ្លង​កាត់​រឿង​ខ្លោច​ផ្សា។ នាង​បាន​ប្រាប់​ថា​៖ ​«​ពួក​គេ​ពិត​ជា​មនុស្ស​ដែល​អធិដ្ឋាន​ទៅ​ព្រះ​»។ នាង​ក៏​ប្រាប់​ដែរ​ថា​៖ ​«​យើង​អាច​យក​ឈ្នះ​បញ្ហា​បាន លុះ​ត្រា​តែ​យើង​អាន​គម្ពីរ​»។

ការ​សិក្សា​គម្ពីរ​បាន​បង្រៀន​ដេ​ហ្វីន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អនាគត​កាល មិន​មែន​អតីតកាល​ទេ។ សេចក្ដី​សង្ឃឹម​នៅ​សកម្មភាព ២៤:១៥ បាន​សម្រាល​ទុក្ខ​នាង។ ខ​នោះ​ថា​៖ ​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ តើ​នាង​ជឿ​ជាក់​ខ្លាំង​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​កូន​ស្រី​នាង​ឲ្យ​រស់​ឡើង​វិញ? ដេ​ហ្វីន​ឆ្លើយ​ថា​នាង​ជឿ​ជាក់​ថា​នាង​នឹង​ឃើញ​កូន​ស្រី​របស់​នាង​ម្ដង​ទៀត​នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា។ នាង​និយាយ​ថា​៖ ​«​ខ្ញុំ​ស្រមៃ​ឃើញ​ថា​ខ្ញុំ​កំពុង​អង្គុយ​ជា​មួយ​កូន​ស្រី​ខ្ញុំ​នៅ​ក្នុង​សួន​ច្បារ​របស់​យើង​ក្រោយ​ពី​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ស្ថានភាព​នេះ​គឺ​ពិត​ជា​ដូច​ថ្ងៃ​ដែល​កូន​ស្រី​ខ្ញុំ​បាន​កើត​មក​»។

^ វគ្គ 4 ឯកសារ​ជា​សំឡេង​ជា​ច្រើន​បែប​នេះ​មាន​នៅ​ក្នុង​គេហទំព័រ​jw.org។

គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ការ​សម្រាល​ទុក្ខ​សូម្បី​តែ​នៅ​ក្នុង​ពេល​ដ៏​ពិបាក​បំផុត​ក៏​ដោយ